A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 25 July 2016

ទេព​ វន្នី៖ សុខចិត្ត​បូជា​ជីវិត​ប្រឆាំង​នឹង​ការ​រំលោភ​យក​ផ្ទះ


អ្នកស្រី ទេព វន្នី នៅ​ពេល​ធ្វើការ​តវ៉ា​ប្រឆាំង​នឹង​ការ​រំលោភ​យក​ដីធ្លី​កន្លង​មក។
អ្នកស្រី ទេព វន្នី នៅ​ពេល​ធ្វើការ​តវ៉ា​ប្រឆាំង​នឹង​ការ​រំលោភ​យក​ដីធ្លី​កន្លង​មក។ ហុង មិនា


ទេព​ វន្នី៖ សុខចិត្ត​បូជា​ជីវិត​ប្រឆាំង​នឹង​ការ​រំលោភ​យក​ផ្ទះ
Fri, 22 July 2016 ppp
ប៉ិច សុធារី


នៅ​ពេល​ដែល​មាន​ការ​តវ៉ា​រឿង​ជម្លោះ​ដីធ្លី និង​ការ​តស៊ូ​មតិ​ដើម្បី​ប្រឆាំង​នឹង​អំពើ​អយុត្តិធម៌​សង្គម​ផ្សេងៗ​ជាពិសេស​ការ​តស៊ូ​មតិ​ដែល​គេ​ហៅថា​យុទ្ធនាការ​អាវ​ខ្មៅ​ដើម្បី​ទាមទារ​នូវ​សិទ្ធិ​គ្រប់គ្រង​ដីធ្លី​ដោយ​ស្រប​ច្បាប់ និង​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌​នោះ​គឺ​គេ​តែង​ឃើញ​ស្ត្រី​មួយ​រូប​នេះ​បាន​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​នឹង​សកម្មជន​ជាច្រើន​នាក់​ផ្សេង​ទៀត​នោះ​អ្នកស្រី ទេព វន្នី តំណាង​ប្រជាពលរដ្ឋ​នៅ​សហគមន៍​បឹងកក់។

អ្នកស្រី​បាន​ចាប់ផ្តើម​ចេញ​មុខ​ដឹកនាំ​ប្រជាពលរដ្ឋ​បឹងកក់​តវ៉ា​រឿង​ដីធ្លី​យ៉ាង​ខ្លាំងក្លា​អស់​រយៈពេល​ជិត ១០ ឆ្នាំ​មក​ហើយ​ចាប់​តាំងពី​ក្រុមហ៊ុន​ស៊ូកាគូ​បាន​យក​គ្រឿងចក្រ​ឈូសឆាយ​ផ្ទះ​ប្រជាពលរដ្ឋ​បូម​ខ្សាច់​ពន្លិច​ផ្ទះ​អ្នក​ភូមិ និង​បណ្តេញ​ប្រជាពលរដ្ឋ​ចេញ​ពី​លំនៅឋាន​ដោយ​បង្ខំ។

ដោយសារ​ការ​តស៊ូ​ដ៏ស្វិតស្វាញ​របស់​ប្រជាពលរដ្ឋ​នៅ​សហគមន៍​បឹងកក់​រហូត​មក​ដល់​ពេល​នេះ​រាជរដ្ឋាភិបាល​បាន​សម្រេច​កាត់​ដី​ទំហំ​ជាង ១២ ហិកតា និង​ផ្តល់​ប្លង់​កម្មសិទ្ធិ​ដល់​ពួកគាត់​ជា​បណ្តើរៗ​ហើយ។

បើ​ទោះ​ជា​យ៉ាង​នេះ​ក្តី​ក្រុម​សកម្មជន​ដីធ្លី​នៅ​បឹងកក់​ក៏​នៅ​តែ​បន្ត​ចងក្រង​បណ្តាញ​សហគមន៍​ដែល​មាន​បញ្ហា​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ​ដែល​មក​ដល់​ពេល​នេះ​បាន​ចំនួន ៤៦ សហគមន៍​ និង​នៅ​តាម​បណ្តា​ខេត្ត​មាន​ជាង ២០ សហគមន៍​ទៀត​ព្រម​ទាំង​បាន​ចូលរួម​សម្តែង​មតិ​ក្នុង​ព្រឹត្តិការណ៍​មួយ​ចំនួន​រួម​នឹង​កម្មវិធី​មនុស្ស​ធម៌​ជាពិសេស​គឺ​រៀបចំ​យុទ្ធនាការ​អាវ​ខ្មៅ​នៅ​សហគមន៍​នេះ​ផ្ទាល់​តែ​ម្តង​ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ទាំង ៤ រូប និង​មន្ត្រី គជប មួយ​រូប​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ។

អ្នកស្រី ទេព វន្នី ថ្លែង​ថា៖ «យើង​នៅ​តែ​បន្ត​ធ្វើ​យុទ្ធនាការ​ពាក់​អាវ​ខ្មៅ​ជា​រៀងរាល់​ថ្ងៃ​ចន្ទ​ទោះ​តូចក្តី​ធំក្តី​គឺ​ធ្វើ​រហូត​ទាល់​តែ​មាន​ការ​ដោះលែង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​និយាយ​រួម​ឲ្យ​តែ​មាន​ភាព​អយុត្តិធម៌​គឺ​តែងតែ​មាន​វត្តមាន​អ្នក​បឹងកក់​ចូលរួម»។

ស្ត្រី​វ័យ ៣៥ ឆ្នាំ​រូប​នេះ​មាន​បងប្អូន ៩ នាក់​មាន​ស្រុក​កំណើត​នៅ​ស្រុក​កំពង់ត្រាច ខេត្ត​កំពត។

តាំងពី​តូច​ដល់​អាយុ ៨ ឆ្នាំ​អ្នកស្រី​បាន​រស់នៅ​ជាមួយ​ឪពុក​ម្តាយ​ដែល​មាន​ជីវភាព​ធូរធារ​ព្រោះ​ឪពុក​អ្នកស្រី​ជា​មន្ត្រីរាជការ​ប៉ុន្តែ​ក្រោយ​ពី​គ្រួសារ​ជួប​គ្រោះ​កាច​កាលពី​អំឡុង​ឆ្នាំ ១៩៩០ បាន​ធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​អ្នកស្រី​បាន​ធ្លាក់​ដុនដាប​រហូត​ដល់​ពេល​ខ្លះ​ត្រូវ​ដើរ​រើស​អេតចាយ​ដើម្បី​ចិញ្ចឹម​ជីវិត និង​ការ​សិក្សា។ តែ​ចុង​បញ្ចប់​អ្នកស្រី​ត្រូវ​សម្រេច​ចិត្ត​បោះបង់​ការ​សិក្សា​នៅ​ត្រឹម​ថ្នាក់​ទី ៩ ហើយ​មក​រក​ការងារ​ធ្វើ​នៅ​រាជធានី​ភ្នំពេញ។

នៅ​ឆ្នាំ ២០០៣ អ្នកស្រី​បាន​រៀប​អាពាហ៍ពិពាហ៍ និង​បាន​ទៅ​រស់នៅ​តំបន់​បឹងកក់​ក្នុង​ឆ្នាំ ២០០៦ ប្រកបរបរ​លក់ដូរ និង​ធ្វើ​ជា​ស្ត្រី​មេផ្ទះ​ដោយ​ពុំ​ដែល​គិត​ខ្វល់ខ្វាយ​ពី​រឿង​នយោបាយ​ ឬ​បញ្ហា​សង្គម​ឡើយ​រហូត​ដល់​មាន​ប្រាក់​ទិញ​ដី​បាន ៥ ហិកតា​នៅ​ឃុំ​អមឡាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ។

ប៉ុន្តែ​ជា​អកុសល​នៅ​ឆ្នាំ ២០១០ ដី​នៅ​ខេត្ត​កំពង់ស្ពឺ​នោះ​ត្រូវ​បាន​ក្រុមហ៊ុន​ស្ករ​អំពៅ​កំពង់ស្ពឺ​ទន្រ្ទាន​យក​ដោយ​ពុំ​មាន​ផ្តល់​សំណង​ឡើយ​ស្រប​ពេល​ដែល​នៅ​តំបន់​បឹងកក់​ក៏​មាន​ហេតុការណ៍​ក្រុមហ៊ុន ស៊ូកាគូ បូមខ្សាច់​ពន្លិច​រំលោភ​យក​ផ្ទះ​អ្នកភូមិ​ថែម​ទៀត។

អ្នកស្រី ទេព វន្នី ពេល​ឆ្មាំ​ពន្ធនាគារ​បណ្តើរ​មក​ជំនុំជម្រះ​នៅ​តុលាការ​ពី​ពេល​កន្លង​មក។
អ្នកស្រី ទេព វន្នី ពេល​ឆ្មាំ​ពន្ធនាគារ​បណ្តើរ​មក​ជំនុំជម្រះ​នៅ​តុលាការ​ពី​ពេល​កន្លង​មក។ ហុង មិនា




អ្នកស្រី​ថា៖ «ពេល​នោះ​ជា​លើក​ទី ១ ហើយ​ដែល​ខ្ញុំ​ភ្ញាក់ ខ្ញុំ​មិន​ដែល​ដឹង​ថា​សង្គម​បែប​ហ្នឹង​ទេ ហើយ​ខ្ញុំ​ក៏​មិន​សូវ​ចេះ​ស្តាប់​វិទ្យុ​មើល​ទូរទស្សន៍​អី​ទៀត​កាល​ហ្នឹង​ខ្ញុំ​ដឹង​តែ​រកស៊ី​ហើយ​មើល​កូន។ ពេល​ហ្នឹង​ខ្ញុំ​គិត​ថា​ម៉េច​បាន​រដ្ឋាភិបាល​ធ្វើ​អ៊ីចឹង​វិញ​ពី​មុន​ខ្ញុំ​ខំ​សង្ឃឹម​ថា​ខ្ញុំ​មាន​សំណាង​ដែល​ខ្ញុំ​បាន​រស់នៅ​សម័យ​នេះ​ដល់​ពេល​ខ្ញុំ​ឃើញ​អ៊ីចឹង​ធ្វើ​ឲ្យ​ខ្ញុំ​គិត​ថា​ដូច​សម័យ​ប៉ុលពត​ត្រឡប់​មក​វិញ​អ៊ីចឹង​ដូច​ខ្ញុំ​រស់នៅ​សម័យ​ប៉ុលពត​ដែរ​ហេតុ​អ្វី​បាន​រដ្ឋាភិបាល​អភិវឌ្ឍន៍​សម្រាប់​តែ​ក្រុមហ៊ុន​មាន​លុយ មាន​អំណាច គេ​ចង់​យក​ដី​យើង​បង្កើត​មុខរបរ​គេ​សោះ​ ផលប្រយោជន៍​គេ​សោះ ហេតុ​អ្វី​គេ​មក​រឹបអូស​យក​ដី​យើង​ទៅ​ធ្វើ​ទៅ​វិញ?»។

ដោយ​មើល​ឃើញ​នឹង​ភ្នែក​ស្រស់ៗ និង​ការ​ទទួល​រង​ពី​រឿង​អយុត្តិធម៌​សង្គម​ការ​រំលោភ​ដីធ្លី និង​ការ​ធ្វើ​បាប​ទៅ​លើ​ម្ចាស់​ដី​នា​ពេល​នោះ​បាន​ធ្វើ​ឲ្យ​អ្នកស្រី​ចាប់​ផ្តើម​បើក​ទំព័រ​ជីវិត​ថ្មី និង​ប្តេជ្ញា​បូជា​ជីវិត​ដើម្បី​ការពារ​ផ្ទះសំបែង និង​ដីធ្លី​នៅ​តំបន់​បឹងកក់។

អ្នកស្រី វន្នី បាន​ចាប់​ផ្តើម​សិក្សា​ពី​ច្បាប់​ភូមិបាល សិទ្ធិ​មនុស្ស និង​ច្បាប់​ដែល​ពាក់ព័ន្ធ​ព្រម​ទាំង​ដើរ​កៀរគរ​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ដែល​រងគ្រោះ​ដូច​គ្នា​ជាពិសេស​ស្ត្រី​ដើម្បី​ចូលរួម​យុទ្ធនាការ​តស៊ូ​មតិ​ទាមទារ​សិទ្ធិ​កាន់កាប់​ដីធ្លី​របស់​ខ្លួន។

អ្នកស្រី​បាន​បន្ត​ថា៖ «ពួកខ្ញុំ​បាន​ប្តេជ្ញា​ចិត្ត​ធ្វើ​រឿង​បឹងកក់​ហ្នឹង​តាំង​ពី​ដំបូង​មក​ថា​យើង​ធ្វើ​នេះ​មិនមែន​សម្រាប់​តែ​ផ្ទះ​របស់​ពួកយើង​ទេ​ហើយ​ក៏​មិនមែន​សម្រាប់​បឹងកក់​ដែរ​គឺ​យើង​ធ្វើ​សម្រាប់​ប្រជាជន​ដែល​រងគ្រោះ​ដោយសារ​ដីធ្លី​នៅ​ស្រុក​ខ្មែរ​ទាំង​អស់​គ្នា។ បើ​សិន​យើង​មិន​ធ្វើ​រួម​សម្រាប់​ទាំងអស់​គ្នា​ទេ​កុំ​ថា​យើង​រស់នៅ​បាន​សុខ»។

ក្នុង​នាម​ជា​សកម្មជន​ដីធ្លី​ម្នាក់​អ្នកស្រី​បាន​ប្រមើល​មើល​ពី​ស្ថានភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ថា​បើ​ទោះ​ជា​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ​បាន​រំដោះ​ខ្លួន​ចេញ​ពី​របប​ប៉ុលពត​ជាង ៣០ ឆ្នាំ​មក​ហើយ​ក៏ដោយ​ប៉ុន្តែ​នៅ​តែ​មិន​ទាន់​រួច​ផុត​ពី​សេចក្តី​ទុក្ខវេទនា​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​ព្រោះ​តែ​ថ្នាក់ដឹកនាំ​ប្រទេស​បាន​កាន់​អំណាច​ជាង ៣០ ឆ្នាំ​មក​ហើយ​តែ​ពុំ​មាន​ការ​ទទួល​ខុសត្រូវ​លើ​ប្រជាពលរដ្ឋ​ និង​ប្រទេស​ជាតិ​របស់​ខ្លួន​ឲ្យ​បាន​ពេញលេញ​នៅ​ឡើយ។

អ្នកស្រី​បាន​ថ្លែង​ទៀត​ថា៖ «បច្ចុប្បន្ន​ប្រជាពលរដ្ឋ​មាន​ផ្ទះ​ដីស្រែ​ចម្ការ​ហើយ​នៅ​តែ​មក​កម្ទេច​ប្លន់​យក​ពី​ប្រជាពលរដ្ឋ​សឹង​តែ​គ្រប់​ទីកន្លែង​ធ្វើ​ឲ្យ​ពលរដ្ឋ​ដែល​រងគ្រោះ​នូវ​ទង្វើ​ទាំងអស់​នេះ​អស់​ផ្ទះ​រស់នៅ​ អស់​ដី​សម្រែ​ចម្ការ អស់​មុខរបរ អស់​ការងារ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ឈឺចាប់​រន្ធត់​ចិត្ត ស្រក់​ទឹកភ្នែក​សឹង​តែ​ពេញ​ប្រទេស​ព្រោះ​តែ​អ្នក​ដឹកនាំ​របស់​ខ្លួន​បោះបង់​ចោល​ហើយ​មិន​តែ​ប៉ុណ្ណោះ​ទេ​នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​រត់​រក​ឲ្យ​ជួយ​ផ្តល់​នូវ​ភាពយុត្តិធម៌​មិន​ថា​តែ​រឿង​ដីធ្លី​នោះ​ទេ​មាន​តែ​ការ​ដោះស្រាយ​ដោយ​អំពើ​ហិង្សា ការ​ចាប់ចង​ដាក់​គុក និង​បាញ់​សម្លាប់​ជាដើម»។

ចាប់​តាំងពី​អ្នកស្រី ទេព វន្នី បាន​ធ្វើ​យុទ្ធនាការ​តវ៉ា​ការពារ​ដីធ្លី និង​ផ្ទះសំបែង​ជិត ១០ ឆ្នាំ​មក​នេះ​អ្នកស្រី​បាន​ជួប​នូវ​ឧបសគ្គ​ជាច្រើន​ដូចជា ការ​វ៉ៃដំ​ពី​សមត្ថកិច្ច ការ​គំរាមកំហែង បាត់បង់​តួនាទី​ជា​ស្ត្រី​មេផ្ទះ បញ្ហា​វិបត្តិ​គ្រួសារ ប៉ះពាល់​ដល់​អារម្មណ៍​ផ្លូវចិត្ត​ដោយសារ​រង​សម្ពាធ​ក្នុង​នោះ​អ្នកស្រី​ធ្លាប់​បាន​ជាប់​ពន្ធនាគារ ២ ដង​ការ​ចាប់​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន ១២ ដង និង​រង​នូវ​អំពើ​ហិង្សា​ជាច្រើន​ដង​ទៀត​ស្ទើរ​តែ​គ្រោះថ្នាក់​ដល់​ជីវិត។

អ្នកស្រី​ក៏​ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​រាជធានី​បាន​ចោទ​ប្រកាន់​អ្នកស្រី​កាលពី​អំឡុង​ឆ្នាំ ២០០៨ ថា​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ កិបកេង​ថវិកា​រាប់ពាន់​ដុល្លារ​ពី​សហគមន៍​អន្តរជាតិ និង​ប្រើប្រាស់​ក្មេង​ដើម្បី​តវ៉ា​ជាដើម​ដោយ​បាន​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​ចំនួន​ និង​មាន​ការ​បញ្ចាំង​ស្លាយ​វីដេអូ​ខ្លីៗ​នៅ​តាម​ទីផ្សារ និង​ទីសាធារណៈ​មួយ​ចំនួន​ទៀត​ហើយ​ថ្មីៗ​នេះ​អ្នកស្រី និង​សកម្មជន​ដីធ្លី​នៅ​បឹងកក់​ម្នាក់​ទៀត​ក៏​ត្រូវ​បាន​គេ​លួច​ថត​ហើយ​ចែក​រំលែក​ព័ត៌មាន​តាម​បណ្តាញ​សង្គម និង​ទូរទស្សន៍​មួយ​ចំនួន​ពី​សកម្មភាព​ដែល​អ្នកស្រី​ទៅ​អង្គុយ​រង់ចាំ​បើក​ប្រាក់​នៅ​ក្នុង​ធនាគារ​មួយ​ផង​ដែរ​ដោយ​ចោទ​ថា​អ្នកស្រី​ស៊ី​ឈ្នួល​តវ៉ា​ឲ្យ​បក្សប្រឆាំង និង​សង្គម​ស៊ីវិល។

ករណី​នេះ​អ្នកស្រី​បញ្ជាក់​ថា៖ «ការ​ឈឺចាប់​នឹង​ភាព​អយុត្តិធម៌​ក្នុង​ការ​អភិវឌ្ឍ​របស់​រាជរដ្ឋាភិបាល​នឹង​ឯង​គឺ​អត់​មាន​កំណើត​ចេញ​ពី​ការ​ជួល​របស់​អ្នក​ណា​ទេ​គឺ​អត់​សោះ​តែ​ម្តង​ហើយ​បើ​ថា​ជួល​មួយ​ថ្ងៃ ​៥ ដុល្លារ​គឺ​អត់​ស្មើ​នឹង​ខ្ញុំ​រកស៊ី​ទេ​ខ្ញុំ​លក់ដូរ​នៅ​ផ្ទះ​មួយ​ថ្ងៃ​យ៉ាង​តិច​ក៏​ខ្ញុំ​លក់​បាន ២០ ដុល្លារ​ដែរ​ហើយ​ខ្ញុំ​នៅ​ជុំ​គ្រួសារ​មាន​សុភមង្គល​ទៀត​ខ្ញុំ​បាន​ថែ​កូន​ខ្ញុំ​បាន​ល្អ​ទៀត​អត់​មាន​ហត់ ពិបាក​ត្រូវ​ថ្ងៃ​ក្តៅ ត្រូវ​គេ​គំរាម មាន​កាំភ្លើង ខែល ប្រដាប់​ឆក់ ចាប់​ដាក់​គុក ចាប់​បោះ​ដាក់​លើ​ឡាន​អ៊ីចឹង​គឺ​អត់​មាន​ទេ។ បើ​សិន​អត់​មាន​ការ​បណ្តេញចេញ​ទេ​ខ្ញុំ​រស់នៅ​សុខសាន្ត​ណាស់»។

អ្នកស្រី វន្នី បាន​បន្ត​ថា​ក្រៅ​ពី​កត្តា​ប្រឈម​ទាំង​នោះ​អ្នកស្រី​ក៏​ត្រូវ​បាន​អាជ្ញាធរ​ទិញ​ទឹក​ចិត្ត​តាមរយៈ​ការ​ជួយ​បញ្ជូន​អ្នកស្រី​ទៅ​រស់នៅ​ក្រៅ​ប្រទេស​ដើម្បី​ឲ្យ​អ្នកស្រី​បញ្ឈប់​សកម្មភាព​តវ៉ា។ អ្នកស្រី​ក៏​ធ្លាប់​ត្រូវ​បាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​បក្សប្រឆាំង​ផ្តល់​តួនាទី​ក្នុង​បក្ស​ផង​ដែរ​ប្រសិន​បើ​អ្នកស្រី​មាន​ចំណាប់​អារម្មណ៍​ប៉ុន្តែ​សំណើ​នេះ​ត្រូវ​បាន​អ្នកស្រី​បដិសេធ។

ដោយ​មើល​ឃើញ​ពី​ការ​តស៊ូ និង​មាន​ភាព​ក្លាហាន​ក្នុង​ការ​ដឹកនាំ​ការ​តវ៉ា​រឿង​ដីធ្លី និង​ប្រឆាំង​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស​អ្នកស្រី វន្នី ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ផ្តល់​នូវ​ពាន​រង្វាន់ «អ្នក​ការពារ​សិទ្ធិ​មនុស្ស» នៅ​ប្រទេស​ហូឡង់ និង​ពាន​រង្វាន់ «Vital Voices» នៅ​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ ២០១៣។

ទោះ​យ៉ាង​ណា​អ្នកស្រី ទេព វន្នី បាន​បញ្ជាក់​ថា​អ្នកស្រី​នឹង​បន្ត​ការ​តវ៉ា​រហូត​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់​ទទួល​បាន​ប័ណ្ណ​កាន់កាប់​ដីធ្លី​ស្រប​ច្បាប់​គ្រប់ៗ​គ្នា​ហើយ​នៅ​ពេល​នោះ​អ្នកស្រី​នឹង​ងាក​ទៅ​រក​ជីវិត​កសិកម្ម​ចិញ្ចឹម​សត្វ និង​ធ្វើ​ជា​ស្ត្រី​មេផ្ទះ​ដ៏ល្អ​ម្នាក់​ដោយ​ពុំ​មាន​គំនិត​ចង់​ទៅ​កាន់​តំណែង​ ឬ​តួនាទី​នៅ​ក្នុង​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ៕

No comments: