A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 3 September 2015

យូណេស្កូ​បើក​វគ្គ​បណ្ដុះបណ្ដាល​ដល់​ទាហាន​និង​ប៉ូលិស​ខ្មែរ​នៅ​ប្រាសាទ​ព្រះវិហារ


ដោយ ហង្ស សាវយុត
2015-09-02 rfa
ទេសចរ​ដើរ​កម្សាន្ត​នៅ​គោបុរៈ​ទី​៣ នៃ​ប្រាសាទ​ព្រះវិហារ លើ​ខ្នង​ភ្នំ​ដងរែក នៃ​ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៥។
RFA/Hang Savyouth

អង្គការ​អប់រំ វប្បធម៌ និង​វិទ្យាសាស្ត្រ​នៃ​អង្គការ​សហប្រជាជាតិ ហៅ​កាត់​ថា យូណេស្កូ (UNESCO) បើក​វគ្គ​សិក្ខា​ដល់​កង​កម្លាំង​យោធា​មក​ពី​ប្រទេស​ជា​សមាជិក​អាស៊ាន​ចំនួន ៤​ប្រទេស ដោយ​រួម​ទាំង​កម្ពុជា​ផង។ វគ្គ​សិក្សា​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​អនុវត្ត​អនុសញ្ញា ឆ្នាំ​១៩៥៤ នៅ​ទីក្រុង​ឡា របស់​អង្គការ​យូណេស្កូ ដែល​បាន​ចាត់​ទុក​ស្នាដៃ​នៃ​ស្ថាបត្យកម្ម​បុរាណ ដូចជា​ប្រាសាទ និង​សំណង់​ដទៃ​ទៀត​គឺ​ជា​មត៌ក​បេតិកភណ្ឌ​នៃ​មនុស្សជាតិ ដែល​មិន​អាច​កាត់​ថ្លៃ​បាន។

​នៅ​ក្នុង​អនុសញ្ញា​នេះ បាន​ចែង​ដោយ​ដាក់​បញ្ញត្តិ​ឱ្យ​មាន​កិច្ច​ការពារ​យ៉ាង​ម៉ឺងម៉ាត់​ទៅ​លើ​ទីតាំង និង​សម្បត្តិ​បេតិកភណ្ឌ​ទាំង​ឡាយ​នៅ​ពេល​ណា​ដែល​មាន​ជម្លោះ​ប្រដាប់​អាវុធ​កើត​ឡើង។

ពេល​បច្ចុប្បន្ន អនុសញ្ញា​នេះ​ត្រូវ​បាន​ស្ថាប័ន​អន្តរជាតិ​មើល​ឃើញ​ថា វា​កំពុង​តែ​មាន​សារសំខាន់​យ៉ាង​ខ្លាំង​ក្នុង​កិច្ច​ការពារ​ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ ដែល​នៅ​កិត​ជាប់​នឹង​ព្រំដែន​ថៃ ហើយ​ភាគី​កម្ពុជា និង​ថៃ ក៏​ធ្លាប់​កើត​មាន​ជម្លោះ​ព្រំដែន និង​ការ​ប៉ះទង្គិច​គ្នា​ជា​ច្រើន​លើក​នៅ​ក្បែរ​នោះ​ដែរ។

អង្គការ​យូណេស្កូ ដែល​ជា​ស្ថាប័ន​ពិភពលោក ទទួល​បន្ទុក​ការពារ និង​ថែរក្សា​សម្បត្តិ​បេតិកភណ្ឌ បាន​អញ្ជើញ​ទាហាន និង​កង​ប៉ូលិស​ប្រដាប់​អាវុធ​របស់​ខ្មែរ​ដែល​ប្រចាំ​ការពារ​ព្រំដែន​នៅ​ជុំវិញ​ប្រាសាទ​ព្រះវិហារ ចំនួន​ជាង ១២០​នាក់ ព្រមទាំង​កម្លាំង​យោធា​មក​ពី​ប្រទេស​ជា​សមាជិក​សមាគម​អាស៊ាន​ចំនួន ៣​ផ្សេង​ទៀត ឱ្យ​ចូល​រួម​សិក្ខាសាលា​ថ្នាក់​តំបន់​ដើម្បី​ផ្សព្វផ្សាយ​អនុសញ្ញា​ឆ្នាំ​១៩៥៤ នៃ​ទី​ក្រុង​ឡាអេ នា​ឯ​ទី​រួម​ខេត្ត​ព្រះវិហារ នៅ​ថ្ងៃ​ពុធ ទី​២ ខែ​កញ្ញា នេះ។

​យោធា​នៃ​បណ្ដា​ប្រទេស​សមាជិក​សមាគម​អាស៊ាន ដែល​មក​ចូលរួម​សិក្ខាសាលា​ថ្នាក់​តំបន់​នេះ គឺ​មក​ពី​ប្រទេស​ហ្វីលីពីន ប្រទេស​ម៉ាឡេស៊ី និង​មក​ពី​ប្រទេស​ឡាវ។


ខ្លឹមសារ​នៃ​អនុសញ្ញា​ទីក្រុង​ឡាអេ ឆ្នាំ​១៩៥៤ ត្រូវ​បាន​គេ​ដឹង​ថា គឺ​ជា​បទបញ្ញត្តិ​ឱ្យ​មាន​កិច្ចការពារ​តំបន់ និង​សម្បត្តិ​បេតិកភណ្ឌ​នៅ​ក្នុង​ពេល​ដែល​មាន​ជម្លោះ​ប្រដាប់​អាវុធ​កើត​ឡើង។

មន្ត្រី​នៃ​អង្គការ​យូណេស្កូ ក្នុង​ប្រទេស​កម្ពុជា គឺ​លោក លឹម ប៊ុនហុក។ លោក​មាន​ប្រសាសន៍​ថា អ្នក​ជំនាញ​របស់​អង្គការ​យូណេស្កូ បាន​រៀបចំ​សិក្ខាសាលា​ថ្នាក់​តំបន់​នៅ​ទី​រួម​ខេត្ត​ព្រះវិហារ នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែ​កញ្ញា ដើម្បី​បណ្ដុះបណ្ដាល​ទាហាន និង​ប៉ូលិស​ខ្មែរ ដែល​ប្រចាំ​ការពារ​ព្រំដែន​ជុំវិញ​ប្រាសាទ​ព្រះវិហារ ព្រមទាំង​យោធា​ដែល​មកពី​បណ្ដា​ប្រទេស​អាស៊ាន​ខ្លះ​ទៀត ឱ្យ​យល់​ដឹង​ពី​អនុសញ្ញា​ទីក្រុង​ឡាអេ ឆ្នាំ​១៩៥៤ របស់​អង្គការ​យូណេស្កូ។ គោលបំណង​នៃ​ការ​បណ្ដុះបណ្ដាល​នេះ គឺ​ចង់​ឱ្យ​កម្លាំង​ប្រដាប់អាវុធ​ទាំង​ឡាយ មាន​ទាហាន និង​ប៉ូលិស​ជាដើម ធ្វើ​យ៉ាង​ណា​ចេះ​ការពារ​សម្បត្តិ​បេតិកភណ្ឌ​នៅ​ពេល​ដែល​មាន​ជម្លោះ​ប្រដាប់​អាវុធ៖ «និយាយ​ឱ្យ​ខ្លី​ស្រួល​ស្ដាប់​ថា បើសិនជា​យើង​បាញ់​កាំភ្លើង សូម​កុំ​តម្រង់​ទៅ​រក​សម្បត្តិ​បេតិកភណ្ឌ និង​ជួយ​ការពារ​បេតិកភណ្ឌ​ផង។ ហ្នឹង​ជា​អត្ថន័យ​គោល​នៃ​ការ​បណ្ដុះបណ្ដាល​ហ្នឹង»។

​ក្រុម​អ្នក​ជំនាញ​អន្តរជាតិ​យល់​ឃើញ​ថា ខ្លឹមសារ​នៃ​អនុសញ្ញា​ទីក្រុង​ឡាអេ ឆ្នាំ​១៩៥៤ នេះ គឺ​មាន​សារសំខាន់​ជា​ខ្លាំង​ចំពោះ​ប្រាសាទ​ព្រះវិហារ របស់​ខ្មែរ ដែល​ស្ថិត​នៅ​លើ​ខ្នងភ្នំ​ដងរែក ជិត​ព្រំដែន​ថៃ ហើយ​ប្រទេស​កម្ពុជា-​ថៃ កំពុង​តែ​មាន​ជម្លោះ​ព្រំដែន​នៅ​ក្បែរ​នោះ ព្រមទាំង​ធ្លាប់​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ​ជា​ច្រើន​លើក ហើយ​មិន​ទាន់​ដោះស្រាយ​ចប់​សព្វគ្រប់​នៅ​ឡើយ។

អគ្គនាយក​អាជ្ញាធរ​ជាតិ​ព្រះវិហារ លោក គង់ ពុទ្ធិកា មាន​ប្រសាសន៍​ថា ថ្វីត្បិតតែ​អនុសញ្ញា​ទីក្រុង​ឡាអេ បាន​ចែង​ពី​កិច្ចការពារ​បេ​បេតិកភណ្ឌ​នៅ​ក្នុង​គ្រា​មាន​ជម្លោះ​ប្រដាប់​អាវុធ​ក៏ដោយ ក៏​រូប​លោក​នៅ​មិន​ទាន់​យល់​ច្បាស់​ថា តើ​វា​មាន​សារសំខាន់​ប៉ុណ្ណា​សម្រាប់​កិច្ច​ការពារ​ទៅ​លើ​ប្រាសាទ​ព្រះវិហារ របស់​ខ្មែរ​នៅ​ឡើយ​ទេ៖ «មិន​ដឹង​ថា ខ្លឹមសារ​ហ្នឹង​វា​មាន​សារសំខាន់​ប៉ុណ្ណា? ឬ​គេ​និយាយ​ទៅ​ដល់​កម្រិត​ណា? ឱ្យ​យើង​ធ្វើ​ម៉េច? ការពារ​នៅ​ពេល​ជម្លោះ គឺ​ខ្ញុំ​មិន​ទាន់​ស៊ី​ជម្រៅ​នៅ​ឡើយ»។

​នេះ​គឺ​ជា​សិក្ខាសាលា​ថ្នាក់​តំបន់​លើក​ដំបូង​ដែល​អង្គការ​យូណេស្កូ ផ្ដោត​លើ​អនុសញ្ញា​ទីក្រុង​ឡាអេ ឆ្នាំ​១៩៥៤ ដើម្បី​បណ្ដុះបណ្ដាល​ដល់​ទាហាន និង​ប៉ូលិស​នៃ​បណ្ដា​ប្រទេស​អាស៊ាន ឱ្យ​ចេះ​ការពារ​បេតិកភណ្ឌ​ក្នុង​ពេល​មាន​ជម្លោះ​ប្រដាប់​អាវុធ។

កាល​ពី ២-​៣​ឆ្នាំ មុន​អង្គការ​យូណេស្កូ ធ្លាប់​រៀបចំ​ការ​បណ្ដុះបណ្ដាល​ថ្នាក់​ជាតិ​ដោយ​ផ្ដោត​លើ​អនុសញ្ញា​ទីក្រុង​ឡាអេ ឆ្នាំ​១៩៥៤ នេះ ដល់​កម្លាំង​ប្រដាប់​អាវុធ​ក្នុង​ប្រទេស​កម្ពុជា ឱ្យ​ចេះ​ការពារ​បេតិកភណ្ឌ​នៅ​ពេល​មាន​ជម្លោះ​ប្រដាប់​អាវុធ​នេះ​ម្ដង​មក​ហើយ៕

No comments: