A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 9 February 2016

គ្រូ​និង​សិស្ស​មួយ​ចំនួន​នៅ​ភ្នំពេញ​មិន​មក​សាលា​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន-វៀតណាម

គ្រូ​និង​សិស្ស​មួយ​ចំនួន​នៅ​ភ្នំពេញ​មិន​មក​សាលា​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន-វៀតណាម
ដោយ ប្រាជ្ញ ចេវ
2016-02-08 rfa
វិទ្យាល័យ ជា ស៊ីម សន្ធរ​ម៉ុក ២០១៦ ៨៥៥

វិទ្យាល័យ ជា ស៊ីម សន្ធរ​ម៉ុក ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ RFA/Brach Chev
 RFA/Brach Chev


គ្រូ និង​សិស្ស​មួយ​ចំនួន​នៅ​ភ្នំពេញ មិន​សូវ​មក​សាលា​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន-វៀតណាម ខណៈ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន នេះ មិន​មែន​ជា​ថ្ងៃ​បុណ្យ​ជាតិ​ដែល​ត្រូវ​ឈប់​សម្រាក​ទេ។ អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បដិសេធ​ថា សិស្ស​មក​រៀន​ធម្មតា ហើយ​គ្រូ​ក៏​មក​បង្រៀន​តាម​ម៉ោង​សិក្សា​ធម្មតា​ដែរ។

នៅ​ថ្ងៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន នេះ គ្រូ និង​សិស្ស​នៅ​សាលា​មួយ​ចំនួន ចោទ​គ្នា​ទៅ​វិញ​ទៅ​មក​ថា គ្មាន​គ្រូ​មក​បង្រៀន​ទេ​នៅ​ថ្ងៃ​ទី​៨ កុម្ភៈ ប៉ុន្តែ​លោកគ្រូ​អ្នកគ្រូ​ឆ្លើយ​តប​វិញ​ថា គ្រូ​មក​បង្រៀន​ធម្មតា សិស្ស​ឯណោះ​ទេ​មិន​មក​រៀន ឬ​រៀន​បាន​មួយ​ម៉ោង ក៏​នាំ​គ្នា​គេច​ម៉ោង​សិក្សា​អស់។

និស្សិត​ឆ្នាំ​ទី​១ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ មួយ​រូប ឲ្យ​ដឹង​នៅ​ក្នុង​បន្ទប់​រៀន​របស់​លោក​ថា ក្នុង​ចំណោម​និស្សិត​ក្នុង​ថ្នាក់​ទាំងអស់​មាន​សិស្ស​មក​រៀន​ប្រហែល​ជាង ៣០​ភាគរយ។ និស្សិត​ដដែល​បន្ត​ថា អ្នក​ដែល​មិន​បាន​មក​រៀន ភាគ​ច្រើន​ជាប់​ទៅ​សែន​បុណ្យ​ចូល​ឆ្នាំ​ចិន និង​ដើរ​លំហែ​តាម​ជាយ​ក្រុង ឬ​តាម​ខេត្ត៖ «គេ​ទៅ​លេង​ផ្ទះ ចឹង​ហើយ​អ្នក​មក​យឺត សាលា​គេ​មិន​ឲ្យ​ឈប់​ទេ ប៉ុន្តែ​និស្សិត​ឈប់​ខ្លួន​ឯង»។

ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន-វៀតណាម ចាប់​ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ប៉ុន្តែ​ចាប់​ពី​ថ្ងៃ​ទី​៧ ដែល​អ្នក​ជាប់​សែស្រឡាយ​ចិន-វៀតណាម ធ្វើ​ពិធី​សែន​ព្រេន​នោះ នៅ​តាម​ផ្លូវ​នានា​ពុំ​សូវ​មាន​ឡាន​ម៉ូតូ​ធ្វើ​ដំណើរ​ដូច​ថ្ងៃ​ធម្មតា​ទេ។ នៅ​តាម​សាលា​រដ្ឋ​មួយ​ចំនួន​ពី​សាលា​បឋម​សិក្សា ដល់​សាកលវិទ្យាល័យ នៅ​ពេល​ព្រឹក​ឃើញ​សិស្ស​មក​រៀន​ធម្មតា ប៉ុន្តែ​ចាប់​ពី​ចន្លោះ​ម៉ោង​៨ ម៉ោង ៩​ព្រឹក ចំនួន​សិស្ស​ថយ​ចុះ។

ចំណែក លោកគ្រូ ឈាង សុវណ្ណ គ្រូបង្រៀន​សាលា​សន្ធរ​ម៉ុក លើក​ឡើង​វិញ​ថា ថ្ងៃ​ទី​៨ កុម្ភៈ នេះ លោក​បង្រៀន​សិស្ស ប៉ុន្តែ​គ្មាន​សិស្ស​មក​រៀន​ទេ។ លោក​បន្ត​ថា ម៉ោង​ទី​១ មាន​សិស្ស​រៀន​ច្រើន​គួរ​សម ប៉ុន្តែ​ចាប់​ពី​ម៉ោង​ទី​២ ឡើង​ទៅ បាត់​សិស្ស​រហូត​អស់​ពី​ថ្នាក់៖ «សិស្ស​ខ្លួន​ឯង​សុំ​ឈប់​ខ្លួន​ឯង ថ្ងៃ​នេះ​ខ្ញុំ​មក​បង្រៀន​សិស្ស ប៉ុន្តែ​សិស្ស​គាត់​អត់​មក​រៀន​ខ្លួន​ឯង​គាត់»។

អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក រស់ សាលីន ប្រាប់​ថា របាយការណ៍​បឋម​ដែល​ក្រសួង​ទទួល​បាន​នៅ​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ នៅ​តាម​គ្រឹះស្ថាន​សិក្សា​របស់​រដ្ឋ​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​មួយ​ចំនួន ដំណើរ​ការ​ធម្មតា ហើយ​សិស្ស និង​គ្រូ​មក​សាលា​ដូច​ថ្ងៃ​ធម្មតា​ដែរ។ ទោះ​បែប​នេះ​ក្តី​លោក​ថា ប្រសិន​បើ​រក​ឃើញ​សិស្ស​មិន​មក​រៀន ឬ​គ្រូ​មិន​មក​បង្រៀន ពួក​គេ​នឹង​ទទួល​ទណ្ឌកម្ម​វិន័យ​រដ្ឋបាល​តាម​គោលការណ៍​សាលា​នីមួយៗ៖ «សាលា​រៀន​របស់​រដ្ឋ​បើក​បង្រៀន​ធម្មតា គ្រូ​មក​បង្រៀន​ធម្មតា ទៅ​តាម​កាលវិភាគ​បាន​កំណត់»។

តាម​រយៈ​ការ​សាកសួរ សិស្ស​ដែល​មិន​មក​រៀន​គឺ​ជាប់​សែស្រឡាយ​ចិន-វៀតណាម ចំណែក​អ្នក​ផ្សេង​ទៀត គេ​ឈប់​តាម​គ្នា។

ទោះ​បែប​នេះ​ក្តី សិស្ស​ម្នាក់​នៃ​សាលា​បឋម​សិក្សា​សន្ធរ​ម៉ុក ឲ្យ​ដឹង​ថា តាម​កាលវិភាគ ត្រូវ​រៀន​បួន​ម៉ោង ប៉ុន្តែ​បាន​រៀន​តែ​មួយ​ម៉ោង​ទេ ព្រោះ​គ្រូ​អត់​បាន​មក​បង្រៀន​ទេ។ លោក​ស្នើ​ទៅ​លោកគ្រូ​អ្នកគ្រូ ប្រសិន​បើ​មិន​បង្រៀន គួរ​ប្រាប់​សិស្ស​ឲ្យ​ដឹង​មុន ជៀសវាង​សិស្ស​មក​សាលា ប៉ុន្តែ​គ្មាន​គ្រូបង្រៀន៖ «គ្រូ​ចូល​បង្រៀន​បាន​មួយ​ទេ ព្រោះ​គ្រូ​ផ្សេង​ទៀត​អត់​មក​សាលា។ ខ្ញុំ​ស្នើ​ឲ្យ​លោកគ្រូ​អ្នកគ្រូ ផ្តល់​ដំណឹង​ដល់​សិស្ស បើ​អត់​មក​បង្រៀន ឬ​រក​គ្រូ​មក​ជំនួស បើ​មិន​បាន​មក​បង្រៀន»។

លោកគ្រូ​អ្នកគ្រូ និង​សិស្ស​និស្សិត​ដែល​មក​សាលា​មួយ​ចំនួន ស្នើ​ទៅ​ក្រសួង​អប់រំ មាន​វិធានការ​ជាក់លាក់​លើ​អ្នក​មិន​មក​សាលា​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន-វៀតណាម និង​ស្នើ​ឲ្យ​មាន​កម្មវិធី​ប្រឡង​សំខាន់ៗ ឬ​ប្រឡង​ឆមាស​នៅ​ក្នុង​ថ្ងៃ​នោះ​តែ​ម្តង៕

No comments: