A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 3 September 2015

ដើម​បណ្ដឹង​រដ្ឋប្បវេណី​ម្នាក់​សុំ​ឲ្យ​ចៅក្រម​ដាក់​គុក នួន ជា និង ខៀវ សំផន អស់​មួយ​ជីវិត

ដោយ ឡេង ម៉ាលី
2015-09-02
ដើម​បណ្ដឹង​រដ្ឋប្បវេណី​ឈ្មោះ មាន លឿយ ដែល​អតីត​ជា​ពលករ​កង​ចល័ត​នៅ​ការដ្ឋាន​លើក​ទំនប់​អាង​ត្រពាំង​ថ្ម ខេត្ត​បន្ទាយមានជ័យ ថ្លែង​ពី​ទុក្ខ​សោក​ជូន​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ ក្រហម នៅ​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០១៥។
Photo courtesy of ECCC


អង្គ​ជំនុំ​ជម្រះ​សាលា ​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ពុធ ទី​២ កញ្ញា បន្ត​ធ្វើ​សវនាការ​ស្ដាប់​ការ​ថ្លែង​ទុក្ខ​សោក​របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី ​ពីរ​រូប ទាក់ទង​នឹង​ការ​បង្ខំ​ឲ្យ​ធ្វើ​ការងារ។ ដើម​បណ្ដឹង​រដ្ឋប្បវេណី​មួយ​រូប​ឈ្មោះ មាន លឿយ ដែល​អតីត​ជា​ពលករ​កង​ចល័ត​នៅ​ការដ្ឋាន​លើក​ទំនប់​អាង​ត្រពាំង​ថ្ម ខេត្ត​បន្ទាយមានជ័យ សុំ​ឲ្យ​ចៅក្រម​ដាក់​គុក​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន អស់​មួយ​ជីវិត។

ការ​ស្នើសុំ​ឲ្យ​ចៅក្រម​ដាក់​គុក​ជន​ជាប់​ចោទ​ ទាំង​ពីរ​នាក់​អស់​មួយ​ជីវិត គឺ​ដើម​បណ្ដឹង​រដ្ឋប្បវេណី មាន លឿយ ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ថ្លែង​ទុក្ខ​សោក​វេទនា​របស់​លោក ដែល​បាត់បង់​គ្រួសារ ១២​នាក់៖ «សំណូមពរ​របស់​ខ្ញុំ​បាទ គឺ​សុំ​ឲ្យ​លោក​ប្រធាន​តុលាការ​ដាក់​ទោស​ឧក្រិដ្ឋជន​ជន​ជាប់​ចោទ ដាក់​គុក​ងងឹត​អស់​មួយ​ជីវិត ហើយ​និង​សុំ​ទាមទារ​សំណង​តាម​ការ​ទាមទារ​របស់​យើង​ខ្ញុំ»។

លោក មាន លឿយ ជម្រាប​អង្គ​ជំនុំ​ជម្រះ​ថា លោក​ត្រូវ​អង្គការ​ខ្មែរ​ក្រហម​បង្ខំ​ឲ្យ​រៀបការ​ជា​ក្រុម។ នៅ​ចុង​ឆ្នាំ​១៩៧៨ ប្រពន្ធ និង​គ្រួសារ​សាច់ញាតិ​ប្រពន្ធ​លោក​ជាង​ដប់​នាក់ ត្រូវ​ពួក​ខ្មែរ​ក្រហម​យក​ទៅ​សម្លាប់ ដោយ​ចោទ​ឪពុក​ក្មេក​លោក​ថា​ជា​អតីត​អ្នក​រដ្ឋការ​របប​ចាស់៖ «បាទ! គេ​ចាប់​យក​ទៅ​ទិស​ខាង​ជើង គេ​ហៅ​ភូមិ​ថ្លាត ពេល​នោះ​គេ​យក​ទៅ​សម្លាប់​ចោល។ សូម្បី​តែ​ក្មេង​អាយុ ២​ឆ្នាំ ក៏​មិន​គិត​ថា​អត់​ទោស ឬ​ទុក​ឲ្យ​រស់​បាន​ដែរ។ ដូច្នេះ​បង​ប្អូន​គ្រួសារ​ខ្ញុំ​ទាំងអស់ ១២​នាក់ ដែល​ស្លាប់ ម្នាក់​រត់​រួច។ នៅ​ក្នុង​នោះ​មាន​គ្រួសារ​ខ្ញុំ​ហ្នឹង​មួយ ហើយ​គ្រួសារ​ខ្ញុំ​ហ្នឹង​មិន​ដឹង​ថា​មាន​ផ្ទៃ​ពោះ ឬ​ក៏​អត់​ទេ។ យើង​បាន​គ្នា​ជា​ប្ដី​ប្រពន្ធ​ប្រហាក់​ប្រហែល​ជា​បី​ខែ​ដែរ បាន​រួម​រស់​ជុំ​គ្នា។ ហើយ​ប្អូន​ស្រី​បង្កើត​របស់​គ្រួសារ​ខ្ញុំ​ហ្នឹង​ម្នាក់ ម្ដាយ​មីង​ស្រី​ពីរ​នាក់ ហើយ​បង​ស្រី និង​កូន​មួយ ប្អូន​ប្រុស​ពីរ​នាក់ ហើយ​ប្អូន​ជីដូន​មួយ​បួន​នាក់​ទៀត។ ក្នុង​នោះ​មាន​កុមារ​អាយុ ២​ឆ្នាំ​ហ្នឹង​ម្នាក់ អាយុ ៥​ឆ្នាំ​ម្នាក់។ គេ​សុទ្ធ​តែ​អារ​ក»។

លោក ​អះអាង​ថា កម្មាភិបាល​មូលដ្ឋាន​ឈ្មោះ រ៉េត និង អឿន ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​បញ្ជា​ឲ្យ​ចាប់​សមាជិក​គ្រួសារ​របស់​លោក​ យក​ទៅ​សម្លាប់។ លោក​ថា អ្នក​ទាំង​ពីរ គឺ​ម្នាក់​ជា​គណៈ​ស្រុក និង​ម្នាក់​ទៀត​ជា​គណៈ​យោធា​នៅ​តំបន់​នោះ។

មេធាវី​ការពារ​ក្ដី​របស់​ ជន​ជាប់​ចោទ ខៀវ សំផន គឺ​លោក គង់ សំអុន មិន​ទទួល​យក​ការ​ស្នើសុំ​របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី មាន លឿយ នោះ​ទេ៖ «ទាក់ទង​សំណូមពរ​របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី​អម្បាញ់មិញ​នេះ ដែល​គាត់​ស្នើសុំ​ថា ឲ្យ​ដាក់​គុក​ងងឹត​អស់​មួយ​ជីវិត។ ខ្ញុំ​យល់​ថា ការ​ស្នើសុំ​នេះ​វា​មិន​ស្រប​តាម​ផ្លូវ​ច្បាប់​ទេ»។

សវនាការ​នៅ​ថ្ងៃ ​ទី​២ កញ្ញា អង្គ​ជំនុំ​ជម្រះ​ស្ដាប់​ដើម​បណ្ដឹង​រដ្ឋប្បវេណី​បាន​ពីរ​រូប ទាក់ទង​នឹង​ការ​ធ្វើ​ការងារ​នៅ​ទំនប់​អាង​ត្រពាំង​ថ្ម។ ដើម​បណ្ដឹង​រដ្ឋប្បវេណី​មួយ​រូប​ទៀត គឺ​លោក សម ស័ក្ដិ ក៏​ជម្រាប​អង្គ​ជំនុំ​ជម្រះ​អំពី​ស្ថានភាព​លំបាក​នៅ​ការដ្ឋាន​នោះ។ លោក​ថា មាន​មនុស្ស​ជា​ប្រជាជន​ថ្មី ១៧ មេសា​ជាច្រើន​នៅ​ទីនោះ ស្លាប់​ដោយ​ភាព​ឃ្លាន និង​ជំងឺ។

លោក​ឲ្យ​ដឹង​ថា កង​កម្លាំង​ធ្វើ​ការងារ​នៅ​ទំនប់​អាង​ត្រពាំង​ថ្ម គឺ​ជា​មនុស្ស​ពេញ​វ័យ ចាប់​ពី ១៦ ទៅ ៤០​ឆ្នាំ​ប្លាយ។ មាន​មនុស្ស​ដែល​បង្ខំ​ឲ្យ​ធ្វើ​ការ​នោះ​ច្រើន លោក​មិន​អាច​ប៉ាន់ស្មាន​បាន​ទេ។ ពលករ​នៅ​អាង​ត្រពាំង​ថ្ម ត្រូវ​គេ​កំណត់​ឲ្យ​លើក​ដី​ពី ២ ទៅ ៣​ម៉ែត្រ​គូប​ក្នុង​មួយ​ថ្ងៃ។

បន្ទាប់ ​ពី​ស្ដាប់​ការ​ថ្លែង​ទុក្ខ​សោក​របស់​ជន​រងគ្រោះ​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី ​ចំនួន ៤​រូប​នេះ ប្រធាន​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង លោក​ចៅក្រម និល ណុន ប្រកាស​ថា អង្គ​ជំនុំ​ជម្រះ​នឹង​បន្ត​សវនាការ​ពិនិត្យ​លើ​ការ​ដាក់​ឯកសារ​គន្លឹះ ទាក់ទង​នឹង​ការដ្ឋាន​ការងារ​បី ចាប់​ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៧ កញ្ញា។ ការដ្ឋាន​ទាំង​៣ គឺ​ទី​១ ការដ្ឋាន​ទំនប់ ១​មករា ខេត្ត​កំពង់ធំ។ ទី​២ វាល​យន្តហោះ​ខេត្ត​កំពង់ឆ្នាំង និង​ទី​៣ ទំនប់​អាង​ត្រពាំង​ថ្ម ខេត្ត​បន្ទាយមានជ័យ៕

No comments: