A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 1 September 2015

គ.ជ.ប ផ្សព្វផ្សាយ​តារាង​ឈ្មោះ​ឃុំ​សង្កាត់​និង​ភូមិ​សម្រាប់​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាកល្បង

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ថ្លែង​បន្ទាប់​ពី​កិច្ច​ប្រជុំ នៅ​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១៥។
RFA/Morm Moniroth
ដោយ ខែ សុណង
2015-08-31 rfa


គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​ប្រកាស​ផ្សព្វផ្សាយ​តារាង​ឈ្មោះ​ឃុំ​សង្កាត់ និង​ចំនួន​ភូមិ សម្រាប់​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាកល្បង​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ចាប់​ពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ បន្ទាប់​ពី​ការ​ចុះ​ឈ្មោះ​សាកល្បង​នេះ គ.ជ.ប នឹង​ធ្វើ​ការ​ដើម្បី​កែ​សម្រួល និង​ចែង​នៅ​ក្នុង​នីតិវិធី​នៃ​ការ​ចុះ​ឈ្មោះ​រៀបចំ​បញ្ជី​ថ្មី។

អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣១ សីហា ថា ការ​ចុះ​ឈ្មោះ​សាកល្បង​នេះ នឹង​ធ្វើ​នៅ​តាម​ឃុំ​សង្កាត់​ចំនួន​២៥ ដោយ​ក្នុង​នោះ​ឃុំ​សង្កាត់​ខ្លះ​ជ្រើសរើស​យក ១​ភូមិ ឃុំ សង្កាត់ ខ្លះ​ជ្រើសរើស​យក ២​ភូមិ និង​ឃុំ​សង្កាត់ ខ្លះ​ទៀត​ជ្រើសរើស​យក ៣​ភូមិ ដែល​ជា​កន្លែង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាកល្បង​តាម​ប្រព័ន្ធ​កុំព្យូទ័រ។ លោក ហង្ស ពុទ្ធា បន្ត​ថា គោល​បំណង​នៃ​ការ​ផ្សព្វផ្សាយ​នៅ​ពេល​នេះ គឺ​លោក​ចង់​ឲ្យ​មាន​ការ​ចូលរួម​របស់​អ្នក​សង្កេត​ការណ៍ ហើយ​ការ​ចុះ​ឈ្មោះ​សាកល្បង​នេះ គឺ​ដើម្បី​សាកល្បង​នូវ​បច្ចេកវិទ្យា​ថ្មី រក​ពី​ចំណុច​សកម្ម និង​អសកម្ម។ ទន្ទឹម​នឹង​គ្នា​នេះ ក៏​នឹង​ត្រូវ​ដឹង​ថា តើ​ការ​សាកល្បង​តាម​បែប​បច្ចេកវិទ្យា​ថ្មី​ជាមួយ​អាជ្ញាធរ ប្រព្រឹត្ត​ទៅ​យ៉ាង​ណា? រីឯ​ឥរិយាបថ និង​ការ​ទំនាក់ទំនង​របស់​ប្រជាពលរដ្ឋ ជួប​បញ្ហា​អ្វី​ខ្លះ?

លោក ហង្ស ពុទ្ធា៖ «បន្ទាប់​ពី​ការ​ធ្វើ​សាកល្បង​នេះ​ហើយ គ.ជ.ប កែ​សម្រួល ហើយ​យក​ទៅ​ចែង​ក្នុង​នីតិវិធី​នៃ​ការ​ចុះ​ឈ្មោះ ដើម្បី​រៀបចំ​បញ្ជី​បោះ​ឆ្នោត​ថ្មី។ ពី​មុន​មក យើង​ឮ​សូរ​តែ​ធ្វើ​នីតិវិធី​អត់​ទាន់​ស្ថាពរ​ទេ យើង​ដាក់​ជូន​ភាគី​ជប៉ុន និង​សហគមន៍​អឺរ៉ុប ផ្ដល់​អនុសាសន៍​ដាក់​ជូន​ស្ថាប័ន​ពាក់ព័ន្ធ អង្គការ សមាគម គណបក្ស​នយោបាយ មាន​ក្រសួង​មហាផ្ទៃ ជាដើម លោក​បាន​ផ្ដល់​អនុសាសន៍​ហើយ។ គ.ជ.ប រង់ចាំ​ការ​ធ្វើ​សាកល្បង​នេះ ដើម្បី​បំពេញ​បន្ថែម​ទៅ​លើ​នីតិវិធី»។

ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ជា​ផ្លូវ​ការ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០១៦។ រយៈពេល​ចុះ​ឈ្មោះ​មាន​ចំនួន ៣​ខែ ហើយ ២​ខែ​សម្រាប់​រក្សា​ទុក​ពេលវេលា​ប្ដឹងផ្ដល់ និង​ដោះស្រាយ​បណ្ដឹង។ គ.ជ.ប បាន​ប៉ាន់​ប្រមាណ​ថា មាន​ពលរដ្ឋ​ជិត ១០​លាន​នាក់​ដែល​គ្រប់​អាយុ និង​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះ​ឆ្នោត។ ការ​បោះ​ឆ្នោត​ជ្រើសរើស​ឃុំ​សង្កាត់ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ឆ្នាំ​២០១៧ ហើយ​ការ​បោះ​ឆ្នោត​ជាតិ​អាណត្តិ​ទី​៦ នៅ​ឆ្នាំ​២០១៨ ខាង​មុខ៕

No comments: