A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 1 September 2015

ពលរដ្ឋ​ខេត្ត​កោះកុង​បន្ត​ហែ​ក្បួន​តវ៉ា​ទាមទារ​ឲ្យ​ដោះ​លែង​សកម្មជន​បរិស្ថាន​៣​នាក់

ប្រជាពលរដ្ឋ​ស្រុក​គីរីសាគរ និង​ស្រុក​បុទុមសាគរ លើក​បដា​តវ៉ា​នៅ​ពី​មុខ​សាលា​ដំបូង​ខេត្ត​កោះកុង ស្នើ​ឲ្យ​ដោះ​លែង​យុវជន​ការពារ​បរិស្ថាន កាល​ពី​ព្រឹក​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៥។
Photo LICADHO
ដោយ ខែ សុណង
2015-08-31


សហគមន៍​ដីធ្លី​ពី​រាជធានី​ភ្នំពេញ បណ្ដា​ស្រុក​មួយ​ចំនួន​ពី​ខេត្ត​កោះកុង ប្រមាណ ៨០​នាក់ បាន​ហែ​ក្បួន​លើក​បដា​តវ៉ា ទាមទារ​ឲ្យ​ដោះ​លែង​យុវជន​ជា​សមាជិក​ចលនា​មាតា​ធម្មជាតិ​ចំនួន ៣​នាក់ ដែល​តុលាការ​ចាប់​ដាក់​ពន្ធនាគារ។

កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា តុលាការ​បាន​ចាប់​ខ្លួន​សកម្មជន​ការពារ​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ​ចំនួន ៣​នាក់ ដោយ​ចោទ​ពី​បទ​គំរាម​កំហែង និង​ធ្វើ​ឲ្យ​ខូចខាត ដែល​ភ្ជាប់​នូវ​បញ្ជា​អ្វី​មួយ ក្នុង​គ្រា​ដែល​ពួក​គេ​ធ្វើ​សកម្មភាព​ប្រឆាំង​ការ​បូម​ខ្សាច់​របស់​ក្រុមហ៊ុន។

អ្នក​សម្រប​សម្រួល​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​កោះកុង លោក អ៊ិន គង់ជិត ថ្លែង​នៅ​ថ្ងៃ​ទី ៣១ ខែ​សីហា ថា ពលរដ្ឋ​បាន​នាំ​គ្នា​ហែ​ក្បួន​លើក​បដា​ពី​រោង​វេទិកា​ពួក​គាត់​ស្នាក់​នៅ ឆ្ពោះ​ទៅ​ខ្លោងទ្វារ​សាលា​ដំបូង ទៅ​ខាង​មុខ​សាលា​ខេត្ត និង​នៅ​តាម​ផ្លូវ​ធំៗ​ក្នុង​ក្រុង​ខេមរភូមិន្ទ ឲ្យ​ដោះ​លែង​សកម្មជន​ការពារ​បរិស្ថាន ៣​នាក់ ឲ្យ​មាន​សេរីភាព និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​អ្នក​ទាំង​នោះ។ លោក​ថា ការ​តវ៉ា​របស់​សហគមន៍​នេះ មិន​មាន​ការ​រារាំង​ពី​អាជ្ញាធរ​នោះ​ទេ៖ «យើង​ឃើញ​ថា​រឿង​នេះ​ជា​រឿង​មួយ​ដែល​តុលាការ​ត្រូវ​តែ​ពិចារណា ពិនិត្យ​ទៅ​លើ​ការ​អនុវត្ត​វិធានការ​ច្បាប់​របស់​ខ្លួន បើ​តុលាការ​ពិចារណា​អី​ទៅ សកម្មភាព​ការងារ​របស់​សហគមន៍​ក៏​បាន​បញ្ចប់ ហើយ​អ្វីៗ​នឹង​ត្រូវ​បាន​ដោះស្រាយ»។

សហគមន៍​បាន​ប្រកាន់​ជំហរ​ថា ពួក​គាត់​នឹង​បន្ត​ធ្វើ​យុទ្ធនាការ​តវ៉ា​ត​ទៅ​ទៀត បើ​ទោះ​ជា​ពួក​គេ​តវ៉ា​ប្រមាណ ៣​សប្ដាហ៍​មក​ហើយ តែ​គ្មាន​ដំណោះស្រាយ​ក្ដី។ សកម្មជន​ការពារ​បរិស្ថាន​នៃ​​ចលនា​មាតា​ធម្មជាតិ​ចំនួន ៣​នាក់​មាន​ឈ្មោះ លោក សាន់ ម៉ាឡា លោក ទ្រី សុវិគា និង​លោក ស៊ឹម សំណាង ត្រូវ​សមត្ថកិច្ច​ខេត្ត​កោះកុង ចាប់​ខ្លួន ខណៈ​ដែល​ពួក​គេ​ចុះ​ធ្វើ​ការ​នៅ​ក្នុង​សហគមន៍​​ប្រជាពលរដ្ឋ ក្នុង​ភូមិ​ធ្នង់ ឃុំ​កណ្ដោល និង​នៅ​ភូមិ​តាមាឃ ឃុំ​អណ្ដូងទឹក ស្រុក​បុទុមសាគរ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ដើម្បី​ប្រឆាំង​នឹង​ការ​បូម​ខ្សាច់៕

No comments: