A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 2 September 2015

រដ្ឋាភិបាល​បារាំង​យល់ព្រម​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ខ្ចី​ផែនទី​ដើម្បី​ផ្ទៀងផ្ទាត់

ដោយ ប្រាជ្ញ ចេវ
2015-09-01 rfa

ក្រុម​ស្រាវជ្រាវ​បញ្ហា​ព្រំដែន នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បង្ហាញ​ផែនទី​ដែល​បាន​ពី​ភាគី​ពាក់ព័ន្ធ​ដល់​អ្នក​សារព័ត៌មាន នា​រាជបណ្ឌិត្យសភា​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៥។
RFA/Tin Zakariya

រដ្ឋាភិបាល​បារាំង យល់ព្រម​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ខ្ចី​ផែនទី​ស្ដីពី​កម្ពុជា-វៀតណាម ហើយ​ពិធី​ប្រគល់ និង​ទទួល នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣ ខែ​កញ្ញា ខាង​មុខ​នេះ។ ភ្លាមៗ​នៅ​ពេល​ទទួល​ដំណឹង​នេះ រដ្ឋាភិបាល​កម្ពុជា ចាត់​ចែង​ក្រុម​ការងារ អញ្ជើញ​តំណាង​គណបក្ស​នយោបាយ និង​សមាជិក​ព្រឹទ្ធសភា រដ្ឋសភា ចូលរួម​ផ្ទៀងផ្ទាត់​ផែនទីនោះ​ជាមួយ​នឹង​ផែនទី​របស់​រដ្ឋាភិបាល​ដែល​កំពុង​ប្រើប្រាស់​សព្វថ្ងៃ។

ប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍ នៃ​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង ថ្លែង​ថា ផែនទី​ដែល​បារាំង ឲ្យ​ខ្ចី​នោះ​ជា​ផែនទី​បោន (Bonne) ខ្នាត ១/១០០.០០០ ផលិត​ដោយ​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន។

ពិធី​ប្រគល់ ទទួល និង​ផ្ទៀងផ្ទាត់​ផែនទី​ចំនួន ២៦​ផ្ទាំង ដែល​រដ្ឋាភិបាល​បារាំង ឲ្យ​រដ្ឋាភិបាល​កម្ពុជា ខ្ចី​នោះ ត្រូវ​ធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព ថ្ងៃ​ទី​៣ ខែ​កញ្ញា ដែល​ពិធី​នេះ​ដូច​គ្នា​ទៅ​នឹង​ពិធី​ដែល​រដ្ឋាភិបាល​កម្ពុជា ទទួល​ផែនទី​ពី​អង្គការ​សហប្រជាជាតិ ដែរ។

អនុប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍ នៃ​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន អ្នកស្រី កុយ ពិសី ឲ្យ​ដឹង​ថា វត្តមាន​ផែនទី​នោះ​មាន​អម​ដោយ​មន្ត្រី​រដ្ឋាភិបាល​បារាំង កាន់​មក​ឲ្យ​រដ្ឋាភិបាល​កម្ពុជា។ មន្ត្រី​រដ្ឋាភិបាល​រូប​នេះ​រំពឹង​ថា វត្តមាន​ផែនទី​របស់​បារាំង ប្រសិន​បើ​អ្នក​នយោបាយ​ទទួល​យក​ការ​ពិត បញ្ហា​រឿង​ផែនទី​នឹង​ត្រូវ​បញ្ចប់៖ «នៅ​ពេល​យក​ផែនទី​មក​ដល់ គេ​នឹង​បើក​នៅ​មុខ​សាធារណជន ហើយ​យើង​នឹង​ផ្ទៀងផ្ទាត់​នៅ​ពេល​នោះ​តែ​ម្តង»។



សេចក្តី​ជូន​ព័ត៌មាន​នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា ឲ្យ​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា អញ្ជើញ​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា ៥​រូប តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ៥​រូប និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ៥​រូប សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ៣​រូប និង​គណបក្ស សម រង្ស៊ី ៣​រូប សមាជិក​រដ្ឋសភា​ទាំង​ពីរ​គណបក្ស​ម្ខាងៗ ៣​រូប តំណាង​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម ២​រូប ព្រម​ទាំង​ក្រុម​ការងារ​នៃ​រាជបណ្ឌិត្យសភា​របស់ លោក សុខ ទូច។

ទាក់ទង​រឿង​នេះ​ដែរ មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ ថា លោក និង​មន្ត្រី​ជាន់​ខ្ពស់ ៤​រូប​ទៀត នឹង​ចូលរួម​ការ​អញ្ជើញ​របស់​រដ្ឋាភិបាល។ ទោះ​យ៉ាង​នេះ​ក្តី មន្ត្រី​គណបក្ស​ប្រឆាំង​រូប​នេះ ចង់​ឃើញ​ពិធី​នោះ​បើក​ទូលាយ​ឲ្យ​អ្នក​ចូលរួម​គ្រប់​ភាគី មាន​ការ​ជជែក​សួរ​ដេញដោល៖ «ការ​ពិភាក្សា​មួយ​ទាល់​តែ​មាន​ការ​ដេញដោល​ជជែក​គ្នា​ទើប​ល្អ មិន​មែន​ឆ្លង​ឆ្លើយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទេ»។

ចំណែក​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុណ ថា ពិធី​នេះ​នឹង​វែក​មុខ​ជន​ទុច្ចរិត​ដែល​ចោទ​ថា រដ្ឋាភិបាល​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ និង​ដល់​ពេល​ត​ទល់​នៅ​មុខ​ច្បាប់។ អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​ដដែល​បន្ត​ថា មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ចូលរួម ប៉ុន្តែ​លោក​មិន​ទាន់​ដឹង​ថា មន្ត្រី​រូប​ណា​ចូលរួម​នៅ​ឡើយ​ទេ៖ «ពិធី​នេះ​ល្អ ការ​ផ្ទៀងផ្ទាត់​នេះ មិន​មែន​រឿង​តែ​រឿង​យើង​ដោះស្រាយ​ជាមួយ​បរទេស​ទេ យើង​ត្រូវ​តែ​ដោះស្រាយ​រឿង​ផ្ទៃ​ក្នុង​ខ្មែរ»។

កាល​ពី​ខែ​កក្កដា រដ្ឋាភិបាល​កម្ពុជា បាន​ដាក់​លិខិត​ស្នើសុំ​ខ្ចី​ផែនទី​ពី​ប្រទេស​មហា​អំណាច​ទាំង​នោះ​រួម​មាន បារាំង អង់គ្លេស និង​សហរដ្ឋ​អាមេរិក។ ការ​ឆ្លើយ​តប​របស់​រដ្ឋាភិបាល​បារាំង នៅ​ពេល​នេះ បន្ទាប់​ពី​រដ្ឋាភិបាល​នៃ​ចក្រភព​អង់គ្លេស រក​មិន​ឃើញ​ផែនទី​ដែល​កម្ពុជា ត្រូវ​ការ។ ចំណែក​សហរដ្ឋ​អាមេរិក មិន​ទាន់​ឆ្លើយ​តប​នៅ​ឡើយ។ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​សីហា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ឲ្យ​សហរដ្ឋ​អាមេរិក ប្រគល់​ផែនទី​កម្ពុជា ដែល​អាមេរិក​មាន ដោយ​បញ្ជាក់​ថា ផែនទី​នោះ​អាមេរិក​ធ្លាប់​បង្ហាញ​ម្តង​រួច​ហើយ។

ប្រធាន​ក្រុម​ស្រាវជ្រាវ​ផែនទី​កម្ពុជា-វៀតណាម នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លោក​បណ្ឌិត សុខ ទូច ដែល​កំពុង​ដើរ​អង្កេត​នៅ​តាម​ព្រំដែន​កម្ពុជា-វៀតណាម នោះ​បាន​ប្រាប់​ថា ក្រុម​ការងារ​លោក​នឹង​វិល​មក​ចូលរួម​ក្នុង​ពិធី​ផ្ទៀងផ្ទាត់​ផែនទី​របស់​បារាំង នៅ​ថ្ងៃ​ទី​៣ ខែ​កញ្ញា ខាង​មុខ​នោះ​ដែរ។ អ្នក​សិក្សា​ស្រាវជ្រាវ​ដដែល​បង្ហាញ​ក្តី​រំពឹង​ថា អាជីវកម្ម​ផែនទី​នឹង​ត្រូវ​បញ្ចប់ ព្រោះ​លោក​មើល​ឃើញ​ទិដ្ឋភាព​បី ដោយសារ​បារាំង ជា​អ្នក​ផលិត ជា​អ្នក​គូស និង​ជា​អ្នក​ផ្តល់​ផែនទី​រវាង​កម្ពុជា-វៀតណាម៖ «យើង​ដឹង​ហើយ ប្រទេស​បារាំង ជា​អ្នក​កំណត់​ព្រំដែន​ប្រទេស​យើង​ទី​៣ (ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម)។ ដូច្នេះ អ្នក​នយោបាយ​ត្រូវ​បញ្ចប់​អាជីវកម្ម​ទៅ​លើ​ផែនទី ទុក​ឱកាស​ឲ្យ​អ្នក​ស្រាវជ្រាវ​ជា​អ្នក​ធ្វើ​ការ​លើ​រឿង​នេះ»។

កាល​ពី​ថ្ងៃ​ទី​២០ ខែ​សីហា ក្នុង​ពេល​ផ្ទៀងផ្ទាត់​ផែនទី​របស់​អង្គការ​សហប្រជាជាតិ និង​ផែនទី​រដ្ឋាភិបាល មន្ត្រី​ជំនាញ​រដ្ឋាភិបាល​អះអាង​ថា ផែនទី​រដ្ឋាភិបាល​កំពុង​ប្រើប្រាស់ គឺ​ដូច​គ្នា​ទៅ​នឹង​ផែនទី​អង្គការ​សហប្រជាជាតិ។ ដូច​គ្នា​នេះ​ដែរ  អនុប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​នៃ​អាជ្ញាធរ​ជាតិ ទទួល​បន្ទុក​កិច្ចការ​ព្រំដែន អ្នកស្រី កុយ ពិសី មាន​ជំនឿ​ថា ផែនទី​របស់​រដ្ឋាភិបាល​បារាំង គឺ​ដូច​គ្នា​នឹង​ផែនទី​រដ្ឋាភិបាល​ដែរ។

នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា នេះ​ដែរ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ផ្ញើ​លិខិត​មួយ​ច្បាប់ អរគុណ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​បារាំង លោក ហ្រ្វង់ស៊័រ ហូឡង់ (François HOLLANDE) ដែល​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ខ្ចី​ផែនទី​តាម​ការ​ស្នើសុំ។ លោក ហ៊ុន សែន នៅ​តែ​សប្បាយ​ចិត្ត បើ​ទោះ​ជា​បារាំង មិន​បាន​ផ្តល់​អ្នក​ជំនាញ​ផ្នែក​ផែនទី មក​ជាមួយ​ផែនទី​នោះ​ក្តី៕

No comments: