A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Tuesday 14 July 2015
មន្ត្រីសមាគមអាដហុកចូលបំភ្លឺសាលាដំបូងភ្នំពេញរឿងបរិហារកេរ្តិ៍មន្ត្រីតុលាការ
ដោយ ឡេង ម៉ាលី 2015-07-13 rfa
សាលាដំបូងរាជធានីភ្នំពេញ កោះហៅមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) មួយរូបឲ្យចូលទៅឆ្លើយបំភ្លឺនៅព្រឹកថ្ងៃទី១៣ កក្កដា ក្នុងរឿងដែលព្រះរាជអាជ្ញា និងចៅក្រមស៊ើបសួរតុលាការខេត្តសៀមរាប ប្ដឹងមន្ត្រីសមាគមរូបនេះពីបទបរិហារកេរ្តិ៍ ឬបរិហារបង្កាច់កេរ្តិ៍ និងការដាក់សម្ពាធលើយុត្តាធិការតុលាការ។
ប្រធានផ្នែកស៊ើបអង្កេត និងគ្រប់គ្រងផ្នែកច្បាប់ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក គឺលោក នី ចរិយា ថ្លែងនៅបន្ទាប់ពីការឆ្លើយបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញថា បណ្ដឹងរបស់ព្រះរាជអាជ្ញារង និងចៅក្រមស៊ើបសួរនៃតុលាការខេត្តសៀមរាប គ្មានចំណុចណាមួយដែលត្រូវនឹងបទចោទប្រឆាំងលោកទេ៖ «គ្មានចំណុចណាមួយដែលខ្ញុំបានធ្វើការបទបរិហារកេរ្តិ៍ ក៏ដូចជាបរិហារបង្កាច់កេរ្តិ៍ទេ ដោយសារតែអ្វីៗដែលយើងធ្វើ គឺយើងសំដៅទៅលើការចាប់ និងឃុំខ្លួនប្រជាជនពីររូប ដោយព្រះរាជអាជ្ញារង លោក សុក កែវបណ្ឌិត និងចៅក្រមស៊ើបអង្កេត លោក គី ឫទ្ធី ហ្នឹង ដោយខុសនីតិវិធី និងខុសច្បាប់ ដោយសារមិនមានអង្គហេតុទេ»។
ក្នុងដីកាកោះរបស់ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ គឺលោក សៀង សុខ ដែលចេញកាលពីថ្ងៃទី២២ ខែមិថុនា បញ្ជាក់ថា ការកោះហៅ លោក នី ចរិយា នៅថ្ងៃទី១៣ កក្កដា គឺដើម្បីសាកសួរតាមបណ្ដឹងរបស់ព្រះរាជអាជ្ញារង លោក សុក កែវបណ្ឌិត និងលោក គី ឫទ្ធី ចៅក្រមស៊ើបសួរនៃតុលាការខេត្តសៀមរាប ដែលប្ដឹង លោក នី ចរិយា ពីបទបទបរិហារបង្កាច់កេរ្តិ៍ បរិហារកេរ្តិ៍ជាសាធារណៈ និងផ្សព្វផ្សាយនូវការអត្ថាធិប្បាយ ដើម្បីធ្វើសម្ពាធលើយុត្តាធិការតុលាការ។
លោក នី ចរិយា បានជាប់ចោទពីបទនេះ គឺបន្ទាប់ពីលោក និងមេធាវីនៃសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តសៀមរាប គឺអ្នកស្រី ពូក យ៉ារ៉ាន់ ធ្វើសន្និសីទសារព័ត៌មានពីរលើកនៅក្នុងខែឧសភា ដោយបង្ហាញការមិនសុខចិត្ត ចំពោះការចាប់ខ្លួនអ្នកភូមិក្នុងករណីទំនាស់ដីធ្លីពីររូប នៅភូមិជប់រំដេង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។ លោកហៅការចាប់ខ្លួនអ្នកភូមិទាំងនោះ ថាមិនត្រឹមត្រូវតាមមូលដ្ឋានច្បាប់។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងព្រះរាជអាជ្ញារង លោក សុក កែវបណ្ឌិត និងចៅក្រមស៊ើបសួរ លោក គី ឫទ្ធី នៃសាលាដំបូងខេត្តសៀមរាប ទេ នៅថ្ងៃទី១៣ កក្កដា។ ប៉ុន្តែកាលពីថ្ងៃទី១៥ ខែឧសភា ស្ថាប័នអយ្យការអមសាលាដំបូងខេត្តសៀមរាប ចេញសេចក្ដីថ្លែងការណ៍បំភ្លឺថា បុរសអ្នកភូមិជប់រំដេង ២នាក់ ឈ្មោះ បឿន សុខ និង វ៉ែន ឡន ដែលមានទំនាស់ដីធ្លីជាមួយសហគមន៍ឈ្មោះតាខ្មៅអភិវឌ្ឍន៍កសិកម្ម និងឧស្សាហកម្ម គឺពិតជាបានទៅបំផ្លាញដំណាំ និងសង់ខ្ទមលើដីសហគមន៍មែន ទើបតុលាការសម្រេចឃុំខ្លួន។ ស្ថាប័នអយ្យការខេត្តសៀមរាប ចាត់ទុកការចោទប្រកាន់របស់ លោក នី ចរិយា ក្នុងសន្និសីទសារព័ត៌មាន ថាជាការបំផ្លើស ញុះញង់។
លោក នី ចរិយា បញ្ជាក់ជាថ្មីនៅថ្ងៃទី១៣ កក្កដា ថា សហគមន៍ឈ្មោះតាខ្មៅអភិវឌ្ឍន៍កសិកម្ម និងឧស្សាហកម្ម ទទួលសិទ្ធិគ្រប់គ្រងដីនៅភូមិរលំរុនថ្មី គឺមិនមែននៅភូមិជប់រំដេង ទេ។ ដូច្នេះលោកហៅការចាប់ខ្លួននោះខុសច្បាប់ ក៏ព្រោះតែទីតាំងដីមានជម្លោះខុសគ្នា៖ «ចៅក្រម ព្រះរាជអាជ្ញាទៅចាប់ប្រជាជនភូមិជប់រំដេង ដែលមិនមែនទីតាំងដែលសហគមន៍តាខ្មៅហ្នឹងមានសិទ្ធិក្នុងការធ្វើសកម្មភាពនៅលើដី។ ចំណុចមួយទៀតដែលខ្ញុំបានដាក់ជូន និងបំភ្លឺទៅដល់ស្ថាប័នអយ្យការសាលាដំបូងរាជធានីភ្នំពេញ គឺនៅឆ្នាំ២០១៤ សាលាខេត្តសៀមរាប បានចេញសេចក្ដីជូនដំណឹងមួយ (ស.ជ.ណ) លេខ ៧៤៣ គឺផ្អាកមិនឲ្យសហគមន៍តាខ្មៅហ្នឹងធ្វើសកម្មភាពនៅលើដី ៤១៩ហិកតារទេ ដោយសារតែសហគមន៍ហ្នឹងធ្វើសកម្មភាពខុសទីតាំង។ អ៊ីចឹងយើងឃើញថា តាំងថ្ងៃទី៦ ខែ៨ ឆ្នាំ២០១៤ មក សហគមន៍ហ្នឹងបានផ្លោះសិទ្ធិទាំងអស់ក្នុងការធ្វើសកម្មភាពនៅក្នុងខេត្តសៀមរាប»។
លើសពីនេះទៀត នៅថ្ងៃទី២០ ឧសភា លោក នី ចរិយា ក៏ធ្វើជាដើមបណ្ដឹងដាក់ពាក្យប្ដឹងព្រះរាជអាជ្ញារង លោក សុក កែវបណ្ឌិត និងចៅក្រមស៊ើបសួរ លោក គី ឫទ្ធី នៃសាលាដំបូងខេត្តសៀមរាប នោះ ទៅឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ក្រសួងយុត្តិធម៌ និងស្ថាប័នសាលាឧទ្ធរណ៍។ លោកថ្លែងថា រហូតមកដល់ពេលនេះ មិនទាន់មានចំណាត់ការអ្វីនៅឡើយទេ។
ទន្ទឹមគ្នានេះ លោក នី ចរិយា បានស្នើសុំឲ្យព្រះរាជអាជ្ញារាជធានីភ្នំពេញ ពិនិត្យពិចារណាលើភស្តុតាង និងការឆ្លើយបំភ្លឺរបស់លោកនៅថ្ងៃទី១៣ កក្កដា ដើម្បីអាចចោទប្រកាន់ពីបទព្រហ្មទណ្ឌចំពោះព្រះរាជអាជ្ញារង និងចៅក្រមស៊ើបសួរខេត្តសៀមរាប នោះ ប៉ុន្តែការស្នើសុំនេះត្រូវបានព្រះរាជអាជ្ញារាជធានីភ្នំពេញបដិសេធ ដោយហេតុផលថា រឿងនេះកើតនៅខេត្តសៀមរាប គឺជាយុត្តាធិការរបស់តុលាការខេត្តសៀមរាប៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment