A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 1 September 2015

សង្គម​ស៊ីវិល​និង​បក្ស​ប្រឆាំង​ស្វាគមន៍​ជំហរ​រដ្ឋាភិបាល​ដែល​មិន​ទទួល​ជន​ភៀស​ខ្លួន​បន្ថែម



ដោយ ប្រាជ្ញ ចេវ
2015-08-30 rfa

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​លើក​បដា​តវ៉ា​មិន​ឲ្យ​ទទួល​យក​ជន​ភៀស​ខ្លួន​ពី​ប្រទេស​អូស្ត្រាលី នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១៤។
RFA/Rann Samnang

មន្ត្រី​សង្គម​ស៊ីវិល និង​អ្នក​នាំ​ពាក្យ​បក្ស​ប្រឆាំង ស្វាគមន៍​ជំហរ​របស់​រដ្ឋាភិបាល​ដែល​គ្មាន​គម្រោង​ទទួល​យក​ជន​ភៀស​ខ្លួន​បន្ថែម​ពី​កោះ​ណាវរូ (Naurau) ដែល​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​អូស្ត្រាលី ខណៈ​ដែល​ជន​ភៀស​ខ្លួន ៤​នាក់​របស់​ប្រទេស​អូស្ត្រាលី កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា អស់​រយៈពេល ៣​ខែ​មក​ហើយ។ ក្រៅ​ពី​នេះ សង្គម​ស៊ីវិល និង​មន្ត្រី​បក្ស​ប្រឆាំង ចង់​ឃើញ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​របស់​ពលរដ្ឋ​ខ្លួន​ជា​មុន​សិន មុន​នឹង​ជួយ​អ្នក​ដទៃ។ទាញ​យក​កម្មវីធី

ថ្លែង​បែប​នេះ​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ស្រប​ពេល​ដែល​ព័ត៌មាន​ទាក់ទង​ជន​ភៀស​ខ្លួន ៤​នាក់ កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ស្ថិត​ក្នុង​ភាព​អាថ៌កំបាំង​នៅ​ឡើយ។ លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ប្រទេស​កម្ពុជា និយាយ​ថា មិន​មាន​ផែនការ​ណា​មួយ​ដើម្បី​នាំ​ជន​ភៀស​ខ្លួន​ច្រើន​ទៀត​ពី​កោះ​ណាវរូ មក​កម្ពុជា ទេ។

កាសែត ឌឹ ខេមប៊ូឌា ដេលី (The Cambodia Daily) បាន​ដកស្រង់​ប្រសាសន៍​របស់ លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​សីហា ថា បើ​កម្ពុជា ទទួល​ជន​ភៀស​ខ្លួន​កាន់​តែ​តិច​កាន់​តែ​ល្អ។

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​ពន្យល់​បន្ថែម​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ និង​មន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​ធ្វើ​ការងារ​ទាក់ទង​រឿង​ជន​ភៀស​ខ្លួន​បាន​ទេ នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា។

យ៉ាង​ណា​ក៏ដោយ​ចុះ រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បញ្ជាក់​នៅ​ថ្ងៃ​ទី​៣០ សីហា ថា បន្ទាប់​ពី​ជន​ភៀស​ខ្លួន ៤​នាក់​បាន​មក​ដល់​ប្រទេស​កម្ពុជា ពុំ​មាន​ជន​ភៀស​ខ្លួន​រូប​ណា​ថា​យល់ព្រម​មក​ប្រទេស​កម្ពុជា ទៀត​ទេ៖ «អត់​ទាន់​ការ​ផុលផុស​ពី​អ្នក​នៅ​ជំរំ​មក​ស្រុក​ខ្មែរ​នៅ​ឡើយ ជា​គោលការណ៍ លុះត្រា​អ្នក​ទាំង​នោះ​យល់ព្រម​មក ទើប​រដ្ឋាភិបាល​កម្ពុជា ទទួល​យក​ពួក​គេ»។

ប្រធាន​ផ្នែក​ស៊ើប​អង្កេត និង​គ្រប់គ្រង​ផ្នែក​ច្បាប់​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក នី ចរិយា ស្វាគមន៍ និង​គាំទ្រ​ប្រសាសន៍​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ។ លោក​បន្ត​ថា នេះ​ជា​ការ​សម្រេច​ចិត្ត​មួយ​ត្រឹមត្រូវ ហើយ​រដ្ឋាភិបាល​កម្ពុជា គួរ​តែ​ធ្វើ​ការងារ​បន្ថែម​ទៀត​ក្នុង​ការ​លើក​ស្ទួយ​ផ្នែក​សិទ្ធិ​មនុស្ស ប្រសើរ​ជាង​ការ​ទទួល​យក​ជន​ភៀស​ខ្លួន ខណៈ​ពលរដ្ឋ​ខ្មែរ​កំពុង​ប្រឈម​នឹង​បញ្ហា​ដីធ្លី និង​លំនៅឋាន៖ «នេះ​ជា​ការ​សម្រេច​ចិត្ត​មួយ​ត្រឹមត្រូវ ហើយ​យើង​ធ្វើ​ម៉េច​ខិតខំ​ធ្វើ​ការ​លើក​ស្ទួយ​ការពារ​សិទ្ធិ​មនុស្ស​នេះ​ប្រសើរ​ជាង»។
ផ្ទះ​ជន​ភៀស​ខ្លួន ៤​នាក់ ៦២០


កាល​ពី​ដើម​ខែ​មិថុនា រដ្ឋាភិបាល​កម្ពុជា យល់ព្រម​ទទួល​ជន​ភៀស​ខ្លួន​ចំនួន ៤​នាក់ ក្នុង​នោះ ៣​នាក់​ជា​ជនជាតិ​អ៊ីរ៉ង់ (Iran) និង​ម្នាក់​ទៀត​ជា​ជនជាតិ​ដើម​ភាគ​តិច​រ៉ូហ៊ីងយ៉ា (Rohingya) ដែល​ភៀស​ខ្លួន​ពី​ប្រទេស​មីយ៉ាន់ម៉ា ឬ​ភូមា ទៅ​កាន់​ប្រទេស​អូស្ត្រាលី។ ស្រប​ពេល​គ្នា​នោះ​ដែរ រដ្ឋាភិបាល​អូស្ត្រាលី បាន​ផ្តល់​ជំនួយ​ប្រមាណ ៣០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដល់​រដ្ឋាភិបាល​កម្ពុជា។

ចំណែក​នាយក​លេខាធិការដ្ឋាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ យល់​ថា  លោក​លើក​ទឹក​ចិត្ត​ដល់​ក្រសួង​មហាផ្ទៃ ដើម្បី​អនុវត្ត​ការងារ​ដូច​អ្វី​ទៅ​នឹង​អ្នក​នាំ​ពាក្យ​ក្រសួង​នេះ​អះអាង​ថា មិន​មាន​ផែនការ​ណា​មួយ​បញ្ជូន​ជន​ភៀស​ខ្លួន​បន្ថែម។ ទោះ​បែប​នេះ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ស្នើ​មន្ត្រី​មាន​សមត្ថកិច្ច បើក​ទូលាយ​ព័ត៌មាន​ទាក់ទង​ស្ថានភាព​ជន​ភៀស​ខ្លួន​អ្នក​ដែល​កំពុង​រស់នៅ​ប្រទេស​កម្ពុជា៖ «មន្ត្រី​មាន​សមត្ថកិច្ច គួរ​តែ​បង្ហាញ​ពី​ការ​រស់នៅ​របស់​ជន​ភៀស​ខ្លួន ជីវភាព​ពួក​គាត់ គាត់​នៅ​កន្លែង​មួយ​ខែ​ម្តង ឬ​បី​ខែ​ម្តង»។

ទាក់ទង​ស្ថានភាព​ជន​ភៀស​ខ្លួន​នេះ​ដែរ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ឲ្យ​ដឹង​ថា ពួក​គេ​រីករាយ​នឹង​ការ​រស់នៅ​របស់​ខ្លួន ដែល​សព្វថ្ងៃ​នេះ​កំពុង​ស្នាក់នៅ​បណ្ដោះអាសន្ន​ក្នុង​ផ្ទះ​វីឡា​ព័ទ្ធ​ដោយ​របង​ខ្ពស់ៗ ស្ថិត​នៅ​ខណ្ឌ​ច្បារអំពៅ ជាយ​ក្រុង​ភ្នំពេញ ក្រោម​ការ​រៀបចំ​របស់​ក្រសួង​មហាផ្ទៃ។

ដោយឡែក​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថ្លែង​ថា គណបក្ស​សង្គ្រោះ​ជាតិ គោរព​កាតព្វកិច្ច​អន្តរជាតិ ប៉ុន្តែ​ស្ថានភាព​កម្ពុជា នៅ​ពេល​នេះ រដ្ឋាភិបាល​គួរ​ដោះស្រាយ​បញ្ហា​របស់​ពលរដ្ឋ​ខ្លួន​ដែល​កំពុង​កើត​ឡើង​ជា​មុន​សិន៖ «ក្នុង​ស្ថានភាព​កម្ពុជា ដែល​ប្រទេស​យើង​ក្រ ពលរដ្ឋ​យើង​ជួប​ការ​លំបាក យើង​ត្រូវ​ការ​ប្រមូល​ធនធាន​ពេលវេលា​ជួយ​ពលរដ្ឋ​យើង​សិន»។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់ រដ្ឋាភិបាល​ចំណាយ​ពេល ៦​ខែ​ដើម្បី​ឲ្យ​ជន​ភៀស​ខ្លួន​ហាត់​រៀន​ពី​វប្បធម៌ អក្សរសាស្ត្រ ដើម្បី​ឲ្យ​ស៊ាំ​នឹង​សង្គម​កម្ពុជា ប៉ុន្តែ​លោក​ថា ប្រសិន​បើ​ពួក​គេ​នៅ​តែ​មិន​ទាន់​អាច​ប្រាស្រ័យ​ទាក់ទង​បាន​ក្រោយ​ការ​បណ្ដុះបណ្ដាល ពួក​គេ​នឹង​ត្រូវ​បន្ត​រស់នៅ​ក្រោម​ការ​រៀបចំ​របស់​ក្រសួង​មហាផ្ទៃ បន្ត​ទៀត៕

No comments: