A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 26 May 2016

សង្គម​ស៊ីវិល​ស្នើ​ឲ្យ​ពង្រឹង​យន្តការ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ​ដើម្បី​បញ្ចប់​បញ្ហា​ដីធ្លី


ដោយ អ៊ុំ រង្សី
2016-05-26

សិក្ខាសាលា​ដោះស្រាយ​វិវាទ​ដីធ្លី ២០១៦ ៨៥៥
សិក្ខាសាលា​ស្ដីពី ការ​រៀន​សូត្រ​រួម​គ្នា​លើ​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​ក្នុង​ប្រទេស​កម្ពុជា ដែល​រៀបចំ​នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Um Rainsey
 RFA/Um Rainsey


សង្គម​ស៊ីវិល បារម្ភ​ចំពោះ​ភាព​ខ្វះខាត​នៃ​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា ដែល​នាំ​ឲ្យ​ពលរដ្ឋ ពិសេស​កសិករ​ខ្នាត​តូច តែង​រងគ្រោះ​ឥត​ឈប់​ឈរ​ពី​ករណី​រំលោភ​ដីធ្លី ដែល​ជា​បញ្ហា​ដែល​នាំ​ឲ្យ​មាន​ការ​អភិវឌ្ឍ​យឺត។ ទន្ទឹម​គ្នា​នេះ សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល ពង្រឹង​យន្តការ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ ដើម្បី​បញ្ចប់​បញ្ហា​ដីធ្លី។

សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី ចង់​ឲ្យ​រដ្ឋាភិបាល​ពង្រឹង​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​លើ​បញ្ហា​មួយ​ចំនួន រួម​មាន ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ និង​អ្នក​មាន​អំណាច បញ្ហា​សន្តិសុខ បញ្ហា​ចំណាក​ស្រុក និង​បញ្ហា​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​ប៉ះពាល់​ដល់​សហគមន៍​ជនបទ។

ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សិក្ខាសាលា​ស្ដីពី "ការ​រៀន​សូត្រ​រួម​គ្នា​លើ​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​ក្នុង​ប្រទេស​កម្ពុជា" ដែល​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា។ សិក្ខាសាលា​នេះ ក្នុង​បំណង​ជួយ​ឲ្យ​មាន​នូវ​គោល​នយោបាយ​ដ៏​ពេញ​ចិត្ត និង​អាច​អនុវត្ត​បាន ដែល​ធានា​ដល់​សិទ្ធិ​របស់​គ្រួសារ​កសិករ​ក្នុង​ការ​អាស្រ័យ​ផល​ពី​ដីធ្លី និង​ធនធាន​ធម្មជាតិ។



ថ្លែង​ក្នុង​សិក្ខាសាលា​នេះ ទីប្រឹក្សា​នៃ​អង្គការ​ស្ដារ​កម្ពុជា លោក សោ សុន្ទ៍រធារី ឲ្យ​ដឹង​ថា តាម​ការ​សិក្សា​ស្រាវជ្រាវ​នៅ​តំបន់​ដែល​មាន​បញ្ហា​ដីធ្លី​អស់​រយៈពេល ១​ឆ្នាំ​នៅ​ខេត្ត​មួយ​ចំនួន រួម​មាន រតនគិរី ក្រចេះ មណ្ឌលគិរី ពោធិ៍សាត់ ស្វាយរៀង និង​ខេត្ត​បន្ទាយមានជ័យ។ លោក​ឃើញ​បញ្ហា​ប្រឈម​ដ៏​ធំ​ក្នុង​បញ្ហា​ដីធ្លី មក​ពី​មិន​បាន​កំណត់​ព្រំ​ដី​ឲ្យ​បាន​ច្បាស់លាស់ កង្វះ​ចំណេះ​ដឹង​ច្បាប់ កង្វះ​គោល​នយោបាយ កំណើន​ប្រជាជន និង​កង្វះ​យន្តការ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ។

ទីប្រឹក្សា​នៃ​អង្គការ​ស្ដារ​កម្ពុជា រូប​នេះ​យល់​ថា ការ​ពង្រឹង​ការ​ដោះស្រាយ​ជម្លោះ​ក្រៅ​ប្រព័ន្ធ​តុលាការ​ឲ្យ​មាន​ប្រសិទ្ធភាព ជា​យុទ្ធសាស្ត្រ​សំខាន់​ជួយ​បញ្ចប់​ជម្លោះ​ដីធ្លី​បាន​ឆាប់​រហ័ស ជាង​ការ​ដោះស្រាយ​តាម​ប្រព័ន្ធ​តុលាការ៖ «»។

ទន្ទឹម​គ្នា​នេះ តំណាង​សហគមន៍​ភូមិ​សាលាខ្មែរ មក​ពី​ខេត្ត​បន្ទាយមានជ័យ លោក សេន វី លើក​ឡើង​ដែរ​ថា ពលរដ្ឋ​សហគមន៍​ជាង ៤០០​គ្រួសារ បាន​ទទួល​រង​នូវ​ការ​រំលោភ​បំពាន​ដី​ស្រែ និង​ដី​លំនៅឋាន​តាំង​ពី​ឆ្នាំ​២០០៤ ពី​សំណាក់​អ្នក​មាន​អំណាច មិន​ទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ។ លោក​ស្នើ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជូន​មន្ត្រី និង​អ្នក​ជំនាញ​មក​ស៊ើប​អង្កេត​បញ្ហា​ជម្លោះ​ដីធ្លី ដើម្បី​ឲ្យ​ការ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ​នៅ​ថ្នាក់​មូលដ្ឋាន​ឲ្យ​មាន​ប្រសិទ្ធភាព៖ «»។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ប្រធាន​នាយកដ្ឋាន​ផែនការ និង​ស្ថិតិ នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ស្រី វុទ្ធី មាន​ប្រសាសន៍​ថា ក្រសួង​តែង​តែ​គាំទ្រ​យន្តការ​ដោះស្រាយ​ទំនាស់​ដីធ្លី​ក្រៅ​ប្រព័ន្ធ​តុលាការ។ ជាង​នេះ​ទៀត រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួង​កសិកម្ម បាន​បង្កើត​គណៈកម្មការ​សម្រប​សម្រួល​ដោះស្រាយ​ទំនាស់​ដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​ជំរុញ​ឲ្យ​ការ​ដោះស្រាយ​ជម្លោះ​ក្រៅ​ប្រព័ន្ធ​តុលាការ​ឲ្យ​បាន​ច្រើន និង​មាន​ប្រសិទ្ធភាព។

សិក្ខាសាលា​ដែល​មាន​អ្នក​ចូលរួម​ជិត ១០០​នាក់​មក​ពី​ដៃគូ​អភិវឌ្ឍន៍ សង្គម​ស៊ីវិល ផ្នែក​ឯកជន ក្រុមហ៊ុន សហគមន៍ ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​អភិបាល​កិច្ច​ដីធ្លី និង​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​នៅ​កម្ពុជា ក្រៅ​ពី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពង្រឹង​យន្តការ​ដោះស្រាយ​ទំនាស់​ដី​ក្រៅ​ប្រព័ន្ធ​តុលាការ ដើម្បី​បញ្ចប់​បញ្ហា​ដីធ្លី​នៅ​កម្ពុជា។ ពួក​គេ​ក៏​ជំរុញ​ឲ្យ​រដ្ឋាភិបាល សិក្សា​ពី​ស្ថានភាព​តំបន់​ដែល​មាន​ទំនាស់ មុន​សម្រេច​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ព្រម​ទាំង​អនុវត្ត​ច្បាប់​ឲ្យ​មាន​តម្លាភាព​ផង​ដែរ៕

No comments: