A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 28 July 2015

កម្មការិនី​៣​នាក់​ទាមទារ​ឲ្យ​លោក ហ៊ុន សែន អន្តរាគមន៍​ចាប់​ខ្លួន​លោក ឈូក បណ្ឌិត

ដោយ ថា កិត្យា
2015-07-27 rfa

កម្មការិនី​រោងចក្រ​ស្បែក​ជើង​កៅវ៉េ ៣​នាក់ (Kaoway) ដែល​រងគ្រោះ​ដោយ​គ្រាប់​កាំភ្លើង​របស់ លោក ឈូក បណ្ឌិត ផ្តល់​បទសម្ភាសន៍​ដល់​សារព័ត៌មាន​នៅ​ខាង​មុខ​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Tha Kitya

កម្មការិនី ៣​នាក់​ដែល​រងគ្រោះ​ដោយ​គ្រាប់​កាំភ្លើង​របស់ លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត កាល​ពី​ឆ្នាំ​២០១២ ស្នើ​រដ្ឋសភា ជួយ​ជំរុញ​រដ្ឋាភិបាល និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ឲ្យ​ចេញ​បទបញ្ជា​អន្តរាគមន៍​តាម​ចាប់​ខ្លួន លោក ឈូក បណ្ឌិត ផ្ដន្ទាទោស​តាម​ច្បាប់​ដូច​ករណី​អតីត​ពិធីការនី​ទូរទស្សន៍ ស៊ី.ធី.អិន (CTN) កញ្ញា សាសា ដែរ។

ការ​ដែល​កម្មការិនី​រោងចក្រ​ស្បែក​ជើង​កៅវ៉េ ៣​រូប (Kaoway) ចាក​ចេញ​ពី​ខេត្ត​ស្វាយរៀង ឡើង​មក​ទាមទារ​យុត្តិធម៌​ជា​ថ្មី​នៅ​ភ្នំពេញ​នេះ គឺ​រយៈពេល​ជិត ៤​ឆ្នាំ​មក​ហើយ ពួក​គាត់​មិន​ទាន់​ទទួល​យុត្តិធម៌​នៅ​ឡើយ ខុស​ពី​អតីត​ពិធីការនី​ទូរទស្សន៍ ស៊ី.ធី.អិន កញ្ញា សាសា ដែល​ទទួល​បាន​យុត្តិធម៌​ក្នុង​រយៈពេល​ជាង​មួយ​សប្ដាហ៍​ប៉ុណ្ណោះ ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ចេញ​មុខ​ប្រកាស​ដាក់​បទបញ្ជា​ដាច់​ណាត់ ឲ្យ​តាម​ចាប់​ខ្លួន​លោក​ឧកញ៉ា សុខ ប៊ុន ផ្ដន្ទាទោស​តាម​ច្បាប់​ភ្លាមៗ​នោះ។

រៀបរាប់​ទាំង​ទឹក​ភ្នែក​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ខាង​មុខ​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា បន្ទាប់​ពី​ដាក់​ញត្តិ​ជូន​គណៈកម្មការ​សិទ្ធិ​មនុស្ស ទទួល​ពាក្យ​បណ្ដឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា ឬ​ហៅ​ថា គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា​នោះ កម្មការិនី​រងគ្រោះ នុត សាខន និយាយ​ថា មុខ​របួស​ពួក​គាត់​នៅ​មិន​ទាន់​ជា​សះ​ស្បើយ​ពេញលេញ​នៅ​ឡើយ។ គោល​បំណង​នៃ​ការ​ឡើង​មក​ដាក់​ញត្តិ​នេះ គឺ​ស្នើ​ឲ្យ​រដ្ឋសភា ជួយ​ជំរុញ​ទៅ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ចេញ​បទបញ្ជា​អន្តរាគមន៍​តាម​ចាប់​ខ្លួន លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត ដែល​បាន​លើក​កាំភ្លើង​បាញ់​រះ​លើ​ពួក​គាត់ កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២ នោះ ផ្ដន្ទាទោស​តាម​ច្បាប់៖ «មុខ​របួស​នៅ​មិន​ទាន់​ជា​ទេ សូម្បី​តែ​ធ្វើ​ការ​រាល់​ថ្ងៃ​មិន​ដែល​ពេញ​ម៉ោង​ផង ធ្វើ​ការ​ពេល​ណា​ឈឺ​ឈប់។ ប៉ុណ្ណឹង​ហើយ​នៅ​តែ​សម្ដេច ហ៊ុន សែន មិន​ជួយ​ស្រែក​ទៀត។ អ៊ីចឹង​ពួក​ខ្ញុំ​ទាមទារ​ឲ្យ​សម្ដេច ហ៊ុន សែន ស្រែក​ដូច កញ្ញា សាសា ដែរ»។



កម្មការិនី​រងគ្រោះ​ពីរ​រូប​ទៀត គឺ ប៊ុន ចិន្តា និង កែវ នា ក៏​មាន​អារម្មណ៍​ឈឺ​ចាប់ និង​តូច​ចិត្ត​មិន​ខុស​គ្នា​ប៉ុន្មាន​ឡើយ។

យ៉ាង​ណា​ក៏ដោយ ក្រោយ​ទទួល​បាន​ញត្តិ​ហើយ​នោះ ប្រធាន​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ថា លោក​កំពុង​ពិនិត្យ​លើ​សំណើ​នេះ។ លោក​បញ្ជាក់​ដែរ​ថា ទោះ​បី​ជា​តុលាការ​បាន​ផ្ដន្ទាទោស លោក ឈូក បណ្ឌិត ដោយ​កំបាំង​មុខ​ដាក់​ពន្ធនាគារ ១៨​ខែ​ក៏ដោយ ក៏ប៉ុន្តែ​មក​ទល់​ពេល​នេះ សមត្ថកិច្ច​ហាក់​មិន​ខ្នះខ្នែង​ស្វែងរក​ចាប់​ខ្លួន លោក ឈូក បណ្ឌិត ដើម្បី​អនុវត្ត​ច្បាប់​ឡើយ៖ «ក្នុង​ករណី​នេះ រដ្ឋសភា​នឹង​សរសេរ​សំណើ​ទៅ​កាន់​សមត្ថកិច្ច ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ»។

កម្មការិនី​រងគ្រោះ​ទាំង​បី​រូប រៀបរាប់​ទាំង​ហួស​ចិត្ត​ថា ករណី​របស់​ពួក​គាត់ គឺ​ធ្ងន់ធ្ងរ​ជាង កញ្ញា សាសា ព្រោះ កញ្ញា សាសា រងគ្រោះ​ត្រឹម​តែ​ទះ​ទាត់​ប៉ុណ្ណោះ ដោយ​មិន​ប្រើ​កាំភ្លើង​ឡើយ ប៉ុន្តែ​ករណី​ពួក​គាត់ ប្រឈម​មុខ​បាត់បង់​ជីវិត​ដោយសារ​បាញ់​រះ​ដោយ​គ្រាប់​កាំភ្លើង លោក ឈូក បណ្ឌិត។ តែ​យ៉ាង​នេះ​ក្តី សំណុំ​រឿង​របស់ កញ្ញា សាសា ត្រូវ​បញ្ចប់​ក្នុង​រយៈពេល​ដ៏​ខ្លី​ប៉ុណ្ណោះ ដោយ​មាន​ការ​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ស ខេង។ ដោយឡែក​ករណី​ពួក​គាត់​ជិត ៤​ឆ្នាំ​ទៅ​ហើយ នៅ​តែ​គ្មាន​ពន្លឺ​យុត្តិធម៌​នៅ​ឡើយ។

ឆ្លើយ​តប​ចំពោះ​បញ្ហា​នេះ​ដែរ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បញ្ជាក់​ថា រដ្ឋាភិបាល​មិន​បាន​បំភ្លេច​ចោល​ករណី​នេះ​ទេ គឺ​នៅ​តែ​ស្វែងរក​ចាប់​ខ្លួន លោក ឈូក បណ្ឌិត ដដែល ហើយ​អំពាវនាវ​ឲ្យ​សាធារណជន​ជួយ​សហការ​ផ្តល់​ព័ត៌មាន​ភ្លាម បើ​ប្រទះ​ឃើញ លោក ឈូក បណ្ឌិត នៅ​ទីណា​នោះ៖ «យើង​នៅ​តែ​រក្សា​ជំហរ​ចាប់​ជនល្មើស​ហ្នឹង​ឲ្យ​បាន ប៉ុន្តែ​វា​មិន​ដឹង​នៅ​ឯណា? យ៉ាង​ណា យើង​គាំទ្រ​ចំពោះ​ពាក្យ​បណ្ដឹង​នេះ»។

កម្មការិនី​រងគ្រោះ និង​អង្គការ​សង្គម​ស៊ីវិល កត់​សម្គាល់​ថា នៅ​ពេល​មាន​ការ​ស្រែក​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះ គឺ​ចំណាត់​ការ​ទាំងអស់​តែងតែ​មាន​ប្រសិទ្ធភាព ដូចជា​ករណី​អតីត​ពិធីការនី​ទូរទស្សន៍ ស៊ី.ធី.អិន កញ្ញា សាសា និង​ករណី​លោក​ឧកញ៉ា ថោង សារ៉ាត់ ជា​ឧទាហរណ៍​ស្រាប់។

មន្ត្រី​កម្មវិធី​សិទ្ធិ​ការងារ​នៅ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ អ្នកស្រី ឆន សុខា ដែល​តាមដាន​ករណី​នេះ សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ចំណាត់​ការ​របស់​សមត្ថកិច្ច និង​ហៅ​ថា​ជា​ចំណាត់​ការ​ខ្យល់ ព្រោះ​គ្មាន​ប្រសិទ្ធភាព​ក្នុង​ការ​នាំ​ខ្លួន​ជន​ដៃ​ដល់ ឈូក បណ្ឌិត ផ្ដន្ទាទោស​បាន​ឡើយ។

ករណី លោក ឈូក បណ្ឌិត និង​លោក​ឧកញ៉ា សុខ ប៊ុន នេះ​ដែរ ក៏​មាន​ការ​ប្រតិកម្ម​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook) ព្រោងព្រាត​ផង​ដែរ ដែល​ថា​ករណី​ស្រដៀង​គ្នា តែ​ចំណាត់​ការ​ខុស​គ្នា ជាពិសេស គឺ​រិះគន់​លើ​ចំណុច​ខ្លះ​នៃ​ចំណាត់​ការ​របស់​តុលាការ ក៏ដូចជា​រដ្ឋាភិបាល​កម្ពុជា ថា​មិន​ទាន់​មាន​តម្លាភាព មិន​ម៉ឺងម៉ាត់ និង​មិន​ទាន់​មាន​ភាព​ស្មោះ​ត្រង់​នៅ​ឡើយ៕

No comments: