School of Vice:
This is a most enchanting romance tale of, perhaps, Cambodia's best loved and respected son. We know that most creative writers have this ability to make even a dull, mundane theme riveting and beguiling, but from what we have learned of our hero's genteel demeanour, courteous speech and, above all, his simplicity as well as down to earth persona, it is not at all hard to be captivated by the narrator's recounting and the anecdotes that make up the story.
On the other hand, although this heart-warming tale is but brief, it is nevertheless so engrossing and memorable to read and relive each and every disarming moment and incident as recounted by our skilled narrator whose delectable prose and every carefully chosen word does the tale and our heroes full justice. It would not be asking too much of the author if he will consider applying himself - at his convenience and pleasure - to gathering all the biographical material and putting it all in a single biographical volume for all to read. Our hero, his loved ones and posterity deserve that much.
Together, they maybe the Tum Teav of our time. A part of them will forever remain a part of us ...
<<<>>>
ដោយ ជុន ច័ន្ទបុត្រ
2016-07-13 rfa
លោក កែម ឡី និងភរិយា ឈ្មោះ ប៊ូ រចនា ថតរូបអនុស្សាវរីយ៍ នៅឯផ្ទះលោកនាស្រុកកំណើត ខេត្តតាកែវ។
Photo: Kem Ley Facebook
កាលពីនៅមានជីវិត លោក កែម ឡី បានរៀបរាប់រឿងរ៉ាវទំនាក់ទំនងស្នេហារវាងលោក និងភរិយា ឈ្មោះ ប៊ូ រចនា ប្រាប់លោក ជុន ច័ន្ទបុត្រ និងក្រុមគ្រួសារ ក្នុងពេលជួបគ្នាក្នុងពិធីញ៉ាំបាយល្ងាចជាលក្ខណៈគ្រួសារមួយ។
ខាងក្រោមនេះជាប្រវត្តិរឿងរ៉ាវស្នេហាសង្ខេបរបស់លោក កែម ឡី ដែលរៀបរាប់ដោយលោក ជុន ច័ន្ទបុត្រ៖
ថ្ងៃមួយកំលោះ កែម ឡី មានបេសកកម្មធ្វើដំណើរតាមទូកទៅខេត្តក្រចេះ។ ប៉ុន្តែមុននឹងទៅដល់ខេត្តក្រចេះ ទូកត្រូវចូលចតនៅកំពង់ដជំនីក សិន ដើម្បីដាក់អ្នកដំណើរដែលត្រូវចុះនៅស្រុកនេះ និងទទួលអ្នកដំណើរថ្មី ដែលត្រូវចេញពីជំនីក ទៅក្រចេះ។ នេះក៏ជាឱកាសល្អមួយសម្រាប់អ្នកដំណើរបានស្រស់ស្រូបអាហារ ព្រោះទម្រាំដល់ជំនីក ថ្ងៃត្រង់ល្មម។
គ្រាន់តែទូកចតដល់មាត់ច្រាំងភ្លាម អ្នកលក់បាយកញ្ចប់ នំនែក និងចំណីអាហារ ដែលងាយកាន់បរិភោគ នាំគ្នាសម្រុកចុះទូកប្រជែងគ្នាលក់ទំនិញរបស់ខ្លួន។ ថ្វីដ្បិតតែកំលោះ កែម ឡី ចង់ទិញបាយដើម្បីបំពេញការស្រេកឃ្លានពេញមួយព្រឹកទៅហើយក្តី លោកបែរជាទៅទាក់ចិត្តនឹងអ្នកលក់ពងទាស្ងោរជាងគេ។ អ្នកលក់ពងទាស្ងោរនោះ មានទឹកមុខញញឹមញញែម ឬកពាររម្យទម។ នាងមានសម្បុរស្រអែម សក់ស្លូតវែងប្រះស្មា។ នាងហាក់ទើបឈានចូលដល់វ័យពេញរូបពេញរាងមួយ ដែលបង្ហាញនូវសម្រស់ដ៏ត្រកាលពីធម្មជាតិរបស់នាង។
កំលោះ កែម ឡី មិនអាចដកភ្នែកចេញពីសម្រស់ដ៏គ្មានពីររបស់ក្រមុំលក់ពងទាស្ងោរនេះទេ។ លោកក៏សម្រេចចិត្តហៅអ្នកលក់ពងទាស្ងោរមកទិញ។ តែបើទិញហើយអោយលុយភ្លាម លោកនឹងបាត់ឱកាសបានគយគន់ និងជជែកស្វែងយល់ពីនាង។ លោកក៏ចាប់ផ្ដើមរើសពងទាស្ងោរផង ជជែកពីនេះពីនោះផង។ ធ្វើដំណើរតែម្នាក់ឯងសោះ តែលោករើសពងទាស្ងោរសឹងអស់ពីថាស។ រើសបានហើយ លោកក៏នៅមិនទាន់អោយលុយនាងភ្លាមទេ លោកនៅសួរពីនេះពីនោះ។ នាងអៀនណាស់! នាងមិនត្រូវការសំណួរអីច្រើនពេកទេ បើទិញហើយ អោយលុយមកដើម្បីនាងបានទៅលក់ទៀត។ តែនាងរក្សាការគួរសមរហូត។
អ្នកដំណើរដែលត្រូវចុះនៅជំនីក ក៏ចុះអស់។ អ្នកឡើងថ្មីក៏ឡើងមកបំពេញ។ អ្នកដំណើរដទៃទៀតក៏បានទិញអាហារថ្ងៃត្រង់រៀងៗខ្លួន។ អ្នកលក់ទាំងឡាយចុះពីទូកវិញអស់ហើយ នៅឡើយតែនាងក្រមុំលក់ពងទាស្ងោរ កំពុងរង់ចាំទទួលលុយពីម៉ូយកំលោះ ដែលហាក់ដូចជាកំពុងភ័ន្តភាំង មិនព្រមដកលុយចេញរួចសងថ្លៃពងទានាងសោះ។
ដោយគិតថា អ្នកលក់ចុះអស់ពីទូកហើយ តៃកុងទូកក៏ចាប់ផ្ដើមបើកចាកចេញពីច្រាំងទៅ។ ប្រឈមមុខនឹងស្ថានភាពនេះ លែងនៅចង់បានលុយទៀតហើយ នាងប្រញាប់ប្រញាល់ស្ទុះសំដៅទ្វារចេញ រួចលោតចូលក្នុងទឹកប្រូង ហែលសំដៅទៅមាត់ច្រាំងវិញ ចោលថាសពងទា និងលុយដែលមិនទាន់ទារបាននៅឡើយ។
មកទល់ពេលនេះទើបកំលោះ កែម ឡី ភ្ញាក់ខ្លួនហើយស្ដាយក្រោយចំពោះការដែលលោកបានបន្ទច់បង្អាក់ដំណើរនាងលក់ពងទារហូតដល់នាងលោតចោលថាសនិងលុយ។ លោកបន្តសម្លឹងមើលនាងហែលរហូតដល់ច្រាំងឡើងគោកវិញ ទើបលោកដកភ្នែកបាន។ លោកបន្តដំណើរទៅខេត្តក្រចេះ ដោយនាំទាំងថាសពងទាស្ងោរ និងវិប្បដិសារីទៅជាមួយផង។
លោក កែម ឡី បំពេញការងារលើកនេះ ទាំងចិត្តវិលវល់នឹកភ្នកដល់នាងក្រមុំ លក់ពងទាស្ងោរស្រុកក្រូចឆ្មារ មិនភ្លេចមួយវិនាទីណាឡើយ។ ម៉្យាងគិតដល់កំហុសដែលបានធ្វើអោយនាងខកខានមិនបានចុះទូកទៅវិញបានត្រឹមត្រូវ ម៉្យាងស្ដាយមិនបានសួរឈ្មោះ និងផ្ទះនាងដើម្បីបានយកថាស និងលុយទៅសងនាងវិញ។ បួនប្រាំថ្ងៃក្រោយមក បន្ទាប់ពីកំលោះអ្នកស្រាវជ្រាវបញ្ហាសង្គមនេះបញ្ចប់ការងារនៅខេត្តក្រចេះ លោកក៏ធ្វើដំណើរតាមទូកត្រឡប់មកទៅភ្នំពេញ កាត់តាមជំនីក ស្រុកក្រូចឆ្មារ ដដែល។ កំលោះ កែម ឡី សង្ឃឹមថា នេះជាឱកាសមួយដែលលោកបានជួបនាងលក់ពងទាស្ងោរម្ដងទៀតដើម្បីបានប្រគល់ថាស និងសងលុយនាងវិញ។
គ្រាន់តែទូកចតចូលច្រាំងភ្លាមលោកខំសម្លឹងរកនាង...។ អ្នកលក់ប្រញាប់ប្រញាល់ប្រជែងគ្នាចុះទូក។ កំលោះ កែម ឡី មិនចាប់អារម្មណ៍នឹងអ្នកណាទាំងអស់ ភ្នែកគាត់រំពៃរកមើលតែអ្នកលក់ពងទាស្ងោរដែលគាត់ជំពាក់ទាំងលុយ ជំពាក់ទាំងចិត្តតែប៉ុណ្ណោះ។ អ្នកលក់ចុះមកអស់ហើយ ម្ដេចឡើយបាត់តែនាងមិនឃើញមកលក់នឹងគេ? តិចនាងអស់ចុងអស់ដើម ហើយរកទុនមកលក់លែងបាន? តិចនាងត្រូវឪពុកម្ដាយដាក់ទណ្ឌកម្មពីការលក់អស់ចុងអស់ដើម អស់ទាំងថាស ហើយលែងអោយមកលក់ទៀតទៅ? ដួងចិត្តលោកច្របូកច្របល់ណាស់! សួរអ្នកលក់ដទៃទៀត ក៏គេហាក់មិនចាប់អារម្មណ៍នឹងសំណួររបស់លោកទេ។ ម្នាក់ៗគេគិតតែពីខំលក់ទំនិញ នឹងអាលឆាប់បានចេញពីទូកវិញ។ គ្មាននរណាម្នាក់យល់ពីដួងចិត្តតក់ក្រហល់របស់លោកសោះ។ អ្នកលក់ចេញពីទូកវិញម្តងមួយៗហើយ នៅតែរកនាងមិនឃើញនៅឡើយ។ ទូកបញ្ឆេះម៉ាស៊ីនរៀបបន្តដំណើរទៅភ្នំពេញ វិញ។
លោក កែម ឡី មិនអាចចាកចេញពីទីនេះដោយមិនបានសងលុយ និងថាស និងមិនបានសុំទោសនាងទេ។ ទីបំផុតលោកសម្រេចចិត្តថា ត្រូវតែចុះនៅទីនេះសិន ដើម្បីស្វែងរកនាង។ លោកបានសាកសួរគេឯង។ នៅពេលដែលស្ងប់ពីការរវល់លក់ ទើបអ្នកលក់មានឱកាសស្តាប់សំណួររបស់កំលោះ កែម ឡី។ គេបានប្រាប់លោកថា នាងមិនមានអ្នកណាធ្វើបាបធ្វើកម្ម ឬក៏ខាតចុងខាតដើមអ្វីទេ។ ព្រឹកនេះនាងជាប់រៀន ទើបនាងខកខានមិនបានមកលក់។ បានឮដំណឹងនេះ កំលោះ កែម ឡី ក៏ស្ងប់អារម្មណ៍ណាស់ដែរ។ លោកបានសួរដឹងពីផ្ទះរបស់ម្ចាស់ថាស រួចក៏ស្កាត់ទៅជួបអាណាព្យាបាលនាង ប្រគល់ទាំងថាស និងប្រាក់សំណងដល់ម្ដាយនាង។
ចាប់ពីពេលនោះមក លោកក៏នៅតែបន្តទំនាក់ទំនងរហូតដល់ចូលស្តីដណ្ដឹងនាងជាគូភរិយារហូតមក៕
4 comments:
Such a romantic and well-Khmer cultured
love story !!!
Couldn't agree more with you, Mr. SOV! God bless!
Now that's a Khmer's couple if nothing else comes to our mind...
P.s. Now that's a beautiful/perfect/true Khmer's couple if nothing else comes to our mind...
That's what I should have said. Thank you for bearing with me!
Post a Comment