ដោយ រដ្ឋា វិសាល
2016-02-09
ទេសចរថតរូបកម្សាន្តលេងនៅបឹងយក្សឡោម ក្នុងខេត្តរតនគិរី នៅថ្ងៃទី៩ កុម្ភៈ ឆ្នាំ២០១៦។
RFA/Ratha Visal
រមណីយដ្ឋានចំនួនពីរនៅខេត្តរតនគិរី ទទួលបានអ្នកទេសចរច្រើនក្នុងពិធីបុណ្យចូលឆ្នាំចិន ខណៈតួលេខអ្នកទេសចរមកកម្សាន្តនៅតំបន់រមណីយដ្ឋានផ្សេងទៀតក្នុងខេត្តនេះមិនសូវមានអ្នកមកកម្សាន្តច្រើនដូចឆ្នាំកន្លងទៅ។ មន្ត្រីទេសចរណ៍ប្រចាំខេត្តរំពឹងថា ចំនួនអ្នកទេសចរមកកម្សាន្តនៅឆ្នាំនេះ មិនតិចជាងឆ្នាំមុននោះឡើយ។
មន្ត្រីទេសចរណ៍ខេត្តរតនគិរី មានមោទនភាព ខណៈអ្នកទេសចរច្រើនមកកម្សាន្តក្នុងខេត្តនេះក្នុងឱកាសបុណ្យចូលឆ្នាំចិន ឆ្នាំនេះ។ ផ្ទះសំណាក់ សណ្ឋាគារ មានភ្ញៀវទេសចរចូលមកស្នាក់នៅច្រើនខុសធម្មតា។ ចំណែកភោជនីយដ្ឋាន និងកន្លែងកម្សាន្តនានា ជាពិសេសរមណីយដ្ឋានបឹងយក្សឡោម ដ៏ល្បីល្បាញ រួមទាំងតំបន់ទឹកជ្រោះ៧ជាន់ ក៏មានភ្ញៀវក្នុងខេត្ត និងមកពីបណ្ដាខេត្តនានាខ្លះមកពីទីក្រុងភ្នំពេញ នាំគ្នាមុជទឹកលេង និងជួបជុំគ្នាហូបអាហារជាលក្ខណៈគ្រួសារ និងជាមួយមិត្តភ័ក្ដិ។
ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី លោក ង៉ែត ពិទូ កត់សំគាល់ថា ការមកដល់នៃអ្នកទេសចរមកកាន់ខេត្តរតនគិរី នៅថ្ងៃចូលឆ្នាំដំបូងមានប្រមាណជាង ១ពាន់នាក់ ដែលជាសញ្ញាបង្ហាញថា នឹងមានការមកដល់បន្ថែមទៀត ខណៈបុណ្យចូលឆ្នាំទើបចាប់ផ្ដើម។ លោកបន្តថា ខេត្តរតនគិរី សម្បូរទៅដោយតំបន់រមណីយដ្ឋានធម្មជាតិសុទ្ធសាធ និងផ្លូវគមនាគមន៍កាន់តែល្អប្រសើរ។ ម្យ៉ាងវិញទៀត ឆ្នាំនេះធាតុអាកាសត្រជាក់នៅថ្ងៃបុណ្យចូលឆ្នាំចិន គួរជាទីរីករាយសម្រាប់ដំណើរកម្សាន្តនៃអ្នកទេសចរបានមកកាន់ខេត្តប៉ែកឦសានមួយនេះ។
លោកបន្តថា តំបន់រមណីយដ្ឋានសំខាន់ៗចំនួនពីរ ដូចជាបឹងយក្សឡោម ទឹកជ្រោះ ៧ជាន់ ត្រូវបានសហគមន៍អភិរក្សល្អប្រសើរ ទាំងបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ និងអនាម័យ៖ «ថ្ងៃទី២នេះភ្ញៀវយើងឡើងមកបាន ៤០ភាគរយហើយ អ៊ីចឹងចន្លោះម៉ោង ៥ ដល់ម៉ោង ៦ អាចពេញអូតែល។ ប្រមើលមើលនឹងកើនដោយសារយើងអត់ខ្វល់ហេដ្ឋារចនាសម្ព័ន្ធយើងល្អផ្នែកសេវាកម្ម ឧស្សាហកម្មយើងមានផ្ទះសំណាក់សណ្ឋាគារច្រើនល្អៗទៀត»។
កាលពីរដូវចូលឆ្នាំចិន ឆ្នាំ២០១៥ មានអ្នកទេសចរមកកម្សាន្តនៅខេត្តរតនគិរី ជិត ២ម៉ឺននាក់។ តាមការរំពឹងទុករបស់មន្ត្រីទេសចរណ៍ចំនួននេះនឹងកើនឡើងដល់ ២,៥ម៉ឺននាក់នៅរដូវចូលឆ្នាំចិន ឆ្នាំ២០១៦ នេះ ដោយសារតែផ្ទះសំណាក់សណ្ឋាគារត្រូវបានអតិថិជនកក់អស់ប្រមាណ ៧០ភាគរយនៃបន្ទប់ស្នាក់នៅ។
តំណាងសណ្ឋាគារខ្នាតធំឈ្មោះរតនសម្បត្តិ លោក ហង្ស ផានី កត់សំគាល់ថា អ្នកទេសចរកំពុងចូលមកស្នាក់នៅបន្តបន្ទាប់គ្នាខុសប្លែកពីថ្ងៃធម្មតា ពោលគឺមានចំនួនកើនឡើង ប៉ុន្តែលោកប៉ាន់ប្រមាណថា ចំនួនអ្នកទេសចរណ៍មកកម្សាន្តនៅពិធីបុណ្យចូលឆ្នាំចិន រយៈពេលបីថ្ងៃនេះ ទំនងច្រើនជាងឆ្នាំកន្លងទៅតិចតួចប៉ុណ្ណោះ៖ «កន្លែងខ្ញុំសម្រាប់ស្ទឹម សូណា ស្បា អាងហែលទឹក កន្លែងហាត់ប្រាណ។ ភ្ញៀវបុកចូលតាំងពីថ្ងៃដើរលេងវាច្រើនកន្លែងខ្ញុំអត់បានឡើងថ្លៃទេ»។
ចំណែកអ្នកលក់នំចំណីនៅតំបន់រមណីយដ្ឋានបឹងយក្សឡោម ឈ្មោះ អ៊ួយ កត់សំគាល់ដែរថា រដូវចូលឆ្នាំចិន គឺមានអ្នកទេសចរច្រើនដែលធ្វើឲ្យការលក់ដូរនំចំណីកើនឡើង។ អ្នកស្រីអះអាងថា តម្លៃនំចំណីនៅធម្មតាមិនបានដំឡើងថ្លៃអ្វីនោះឡើយ៖ «សូមអរគុណភ្ញៀវជាតិអន្តរជាតិដែលបានមកលេងបឹងយក្សឡោម។ កន្លែងខ្ញុំមានលក់ម្ហូបកុម្ម៉ង់គ្រប់មុខ ចង់ហូបម្ហូបកុម្ម៉ង់ ឬបុកល្ហុង បាយដំណើបក៏មានដែរ តម្លៃក៏ថោកល្មមមិនកោរ»។
អាជ្ញាធរក្រុងបានលុង ឲ្យដឹងថា ឆ្នាំ២០១៥ កន្លងទៅនេះ សណ្ឋាគារ និងផ្ទះសំណាក់បានកើនឡើង មានបន្ទប់រហូតជាង ១ពាន់បន្ទប់ ក្នុងនោះសណ្ឋាគារមាន ១៦កន្លែង និងផ្ទះសំណាក់មាន ៣៥កន្លែង។ ដោយឡែកមានសណ្ឋាគារខ្នាតទំនើបចំនួន៥ និងតំបន់កម្សាន្តទំនើបមានអាងហែលទឹកចំនួន៣ បានសាងសង់រួច។
អធិការប៉ូលិសក្រុងបានលុង លោក ហួត បូរី កត់សំគាល់ថា សន្តិសុខមានលក្ខណៈល្អ គ្មានប្រជាពលរដ្ឋ ឬអ្នកទេសចរជួបប្រទះអសន្តិសុខ ឬចោរកម្ម កើតឡើងឡើយ។ លោកថា កងកម្លាំងប៉ូលិសត្រូវបានដាក់ប្រចាំការនៅតាមតំបន់រមណីយដ្ឋាន និងតាមផ្លូវសាធារណៈដើម្បីការពារសុវត្ថិភាពជូនពលរដ្ឋ។
លោកកត់សំគាល់ដែរថា មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងបួនករណី ធ្វើឲ្យមនុស្សពីរនាក់ស្លាប់ និងរបួសធ្ងន់ ៤នាក់៖ «សុវត្ថិភាពល្អ យើងការពារ។ ឱកាសបុណ្យចូលឆ្នាំចិន នេះ ដាក់កម្លាំងតាំងពីកន្លែងកម្សាន្តតាមដងផ្លូវត្រួតពិនិត្យចរាចរណ៍ និងជាតិអាល់កុល»។
នៅខេត្តរតនគិរី តំបន់រមណីយដ្ឋានសំខាន់ៗមាន បឹងយក្សឡោម បឹងលង្គុត ទឹកជ្រោះ៧ជាន់ ឬទឹកជ្រោះអូរសៀនឡែ ទឹកជ្រោះតាតៃ ទឹកជ្រោះកាចាញ ចាអ៊ុង កាទៀង បឹងកន្សែង បឹងកម្សាន្ត តំបន់វប្បធម៌ជនជាតិដើមភាគតិចតំបន់វាលរំប្លង់ ដំណើរកម្សាន្តតតាមដងទន្លេសេសាន ទន្លេស្រែពក និងតំបន់ទស្សនាសត្វព្រៃនៃឧទ្យានជាតិវីរជ័យ ជាដើម។
អ្នកទេសចរមកពីទីក្រុងភ្នំពេញ អ្នកស្រី ឈៀង ហ្គ្រេច បង្ហាញអារម្មណ៍រីករាយ ខណៈបានមកកម្សាន្តនៅខេត្តរតនគិរី នាថ្ងៃបុណ្យចូលឆ្នាំចិន នេះ។ អ្នកស្រីបន្តថា ផ្លូវធ្វើដំណើរងាយស្រួលរីឯម្ហូបអាហារ និងកន្លែងស្នាក់នៅក៏មានតម្លៃថោកសមរម្យ រួមទាំងតំបន់រមណីយដ្ឋានក៏មានលក្ខណៈ ស្រល់ថ្លា មានអនាម័យល្អ៖ «ឥឡូវគេអភិវឌ្ឍន៍នៅបឹងយក្សឡោមស្អាតណាស់ គេរក្សាធម្មជាតិនៅដដែល។ ខ្ញុំមកពីរដងហើយ សម្បត្តិធម្មជាតិរបស់ខ្មែរយើងនៅពិតៗអ៊ីចឹង»។
ដូចគ្នានេះដែរ អ្នកទេសចរមកពីខេត្តកំពង់ធំ កោតសរសេររមណីយដ្ឋាននៅខេត្តរតនគិរី ដែលសម្បូរទៅដោយធម្មជាតិសុទ្ធសាធដូចជាតំបន់ទឹកជ្រោះ និងបឹងយក្សឡោម ជាដើម។ លោកកោតសរសើរ និងសំណូមពរឲ្យរក្សាព្រៃឈើទាំងនោះសម្រាប់បម្រើវិស័យទេសចរណ៍ និងបរិស្ថានបានគង់វង្សទៅថ្ងៃអនាគត៖ «សរសើរក្នុងចិត្តថា តំបន់នេះព្រៃឈើនៅល្អឈើធំៗល្អប្រពៃណាស់ ចង់ឲ្យឈើទាំងអស់នេះបានគង់វង្សហើយ ចង់ឲ្យទូទាំងប្រទេស តំបន់ព្រៃឈើយើងនេះនៅតែស្រស់ល្អរហូតអ៊ីចឹងទៅ»។
រហូតមកទល់នឹងរសៀលថ្ងៃទីពីរនៃពិធីបុណ្យចូលឆ្នាំចិន នេះ តួលេខបណ្ដោះអាសន្នរបស់មន្ទីរទេសចរណ៍ខេត្តរតនគិរី ឲ្យដឹងថា មានអ្នកទេសចរប្រមាណ ៥ពាន់នាក់បានមកកម្សាន្តនៅខេត្តរតនគិរី៕
No comments:
Post a Comment