A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 28 July 2015

លោក ហ៊ុន សែន ព្រមាន​សម្ដេច​ក្រុមព្រះ​ដែល​យក​ព្រះមហាក្សត្រ​មក​លេង​សើច

ដោយ អ៊ុង សេរីវុទ្ធ
2015-07-27 rfa

សម្ដេច​ក្រុមព្រះ នរោត្ដម រណឫទ្ធិ ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ២០១៥។
RFA/Uon Chhin

ព្រះបរមរាជរាំង​បដិសេធ​ព័ត៌មាន​ដែល​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​មាន​បន្ទូល​លើកឡើង​ថា ព្រះមហាក្សត្រ​គ្រោង​នឹង​កោះ​ហៅ​បក្ស​នយោបាយ​ធំៗ​ទាំង​៣ មក​ពិភាក្សា​ពី​បញ្ហា​ព្រំដែន។ យ៉ាងណា​ក៏​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​ព្រមាន​ធ្ងន់ៗ​ចំពោះ​សម្ដី​របស់​សម្ដេច​ក្រុមព្រះ​នៅ​ពេល​នេះ​ផង​ដែរ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៧ កក្កដា ​ព្រមាន​ធ្ងន់ៗ ទៅ​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ឲ្យ​មាន​ជំហរ​រឹងមាំ ក្នុង​ការ​ធ្វើនយោបាយ និង​អំពាវ​នាវ​កុំ​ឲ្យ​សម្ដេចក្រុមព្រះ យក​ព្រះមហាក្សត្រ​មក​លេង​សើច ជៀសវាង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ព្រះ​មហាក្សត្រ៖ «សូម​ទូល​ទៅ​ព្រះ​អង្គ(សម្ដេច​ក្រុមព្រះ) វិញ បើ​ព្រះអង្គ​ធ្វើ​តែ​អ៊ីចឹង ព្រះ​អង្គ​អត់​កៅអី​ហើយ ទូល​ដោយ​ត្រង់ៗ​តែ​ម្ដង ក្នុង​ឋានៈ អ្នក​ជា​ស្រឡាញ់ បាន​និយាយ​ត្រង់ ព្រោះ​ធ្វើ​តាំង​ពី​មាន​កៅអី រហូត​គ្មាន​កៅអី​សោះ​ទៅ​ហើយ ហើយ​ឥឡូវ​នៅ​បន្ត​អ៊ីចឹង​ទៀត ពី​មុន​ថា​តាម​ស៊ី​កេរ្តិ៍​សម្ដេច​ព្រះបិតា (ព្រះ​បរមកោដ្ឋ នរោត្ដម សីហនុ) ឥឡូវ​ចង់​ស៊ី​កេរ្តិ៍​ព្រះអនុជ(នរោត្តម សីហមុនី)​ទៀត»។

ការ​ថ្លែង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​សម្ដេច​ក្រុមព្រះ​នេះ នៅ​ស្រប​ពេល​ស្ថាប័ន​រាជបល្ល័ង្ក បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន បដិសេធ​បន្ទូល​សម្ដេច​ក្រុមព្រះ ដែល​ថា ព្រះមហាក្សត្រ នឹង​កោះហៅ​តំណាង​គណបក្ស​ធំៗ​ទាំង​បី ទៅ​គាល់​ព្រះមហាក្សត្រ​អំពី​បញ្ហា​ព្រំដែន។



សេចក្ដី​ប្រកា​ស​ព័ត៌មាន​របស់​ព្រះបរមរាជរាំង​ចុះ​នៅ​ថ្ងៃ​ទី​២៧ កក្កដា ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ចុះផ្សាយ​របស់​កាសែត​ក្នុង​ស្រុក​មួយ​ចំនួន ដែល​ស្រង់​សម្ដី​របស់​សម្ដេច​ក្រុមព្រះ ចុះ​ផ្សាយ​នៅ​ព្រឹកថ្ងៃ​ទី២៧ កក្កដា​ដដែល​ថា ជា​ព័ត៌មាន​មិន​ពិត។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​បន្ត​ថា ព្រះមហាក្សត្រ​ពុំ​មាន​ព្រះរាជតម្រិះ ឬ​ព្រះរាជ​ឱង្ការ ឬ​ផែនការ​កោះហៅ​មេដឹកនាំ​គណបក្ស​ទាំង​៣ មក​ពិភាក្សា​ពី​បញ្ហា​ព្រំដែន​ឡើយ។ តែ​បើ​ព្រះមហាក្សត្រ​មាន​កិច្ចការ​សំខាន់ៗ​ទាក់ទង​នឹង​បញ្ហា​ប្រទេស​ជាតិ​នោះ គឺ​ទ្រង់​នឹង​ពិគ្រោះ​យោបល់​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​នាម​ជា​ថ្នាក់​ដឹកនាំ​កំពូល​នៃ​ស្ថាប័ន​នីតិ​ប្រតិបត្តិ។

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង​មន្ត្រី​ខុទ្ទកាល័យ​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ដើម្បី​សុំ​ការ​បំភ្លឺ​អំពី​ករណី​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​២៧ កក្កដា។

ប៉ុន្តែ​ព្រះ​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ មាន​បន្ទូល​ទៅ​កាន់​អ្នក​កាសែត បន្ទាប់​ពី​ជួបជុំ​ជាមួយ​យុវជន​រាប់រយ​នាក់ នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៥ កក្កដា ហាក់​មិន​បាន​បញ្ជាក់​ច្បាស់​លាស់​ថា ព្រះមហាក្សត្រ​នឹង​គ្រោង​កោះហៅ​តំណាងបក្ស​នយោបាយ​ធំៗ​ទាំង​បី ទៅ​ពិភាក្សា​ពី​បញ្ហា​ព្រំដែន​នៅ​ពេល​ណា​នោះ​ទេ ដោយ​ទ្រង់​អះអាង​ថា ព្រះអង្គ​បាន​ដឹង​ព័ត៌មាន​នោះ​តាម​អ្នកកាសែត​ប៉ុណ្ណោះ៖ «ខ្ញុំ​ឮ​ថា​ព្រះមហាក្សត្រ ចង់​កោះ​ហៅ​ថ្នាក់​ដឹកនាំ​បក្ស​ធំ​ទាំង​៣ ដើម្បី​ផ្ដល់​យោបល់​ថ្វាយ​ព្រះ​អង្គ នូវ​បញ្ហា​បូរណភាព​ទឹកដី ខ្ញុំ(សម្ដេច​ក្រុមព្រះ) មិន​ដឹង​ថា​គណបក្ស​ធំ​ទី​៣ ជា​គណបក្ស​ណា​ទេ តែ​ខ្ញុំ​សង្ឃឹម​ថា ជា​បក្ស​ហ្វ៊ិនស៊ិនប៉ិច​ហ្នឹង​ឯង តែ​យើង​គ្មាន​អាសនៈ(ក្នុង​រដ្ឋសភា)ទេ»។

យ៉ាង​ណា​ក៏​ដោយ​កាសែត​ក្នុង​ស្រុក​មួយ​ចំនួន​បាន​ស្រង់​បន្ទូល​​របស់​សម្ដេច​ក្រុមព្រះ ដោយ​បញ្ជាក់​ត្រឹម​ថា សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​ឮ​ថា​ព្រះមហាក្សត្រ​ចង់​អញ្ជើញ​មេដឹកនាំ​បក្ស​នយោបាយ​ទាំង​បី ឲ្យ​ផ្ដល់​គំនិត​ពី​បញ្ហា​ព្រំដែន ដើម្បី​ដោះស្រាយ​ជាមួយ​ប្រទេស​ជិត​ខាង។

ក្រៅ​ពី​នេះ​ទៀត ការ​បញ្ចេញ​ប្រតិកម្ម​របស់​ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន ព្រមាន​ធ្ងន់ៗ​ទៅ​សម្ដេច ក្រុមព្រះ​នេះ នៅ​ស្រប​ពេល​គណបក្ស​ប្រឆាំង កំពុងតែ​សើរើ​បញ្ហា​ព្រំដែន កម្ពុជា-វៀតណាម​ដ៏​ចម្រូង​ចម្រាស់​នា​ពេល​បច្ចុប្បន្ន៕

No comments: