A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 23 July 2015

អង្គការ​ជាតិ-​អន្តរជាតិ​រិះគន់​លើ​ការ​កាត់​ទោស​សកម្មជន​បក្ស​ប្រឆាំង​១១​នាក់


ដោយ អ៊ុំ រង្សី
2015-07-22 rfa

នគរបាល​នាំ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុក ពេជ្រសំណាង ចេញ​ពី​បន្ទប់​សវនាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បញ្ជូន​ទៅ​ដាក់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស កាល​ពី​ថ្ងៃ​ទី​២១ កក្កដា ឆ្នាំ​២០១៥។
RFA/Morm Moniroth


ការ​កាត់​ទោស​សកម្មជន​គណបក្ស​ប្រឆាំង​ទាំង ១១​នាក់ ឲ្យ​ជាប់​ពន្ធនាគារ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ទទួល​រង​ការ​រិះគន់​ខ្លាំងៗ និង​ថ្កោលទោស​ជា​បន្តបន្ទាប់ ទាំង​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​។ ពួកគេ​លើក​ឡើង​ថា រដ្ឋាភិបាល​កំពុងតែ​ប្រើ​ប្រព័ន្ធ​តុលាការ​ធ្វើ​ជា​ឈ្នាន់​ដើម្បី​បំភ័យ​​គណបក្ស​សង្គ្រោះ​ជាតិ។ បណ្ដា​មជ្ឈដ្ឋាន​ទាំង​នោះ​ក៏​បាន​អំពាវនាវ​កុំ​ឲ្យ​តុលាការ​ក្លាយ​ជា​ឧបករណ៍​នយោបាយ និង​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​បក្ស​ប្រឆាំង​ទាំង ១១​រូប​នោះ​មក​វិញ​ជា​បន្ទាន់។

ទាំង​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ព្រម​ទាំង​បក្ស​ប្រឆាំង​ចោទ​ប្រកាន់​ចំពោះ​ការ​ចាប់​ឃុំ​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា ថា​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ និង​ជា​រឿង​នយោបាយ​សុទ្ធសាធ។

ការ​រិះគន់ និង​ថ្កោល​ទោស​ជា​បន្តបន្ទាប់​របស់​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ព្រមទាំង​បក្ស​ប្រឆាំង​នៅ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាត់ទោស​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ១១​រូប ឲ្យ​ជាប់​ពន្ធនាគារ​ពី ៧ ដល់ ២០​ឆ្នាំ ពី​បទ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​កុប្បកម្ម​ដែល​នាំ​ឲ្យ​កើត​អំពើ​ហិង្សា​នៅ​ស្ពាន​នាគ កាល​ពី​ឆ្នាំ​២០១៤ កន្លង​ទៅ។


​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ក្រោយ​ការ​ចាប់​ខ្លួន​សកម្មជន​របស់​ខ្លួន​មួយ​ថ្ងៃ ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២២ កក្កដា ចាត់​ទុក​ថា រដ្ឋាភិបាល​កំពុង​តែ​ធ្វើ​ឲ្យ​មាន​ភាព​តានតឹង​ខាង​នយោបាយ​ឡើង​វិញ និង​ជា​ការ​អនុវត្ត​ផ្ទុយ​ទៅ​នឹង​ស្មារតី​កិច្ច​ព្រមព្រៀង​នយោបាយ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ កន្លង​ទៅ ដែល​គណបក្ស​ទាំង​ពីរ​មាន​អាសនៈ​ក្នុង​រដ្ឋ​សភា​បាន​ព្យាយាម​ជំរុញ​ឲ្យ​កម្ពុជា ឈាន​ទៅ​បញ្ចប់​ភាព​ចម្រូងចម្រាស​ខាង​នយោបាយ​នោះ។

​សេចក្ដី​ថ្លែងការណ៍​នោះ​ក៏​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា នេះ​គឺ​ជា​ខួប ១​ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ដោះស្រាយ​បញ្ហា​ផ្សេងៗ។ ជាង​នេះ​ទៀត គណបក្ស​សង្គ្រោះ​ជាតិ កំពុង​បន្ត​ព្យាយាម​គោរព​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​នយោបាយ​ប្រកប​ដោយ​សុឆន្ទៈ ដើម្បី​សហការ​គ្នា​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ​បញ្ហា​នានា​ជា​ប្រយោជន៍​ជាតិ។

​ទន្ទឹម​នឹង​សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​ប្រឆាំង​នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា នេះ​ដែរ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ជំរុញ​ឲ្យ​តុលាការ​ខ្មែរ​ដោះលែង​សកម្មជន​គណបក្ស​ប្រឆាំង​ទាំង ១១​រូប​ដោយ​គ្មាន​លក្ខខណ្ឌ។ យូមែន រ៉ៃត៍ វ៉ច្ឆ ចាត់​ទុក​ការ​សម្រេច​របស់​តុលាការ​នៅ​ពេល​នេះ ថា​ជា​រឿង​អយុត្តិធម៌ ព្រោះ​សកម្មជន​គណបក្ស​ប្រឆាំង ១១​រូប​នោះ មិន​បាន​ញុះញង់ ឬ​ចូល​រួម​ក្នុង​ការ​ប្រើ​ហិង្សា​លើ​កម្លាំង​សន្តិសុខ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤ នោះ​ឡើយ។ ជាង​នេះ​ទៀត ការ​ផ្ដន្ទាទោស​របស់​តុលាការ​គ្រាន់តែ​ជា​រឿង​នយោបាយ​ប៉ុណ្ណោះ។

​នាយក​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ប្រចាំ​តំបន់​អាស៊ី លោក ប្រ៊ែដ អាដាម (Brad Adams) មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នេះ​ថា ការ​ផ្ដន្ទាទោស​សកម្មជន​បក្ស​ប្រឆាំង គឺ​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា ការ​សន្យា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការ​ប្រើប្រាស់​វប្បធម៌​សន្ទនា​ជំនួស​ការ​ប្រឈម​មុខ​ដាក់​គ្នា គឺ​គ្មាន​ន័យ​នោះ​ទេ។ លើស​ពី​នេះ លោក ប្រ៊ែដ អាដាម ថា លោក ហ៊ុន សែន នឹង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដើម្បី​រក្សា​អំណាច​របស់​លោក។

លើស​ពី​នេះ​ទៀត មន្ត្រី​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ​រូប​នេះ កត់សម្គាល់​ដែរ​ថា ការ​កាត់​ទោស​លើ​សកម្មជន​បក្ស​ប្រឆាំង និង​ការ​បង្កើត​ច្បាប់​រឹត​បន្តឹង​លើ​អង្គការ​មិនមែន​រដ្ឋាភិបាល គឺ​ជា​ការ​បង្ហាញ​នូវ​ការ​គាប​សង្កត់​របស់​លោក ហ៊ុន សែន លើ​ក្រុម​មនុស្ស​ដែល​ប្រឆាំង​ទៅ​នឹង​របប​ដឹកនាំ​របស់​លោក។

ទាក់ទង​នឹង​ការ​រិះគន់​លើ​ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ទាំង ១១​រូប​នេះ​ដែរ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (Licadho) ក៏​បាន​ចាត់​ទុក​ថា ការ​សម្រេច​ភ្លាមៗ​របស់​តុលាការ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា សវនាការ​នេះ​គ្រាន់តែ​ជា​ការ​សម្ដែង និង​គិត​ជា​មុន បង្កើត​ឡើង​ដើម្បី​គំរាម​កំហែង​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់ពី​ព្រឹត្តិការណ៍​នៅ​ខេត្ត​ស្វាយរៀង​កាលពី​ចុង​សប្ដាហ៍​មុន ដែល​មនុស្ស​ពីរ​នាក់​ក្នុងចំណោម​មនុស្ស​ទាំង​បី​នាក់​ដែល​ត្រូវ​បាន​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ មាន​វត្តមាន​នៅ​ក្នុង​ព្រឹត្តិការណ៍​នៅ​ព្រំដែន​ខេត្ត​ស្វាយរៀង។

​ទាក់ទង​បញ្ហា​នេះ អ្នក​សម្របសម្រួល​បច្ចេកទេស​ស៊ើបអង្កេត​នៃ​អង្គការ​លីកាដូ លោក អំ សំអាត បាន​បង្ហាញ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ​ដែរ​ថា ការ​ផ្ដន្ទាទោស​ដ៏​អយុត្តិធម៌​លើ​សកម្មជន​បក្ស​ប្រឆាំង ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ធ្វើ​ពហិការ​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ៥៥​នាក់ កាល​ពី​សប្ដាហ៍​មុន​នៅ​ក្នុង​អង្គប្រជុំ​វិសាមញ្ញ​ដែល​បាន​ស្នើ​ឡើង​ដោយ​គណបក្ស​កាន់​អំណាច ដើម្បី​ធ្វើការ​អនុម័ត​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល។

ជាង​នេះ​ទៀត ទាំង​មជ្ឈដ្ឋាន​ជាតិ ទាំង​អន្តរជាតិ និង​បក្ស​ប្រឆាំង ក៏​អំពាវនាវ​កុំ​ឲ្យ​រដ្ឋាភិបាល​យក​តុលាការ​ធ្វើ​ឧបករណ៍​នយោបាយ ហើយ​និង​ស្នើ​ទៅ​តុលាការ​ត្រូវ​តែ​ដោះលែង​សកម្មជន​ទាំង ១១​រូប​នោះ ដោយ​គ្មាន​លក្ខខណ្ឌ។

ឆ្លើយ​តប​លើ​ការ​រិះគន់​ទាំង​នេះ អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី ផាន បាន​ប្រតិកម្ម​លើ​សេចក្ដី​ថ្លែងការណ៍​របស់​សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា លោក​ចាត់​ទុក​ថា ជា​រឿង​ដែល​គួរ​ឲ្យ​អាម៉ាស់ និង​ជា​ការ​ប្រមាថ​មួយ​មក​លើ​រដ្ឋាភិបាល​កម្ពុជា។ លោក​ស្នើ​ឲ្យ​សង្គម​ស៊ីវិល​ទាំង​នោះ​ពិចារណា​ឡើង​វិញ ព្រោះ​ថា តុលាការ​គឺជា​ស្ថាប័ន​ឯករាជ្យ មិន​ពាក់ព័ន្ធ​នយោបាយ​នោះ​ទេ៖ «ការ​ចាប់ និង​ដាក់​ពន្ធនាគារ​លើ​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ លើក​នេះ គឺ​ជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម និង​ជា​អំណាច​ផ្តាច់​មុខ​របស់​តុលាការ មិន​មាន​អំណាច​ណា​មួយ​រារាំង​បាន​ឡើយ ចឹង​ហើយ​ខ្ញុំ​សូម​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំង​ហ្នឹង ត្រូវ​តែ​ពិចារណា​ចំណុច​នេះ​ឡើង​វិញ»។

​ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព បាន​ប្រាប់​សារព័ត៌មាន​នៅ​ក្នុង​ស្រុក​ថា សេចក្ដី​សម្រេច​ផ្ដន្ទាទោស​របស់​តុលាការ គឺ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ប្រព័ន្ធ​តុលាការ​កម្ពុជា មាន​អំណាច​ឯករាជ្យ​ពិត​ប្រាកដ មិន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ បើ​ទោះ​បច្ចុប្បន្ន​នេះ​មាន​វប្បធម៌​សន្ទនា​របស់​ថ្នាក់ដឹកនាំ​គណបក្ស​នយោបាយ​ទាំង​ពីរ​ក៏ដោយ ហើយ​កិច្ចការ​នយោបាយ គឺ​ត្រូវ​ដោះស្រាយ​ដោយ​នយោបាយ រី​ឯ​សំណុំរឿង​ព្រហ្មទណ្ឌ​គឺ​ត្រូវ​តែ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់ ដែល​មាន​ស្ថាប័ន​ឯករាជ្យ គឺ​តុលាការ​ជា​អ្នក​សម្រេច។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា និង​សកម្មជន ២​នាក់​ទៀត ត្រូវ​បាន​តុលាការ​ចោទ​ពី​បទ​ចូលរួម និង​ដឹកនាំ​ចលនា​កុបកម្ម ហើយ​ត្រូវ​បាន​តុលាការ​សម្រេច​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ២០​ឆ្នាំ។ ឯ​សកម្មជន ៨​នាក់​ទៀត ក្នុង​នោះ​មាន​លោក អ៊ុក ពេជ្រសំណាង និង​សកម្មជន ៧​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ចូលរួម​ក្នុង​ចលនា​កុបកម្ម ហើយ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន ៧​ឆ្នាំ។ ទោះ​ជា​យ៉ាង​ណា អ្នក​ទាំង​នោះ​ត្រូវ​បាន​តុលាការ​បញ្ជូន​ទៅ​កាន់​ពន្ធនាគារ​ម១ ភ្លាមៗ​បន្ទាប់ពី​ផ្ដន្ទាទោស​រួច។

​យ៉ាងណា​ក៏​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​ថា នឹង​បន្ត​វប្បធម៌​សន្ទនា​ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​របស់​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ ជាពិសេស​នឹង​បញ្ចប់​នូវ​ភាព​តានតឹង​នយោបាយ រួម​ទាំង​សហការ​គ្នា​ធ្វើ​ឲ្យ​មាន​ការ​ដោះលែង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ១១​រូប​នេះ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ៕

No comments: