A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 24 June 2016

តុលាការ​ត្រូវ​បង្ហាញ​ឯក​រាជ្យ​​ភាព​​ចំពោះ​មុខ​មហា​ជន​ទាក់ទងនឹង​បញ្ហា​នយោបាយ


23 មិថុនា 2016 voa
ហ៊ុល រស្មី

រូបឯកសារ៖ លោក នី ចរិយា (កណ្តាល) អតីត​មន្ត្រី​របស់​អង្គការ​អាដហុក និង​ជា​សមាជិក​ម្នាក់​នៃ​គណៈកម្មាការ​រៀបចំ​ការ​បោះឆ្នោត កំពុង​ត្រូវបាន​បញ្ចូន​ខ្លួន​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បន្ទាប់​ពី​បាន​ចូលបង្ហាញ​ខ្លួន នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦។ (AP Photo/Heng Sinith)
រូបឯកសារ៖ លោក នី ចរិយា (កណ្តាល) អតីត​មន្ត្រី​របស់​អង្គការ​អាដហុក និង​ជា​សមាជិក​ម្នាក់​នៃ​គណៈកម្មាការ​រៀបចំ​ការ​បោះឆ្នោត កំពុង​ត្រូវបាន​បញ្ចូន​ខ្លួន​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បន្ទាប់​ពី​បាន​ចូលបង្ហាញ​ខ្លួន នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦។ (AP Photo/Heng Sinith)



ស្ថិត​ក្នុង​ស្ថានភាព​នេះ​ ​សកម្មជន​សិទ្ធិ​មនុស្ស​ និង​អ្នក​វិភាគ​សង្គមខ្មែរ​យល់​ឃើញ​ខុសៗ​គ្នា​ថា​ ការ​ដោះ​លែង​អាច​ធ្វើ​ទៅ​បាន​ ​ល្គឹក​ណា​មាន​ការ​សម្រប​សម្រួល​ខាង​ផ្លូវ​នយោបាយ​ ឬក៏​តុលាការ​ត្រូវ​បង្ហាញ​ពី​ឯករាជ្យ​ភាព​របស់​ខ្លួន​នៅ​ក្នុង​ការកាត់​​ក្តី​សំណុំ​រឿង​នេះ។ ​​

ភ្នំពេញ —

នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​លោក​នី ចរិយា​ មន្ត្រី​ជាន់​ខ្ពស់​គ.ជ.ប.​ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ហៅ​មក​សួរ​នាំ​បន្ត​ទៀត​ក្នុង​សំណុំ​រឿង​ផ្សំ​គំនិតសូកប៉ាន់​សាក្សី។​ ​លោក​ស្ថិត​នៅ​ក្នុង​ចំណោម​មន្ត្រី​សិទ្ធិ​មនុស្ស​បួន​នាក់​ផ្សេង​ទៀត​ ដែល​រង​ការ​ចោទ​ប្រកាន់​ស្រដៀង​គ្នា​នេះ។​ ​ក្រុម​អ្នក​តាមដាន​ស្ថាន​ការណ៍​នយោបាយ​ខ្មែរ​និយាយ​ថា​ រឿង​នេះ​អាច​ដោះស្រាយ​បាន​ ទាល់តែ​មាន​ការ​សម្រប​សម្រួល​ផ្នែក​នយោបាយ ឬក៏​តុលាការ​ខ្លួន​ឯង​ត្រូវ​បង្ហាញ​ពី​ឯក​រាជ្យភាព​របស់​ខ្លួន​នៅ​ចំពោះ​មុខ​មហា​ជន។

នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​សិទ្ធិ​មនុស្សអាដហុក​ (Adhoc)​ ​និង​លោក​នី​ ​ចរិយា​ អគ្គ​លេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បោះ​ឆ្នោត ​(គ.ជ.ប.) ត្រូវ​បាន​តុលាការក្រុង​ភ្នំពេញ​ហៅ​មក​សួរ​នាំ​ជា​បន្ត​បន្ទាប់​ក្នុង​សំណុំ​រឿង​សូកប៉ាន់​សាក្សី​ និង​ផ្សំគំនិត​សូក​ប៉ាន់​សាក្សី​ ​ដែល​ផ្ដើម​ចេញ​ពី​ទំនាក់​ទំនង​ស្នេហា​លួច​លាក់​មួយ​ដែល​គេ​នៅ​សង្ស័យ​ថា​ ពាក់ព័ន្ធ​នឹង​លោក​កឹម សុខា​ ​ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​ ​និង​នារី​ម្នាក់​ឈ្មោះ​ខុម​ ​ចាន់តារ៉ា​ទី​ ​ហៅ​ស្រីមុំ។​



ស្រប​ពេល​ដែល​តុលាការ​បន្តការ​សួរ​នាំ​អ្នក​ជាប់​ចោទ​ទាំង​ប្រាំនាក់​នេះ​ ​លោក​កឹម សុខា​ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​តំណាងរាស្រ្ត​មណ្ឌល​ខេត្ត​កំពង់ចាម​ បាន​ដាក់​បម្រាម​ខ្លួន​ឯង​មិន​ចាកចេញ​ពី​ទីស្នាក់​កណ្តាល​គណបក្ស​សង្គ្រោះជាតិ​ ​ដើម្បី​គេច​ពី​ការ​ចាប់​ខ្លួន​ដែល​អាច​នឹង​ធ្វើ​ឡើង​ដោយ​រដ្ឋ​អំណាច​របស់​រដ្ឋាភិបាល​របស់លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។​

ទាក់​ទិន​នឹង​សំណុំ​រឿង​ដែល​ជាប់​ជំពាក់​ជាមួយ​នឹង​អ្នក​នយោបាយ​រូប​នេះ​ ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ និង​អ្នក​វិភាគ​ការ​វិវត្ត​សង្គម​កម្ពុជា​បាន​ប៉ាន់​ស្មាន​ទុក​ជាមុន​ថា​ អ្នក​ជាប់​ចោទ​ទាំង​ប្រាំ​នាក់​នោះ​ពុំអាច​មើល​ឃើញ​ច្រក​ណា​មួយ​ដើម្បី​បាន​រួច​ពី​សំណាញ់​របស់​តុលាការបាន​ឡើយ នៅ​គ្រា​ដែល​ស្ថានភាព​នយោបាយ​ក្នុង​ប្រទេសដ៏​ក្រីក្រ​មួយ​នេះ​បន្ត​ស្ថិត​ក្នុង​សភាព​តាន​តឹង​នោះ។​

ការ​ឃុំ​ខ្លួនសកម្ម​ជន​សិទ្ធិ​មនុស្ស​អាដហុក​ (Adhoc)​ និង​មន្ត្រី​គ.ជ.ប.នេះបាន​ធ្វើ​ឲ្យ​សកម្មជន​ដីធ្លី​ និង​សិទ្ធិ​មនុស្ស​ផ្សេង​ទៀត​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ ហើយ​ផ្តើម​ធ្វើ​«យុទ្ធនាការ​ថ្ងៃច័ន្ទ​ពណ៌​ខ្មៅ»។​ ​យុទ្ធនា​ការ​នេះ​មាន​គោល​ដៅធំ​មួយ​គឺ​ទាម​ទារ​ឲ្យ​មាន​ការដោះ​លែង​អ្នក​ជាប់​ចោទ​ទាំង​ប្រាំរូប​នេះ។​ ក៏​ប៉ុន្តែ​ ជា​រឿយៗ ​អាជ្ញា​ធរ​បាន​បង្រ្កាប​ ​និង​ចាប់​ខ្លួន​អ្នក​ធ្វើ​យុទ្ធនា​ការ​នេះ​នៅ​ទីសាធារណៈ​ ​រួច​ដោះ​លែងមកវិញ​ជា​បន្ត​បន្ទាប់។​

ស្ថិត​ក្នុង​ស្ថានភាព​នេះ​ ​សកម្មជន​សិទ្ធិ​មនុស្ស​ និង​អ្នក​វិភាគ​សង្គមខ្មែរ​យល់​ឃើញ​ខុសៗ​គ្នា​ថា​ ការ​ដោះ​លែង​អាច​ធ្វើ​ទៅ​បាន​ ​ល្គឹក​ណា​មាន​ការ​សម្រប​សម្រួល​ខាង​ផ្លូវ​នយោបាយ​ ឬក៏​តុលាការ​ត្រូវ​បង្ហាញ​ពី​ឯករាជ្យ​ភាព​របស់​ខ្លួន​នៅ​ក្នុង​ការកាត់ក្តី​សំណុំ​រឿង​នេះ។

លោក​អំ សំអាត​ ​ប្រធាន​ការិយា​ល័យ​បច្ចេក​ទេស​ស៊ើប​អង្កេត​នៃអង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​លីកាដូ​ (Licadho) ​បាន​ប្រាប់​ VOA ​កាលពី​ថ្ងៃ​ពុធម្សិលម៉ិញ​នេះថា​ លោក​មាន​ក្តី​មន្ទិល​ថា​ រឿង​នេះមិន​អាច​ដោះស្រាយ​ទៅ​រួច​បាន​នោះ​ឡើយ​ ​ខណៈ​ដែល​ពុំមាន​ភាព​ធូរស្បើយ​នៅ​ឡើយ​ខាងនយោបាយ​រវាង​គណ​បក្សធំៗ​ទាំង​ពីរ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ។​

រូបឯកសារ៖ លោក​ អំ សំអាត ​ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​យក​ព័ត៌មាន​ VOA ​នៅ​ក្នុង​បរិវេណ​តុលាការ​កំពូល​ កាល​ពីថ្ងៃ​ពុធ​ ទី​២​ ខែ​មីនា ឆ្នាំ​ ២០១៦។​ (ហ៊ុល​ រស្មី/VOA)​
រូបឯកសារ៖ លោក​ អំ សំអាត ​ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​យក​ព័ត៌មាន​ VOA ​នៅ​ក្នុង​បរិវេណ​តុលាការ​កំពូល​ កាល​ពីថ្ងៃ​ពុធ​ ទី​២​ ខែ​មីនា ឆ្នាំ​ ២០១៦។​ (ហ៊ុល​ រស្មី/VOA)​


លើស​ពីនេះ​ទៅ​ទៀត​ ​តុលាការ​បាន​ច្រាន​ចោល​ការស្នើ​សុំ​ស្ថិត​នៅ​ក្រៅ​ឃុំ​ជាច្រើន​លើក​ច្រើន​សារ​របស់​អ្នក​ទាំង​ប្រាំនាក់ តាំងពី​តុលាការ​ដំបូង​ក្រុង​ភ្នំពេញ​រហូត​ដល់​តុលាការ​ឧទ្ធរណ៍​ផង​ដែរ។​

«អីចឹង​ រឿង​ទាំង​អស់​ហ្នឹង​ បើ​យើង​មើល​ទៅ​ វា​ជាប់​ជំពាក់​ជំពិន​តែ​ទៅនឹង​ស្ថានភាព​នយោបាយដែល​កំពុង​ក្តៅ​គគុក​នេះ​ហើយ។​ អីចឹង ​វា​ដូចគ្នា​ដែរ​ ​បើសិន​ជា​នៅពេល​ដែល​អ្នក​នយោបាយ​ទាំង​អស់​ត្រូវរ៉ូវ​គ្នា​ ហើយ​ស្ថានភាព​នយោបាយ​ត្រជាក់​ អាហ្នឹង​ខ្ញុំ​ជឿ​ថា​ អ្នក​ទាំង​អស់​ហ្នឹង ​វា​អាច​នឹង​មាន​សង្ឃឹម​ថា​ បាន​នៅ​ក្រៅ​ឃុំ​ បាទ»។​

លោក​កែម ឡី​ អ្នក​វិភាគ​សង្គម​ បាន​ប្រាប់​ VOA​ នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ លោក​មិន​ចង់​ឃើញ​ការ​សម្រប​សម្រួល​នយោបាយ​ណាមួយ​នាំ​ឲ្យមាន​ការ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ទាំង​ប្រាំនាក់​នោះ​ទេ។​ លោក​បន្តថា ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គចៅ​ក្រម​ ដែល​មាន​អង្គ​ព្រះ​មហា​ក្សត្រ​ខ្មែរ​ជា​ប្រធាន​ ត្រូវបើក​ការ​ស៊ើប​អង្កេត​ទៅ​លើ​ចំណាត់​ការ​របស់​តុលាការ​ក្រុង​ភ្នំពេញ ​ដែល​សម្រេច​ឃុំ​ខ្លួន​អ្នកទាំង​ប្រាំ​នោះថា​ តើ​ការឃុំ​ខ្លួន​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​ទៅតាម​ច្បាប់​ពិត​ប្រាកដ ឬ​ក៏​តាម​សម្ពាធ​ផ្លូវ​នយោបាយ។​

«បើ​សិន​ជា​អ្នក​ហ្នឹង​មិន​មាន​ទោស​ទេ​ ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​ត្រូវ​ចាត់​វិធានការ​អង្គ​ចៅក្រម​ដែល​កាត់​សេចក្តី​រឿង​អីចឹងៗណ៎ា។​ តែ​បើ​ថា ​នៅ​សម្រប​សម្រួល​នយោបាយ​ហ្នឹង​ គឺ​សម្រប​សម្រួល​ពីរ​ជីវិត​ទៀត​ក៏អត់​រួច ​ក៏អត់​មាន​ អត់​អស់​បញ្ហា​ដែរ»។​ ​

អ្នក​ទាំង​ប្រាំ​ដែល​កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ​បណ្តោះ​អាសន្ន​ រួម​មាន​លោក​នី​ សុខា​ ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ (Adhoc)​ និង​អនុប្រធាន​ទាំង​ពីរ​របស់​លោក​គឺ​ លោក​យី សុខសាន្ត​ និង​លោក​ណៃ​ វង់ដា​ ហើយ​និង​លោក​ស្រី​លឹម​ មុន្នី​ មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក​ ​(Adhoc) ​និង​លោក​នី ចរិយា​ អគ្គ​លេខាធិការ​រង​គ.ជ.ប.។​

ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ជាន់​ខ្ពស់​ទាំង​បួនរូប​នៃ​សមាគម​សិទ្ធិ​មនុស្សអាដហុក​ (Adhoc) ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់​ពី​បទ​សូកប៉ាន់​សាក្សី។​ ​លោក​នី ចរិយា​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់​ពី​បទ​ផ្សំ​គំនិត​សូក​ប៉ាន់​សាក្សី។​

លោក​នី ចរិយា​ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ហៅមក​សាកសួរ​ម្តង​ទៀត​ បន្ទាប់​ពី​អ្នក​ជាប់​ចោទ​ក្នុង​សំណុំ​រឿង​សូកប៉ាន់​សាក្សី​ដដែលនេះ​ ត្រូវបាន​តុលាការ​ហៅ​មក​សាកសួរ​ជាបន្ត​បន្ទាប់រួច​មក​នោះ។​ មិន​ខុស​ពី​អ្នក​ដែល​ត្រូវបានតុលាការ​សួរ​ឯទៀត​នោះ​ទេ​ លោក​នី ចរិយា​បាន​មក​បង្ហាញ​ខ្លួន​នៅ​តុលាការ​ក្រុងភ្នំពេញ​ ហើយ​ក៏​ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​ពន្ធនាគារ​វិញដដែល។​

បន្ទាប់​ពីការ​សាកសួរ​លោក​នី​ ចរិយា​ដោយ​ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ដំបូងក្រុង​ភ្នំពេញ​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍នេះ​ មេធាវី​ការពារក្តី​លោក​នី ចរិយា​ គឺ​លោកសំ សុគង់​បាន​ប្រាប់​ VOA ​ថា​ លោក​នី ចរិយា​នឹង​ត្រូវរង​ចាំ​ការ​ជំនុំ​ជម្រះ​ ដោយសារ​តុលាការ​បាន​បញ្ចប់​ការ​សួរ​សំណួរ​បន្ថែម​ថ្មីៗទៀត​ ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ផ្សំគំនិតសូកប៉ាន់​សាក្សី។​ លោក​សំ សុគង់​បាន​បញ្ជាក់​បន្ថែមថា​ តុលាការ​ទំនង​ជា​មិន​នាំ​លោក​នី ចរិយា​មក​សួរនាំបន្ថែម​ទៀត​នោះ​ទេ​ លុះត្រា​តែ​តុលាការ​មាន​នីតិវិធី​អ្វី​ផ្សេង​ទៀត​នោះ។​

ការ​ឃុំ​ខ្លួន​នេះ​បាន​ទទួល​រង​ការ​រិះ​គន់​ពី​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​ និង​អន្តរជាតិថា​ ជា​សកម្ម​ភាពវាយ​ប្រហារ​លើ​ក្រុម​សង្គម​ស៊ីវិល​ដោយ​អាជ្ញាធរ​កម្ពុជា។​

អង្គ​ហេតុដែល​បង្ក​ឲ្យ​មាន​ការ​ឃុំ​ខ្លួន​មន្ត្រី​សិទ្ធិ​មនុស្ស​ និង​មន្ត្រី​គ.ជ.ប. ​នេះ​ ត្រូវ​គេ​ដឹង​ថា​ ​កើត​ចេញ​ពី​ខ្សែ​អាត់​សំឡេងសារ​សង​ស្នេហា​រវាង​លោក​កឹម សុខា​ និង​នាង​ស្រីមុំ​ដែល​ត្រូវ​បាន​ទម្លាយតាមបណ្តាញសង្គម​ហ្វេសប៊ុក។​

ក្នុង​សំណុំ​រឿង​ដែល​អូសបន្លាយ​ពេល​មក​ជិត​ខែ​៣​មក​នេះ​ គេ​មិន​ទាន់​ដឹង​ថា​ ​សំឡេងសារ​សង​ស្នេហា​រវាង​លោក​កឹម សុខា​ និង​នាង​ស្រីមុំ​នោះ​គឺ​ជា​ការណ៍​ពិត​ឬយ៉ាង​ណា​នោះ​ទេ​ ​ដោយ​សារ​តែ​ភាគី​កញ្ញា​ស្រី​មុំ​បាន​ប្រាប់​តុលាការ​ថា​ សំឡេងនោះ​ជា​សំឡេងនាង តែ​មិន​បាន​បញ្ជាក់​ប្រាប់​តុលាការ​ថា​ នាង​ទទួល​ស្គាល់​ខ្លឹម​សារនៃការ​សារ​សង​ស្នេហា​រវាង​នាង​ និង​លោក​កឹម​ សុខា​នៅ​ឡើយ​ទេ។​

រីឯលោក​កឹម សុខា​បាន​សម្ងំ​ជ្រកកោន​នៅ​ទីស្នាក់​ការ​កណ្តាល​របស់​គណ​បក្ស​ប្រឆាំង ​ដោយ​ច្រាន​ចោល​ការ​បង្គាប់​ឲ្យ​ចូល​ខ្លួន​ជា​ច្រើន​ដង​ពី​តុលាការ​ផង​ដែរ​ ដោយ​លោក​សំអាង​ថា​ លោក​នៅ​មាន​អភ័យ​ឯកសិទ្ធិ​ជា​អ្នក​តំណាង​រាស្ត្រ។​ លោក​កឹម សុខាក៏​បានយក​ទីស្នាក់​ការ​កណ្តាលរបស់​គណបក្ស​ជំនួស​ឲ្យ​កន្លែង​ធ្វើ​ការ​នៅ​សភា​របស់​លោក​ ក្នុង​ការប្រាស្រ័យ​ទាក់​ទង​ជាមួយ​មន្ត្រី​អង្គទូត​នានា​នៅ​កម្ពុជា​ និង​គណៈ​ប្រតិភូ​អន្តរ​ជាតិ​ផ្សេង​ទៀត៕

No comments: