Fri, 24 July 2015 ppp
ម៉ៃ ទិត្យថារ៉ា
លោកឧកញ៉ា ទ្រី ភាព នៅពេលសម្ភាសជាមួយកាសែតភ្នំពេញប៉ុស្តិ៍កន្លងមក។ ហេង ជីវ័ន |
ភ្នំពេញៈ បណ្តាញសហគមន៍ការពារព្រៃឡង់បានធ្វើការអំពាវនាវឲ្យលោកឧកញ៉ា ទ្រី ភាព ចេញលិខិតជាផ្លូវការបញ្ជាក់ពីការប្តេជ្ញាចិត្តបញ្ឈប់ធ្វើអាជីវកម្មឈើ និងបង្ហាញព័ត៌មានលម្អិតអំពីការធ្វើអាជីវកម្មរបស់ក្រុមហ៊ុននេះជាសាធារណៈក្រោយពីលោកថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថាឈប់ធ្វើជំនួញព្រៃឈើដោយចាប់ផ្តើមបើកទំព័រប្រវត្តិសាស្ត្រថ្មីដំាដំណាំកសិឧស្សាហកម្ម។
សេចក្តីថ្លែងការណ៍រួមរបស់បណ្តាញសហគមន៍ព្រៃឡង់បានលើកឡើងថាការសម្រេចចិត្តរបស់លោក ទ្រី ភាព ជាការសម្រេចចិត្តត្រឹមត្រូវ និងទាន់ពេលវេលាក្នុងការចូលរួមចំណែកបញ្ចប់អាជីវកម្មឈើ និងជាគំរូដ៏ល្អសម្រាប់អ្នកធ្វើអាជីវកម្មឈើ និងអ្នកកាប់បំផ្លាញព្រៃឈើដទៃទៀតផងដែរសេចក្តីថ្លែងការណ៍បានបញ្ជាក់ថា៖ «រយៈពេល ២០ ឆ្នាំចុងក្រោយនេះព្រៃឈើនៅកម្ពុជាត្រូវបានប្រើប្រាស់សម្រាប់តែអ្នកមានអំណាច និងឈ្មួញក្រោមរូបភាពដីសម្បទានដោយបង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាសហគមន៍ និងបរិសា្ថន»។
សេចក្តីថ្លែងការណ៍ដដែលបានអំពាវនាវដល់លោក ទ្រី ភាព ឲ្យចេញលិខិតជាផ្លូវការដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបញ្ចប់ការកាប់ព្រៃឈើ និងធ្វើអាជីវកម្មព្រៃឈើជាសាធារណៈ និងបង់ភាគលាភដែលបានមកពីការធ្វើអាជីវកម្មព្រៃឈើដើម្បីជួយអ្នកការពារបរិស្ថាន និងស្តារស្ថានភាពព្រៃឈើឡើងវិញ។
លោក សេង សុខហេង អ្នកសម្របសម្រួលលេខាធិការដ្ឋានបណ្តាញសហគមន៍បានថ្លែងថាលោកគាំទ្រចំពោះការសម្រេចចិត្តរបស់លោកឧកញ៉ា ទ្រី ភាព ពីព្រោះការសម្រេចចិត្តនេះទាន់ពេលវេលាដែលបណ្តាលឲ្យសហគមន៍ព្រៃឡង់ការពារព្រៃដែលនៅសល់ចុងក្រោយនេះបានគង់វង្ស។
លោកបានថ្លែងថា៖ «ពួកយើងទាំងបួនខេត្តមានការព្រួយបារម្ភបំផុតចំពោះការកាប់ព្រៃឈើនៅពេលបច្ចុប្បន្នេះនេះនៅព្រៃឡង់ពីព្រោះពុំមានអាជ្ញាធរណាចេញមុខមកការពារនោះទេ»។
លោកឧកញ៉ាទ្រី ភាព ពុំអាចទាក់ទងដើម្បីធ្វើការអត្ថាធិប្បាយបានទេប៉ុន្តែលោកធ្លាប់បានផ្តល់បទសម្ភាសដល់ការសែតភ្នំពេញប៉ុស្តិ៍នាពេលកន្លងមកថា៖ «ខ្ញុំបានឈប់កាប់ឈើជាងមួយឆ្នាំហើយខ្ញុំនឹងឈប់កាប់ឈើហើយដាំដើមកៅស៊ូ និងបំពេញតួនាទីរបស់ខ្ញុំជាមួយដី ៩៩០០ ហិកតាក្នុងខេត្តព្រះវិហារ និង ៥០០០ ហិកតាទៀតក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ឲ្យបៃតងវារីកគ្រប់កន្លែងសម្រាប់ខ្ញុំវាអស់ស្រមៃឃើញដាំអានេះ ដាំអានោះ...អាយុកាលខ្ញុំថែតែកៅស៊ូ និងម្រេចប៉ុណ្ណឹងវាបានហើយ»។
លោកបន្តថា៖ «យើងជាក្រុមហ៊ុនមួយយើងមិនពុករលួយទេពីព្រោះយើងធ្វើអាជីវកម្មដោយសុចរិត និងបម្រើកម្ពុជា»។
កាលពីថ្ងៃទី ២២ ខែកក្កដា កន្លងមកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បានសរសេរលិខិតស្នើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យពិនិត្យមើលតំបន់សេដ្ឋកិច្ចពិសេសរបស់ឧកញ៉ា ទ្រី ភាព ក្នុងខេត្តរតនគិរី។
ដោយលោកអះអាងថា លោកបានទទួលព័ត៌មានថាតំបន់សេដ្ឋកិច្ចពិសេសរបស់ឧកញ៉ា ទ្រី ភាព មិនមានរោងចក្រនោះទេគឺមានតែគំនរឈើច្រើនកុងតឺន័រសម្រាប់នាំចេញទៅកាន់វៀតណាម។
គួរបញ្ជាក់ផងដែរថាយោងតាមរបាយការណ៍របស់ Global Witness ចេញផ្សាយនៅខែកុម្ភៈ ឆ្នាំ ២០១៥ បានចោទថាលោក ទ្រី ភាព និងបណ្តាញរបស់គាត់កំពុងតែបំផ្លាញព្រៃឈើចុងក្រោយរបស់កម្ពុជា និងទន្ទ្រានការរស់នៅរបស់សហគមន៍ជនជាតិដើមភាគតិចផងដែរ។ ក្រុមហ៊ុន ទ្រី ភាព ក៏កំពុងប្រើប្រាស់អាជ្ញាប័ណ្ណដីសម្បទានរបស់ខ្លួនដើម្បីធ្វើការឈូសឆាយឈើលើសពីព្រំដែនកំណត់កាប់ឈើមានតម្លៃ និងឈើដែលត្រូវបានការពារពីតំបន់ជុំវិញ៕
No comments:
Post a Comment