A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 2 September 2015

សមត្ថកិច្ច​ខេត្ត​ត្បូងឃ្មុំ​ចាប់​បុរស​ពីរ​នាក់​សង្ស័យ​បំផ្លាញ​បង្គោល​រណប​ព្រំដែន

ដោយ​ សូត សុខប្រាថ្នា
2015-09-01 rfa

ក្រុម​និស្សិត​មក​ពី​សកល​វិទ្យាល័យ​នានា​នៅ​រាជធានី​ភ្នំពេញ ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្ដែង​លើ​តំបន់​ដី​មាន​ជម្លោះ នៅ​ភូមិ​ជើង ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី​១៧ ឧសភា ឆ្នាំ​២០១៥។
RFA/Saut Sokprathna

អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ សម្រេច​នាំ​ខ្លួន​ប្រជាពលរដ្ឋ​នៅ​ឃុំ​ដា ស្រុក​មេមត់ ពីរ​នាក់ មក​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កាល​ពី​ល្ងាច​ថ្ងៃ​ទី​៣១ ខែ​សីហា។ ការ​នាំ​ខ្លួន​មក​សាកសួរ​ភ្លាមៗ​នេះ បន្ទាប់​ពី​ពលរដ្ឋ​ទាំង​នោះ​បាន​ធ្វើ​សកម្មភាព​ដក​បង្គោល​រណប​ព្រំដែន​កម្ពុជា-​វៀតណាម នៅ​ចំណុច​ឃុំ​ដា ស្រុក​មេមត់ ។ យ៉ាង​ណា​គ្រួសារ​ជនសង្ស័យ​ស្នើ​ឱ្យ​អាជ្ញាធរ​ដោះលែង​សមាជិក​គ្រួសារ​ពួកគាត់​វិញ ដោយ​អះអាង​ថា ប្តី​របស់​ខ្លួន​គ្មាន​ចេតនា​ទៅ​បំផ្លាញ​បង្គោល​ព្រំដែន​នោះ​ទេ។

មន្ត្រី​សមត្ថកិច្ច​ឱ្យ​ដឹង​ថា ពួកគេ​កំពុង​សាកសួរ​ជន​សង្ស័យ​ពីរ​នាក់​ពាក់ព័ន្ធ​សកម្មភាព​​ដក​បង្គោល​ព្រំដែន ដែល​ជា​ប្រភេទ​បង្គោល​រណប​លេខ ១១០.១ នៅ​ចំណុច​ឃុំ​ដា ស្រុក​មេមត់។ សមត្ថកិច្ច​ថា ត្បិត​តែ​ការ​សាកសួរ​នៅ​មិន​ទាន់​បញ្ចប់ និង​មិន​ទាន់​បាន​លទ្ធផល​ក៏ដោយ ប៉ុន្តែ​ប្រសិន​បើការ​សាកសួរ​ចប់​ពេល​ណា​គេ​នឹង​បញ្ជូន​របាយការណ៍​នោះ​ទៅ​ថ្នាក់​លើ​ដើម្បី​សម្រេច​បន្ត​ទៀត។

ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ លោក ម៉ៅ ពៅ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា ថា ខាង​លោក​នៅ​មិន​ទាន់​បញ្ចប់​ការ​សាកសួរ​ទៅ​លើ​បុរស​ពីរ​នាក់​នោះ​នៅ​ឡើយ។ ដូច្នេះ គេ​មិន​ទាន់​ដឹង​ថា ករណី​នេះ​ជា​ការ​ប៉ុនប៉ង ឬ​អចេតនា​យ៉ាង​ណា​ទេ៖ «យើង​មិន​ទាន់​មាន​អី​ទៅ​ដាក់​បន្ទុក​ថា គាត់​មាន​ចេតនា ឬ​មិន​មាន​ទេ ប៉ុន្តែ​បច្ចុប្បន្ន​យើង​កំពុង​សួរ​នាំ​គាត់។ តែ​បើ​គ្មាន​ចេតនា​ទេ ហេតុ​អី​បាន​ជា​គាត់​បី​នាក់​នាំ​គ្នា​ទៅ​រុះរើ​របង​ហ្នុង»។



សមត្ថកិច្ច​ការពារ​ព្រំដែន​ឃុំ​ដា ចាប់​ឃាត់​ខ្លួន​បុរស​ពីរ​នាក់​ក្នុង​ចំណោម​បី​នាក់ កាល​ពី​ម៉ោង​ជាង ៦​ល្ងាច នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា គឺ​ម្នាក់​ឈ្មោះ សោម វ៉ាត និង​ម្នាក់​ទៀត ឈ្មោះ សុខ គោ ជា​ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ដាខាងត្បូង ឃុំ​ដា។ ការ​ចាប់​ខ្លួន​នោះ ខណៈ​សមត្ថកិច្ច​ឃើញ​ពួកគេ​បី​នាក់​ធ្វើ​សកម្មភាព​បម្រុង​ដក​បង្គោល​រណប​លេខ ១១០.១ នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ ១១០ និង ១១១ ហើយ​សមត្ថកិច្ច​ទៅ​សួរ​នាំ និង​ចាប់​ខ្លួន​ពលរដ្ឋ​ពីរ​នាក់ ហើយ​ម្នាក់​ទៀត​បាន​រត់​គេច​ខ្លួន​បាត់។

កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា មាន​ជន​មិន​ស្គាល់​មុខ​បាន​វាយ​បំផ្លាញ​បង្គោល​រណប​លេខ ១១០.៣ ដែល​អាជ្ញាធរ​ប្រទេស​ទាំង​ពីរ​ទើប​បោះ​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា។ ចំណែក​ករណី​នេះ លោក ម៉ៅ ពៅ បញ្ជាក់​ថា ការ​នាំ​ខ្លួន​ពលរដ្ឋ​មក​សាកសួរ គឺ​ដើម្បី​ស៊ើប​អង្កេត​ឱ្យ​បាន​ច្បាស់លាស់ ខ្លាច​ក្រែង​ករណី​ទាំង​ពីរ​នេះ​មាន​ពាក់ព័ន្ធ​គ្នា។ លើសពី​​នេះ​ទៀត ដើម្បី​រក្សា​សន្តិសុខ​សណ្តាប់ សមត្ថកិច្ច​តែង​ពន្យល់​ប្រាប់​ពលរដ្ឋ​ឱ្យ​យល់​ដឹង​អំពី​បញ្ហា​ច្បាប់ និង​បញ្ហា​ព្រំដែន​ជានិច្ច។

ទោះ​ជា​យ៉ាង​ណា ប្រពន្ធ​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់ អ្នកស្រី ជ្រន់ ស្រីទូច ឱ្យ​ដឹង​ថា ប្ដី​អ្នកស្រី​តែងតែ​ទៅ​មើល​ស្រូវ​ស្រែ​ជាមួយ​ប្អូនថ្លៃ​របស់​ខ្លួន នៅ​ចំណុច​វាលបែង។ អ្នកស្រី​បន្ត​ថា មុន​ពេល​កើត​ហេតុ គឺ​ប្ដី​អ្នកស្រី និង​ពលរដ្ឋ​ផ្សេង​ទៀត នាំ​គ្នា​ផឹក​ស្រា​ស្រវឹង ហើយ​ក៏​ជិះ​ម៉ូតូ​ត្រឡប់​មក​ផ្ទះ​វិញ​នៅ​ពេល​ព្រលប់ តាម​ផ្លូវ​ជាប់​បង្គោល​រណប​នោះ។ អ្នកស្រី​ថា ស្រប​ពេល​ជិះ​មក ក៏​ទៅ​បុក​នឹង​បង្គោល​រណប​លេខ ១១០.១ ម្យ៉ាង​ដោយ​ស្រវឹង​ផង ពួកគេ​នាំ​គ្នា​បម្រុង​ដក​បង្គោល​នោះ​ចោល ប៉ុន្តែ​មិន​បាន​ដក​ចេញ​ទេ។

អ្នកស្រី​អះអាង​ថា ប្តី​និង​ប្អូន​ថ្លៃ​អ្នកស្រី​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន គឺ​ពុំ​មែន​ជា​អ្នក​មាន​និន្នាការ​នយោបាយ ឬ​អ្នក​មិន​ពេញ​ចិត្ត​ចំពោះ​ការ​បោះ​បង្គោល​អ្វី​ឡើយ ប៉ុន្តែ​អាច​ជា​រឿង​ស្រវឹង និង​អចេតនា​ទៅ​វិញ​ទេ៖ «ប្តី​ខ្ញុំ​ជាប់​នៅ​ហ្នុង​ហើយ ហើយ​ខ្ញុំ​តេ​សួរ​ប៉ូលិស​គេ​ថា ប្តី​នាង​ឯង​ជិះ​ទៅ​បុក​បង្គោល​គេ ហើយ​ចាប់​ដក​បង្គោល​គេ​ចេញ ប៉ុន្តែ​ប្ដី​ឯង​មិន​អាច​ដក​បង្គោល​គេ​ចេញ​ទេ ព្រោះ​ស្រវឹង​ឡើង​ទន់​ហើយ»។

ស្ត្រី​រូប​នេះ ស្នើ​ឱ្យ​សមត្ថកិច្ច​ដោះលែង​ប្តី និង​ប្អូន​ថ្លៃ​អ្នកស្រី​វិញ ដោយ​យល់​ថា ពួកគេ​មិន​ដឹង​ថា មាន​រឿង​ធំ​បែប​នេះ​ទេ។

យ៉ាង​ណា ស្នងការ​នគរបាល​ខេត្ត​លើក​ឡើង​ថា ខាង​ក្រុម​គ្រួសារ​ជន​សង្ស័យ​លើក​ឡើង​បែប​ណា​នោះ គឺ​ជា​សិទ្ធិ​របស់​ពួកគាត់ ចំណែក​សមត្ថកិច្ច​មាន​តួនាទី​ធ្វើ​តាម​នីតិវិធី។

ទាក់ទង​បញ្ហា​នេះ មន្ត្រី​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ខេត្ត​កំពង់ចាម លោក ប៊ូ វីរៈ មាន​ប្រសាសន៍​ថា អាជ្ញាធរ​ត្រូវ​រក​ឱ្យ​ឃើញ​នូវ​ចេតនា​ពិត​ប្រាកដ​របស់​ជនសង្ស័យ​ ថា​តើ​ពួកគេ​ពិត​ជា​មាន​ចេតនា​ចង់​បំផ្លាញ​បង្គោល​នោះ​មែន ឬ​យ៉ាង​ណា?

លោក​ថា ប្រសិន​បើ​រក​ឃើញ​ថា ពលរដ្ឋ​ទាំង​ពីរ​រូប មិន​មាន​ចេតនា​ចង់​បំផ្លាញ​បង្គោល​រណប​ទេ សមត្ថកិច្ច​ត្រូវដោះលែង​ជន​ទាំង​នោះ​វិញ៖ «ត្រូវ​រក​ឱ្យ​ឃើញ​ហេតុផល បើ​រក​ឃើញ ឬ​រក​មិន​ឃើញ តែ​បើ​មិន​រក​ឃើញ គឺ​ត្រូវ​តែ​ដោះលែង​គាត់​ជា​បន្ទាន់»។

លោក​បន្ថែម​ថា ប្រសិន​បើ​ករណី​នេះ​ឈាន​ដល់​ការ​ឃុំ​ខ្លួន​ជនសង្ស័យ ឬ​គ្មាន​ការ​ដោះលែង​វិញ​ទេ ខាង​អង្គការ​លីកាដូ ខេត្ត​កំពង់ចាម នឹង​ចុះ​ស៊ើប​អង្កេត​ដល់​កន្លែង​កើត​ហេតុ ដើម្បី​រក​ឱ្យ​ឃើញ​ការ​ពិត​ជុំវិញ​បញ្ហា​មួយ​នេះ។ ម្យ៉ាង​ទៀត ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្រែ​មិន​សូវ​យល់​ដឹង​អំពី​ច្បាប់​នោះ​ទេ ហើយ​ពួកគាត់​ក៏​មិន​សូវ​យល់​ដឹង​អំពី​ផល​ប៉ះពាល់​នៃ​ការ​ដក​បង្គោល​រណប​ព្រំដែន​នោះ​ដែរ៕

No comments: