A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 9 February 2016

ហ៊្វុនស៊ិនប៉ិច និង​អ្នក​ទៅ​បង្កើត​បក្ស​ថ្មី​ដណ្តើម​ទីស្នាក់ការ​គ្នា


Mon, 8 February 2016 ppp
ឡាយ សាមាន

លោក​ ញឹក ប៊ុនឆៃ ដឹកនាំ​កិច្ចប្រជុំ​ក្រុម​ចុះ​ចេញ​ពី​ហ៊្វុនស៊ិនប៉ិច​។ រូបថត ហ្វេសប៊ុក

ភ្នំពេញៈ គណបក្ស​ ហ៊ុនស៊ិនប៉ិច និង​អតីត​សមាជិក​ជាន់​ខ្ពស់​លោក ញឹក ប៊ុនឆៃ ដែល​រត់​ទៅ​បង្កើត​បក្ស​ថ្មី​កំពុង​ឈរ​លើ​សង្វៀន​ដណ្តើម​ទីស្នាក់ការ​គណបក្ស​មក​កាន់កាប់​រៀងៗ​ខ្លួន​ខណៈ​ដែល​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​ចេញ​បញ្ជា​តឹងរ៉ឹង​ទៅ​គណៈកម្មាធិការ​ប្រតិបត្តិ​រាជធានី​ខេត្ត​ត្រូវ​រក្សា​សុវត្ថិភាព និង​ទ្រព្យសម្បត្តិ​នៅ​ទីស្នាក់ការ​បក្ស​ដោយ​បារម្ភ​ខ្លាច​​​អតីត​សមាជិក​បក្ស​ចូល​កាន់កាប់​ទីស្នាក់ការ​បក្ស។

លិខិត​របស់​អគ្គលេខាធិការ​ប្រតិបត្តិ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែល​ផ្ញើ​ជូន​សហជីវិន​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​រាជធានី​ខេត្ត​ចុះ​ថ្ងៃ​ទី ៦ ខែ​កុម្ភៈ​បាន​លើក​ឡើង​ថា​នៅ​ពេល​ថ្មីៗ​នេះ​មាន​ក្រុម​បំបែក​ខ្លួន​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ទៅ​បង្កើត​គណបក្ស​ថ្មី​មាន​បំណង​ចូល​កាន់កាប់​ទីស្នាក់ការ​អចលនទ្រព្យ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច។

លិខិត​បញ្ជាក់​ថា​ ដើម្បី​រក្សា​សុវត្ថិភាព​សន្តិសុខ​នៃ​ទីស្នាក់ការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ទូទាំង​ប្រទេស​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​រាជធានី​ខេត្ត​ត្រូវ​មាន​វិធានការ​តឹងរ៉ឹង​ដើម្បី​ទប់ស្កាត់​សកម្មភាព​នេះ។ វិធានការ​ទាំងនោះ​រួមមាន​ត្រូវ​ចាត់​​ឱ្យ​មាន​មនុស្ស​ប្រចាំការ​នៅ​ទីស្នាក់ការ​គណបក្ស​ជា​ប្រចាំ​ត្រូវ​ថត​រាល់​សកម្មភាព​របស់​ជន​អនាធិបតេយ្យ​ដែល​បង្ក​អុកឡុក និង​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​គណបក្ស និង​ត្រូវ​រាយការណ៍​ជា​បន្ទាន់​នូវ​រាល់​សកម្មភាព​ដែល​កើត​ឡើង​ក្នុង​ខេត្ត​របស់​ខ្លួន​ទៅ​អគ្គលេខាធិការដ្ឋាន​គណបក្ស​ហ៊ុនស៊ិនប៉ិច។ ត្រូវ​រាយការណ៍​ទៅ​អាជ្ញាធរ​ដែនដី​ដើម្បី​​សុំ​ជួយ​អន្តរាគមន៍ និង​ចាត់​វិធានការ​រក្សា​ទ្រព្យសម្បត្តិ​របស់​គណបក្ស​តាម​រាជធានី​ខេត្ត។

ប្រធាន​លេខាធិការដ្ឋាន​គណបក្ស​ហ៊ុនស៊ិនប៉ិច​លោក​ភាព​ភាជន៍​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា​ការ​ចេញ​​វិធានការ​ឱ្យ​រឹតបន្តឹង​សុវត្ថិភាព​ក្នុង​ស្នាក់ការ​បក្ស​ដោយសារ​អតីត​សមាជិក​មួយ​ចំនួន​អាច​គិត​ថា​ទីស្នាក់ការ​គណបក្ស​ជា​ទ្រព្យសម្បត្តិ​របស់​ខ្លួន និង​វិល​ចូល​កាន់កាប់​វិញ។

លោក​បញ្ជាក់​ថា៖ «គាត់​ខ្លួនឯង​ភេ្លច​គិត​ថា​ទ្រព្យសម្បត្តិ​ហ្នឹង​ជា​ទ្រព្យសម្បត្តិ​របស់​គណបក្ស​ហ៊ុនស៊ិនប៉ិច​មិន​មែន​ទ្រព្យសម្បត្តិ​របស់​បុគ្គល​ណា​ម្នាក់​ទេ​ហើយ​ពេល​គាត់​ចេញ​ទៅ​​ហើយ​គាត់​អាច​ធ្វើ​តាម​មេដឹកនាំ​របស់​ខ្លួន​ចូល​កាន់កាប់​ទីស្នាក់ការ​បក្ស​​វិញ។ អ៊ីចឹង​យើង​ធ្វើ​ដើម្បី​ការពារ​កុំ​ឱ្យ​មាន​បញ្ហា​ហ្នឹង​កើត​ឡើង»។

លោក​បាន​ព្រមាន​ថា​ប្រសិន​បើ​អតីត​​សមាជិក​បក្ស​​ណា​ម្នាក់​នៅ​តែ​រឹងរូស​ចូល​កាន់កាប់​ស្នាក់ការ​បក្ស​វិញ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នឹង​​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ហើយ​ប្តឹង​ទៅ​តុលាការ ឬ​អាជ្ញាធរ​ដែនដី។ បើ​តាម​មន្ត្រី​រូប​នេះ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​កំពុង​បើក​ការ​ស៊ើបអង្កេត​ករណី​ដែល​អតីត​សមាជិក​គណបក្ស​នេះ​កំពុង​កាត់​ឈ្មោះ​​ទីស្នាក់ការ​ពី​កម្មសិទ្ធិ​របស់​គណបក្ស​ទៅជា​កម្មសិទ្ធិ​របស់​ខ្លួន​​។

អតីត​អនុប្រធាន​ទី ២ នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​លោក ញឹក ប៊ុនឆៃ បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​ស្នាក់ការ​ដែល​បាន​ដាក់​ឈ្មោះ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ភាគច្រើន​មិនមែន​ជា​កម្មសិទ្ធិ​របស់​គណបក្ស​នេះ​ទេ​ពោល​ជា​កម្មសិទ្ធិ​របស់​បុគ្គល​។ យ៉ាង​នេះ​ក្តី​លោក​ថា​សមាជិក​របស់​គណបក្ស​ដែល​ធ្លាប់​មាន​សិទ្ធិ​ជា​ម្ចាស់​ទីស្នាក់ការ​ណា​មួយ​ពួកគេ​នឹង​នៅ​តែ​កាន់កាប់​ទីស្នាក់ការ​នោះ​ដដែល​ហើយ​ទម្លាក់​ស្លាក​គណបក្ស​នោះ​ចោល​វិញ​។

លោក​បញ្ជាក់​ថា៖ «ព្រោះ​ទីស្នាក់ការ​ខ្លះ​ជា​របស់​បុគ្គល​ទេ​មិនមែន​ជា​របស់​សមូហភាព​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ទេ​ដូច​នៅ​ខេត្ត​​ក្រចេះ​ស្នាក់ការ​នោះ​ជា​កម្មសិទ្ធិ​របស់​ជំទាវ​ម្នាក់​ដល់​ពេល​​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ទៅ​ចាក់​សោ​វា​ជា​បញ្ហា​នៅ​សៀមរាប​ក៏​មិនមែន​ជា​កម្មសិទ្ធិ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែរ​ព្រោះ​កន្លង​មក​យើង​ដាក់​ស្នាក់ការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​មែន​តែ​ម្ចាស់​កម្មសិទ្ធិ​មែនទែន​មិនមែន​ជា​របស់​គណបក្ស​ទេ»​។

បើ​តាម​លោក​ ញឹក ប៊ុនឆៃ មន្ត្រី​ជាន់​ខ្ពស់​​ចេញ​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​មក​ចុះ​ចូល​ជាមួយ​គណបក្ស​ថ្មី​របស់​លោក​មិនមែន​តែ ១៣ នាក់​ទេ​គឺ​មាន​ច្រើន​ជាង​នេះ​ទៀត​ពោល​គឺ​មាន​​មន្ត្រី​ជាន់​ខ្ពស់​ជាង ៣០០ នាក់ និង​សមាជិក​ធម្មតា​រាប់ពាន់​នាក់។

លោក​ឱ្យ​ដឹង​ថា​នៅ​ពីរ​បី​ថ្ងៃ​ទៀត​លោក​នឹង​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​ក្រសួង​មហាផ្ទៃ​ដើម្បី​បង្កើត​គណបក្ស​ថ្មី​ខណៈ​ដែល​លោក​បាន​ប្រមូល​ស្នាម​មេដៃ​ពី​​គ្រប់​ខេត្ត ក្រុង គ្រប់​ចំនួន ៤០០០ ស្នាម​មេដៃ​ហើយ។

កាលពី​ថ្ងៃ​ទី ៤ កុម្ភៈ​លោក ញឹក ប៊ុនឆៃ បាន​វេច​បង្វេច​ចុះ​ចេញ​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ទៅ​បង្កើត​គណបក្ស​ថ្មី​មួយ​ទៀត​មាន​ឈ្មោះ​ថា​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ​ដោយ​អះអាង​ថា​៖ «​មួយ​ឆ្នាំ​បន្ទាប់ពី​ការ​បង្រួប​បង្រួម​សមាជិក​រាជានិយម​ហ៊្វុនស៊ិនប៉ិច​ខ្ញុំ​បាន​រកឃើញ​ថា​នីតិវិធី​នៃ​ការ​បង្រួបបង្រួម​នេះ​បាន​ទទួល​បរាជ័យ​ជាថ្មី​ម្តង​ទៀត​ដោយសារ​តែ​បញ្ហា​ចាស់​បក្ខពួក​និយម»។

ទោះ​ជា​យ៉ាង​ណា​លោក ភាព ភាជន៍ បាន​អះអាង​ថា​ការ​ដឹកនាំ​របស់​​ព្រះអង្គ​ម្ចាស់​នរោត្តម រណឫទ្ធិ នា​ពេល​កន្លង​មក​ធ្វើ​ឡើង​តាម​បែប​ប្រជាធិបតេយ្យ​មិន​ដូច​ការ​ចោទប្រកាន់​របស់​លោក ញឹក ប៊ុនឆៃ នោះ​ទេ ។

លោក​ថា៖ «ជា​ទស្សនៈ​របស់​គាត់​ (ញឹក ​ប៊ុនឆៃ) ដែល​គាត់​រិះគន់​អ៊ីចឹង​ព្រោះ​សម្តេច​ក្រុមព្រះ​លោក​មិនមែន​ធ្វើ​អី​តាម​តែ​ព្រះទ័យ​របស់​ទ្រង់​មុន​នឹង​លោក​ធ្វើ​គឺ​បាន​ហៅ​សមាជិក​មក​ពិភាក្សា​ប៉ុន្តែ​ឯកឧត្តម ញឹក ប៊ុនឆៃ គាត់​មិន​បាន​អញ្ជើញ​មក​ជា​រឿង​របស់​គាត់»។

បើ​តាម​លោក​ ញឹក ប៊ុនឆៃ បច្ចុប្បន្ន​ទីស្នាក់ការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ទូទាំង​ប្រទេស​មាន​ចំនួន ២០ កន្លែង​ដែល​លោក​អះអាង​ថា​ភាគច្រើន​ជា​របស់​បុគ្គល​ជា​អ្នក​ចេញ​ថវិកា​សម្រាប់​សាងសង់។

លោក​បាន​បន្ត​ថា៖ «បើ​លុយ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ជា​អ្នក​​សាងសង់​យើង​ប្រគល់​ឱ្យ​គេ​កាន់កាប់​តែ​អត់​មាន​ស្នាក់ការ​ណា​មួយ​ជា​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ទេ​ភាគច្រើន​ជា​របស់​ថ្នាក់ដឹកនាំ​គណបក្ស​នា​ពេល​នោះ​អ៊ីចឹង​ពេល​គាត់​ចេញ​គាត់​នឹង​រុះ​បក្ស​នេះ​ចេញ​ហើយ​ដាក់​ស្លាក​គណបក្ស​ថ្មី​វិញ»៕

No comments: