A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 19 September 2016


សហគមន៍​មាន​ទំនាស់​ដីធ្លី​នឹង​បន្ត​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​សប្ដាហ៍​ទី​២០​នៅ​មុខ​តុលាការ

ដោយ យ៉ង ចាន់តារា
2016-09-18
   
ស្ត្រី​បឹងកក់ តវ៉ា​ឲ្យ​ដោះលែង ទេព វន្នី ២០១៦ ៨៥៥
សកម្មជន​ស្ត្រី​បឹងកក់​លើក​បដា និង​ស្រែក​តវ៉ា​ឲ្យ​តុលាការ​ដោះលែង​សកម្មជន​ស្ត្រី​បឹងកក់​ពីរ​នាក់ ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Cheu Sideth
RFA/Cheu Sideth

សហគមន៍​មាន​ទំនាស់​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ នឹង​បន្ត​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ នៅ​ថ្ងៃ​ច័ន្ទ ទី​១៩ ខែ​កញ្ញា ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស មន្ត្រី គ..ប សកម្មជន​ដីធ្លី​តំបន់​បឹងកក់ និង​ទាមទារ​រក​យុត្តិធម៌​ជូន​សព​បណ្ឌិត កែម ឡី។
សហគមន៍​មាន​ទំនាស់​ដីធ្លី នឹង​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​សប្ដាហ៍​ទី​២០។
ការ​ប្រមូល​ផ្តុំ​គ្នា​នេះ ធ្វើ​ឡើង​ស្រប​ពេល​តុលាការ​ក្រុង​ភ្នំពេញ គ្រោង​បើក​សវនាការ​សំណុំ​រឿង​ដែល​សាលា​រាជធានី​ភ្នំពេញ ប្ដឹង​ពលរដ្ឋ​សហគមន៍​បឹងកក់​ពី​បទ​ជេរ​ប្រមាថ​ប្រឆាំង​អ្នក​រាជការ​សាធារណៈ មាន​ស្ថាន​ទម្ងន់​ទោស​កាល​ពី​ឆ្នាំ​២០១១ កន្លង​ទៅ។
តំណាង​សហគមន៍​បឹងកក់ លោកស្រី បូវ សោភា ឲ្យ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​១៨ កញ្ញា ថា ពលរដ្ឋ​សហគមន៍​របស់​លោកស្រី នឹង​លើក​គ្នា​ទៅ​ស្រែក​តវ៉ា​នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​អ្នកស្រី ទេព វន្នី និង​ទម្លាក់​ចោល​បទ​ចោទ​ប្រឆាំង​នឹង​តំណាង​ពលរដ្ឋ​បឹងកក់​ពីរ​រូប​ទៀត គឺ​លោកស្រី បូ ឆវី និង​លោកស្រី គង់ ចន្ថា។ ភ្ជាប់​ទៅ​នឹង​ការ​ទាមទារ​នេះ ក្រុម​ពលរដ្ឋ​នៃ​សហគមន៍​បឹងកក់ ក៏​នឹង​ស្រែក​ទាមទារ​ដល់​អាជ្ញាធរ ឲ្យ​ដោះលែង​មន្ត្រី​សមាគម​អាដហុក (ADHOC) និង​លោក នី ចរិយា ដែល​កំពុង​ជាប់​ឃុំ៖ «»
ចំណែក​សហគមន៍​បុរីកីឡា ក៏​នឹង​ទៅ​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ​ដែរ ដើម្បី​តាមដាន​សវនាការ​អ្នក​បឹងកក់ និង​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៩ កញ្ញា។

តំណាង​សហគមន៍​បុរីកីឡា លោកស្រី ស ស៊ន ឲ្យ​ដឹង​ថា ពលរដ្ឋ​ប្រមាណ ៣០​នាក់​នៃ​សហគមន៍​របស់​លោកស្រី នឹង​ទៅ​ជួប​ជុំ​គ្នា​ជាមួយ​សហគមន៍​បឹងកក់ និង​សហគមន៍​មាន​ទំនាស់​ដីធ្លី​ដទៃ​ទៀត ដើម្បី​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នៅ​មុខ​តុលាការ​តែ​ម្តង។
លោកស្រី​បញ្ជាក់​ថា សហគមន៍​បុរីកីឡា​មិន​មាន​ការ​បារម្ភ​ឡើយ​ចំពោះ​ការ​រារាំង​របស់​អាជ្ញាធរ ពីព្រោះ​អ្វី​ដែល​ក្រុម​សហគមន៍​ធ្វើ​នេះ គឺ​ដើម្បី​ទាមទារ​យុត្តិធម៌​សង្គម ដែល​មិន​មែន​ជា​ការ​បង្ក​ចលាចល ឬ​អសន្តិសុខ​សង្គម​ដូច​ការ​ចោទ​របស់​អាជ្ញាធរ និង​មន្ត្រី​រដ្ឋាភិបាល​នោះ​ឡើយ៖ «»
ជា​ញឹកញាប់ អាជ្ញាធរ​ក្រុង​ភ្នំពេញ និង​មន្ត្រី​រដ្ឋាភិបាល តែង​ហៅ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ថា​ជា​ទម្រង់​នៃ​បដិវត្តន៍​ពណ៌ ហើយ​ប្រកាស​ប្រឆាំង​នឹង​យុទ្ធនាការ​មួយ​នេះ។ អាជ្ញាធរ​តែង​ចុះ​បង្ក្រាប ឃាត់​ខ្លួន និង​ឃុំ​ខ្លួន​អ្នក​ធ្វើ​យុទ្ធនាការ​នេះ​ជា​បន្តបន្ទាប់ រាប់​តាំង​ពី​ពលរដ្ឋ សកម្មជន​ដីធ្លី រហូត​ដល់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល។
សហគមន៍​មាន​ទំនាស់​ដីធ្លី​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ក្នុង​គោល​បំណង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ និង​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស​សមាគម​អាដហុក ៤​រូប និង​អគ្គលេខាធិការ​រង គ..ប លោក នី ចរិយា ដែល​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​សូកប៉ាន់​សាក្សី និង​បទ​សម​គំនិត​សូកប៉ាន់​សាក្សី ពាក់ព័ន្ធ​រឿង​អាស្រូវ​ស្នេហា​រវាង​លោក កឹម សុខា និង​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ។
ពួក​គេ​ក៏​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ពន្លឿន​ការ​រក​យុត្តិធម៌​ជុំវិញ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី ដែល​ត្រូវ​ឃាតក​បាញ់​សម្លាប់​កាល​ពី​ពីរ​ខែ​មុន។ ក្រៅ​ពី​នេះ ពួក​គេ​ទទូច​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ចប់​ទំនាស់​ដីធ្លី​នៅ​សហគមន៍​បុរីកីឡា​ដែល​នៅ​សេសសល់​ឲ្យ​បាន​ចប់​សព្វគ្រប់។ បន្ថែម​ពី​លើ​នេះ ពួក​គេ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ដោះលែង​សកម្មជន​ដីធ្លី​តំបន់​បឹងកក់ អ្នកស្រី ទេព វន្នី ដែល​ត្រូវ​បាន​ចាប់​ខ្លួន បន្ទាប់​ពី​រៀបចំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​កាល​ពី​ពាក់​កណ្ដាល​ខែ​សីហា កន្លង​ទៅ។
អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ធ្លាប់​បាន​លើក​ឡើង​កាល​ពី​ពេល​កន្លង​ទៅ​ថា យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ មិន​មែន​ជា​បដិវត្តន៍​ពណ៌​នោះ​ទេ ប៉ុន្តែ​ជា​ទម្រង់​នៃ​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ ដែល​ធានា​ដោយ​ច្បាប់​ជាតិ និង​អន្តរជាតិ។ លោក អំ សំអាត យល់​ឃើញ​ថា រដ្ឋាភិបាល​គួរ​ពិចារណា​ទៅ​លើ​ការ​ទាមទារ និង​ដោះស្រាយ​បញ្ហា​ទាំងនោះ​វិញ ជា​ជាង​ការ​ប្រឹង​បំបិទ​មាត់​ពលរដ្ឋ ពីព្រោះ​វា​ប៉ះពាល់​ដល់​សិទ្ធិ​ពលរដ្ឋ​ធ្ងន់ធ្ងរ និង​បំផ្លាញ​កេរ្តិ៍​ឈ្មោះ​របស់​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ ថា​ជា​រដ្ឋាភិបាល​មិន​គោរព​សិទ្ធិ​មនុស្ស៕

No comments: