A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 26 June 2016

ជនរងគ្រោះ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​និង​មេធាវី​ជួប​ពិភាក្សា​គ្នា​ជុំវិញ​គម្រោង​សំណង


ដោយ ខែ សុណង
2016-06-24

ជន​រង​គ្រោះ ខ្មែរ​ក្រហម ៨៥៥
ជនរងគ្រោះ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរ​ក្រហម ជួប​ជុំ​គ្នា​ក្នុង​វេទិកា​ថ្នាក់​តំបន់​ដើម្បី​ពិភាក្សា​ជុំវិញ​ការ​ទាមទារ​សំណង​សមូហភាព និង​សំណង​ជំងឺ​ចិត្ត កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១៦ នា​រាជធានី​ភ្នំពេញ។
 RFA/Cheu Sideth



ជនរងគ្រោះ​ដែល​តាំង​ខ្លួន​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​នៃ​សាលាក្ដី​ខ្មែរ​ក្រហម ជាង ១០០​នាក់ បាន​មក​ជួប​ជុំ​គ្នា​ដើម្បី​យល់​ដឹង​អំពី​ការវិវឌ្ឍន៍​នៃ​ការ​កាត់​ក្ដី​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន ក្នុង​សំណុំ​រឿង ០០២ វគ្គ ២។ ក្រៅ​អំពី​ការ​ស្វែង​យល់​នៃ​ការវិវឌ្ឍន៍​សាលាក្ដី បញ្ហា​សំណង​គឺ​ជា​ប្រធានបទ​សំខាន់​មួយ​ដែល​គេ​លើក​យក​មក​ពិភាក្សា​ដើម្បី​ប៉ះប៉ូវ​ផ្លូវ​ចិត្ត​របស់​ជនរងគ្រោះ។

អង្គភាព​គាំពារ​ជនរងគ្រោះ​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម បាន​បើក​ឲ្យ​មាន​វេទិកា​ថ្នាក់​តំបន់​មួយ ផ្ដល់​ឱកាស​ឲ្យ​ជនរងគ្រោះ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ និង​មេធាវី​របស់​ខ្លួន ពិភាក្សា​ជុំវិញ​ការ​ទាមទារ​សំណង​សមូហភាព និង​សំណង​ជំងឺ​ចិត្ត។

ប្រធាន​អង្គភាព​គាំពារ​ជនរងគ្រោះ លោក ហង្ស វណ្ណៈ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៤ មិថុនា ថា ដំណើរការ​នៃ​ការ​ពិភាក្សា​អំពី​បញ្ហា​សំណង​មក​ដល់​បច្ចុប្បន្ន​នេះ អង្គភាព​ទទួល​បាន ១៧​គម្រោង​ដែល​ជា​សំណើ​របស់​ជនរងគ្រោះ​ជិត ៤​ពាន់​នាក់​ដែល​តាំង​ខ្លួន​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី។

លោក​ថា  ​ជា​ឱកាស​ពិភាក្សា​រវាង​មេធាវី​និង​កូនក្ដី​បន្ត​ទៀត​ដើម្បី​យក​សំណូមពរ​បង្កើត​ជា​គម្រោង​សំណង។ ដូច្នេះ​អង្គភាព​នឹង​ស្វែង​រក​គម្រោង​ទាំងឡាយ​ណា​ដែល​អាទិភាព​ហើយ​នឹង​ផ្ដល់​ប្រយោជន៍​ដល់​ជន​រងគ្រោះ​ឲ្យ​បាន​ច្រើន៖ «សំណួរ​សួរ​ថា តើ​យើង​សង​ប៉ុន្មាន​ដើម្បី​ឲ្យ​គ្រប់គ្រាន់​ចម្លើយ​គឺ​ថា សង​ម៉េច​ក៏​អត់​គ្រាន់​ដែរ។ ឧទាហរណ៍​ថា ជនរងគ្រោះ​មាន​ឪពុក​ម្ដាយ​គាត់​ស្លាប់ បើ​ឪពុកម្ដាយ​គាត់​ស្លាប់​យើង​ត្រូវ​សង​ប៉ុន្មាន? បើ​គាត់​ទារ ១​ម៉ឺន​សួរ​ថា តម្លៃ​ជីវិត​នៃ​ឪពុក​ម្ដាយ​គាត់​ត្រឹម ១​ម៉ឺន​ហ្នឹង? អ្នក​ដែល​ស្លាប់​ទៅ​ហើយ​ចង់​សង​យ៉ាង​ម៉េច​ក៏​អត់​គ្រប់គ្រាន់​ដែរ។ ប៉ុន្តែ​យើង​ព្យាយាម​បង្កើត​គម្រោង​សំណង​ដើម្បី​ឲ្យ​ជនរងគ្រោះ​យល់​ថា អ្វី​ដែល​គាត់​បាត់បង់​មិន​ធ្វើ​ព្រងើយ​កន្តើយ​ទេ អ្វីៗ​ដែល​យើង​ធ្វើ​នេះ​គឺ​ដើម្បី​កាត់​បន្ថយ ឬ​មួយ​ក៏​លុប​បំបាត់​នូវ​ផល​វិបាក​ផ្សេងៗ​ដែល​ធ្វើ​ឡើង​ក្រោយ​សាលាក្ដី​ខ្មែរ​ក្រហម»។



គម្រោង​ចំនួន ១៧ ត្រូវ​បាន​ស្នើ​ឡើង​ពាក់ព័ន្ធ ៣​ផ្នែក គឺ​ការ​ស្ដារ​យុវនីតិសម្បទា ការ​អប់រំ​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ និង​ការ​ចងចាំ​ដែល​គម្រោង​សំណង​នេះ​បាន​ដាក់​ស្នើ​ទៅ​អង្គ​ជំនុំជម្រះ​សាលាដំបូង​ដើម្បី​ពិចារណា​ក្នុង​សំណុំរឿង ០០២ វគ្គ ២។

ជនរងគ្រោះ​ដែល​តាំង​ខ្លួន​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី លោកស្រី សែម ហឿន មក​ពី​ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ ថ្លែង​ថា លោកស្រី​ទាមទារ​សំណង​នេះ​គឺ​ដើម្បី​រក​យុត្តិធម៌​ដល់​ក្រុម​គ្រួសារ​លោកស្រី​ដែល​បាត់បង់​ឪពុក និង​បងប្រុស ៤​នាក់ ក្រៅ​អំពី​ការ​កាត់​សេចក្ដី​ផ្ដន្ទាទោស​ដល់​ជនជាប់ចោទ៖ «ចង់​ឲ្យ​សាលាក្ដី​ដាក់​ទោស​មួយ​ជីវិត​តែ​ម្ដង ព្រោះ​ប្រជាជន​ឈឺ​ចាប់​មួយ​ពិភពលោក​ហ្នឹង គាត់​ឈឺ​ថា​អត់​ដែល​ថា អារម្មណ៍​គាត់​ស្បើយ​ពេល​ណា​ទេ​សូម្បី​តែ​គាត់​ចាប់​ប្រកប​ការងារ​អី​ក៏​គាត់​និយាយ​ពី​ជំនាន់​នេះ​ប្រាប់​កូន​ចៅ​នៅ​បឹង ស្រែ នៅ​ចម្ការ និយាយ​រឿង​អស់​ហ្នឹង​ឲ្យ​កូន​ស្ដាប់​អ៊ីចឹង​ទៅ ឲ្យ​កូន​ជួយ​រំលែក​ទុក្ខ ដោយ​ដឹង​ថា របប​នេះ​វា​ឃោរឃៅ​ប៉ុណ្ណា?»។

ក៏​ប៉ុន្តែ​អ្នក​នាំ​ពាក្យ​នៃ​សាលាក្ដី​ខ្មែរ​ក្រហម លោក នេត ភក្ត្រា បាន​ឲ្យ​ដឹង​ថា យោង​តាម​ការ​វាយ​តម្លៃ​ស្ថានភាព​ជីវភាព​របស់​ជន​ជាប់​ចោទ ​ពុំ​មាន​លទ្ធភាព​គ្រប់គ្រាន់​នៅ​ក្នុង​ការ​ជួល​មេធាវី​និង​មាន​ថវិកា​សម្រាប់​ចេញ​សំណង​នោះ​ទេ បើ​ទោះ​ជា​ច្បាប់​ចែង​ថា សំណង​ត្រូវ​ចេញ​ដោយ​ជនជាប់ចោទ​ក៏​ដោយ។ បញ្ហា​នេះ​ទាមទារ​ឲ្យ​អង្គភាព​គាំពារ​ជនរងគ្រោះ​ដើរ​តួ​សម្របសម្រួល​ស្វះស្វែង​រក​ការ​គាំទ្រ​ថវិកា​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល មុន​ដាក់​សំណើ​ជូន​ទៅ​អង្គ​ជំនុំជម្រះ​ពិនិត្យ​សម្រេច។

សំណុំរឿង ០០២ វគ្គ ២ មាន​ជនជាប់ចោទ​ពី​រូប គឺ​លោក នួន ជា វ័យ ៨៩​ឆ្នាំ និង លោក ខៀវ សំផន វ័យ ៨៤​ឆ្នាំ ដែល​តុលាការ​នឹង​បញ្ចប់​ការ​សួរ​ដេញដោល​នៅ​ពេល​ខាង​មុខ ហើយ​គ្រោង​នឹង​ប្រកាស​សាលក្រម​នៅ​ឆ្នាំ​២០១៧។ កាល​ពី​ចុង​ឆ្នាំ​២០១៤ អង្គ​ជំនុំជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​បាន​ផ្ដន្ទាទោស​ជន​ជាប់​ចោទ​ទាំង​ពីរ ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត៕

No comments: