A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 20 July 2015

ទូរទស្សន៍​ព្រះអាទិត្យ​ទទួល​បាន​វិភាគទាន​ជាង​៣១​ម៉ឺន​ដុល្លារ​គិត​ត្រឹម​ថ្ងៃ​ទី​១៩​កក្កដា


ដោយ ប្រាជ្ញ ចេវ
2015-07-19 rfa

អ្នក​ចូល​រួម​ផ្ដល់​ប្រាក់​វិភាគទាន​សម្រាប់​គម្រោង​ទូរទស្សន៍​ព្រះអាទិត្យ ថត​រូប​អនុស្សាវរីយ៍​ជាមួយ​ប្រធាន​និង​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​២៧ មិថុនា ឆ្នាំ​២០១៥។
RFA/Brach Chev

ទូរទស្សន៍​ព្រះអាទិត្យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​គ្រោង​ផ្សាយ​នៅ​ចុង​ឆ្នាំ​២០១៥ ទទួល​បាន​ថវិកា​ពី​ពលរដ្ឋ​ជាង ៣១​ម៉ឺន​ដុល្លារ និង​ប្រាក់​រៀល​មួយ​ចំនួន​ទៀត។ គិត​មក​ទល់​ថ្ងៃ​ទី​១៩ ខែ​កក្កដា គណបក្ស​នេះ​បង្កើត​ទីតាំង​ប្រមូល​ថវិកា​ពី​ពលរដ្ឋ​បាន ១៦​ទីតាំង​ទូទាំង​រាជធានី​ខេត្ត នៅ​តាម​ទីស្នាក់ការ​បក្ស​របស់​ខ្លួន។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា គណបក្ស​នេះ​នៅ​តែ​បន្ត​ប្រមូល​ប្រាក់​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង និង​ក្រៅ​ប្រទេស​បន្ត​ទៀត ដើម្បី​គ្រប់​ចំនួន​សម្រាប់​ឲ្យ​ទូរទស្សន៍​ថ្មី​មួយ​នេះ​អាច​ដំណើរ​ការ​ទៅ​បាន​នៅ​ពេល​ខាង​មុខ។

អ្នក​ចូលរួម​វិភាគទាន​ដល់​ទូរទស្សន៍ រាប់​ចាប់​ពី​អ្នក​សុំ​ទាន អ្នក​អូស​រទេះ រហូត​ដល់​មន្ត្រី​រាជការ និង​ឧកញ៉ា​ផង​នោះ ធ្វើ​ឲ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​ជំនឿន​ថា ទូរទស្សន៍​អាច​ដំណើរ​ការ​ផ្សាយ​នៅ​ចុង​ឆ្នាំ​២១០៥ ដូច​គម្រោង។

ក្រៅ​ពី​នេះ​ទៀត លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា លោក​បាន​ចុះ​ជួប​សំណេះ​សំណាល​ជាមួយ​កម្មករ​ដែល​ជា​សមាជិក​នៃ​សហជីព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា។ លោក​បញ្ជាក់​ថា កម្មករ​ជាច្រើន​នាំ​គ្នា​យក​ថវិកា​ចូល​វិភាគទាន​ជួយ​ដល់​ទូរទស្សន៍​ព្រះអាទិត្យ៖ «កម្មករ​យក​ចិត្ត​ទុក​ដាក់​ចាប់​អារម្មណ៍ និង​បញ្ចេញ​ឆន្ទៈ​គាំទ្រ​ទូរទស្សន៍​ព្រះអាទិត្យ»។


គណបក្ស​សង្គ្រោះ​ជាតិ ផ្ដើម​ធ្វើ​យុទ្ធនាការ​កៀរគរ​រក​ប្រាក់​គាំទ្រ​ទូរទស្សន៍​ព្រះអាទិត្យ ចាប់​ពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា ចាប់​ផ្ដើម​ដំបូង​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​នៅ​ភ្នំពេញ។ ថវិកា​ទាំង​នោះ​បាន​ពី​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ស្រុក។

តំណាង​រាស្ត្រ និង​ជា​មន្ត្រី​ទទួល​បន្ទុក​ការងារ​ទូរទស្សន៍​ព្រះអាទិត្យ លោក គី វណ្ណារ៉ា ឲ្យ​ដឹង​ថា ទូរទស្សន៍​នេះ​នឹង​ផ្សព្វផ្សាយ​ដំណឹង​ពិត​ដែល​កើត​ឡើង​ពិត​ប្រាកដ និង​មិន​ផ្សាយ​ពាណិជ្ជកម្ម​ស្រា​បារី​នោះ​ទេ។ លោក​បន្ត​ទៀត​ថា ទូរទស្សន៍​ដែល​កើត​ចេញ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​នេះ កំពុង​បណ្ដុះ​ធនធាន​មនុស្ស​រៀបចំ​កម្មវិធី និង​បច្ចេកទេស​ជា​បណ្ដើរៗ​ហើយ៖ «ទូរទស្សន៍​ព្រះអាទិត្យ​ជា​ទូរទស្សន៍​របស់​ពលរដ្ឋ​ខ្មែរ ដែល​យើង​នឹង​ចាក់​ផ្សាយ​នូវ​កម្មវិធី​កើត​ឡើង​ពិត​ប្រាកដ យើង​អត់​និយាយ​រឿង​អី​ដែល​ផ្ទុយ​ពី​ការ​ពិត»។

ទូរទស្សន៍​ព្រះអាទិត្យ​ផ្ដើម​ចេញ​រូបរាង​ក្រោយ​កិច្ច​ព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ ដែល​គណបក្ស​សង្គ្រោះ​ជាតិ យល់ព្រម​ចូល​អង្គុយ​ធ្វើ​ការ​ក្នុង​សភា។ ទូរទស្សន៍​នេះ ត្រូវ​ការ​លុយ ៣​លាន​ដុល្លារ ដើម្បី​ដំណើរ​ការ​ផ្សាយ។ មក​ទល់​ពេល​នេះ គម្រោង​ទទួល​ថវិកា​គាំទ្រ​ពី​ប្រជាពលរដ្ឋ​សម្រាប់​ទ្រទ្រង់​ទូរទស្សន៍​ព្រះអាទិត្យ មាន​ទឹក​ប្រាក់​សរុប​ជាង ៣១​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក និង​ជាង ១០០​លាន​រៀល​ផ្សេង​ទៀត។

នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង យល់​ថា ជា​រឿង​ល្អ​ដែល​សង្គម​ខ្មែរ​មាន​ទូរទស្សន៍​បក្ស​ប្រឆាំង ប៉ុន្តែ​លោក​ថា រឿង​ដែល​ល្អ​ជាង​នេះ គឺ​ទូរទស្សន៍​មាន​កម្មវិធី​ផ្សាយ​ដើម្បី​ឲ្យ​មនុស្ស​គ្រប់​និន្នាការ​នយោបាយ​អាច​ទទួល​យក​បាន។ លោក ប៉ា ងួនទៀង ចង់​ឃើញ​ជំហរ​ទូរទស្សន៍​នេះ​ផ្សាយ​មាន​លក្ខណៈ​ឯករាជ្យ៖ «ឲ្យ​តែ​ហ៊ាន​ផ្សាយ​អ្វី​ដែល​កើត​ពិត​ពាក់ព័ន្ធ​ទៅ​នឹង​ព្រឹត្តិការណ៍​សង្គម​ទាន់​ហេតុការណ៍ ហើយ​និង​កម្មវិធី​ណា​ទាក់ទង​សេវា​សាធារណៈ នោះ​នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​គ្រប់​និន្នាការ​នយោបាយ»។

តំណាង​រាស្ត្រ និង​ជា​មន្ត្រី​ទទួល​បន្ទុក​ការងារ​ទូរទស្សន៍​ព្រះអាទិត្យ លោក គី វណ្ណារ៉ា ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​មាន​ទូរទស្សន៍​អន្តរជាតិ​ណា​មួយ​ធ្វើ​ជា​ដៃគូ​នៅ​ឡើយ​ទេ ប៉ុន្តែ​មាន​អ្នក​ជំនាញ​ការ​ជា​ជនជាតិ​បរទេស​ខ្លះ បាន​ផ្តល់​បច្ចេកទេស។ លោក​បញ្ជាក់​ថា ទូរទស្សន៍​នេះ​នឹង​អាច​ចេញ​ផ្សាយ​នៅ​ចុង​ឆ្នាំ​២០១៥ ខាង​មុខ៕

No comments: