A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 27 July 2015

ពលរដ្ឋ​នៅ​ស្រុក​រមាសហែក​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កាត់​ដី​រដ្ឋ​ជូន​អ្នក​ភូមិ​ដាំ​ដុះ​ចិញ្ចឹម​ជីវិត

ដោយ ថា កិត្យា
2015-07-26 rfa

១១-ឧសភា-២០១៤៖ ទី​រួម​ខេត្ត​ស្វាយរៀង។
RFA/Chum Rasy


ប្រជាពលរដ្ឋ​នៅ​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង ទាមទារ​ឲ្យ​រដ្ឋាភិបាល​កាត់​ដី​របស់​រដ្ឋ​ដែល​សម្បទាន​ឲ្យ​ក្រុមហ៊ុន​របស់​ឥណ្ឌា ដាំ​អំពៅ​តាំង​ពី​ឆ្នាំ​២០១០ នោះ មក​ឲ្យ​ពួក​គាត់​បង្កបង្កើនផល​ចិញ្ចឹម​ជីវិត​ឡើង​វិញ ខណៈ​ដែល​ក្រុមហ៊ុន​មិន​បាន​អភិវឌ្ឍ​តំបន់​នោះ​តាម​ការ​សន្យា​របស់​ខ្លួន។ អង្គការ​សង្គម​ស៊ីវិល​ថា អាជ្ញាធរ​គួរ​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ឆាប់ ដើម្បី​ជួយ​សង្គ្រោះ​សេដ្ឋកិច្ច​គ្រួសារ​ពួក​គាត់​ឡើង​វិញ។

ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​នៅ​ឃុំ​អំពិល និង​នៅ​ឃុំ​គគីរ ប្រមាណ ៧៧២​គ្រួសារ ក្នុង​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង ជាមួយ​ក្រុមហ៊ុន អិន.ខេ.វី (NKV) ដែល​ទទួល​សិទ្ធិ​វិនិយោគ​ដាំ​អំពៅ​លើ​ដី​របស់​រដ្ឋ​ទំហំ​ប្រមាណ ៨១៨​ហិកតារ​ក្នុង​រយៈពេល ៧០​ឆ្នាំ​នោះ បាន​អូស​បន្លាយ​អស់​រយៈពេល ៥​ឆ្នាំ​ទៅ​ហើយ មិន​ទាន់​មាន​ដំណោះស្រាយ​នោះ​ទេ។

តំណាង​ឲ្យ​ប្រជាពលរដ្ឋ​តវ៉ា​ទាំង​នោះ អ្នកស្រី ម៉ៅ បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​នៅ​តែ​ទទូច​ឲ្យ​រដ្ឋាភិបាល​កាត់​ដី​ដែល​រដ្ឋ​វិនិយោគ​ទៅ​ឲ្យ​ក្រុមហ៊ុន​របស់​ឥណ្ឌា មក​ឲ្យ​ពួក​គាត់​បង្កបង្កើនផល​សម្រាប់​ចិញ្ចឹម​ជីវិត​វិញ ព្រោះ​បច្ចុប្បន្ន​នេះ ជីវភាព​ពួក​គាត់​កាន់​តែ​ធ្លាក់​ដុនដាប៖ «ពួក​យើង​ទាមទារ​ចង់​ឲ្យ​រដ្ឋ​ដក​ដី​ពី​ក្រុមហ៊ុន​ឯកជន​នោះ មក​ពុះ​ចែក​ជូន​ប្រជាពលរដ្ឋ​វិញ ព្រោះ​ក្រុមហ៊ុន​នោះ​មិន​បង្កើត​ការងារ​ឲ្យ​អ្នក​ភូមិ​ធ្វើ​តាម​ការ​សន្យា​ឡើយ»។



ប្រជាពលរដ្ឋ​នៅ​ទីនោះ​រៀបរាប់​ថា ដី​នោះ​ពួក​គាត់​ធ្លាប់​ដាំ​ដុះ​អាស្រ័យ​ផល​ពី​ឆ្នាំ​១៩៨០ ដល់​ឆ្នាំ​១៩៨៤។ ក្រោយ​មក អាជ្ញាធរ​យក​ដី​នោះ​ទៅ​រក្សា​ទុក​ក្រោម​ហេតុផល​ថា ជា​សម្បត្តិ​របស់​រដ្ឋ។ ក្រោយ​មក​ទៀត អ្នក​ភូមិ​បាន​នាំ​គ្នា​តវ៉ា​កាន់​កាប់​លើ​ដី​នោះ​វិញ​ជា​បន្តបន្ទាប់ តាំង​ពី​ឆ្នាំ​១៩៩៧។ លុះ​ដល់​ចុង​ឆ្នាំ​២០១០ អាជ្ញាធរ​បាន​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ ហើយ​សម្បទាន​ដី​នៅ​តំបន់​នោះ​ទៅ​ឲ្យ​ក្រុមហ៊ុន អិន.ខេ.វី របស់​ឥណ្ឌា ក្នុង​រូបភាព​ដាំ​អំពៅ និង​បង្កើត​រោងចក្រ ដោយ​សន្យា​ថា​នឹង​ជួយ​អភិវឌ្ឍ​តំបន់​នោះ​ឲ្យ​រីក​ចម្រើន​លើ​គ្រប់​វិស័យ ដូចជា កសាង​សាលា​រៀន មន្ទីរពេទ្យ ផ្លូវ​ថ្នល់ ប្រព័ន្ធ​ភ្លើង ជាដើម តែ​ផ្ទុយ​ទៅ​វិញ ក្រុមហ៊ុន​នោះ​ពុំ​បាន​ធ្វើ​តាម​ការ​សន្យា​ឡើយ។ ពលរដ្ឋ​ក៏​មាន​មន្ទិល​សង្ស័យ​ថា ក្រុមហ៊ុន​ឥណ្ឌា ផ្ទេរ​សិទ្ធិ​ទៅ​ឲ្យ​ក្រុមហ៊ុន​វៀតណាម ដាំ​កៅស៊ូ និង​ដំឡូងមី​ទៀត​ផង។

ឆ្លើយ​តប​ចំពោះ​បញ្ហា​នេះ លោក អ៊ឹម សារី មេ​ឃុំ​អំពិល ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​ពលរដ្ឋ​ដែល​ថា ដី​នោះ​ក្រុមហ៊ុន​ឥណ្ឌា ផ្ទេរ​សិទ្ធិ​ទៅ​ឲ្យ​ក្រុមហ៊ុន​វៀតណាម។ យ៉ាង​ណា​ក្តី លោក​មេ​ឃុំ​បញ្ជាក់​ថា ដី​នោះ គឺ​រដ្ឋ​មិន​អាច​បែង​ចែក​ទៅ​ឲ្យ​ពលរដ្ឋ​នៅ​ទីនោះ​ឡើយ ដោយ​លើក​ហេតុផល​ថា បើ​ចែក​ក៏​មិន​គ្រប់​គ្នា​ដែរ ហើយ​មិន​អាច​បញ្ចប់​ទំនាស់​បាន​ទេ ពោល​គឺ​មាន​តែ​អាជ្ញាធរ​មូលដ្ឋាន ស្នើសុំ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ទាំង​នោះ​ទៅ​រស់នៅ​ខេត្ត​ផ្សេង៖ «រដ្ឋ​មិន​ព្រម​ប្រគល់​ដី​នោះ​តាម​ការ​ទាមទារ​ឡើយ។ រដ្ឋ​ឲ្យ​តែ​អ្នក​ទី​ទាល់ក្រ ប៉ុន្តែ​មិន​ឲ្យ​ដី​នោះ​ទេ គឺ​ឲ្យ​នៅ​ខេត្ត​ផ្សេង»។

កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា កន្លង​ទៅ ក្រុម​អ្នក​ភូមិ​ជាច្រើន​នាក់​បាន​រៀបចំ​ឡើង​ឡាន​មក​ដាក់​ញត្តិ​ជូន​រដ្ឋសភា នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​ពន្លឿន​ការ​ដោះស្រាយ​ទំនាស់​ដីធ្លី​នេះ​ដែរ ប៉ុន្តែ​ក្តី​ប្រាថ្នា​ត្រូវ​បញ្ចប់​ទៅ​វិញ ដោយសារ​អាជ្ញាធរ​មូលដ្ឋាន​រារាំង​មិន​ឲ្យ​ឡើង​មក​តវ៉ា​នៅ​ភ្នំពេញ​ដាច់​ខាត។

ស្រប​ពេល​គ្នា​នោះ ប្រជាពលរដ្ឋ​ក៏​មិន​ទទួល​យក​ការ​សម្រុះ​សម្រួល​របស់​អាជ្ញាធរ ដែល​ចង់​ឲ្យ​ពួក​គាត់​ទៅ​រស់នៅ​ខេត្ត​ផ្សេង​ដែរ ពោល​គឺ​ពួក​គាត់​ចង់​កាន់​កាប់​លើ​ដី​ដែល​ធ្លាប់​កាប់​ឆ្ការ និង​អាស្រ័យ​ពី​មុន​វិញ​ប៉ុណ្ណោះ។

ទាក់ទិន​បញ្ហា​នេះ​ដែរ មន្ត្រី​សម្រប​សម្រួល​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​ស្វាយរៀង លោក នុត ប៊ូពិនណារ័ត្ន មាន​ប្រសាសន៍​ថា ផ្ទៃដី​ដែល​មាន​ទំនាស់​នោះ រដ្ឋាភិបាល​គួរ​តែ​ពិនិត្យ​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​លឿន គឺ​ធ្វើ​យ៉ាង​ណា​កាត់​ដី​នោះ​ឲ្យ​ប្រជាពលរដ្ឋ​វិញ​ខ្លះ​ផង ព្រោះ​ដី​ខ្លះ​ពលរដ្ឋ​ធ្លាប់​កាន់​កាប់​តាំង​ពី​ឆ្នាំ​១៩៧៩ មក​ម្ល៉េះ៖ «រដ្ឋាភិបាល​គួរ​ណាស់​តែ​ពិចារណា​ទៅ​លើ​ក្រុមហ៊ុន​នោះ​ឡើង​វិញ ហើយ​ធ្វើ​តាម​អនុក្រឹត្យ​លេខ​០១ ដើម្បី​ឆ្កៀល​ដី​នោះ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​បាន​គ្រប់គ្រង​ឡើង​វិញ ដើម្បី​ជៀសវាង​កុំ​ឲ្យ​ពួក​គាត់​ទៅ​ធ្វើ​ការ​ចំណាក​ស្រុក ព្រោះ​ប៉ះពាល់​ដល់​គ្រួសារ​បែក​បាក់​គ្នា និង​ប៉ះពាល់​ដល់​សេរីភាព​នៃ​ការ​រស់នៅ​របស់​ពួក​គាត់»។

លោក​មេ​ឃុំ​អំពិល បញ្ជាក់​ថា ផ្ទៃដី​ជាង ៨០០​ហិកតារ ដែល​អ្នក​ភូមិ​តវ៉ា​នោះ ជាប់​ពាក់ព័ន្ធ​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន ៥​ភូមិ គឺ​ភូមិ​រមាសហែក ភូមិ​ស្រែឫស្សី ភូមិ​អំពិល ភូមិ​ស្រែពពេល ភូមិ​កំពង់ត្របែក ស្ថិត​ក្នុង​ឃុំ​គគីរ និង​ឃុំ​អំពិល ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង។ អ្នក​ភូមិ​កំពុង​ជ្រួល​ច្របល់ ហើយ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ដក​ដី​សម្បទាន​នោះ មក​ឲ្យ​ប្រជាពលរដ្ឋ​ដាំ​ដុះ​ចិញ្ចឹម​ជីវិត​វិញ៕

No comments: