A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 26 July 2015

អាមេរិក​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​ឡើង​វិញ​ចំពោះ​ការ​កាត់​ទោស​សកម្មជន​បក្ស​ប្រឆាំង

ដោយ ខែ សុណង
2015-07-25 rfa

៦-កញ្ញា-២០១៣៖ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ថត (William E. Todd) ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​នា​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​ភ្នំពេញ។
RFA/Den Ayuthyea

សហរដ្ឋ​អាមេរិក បាន​ស្នើ​អោយ​រដ្ឋាភិបាល​កម្ពុជា ពិនិត្យ​មើល​ឡើង​វិញ​អោយ​បាន​ម៉ត់ចត់​នូវ​ដំណើរ​ក្ដី​សកម្មជន​គណបក្ស​ប្រឆាំង ដើម្បី​ធ្វើ​យ៉ាង​ណា​អោយ​វា​មាន​លក្ខណៈ​ពេញលេញ តម្លាភាព ហើយ​ស្រប​ទៅ​នឹង​ច្បាប់​ជាតិ និង​បទដ្ឋាន​អន្តរជាតិ។
ការ​លើក​ឡើង​នេះ បន្ទាប់​ពី​តុលាការ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា បាន​ផ្ដន្ទាទោស​លើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ១១​នាក់ ឲ្យ​ជាប់​ពន្ធនាគារ​ពី ៧​ឆ្នាំ ទៅ ២០​ឆ្នាំ ពី​បទ​ដឹក​នាំ និង​ចូលរួម​ក្នុង​ចលនា​កុប្បកម្ម​នាំ​ឲ្យ​មាន​ហិង្សា​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៤។

សហរដ្ឋ​អាមេរិក មាន​កង្វល់​យ៉ាង​ខ្លាំង​ចំពោះ​ដំណើរការ​ដែល​នាំ​ឲ្យ​មាន​ការ​ដាក់​ទោស​លើ​សកម្មជន​គណបក្ស​ប្រឆាំង​ទាំង ១១​រូប ដោយ​តុលាការ​រាជធានី​ភ្នំពេញ។

ការ​លើក​ឡើង​នេះ នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៥ ខែ​កក្កដា។ សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បន្ត​ថា សហរដ្ឋ​អាមេរិក កំពុង​តាមដាន​យ៉ាង​ជិត​ដិត​នូវ​ករណី​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​តុលាការ​ដាក់​ទោស​ពី​បទ​ធ្វើការ​បះបោរ​ចេញ​ពី​ការ​តវ៉ា កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៤ នៅ​រាជធានី​ភ្នំពេញ។



សហរដ្ឋ​អាមេរិក បាន​ចាត់​ទុក​ការ​តវ៉ា​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤ នៅ​លើ​ស្ពាន​នាគ ក្បែរ​ទីលាន​ប្រជាធិបតេយ្យ ថា​គឺ​ជា​ការ​តវ៉ា​ដោយ​សន្តិភាព និង​សេរីភាព​ក្នុង​ការ​សំដែង​មតិ គឺ​ជា​ទិដ្ឋភាព​ជា​មូលដ្ឋាន​នៃ​លទ្ធិប្រជាធិបតេយ្យ។

ស្ថានទូត​បាន​បញ្ជាក់​ថា ក្នុង​ចំណោម​សកម្មជន​ទាំង ១១​នាក់ លោក មាជ សុវណ្ណារ៉ា មាន​សញ្ជាតិ​អាមេរិក ក៏​ត្រូវ​បាន​តុលាការ​ដាក់​ទោស​ភ្លាមៗ។ ក្រសួងការ​បរទេស​សហរដ្ឋ​អាមេរិក យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ក្នុង​ការ​ជួយ​ដល់​ពលរដ្ឋ​របស់​ខ្លួន​នៅ​បរទេស ហើយ​ថា នឹង​បន្ត​ផ្ដល់​ការ​គាំទ្រ​ផ្នែក​កុងស៊ុល​ទាំង​អស់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

ប៉ុន្តែ​អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ទិត សុធា បាន​ឆ្លើយ​តប​ថា ការ​កាត់​សេចក្ដី​គឺ​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ។ លោក​ស្នើ​ឲ្យ​សហរដ្ឋ​អាមេរិក គួរ​តែ​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដោយ​ប្រមូល​ភស្តុតាង​ដើម្បី​ដោះ​បន្ទុក និង​តតាំង​ទៅ​តាម​ផ្លូវ​ច្បាប់៖ «តុលាការ​គឺ​ជា​អំណាច​ឯករាជ្យ​មួយ​ក្នុង​ការ​កាត់​សេចក្ដី​នៅ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ ដោយ​ផ្អែក​ទៅ​លើ​អង្គ​ហេតុ ភស្តុតាង និង​អនុវត្ត​ទៅ​តាម​ច្បាប់។ បើ​សិន​ជា​សហរដ្ឋ​អាមេរិក កើត​ទុក្ខ​មិន​សុខ​ចិត្ត​ថា ការ​កាត់​សេចក្ដី​នេះ ខុស​ចិត្ត​ខ្លួន​យ៉ាង​ណា​នោះ បន្ត​នីតិវិធី​តាម​ផ្លូវ​ច្បាប់​ទៅ»។

កាល​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ផ្ដន្ទាទោស​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ១១​នាក់ ឲ្យ​ជាប់​ពន្ធនាគារ​ពី ៧​ឆ្នាំ ទៅ ២០​ឆ្នាំ ពី​បទ​ដឹក​នាំ និង​ចូលរួម​ក្នុង​ចលនា​កុប្បកម្ម​នាំ​ឲ្យ​មាន​ហិង្សា​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤។ ភ្លាមៗ​បន្ទាប់​ពី​ការ​ប្រកាស​សាលក្រម សង្គម​ស៊ីវិល​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស និង​ចាត់ទុក​ថា ការ​កាត់​ទោស​នេះ​មិន​យុត្តិធម៌ និង​ក្រោម​សម្ពាធនយោបាយ។

កាល​ពី​ថ្ងៃព្រហស្បតិ៍ ទី​២៣ អង្គការ​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ​មួយ​ចំនួន ក៏​បាន​ចេញ​លិខិត​ចំហ​មួយ​ថ្កោល​ទោស​ចំពោះ​ការ​ផ្ដន្ទាទោស​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ១១​រូប​នេះ។ លិខិត​នោះ​សរសេរ​ថា ការ​ផ្តន្ទាទោស​នេះ​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ការ​ចោទ​ប្រកាន់​ប្រឌិត និង​មិន​គោរព​ដល់​សិទ្ធិ​ទទួល​បាន​ការ​ជំនុំជម្រះ​ក្ដី​ដោយ​យុត្តិធម៌។

នៅ​ក្នុង​សេចក្ដី​អំពាវនាវ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​២៥ កក្កដា បាន​ឲ្យ​ដឹង​ថា លោក កឹម សុខា និង​អ្នក​តំណាងរាស្ត្រ​មួយ​ចំនួន គ្រោង​នឹង​ទៅ​សួរ​សុខ​ទុក្ខ​សកម្មជន​ទាំង ១១​រូប នៅ​ពន្ធនាគារ​ព្រៃ​ស នៅ​ដើម​សប្ដាហ៍​ក្រោយ៕

No comments: