A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 24 July 2015

Analysis: The same old strategy used by Cambodian politicians ​វិភាគ​៖ យុទ្ធសាស្ត្រ​ដដែលៗ​របស់​អ្នកនយោបាយ​ដដែលៗ​​

ដោយ៖​ ពៅ មេត្តា​ | ថ្ងៃពុធ ទី22 កក្កដា 2015, 

ស្តាប់សំឡេង៖​

ចម្លងទុក
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន(ឆ្វេង) និង​លោក សម រង្ស៊ី ប្រធានគណបក្ស​សង្គ្រោះជាតិ​
ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៥ គឺ​ខួប​១​ឆ្នាំ នៃ​កិច្ចព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជានិង​គណ​បក្ស​​សង្គ្រោះ​ជាតិជា​គណបក្ស​ដែល​ទទួល​អាសនៈ​នៅក្នុង​សភាក្នុង​អាណត្តិ​ទី​៥​។ 
កិច្ចព្រមព្រៀង​នយោបាយ​២២​កក្កដា គឺជា​ថ្ងៃ​បិទ​បញ្ចប់​ភាពជាប់គាំង​នយោបាយ នៅ​ដើម​អាណត្តិ​ទី​៥​រយៈពេល​១​ឆ្នាំ​​។​ 
​កិច្ចព្រមព្រៀង​នោះ​ក៏​ផ្តល់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិទទួលបាន​អាជ្ញាប័ណ្ណ​ទូរទស្សន៍​មួយ​ពី​ក្រសួង​ព័ត៌មាននិង​ការ​ដោះលែង​តំណាងរាស្ត្រ​៧​រូប ដែល​រង​ការចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​។​
​រយៈពេល​១​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​នយោបាយ​នេះ អ្នកវិភាគ​មួយ​ចំនួន​មើលឃើញ​លទ្ធផល​ថា បាន​ធ្វើឲ្យ​ស្ថានភាព​នយោបាយ​បាន​ធូរស្រាល បំពេញ​ឲ្យ​សភា​ស្រប​ច្បាប់  ​ការ​កែម​ទ្រង់គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត(គ​. ជ​. ប)ជាដើម​។​
ចំណែក​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្លាប់​អះអាងថាកិច្ចព្រមព្រៀង​២២​កក្កដា ឈាន​ដល់​វប្បធម៌​សន្ទនា​របស់​​មេដឹកនាំ​គណបក្ស​ទាំង​ពីរ ដែល​ឈាន​ដល់​ការដោះស្រាយ​បញ្ហាអន្តោប្រវេសន៍ បញ្ហា​ព្រំដែននិង​ប្រាក់ខែ​កម្ម​ករ​ជា​ដើម​។​

​ទោះយ៉ាងណា​ក៏​មាន​ការលើកឡើង​ថាទំនាក់​ទង​ផ្អែមល្ហែម​របស់​មេដឹកនាំ​គណបក្ស​ទាំង​ពីរ​គឺធ្វើឡើង​ដោយសារ​ភាពទាល់ច្រក ភាពមិនស្មោះត្រង់ ទើប​នាំ​ឲ្យ​បញ្ហា​សង្គម​ជាច្រើន​មិន​អាច​ដោះស្រាយបាន​។ ភាពទាល់ច្រក​របស់​​គ​ណ​បក្ស​ប្រជាជនកម្ពុជា​គឺ​ត្រូវការ​តំណាងរាស្ត្រ​៥៥​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិចូល​សភា ដើម្បី​បំពេញ​​ភាពស្របច្បាប់​របស់​សភានិង​រដ្ឋាភិបាល។ ចំណែក​ភាពទាល់ច្រក​របស់​គណ​បក្ស​សង្គ្រោះ​ជាតិគឺ​ការដឹក​នាំ​បាតុកម្ម​ជាតិ​១​ឆ្នាំ​មិន​អាច​ទទួល​ប​បាន​លទ្ធផល​ដូច​ការរំពឹងទុកគឺ​ការទាមទារ​រាប់​សន្លឹកឆ្នោត​ឡើងវិញ ការ​ទាម​​ទារ​ឲ្យ​បោះឆ្នោត​ឡើងវិញ ឬ​ទាមទារ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញ​ពី​តំណែង​ជាដើម​។​
​អ្នកវិភាគ​បញ្ហា​សង្គម លោក អ៊ូ វីរៈ លើកឡើងថា កិច្ច​ព្រមព្រៀង​២២​កក្កដា​ទទួលបាន​ផល​តិចតួច ដោយសារ​ភាគី​ទាំងពីរ​មិន​មាន​ភាពស្មោះត្រង់​ដាក់គ្នា​​។ 
​ក្នុង​រយៈពេល​១​ឆ្នាំ​កន្លងទៅនេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ជា​បន្តបន្ទាប់​លើ​គណបក្ស​សង្គ្រោះ​ជាតិ​ដូចជាការព្រមាន​ដកតំណែង​លោក កឹម សុខា ចេញ​ពី​អនុប្រធាន​ទី១​នៃ​រដ្ឋ​សភា ការព្រមាន​ចាត់កា​រលើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេងៗ​តាម​ផ្លូវ​ច្បាប់​ជាដើម ដោយ​ចោទ​ថាអ្នក​ទាំងនោះ​មិន​គោរព​កិច្ចព្រម​ព្រៀង​នយោបាយ​២២​កក្កដា​។ 
នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​ជា​បន្តបន្ទាប់ លោកនាយក​​រដ្ឋមន្ត្រី​បញ្ចេញ​សារ​ព្រមាន​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ថ្មី​ទៀត ពាក់ព័ន្ធ​រឿង​បញ្ហា​ព្រំដែន​កម្ពុជា​និង​វៀត​ណាម​។ លោកនាយក​រដ្ឋមន្ត្រី​ចោទតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ថាបង្ក​បញ្ហា​តាម​ព្រំដែន​ធ្វើឲ្យ​ខាត​ផល​ប្រយោជន៍ជាតិ​។​
ក្រោយ​ការព្រមាន​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​តុលាការ​បានចាប់ផ្តើម​ចោទប្រកាន់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​១១​រូប ដោយ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារច​ន្លោះ​ពី​៧​ទៅ​២០​ឆ្នាំ ពាក់ព័ន្ធ​ហិង្សា​​នៅ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៤។​
​ជាការ​រំឭក​ខួប​មួយ​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​នយោបាយ​នេះ មាន​ការចាប់ខ្លួន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​១១​នាក់​ឡើង​វិញ នៅថ្ងៃទី២១ខែកក្កដានេះ​​។ បើ​រំឭក​កាលពី​ព្រឹក​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៤ គឺ​តំណាងរាស្ត្រ​៧​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ស្ថិត​នៅក្នុង​ពន្ធនាគារ​ព្រៃ​ស​នៅឡើយ លុះដល់​ពេល​ល្ងាចថ្ងៃដដែល​ក្រោយ​កិច្ចព្រមព្រៀង​គណបក្ស​ទាំង​ពីរ​ទើប​តំណាង​រាស្ត្រ​ទាំង​៧​រូប​នោះ​ត្រូវ​ដោះលែង​។​
​បើទោះជា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ផ្សេងទៀតអះអាង​ជា​ញឹកញាប់​ថាតុលាការ​ឯករាជ្យមិន​ស្ថិត​នៅក្រោម​ឥទ្ធិពល​របស់​ខ្លួន​ក៏ដោយ ក៏​អ្នកវិភាគ​មួយចំនួន​លើកឡើងថា ចំណាត់ការ​ផ្លូវច្បាប់​លើ​មន្ត្រី​បក្សប្រឆាំង​ជាថ្មីទៀត​នេះគឺ​រង​ឥទ្ធិពល​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដោយសារ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​សកម្មភាព​តវ៉ា​ខ្លាំងរឿង​បញ្ហា​ព្រំដែន​។​
​សកម្មភាព​ពេល​ឡើង​កម្តៅ​នយោបាយ តុលាការ​ចាត់កា​រលើ​មន្ត្រី​បក្សប្រឆាំង ក្រោយមក​ចរចា​ទម្លាក់​ការចោទប្រកាន់​​នោះមិនមែន​ជា​រឿង​ថ្មី​ចម្លែក​ទេ គឺ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បច្ចុប្បន្នក៏​រង​ការចោទប្រកាន់​ពី​តុលាការ​ជា​បន្តបន្ទាប់​ដែរ តែ​លោក​មិន​ដែល​ជាប់​ពន្ធនាគារ​ម្តង​ឡើយ គឺ​ក្រោយ​និរទេស​ខ្លួន​ទៅ​ក្រៅប្រទេស បន្ទាប់​មក​ចរចា ហើយក៏​ទទួលបាន​ការលើកលែង​ទោស​។​
​ស្ថាបនិក​បណ្តាញ​សង្គម លោក សាម អ៊ី​ន មើលឃើញថា លោក សម រង្ស៊ី និង​លោក ហ៊ុន សែន តែង​ប្រើ​យុទ្ធសាស្ត្រ​​នយោបាយ​ដដែល​របៀបនេះ​។ លោក​ថា​៖ “​រឿង​នេះ​ដូចជា​មិន​ចំឡែក​ទេ សម្រាប់​ពួកគាត់​ទាំងពីរ ល្បែង​នយោ​បាយ ដែល​ពួកគាត់​លេង​ហ្នឹង ទី​១ ម្ខាង​ចូលចិត្ត​ធ្វើ​អ្វី​ដើម្បី​តែ​ប្រជាប្រិយភាព ហើយ​ម្ខាង​ទៀត​គាត់​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​សម្លុត គំរាម ដើម្បី​ដាក់​សម្ពាធ​។ ដូច្នេះ​រឿង​ហ្នឹង វា​ដូចជា​ម្ភៃ សាមសិប​ឆ្នាំ​នៅតែ​អ៊ីចឹង​”​ ។​
លោក អ៊ូ វីរៈ ហៅ​ឥរិយាបថ​នយោបាយ​ដដែល​នេះ ជាក​ត្តាធ្វើ​សង្គម​ជួប​ភាពស្មុគស្មាញ​មិន​អាច​ទទួលបាន​កា​ររីកចម្រើន​។ លោក​បញ្ជាក់ថា​៖ “​ស្ថានភាព​នយោបាយ​អត់​ទៅ​មុខ គឺ​សង្គម​មិន​អាច​ទៅមុខ​ទេ​។ ឥឡូវនេះ​ឧទាហរណ៍​ថា វប្បធម៌​សន្ទនា មានបាន​ចរចា និង​ជជែក​គ្នា​រឿង​អយុត្តិធម៌​នៅក្នុង​ដីធ្លី មាន​បាន​ដោះស្រាយ​ឯណា​ទាក់ទង​រឿង​ព្រៃឈើ ទាក់ទង​រឿង​ពុករលួយ ទាក់ទង​រឿង​តុលាការ​អត់​ឯករាជ្យ មានបាន​សន្ទនា​គ្នា​ឯណា សន្ទនា​តែ​ពី​រឿង​អំណាច​គ្នា​ទៅវិញទៅមក រវាង​គណបក្ស​ទាំង​ពីរ​ហ្នឹង​”​ ។​
​អ្នកវិភាគ​លោក អ៊ូ វីរៈ និង​លោក សាម អ៊ីន រិះគន់​អ្នកនយោបាយ​ខ្មែរ​ធ្វើ​សកម្មភាព​គ្មាន​ភាពស្មោះត្រង់ គឺ​ក្នុង​គោល​បំណង​ធ្វើឲ្យ​គូប្រជែង​ចុះខ្សោយ ហើយ​ខ្លួន​ទទួលបាន​ប្រជាប្រិយភាព ខណៈ​អ្នកនយោបាយ​នៅ​ប្រទេស​ជឿនលឿន​មាន​គោលនយោបាយ មាន​ទស្សនវិស័យ​ច្បាស់លាស់ ដើម្បី​ឲ្យ​ជាតិ​គេ​រីកចម្រើន​។ 
​អ្នកនយោបាយ​នៅក្នុង​ប្រទេស​ជឿនលឿន គេ​ដាក់​គោលនយោបាយ ដើម្បី​ឲ្យ​ប្រទេស​មាន​ឥទ្ធិពល​ក្នុង​តំបន់ ក្នុង​ពិភពលោក និង​ពេលខ្លះ​មាន​ការប្រកួតប្រជែង​ឥទ្ធិពល​នៅ​លើ​ភព​ព្រះ​ចន្ទនិង​ភព​ផ្សេងៗ​ទៀត​ផង​ដែរ​។ តែ​អ្នកនយោបាយ​ខ្មែរ បែរ​ជា​អួតអាង​ពី​ការ​ប្រើល្បិច​បំបែកបំបាក់​គូប្រជែង ល្បិច​សាម​កុក ឬ​បរិហារ​រឿងរ៉ាវ​ជា​លក្ខណៈ​បុគ្គល ដើម្បី​ចំណេញ​នយោបាយ​ទៅវិញ ខណៈ​បញ្ហា​ក្នុង​សង្គម​រាប់រយ​ជំពូក​កំពុង​អង្គុយចាំ​អ្នក​មាន​សមត្ថភាព​ដោះស្រាយ​៕

​សូម​សរសេរ​មក​លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

No comments: