Read here about Tea Banh's brother, Admiral Tea Vinh, using naval boats to smuggle workers and construction material in and out of Thailand.
លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ បានមានប្រសាសន៍ប្រាប់បណ្តាញសារព័ត៌មាននាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៥នេះថា លោកបានដឹងរឿងមានគេបើកបនល្បែងស៊ីសងនៅលើនាវាយោធាជើងទឹក ឋិតលើមាត់ទន្លេសាប ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយលោកបានឲ្យកម្លាំងចុះតាមដានទីតាំងបើកបនល្បែងស៊ីសងនោះហើយ ដើម្បីឈានទៅធ្វើការបង្ក្រាប ។
ប្រភពព័ត៌មានពីអ្នកធ្លាប់ទៅចូលលេងល្បែងស៊ីសងនៅទីនោះ បានបង្ហើបប្រាប់ថា មេបើកបនល្បែងស៊ីសងនៅលើនាវាយោធាជើងទឹកអង្គភាពមូលដ្ឋានបឹងទន្លេសាបនៅរាជធានីភ្នំពេញ មានឈ្មោះ សួរ ហៅ "កំពង់ធំ" ។ លោក សួរ ហៅ "កំពង់ធំ" គាត់ហ៊ានចំណាយប្រាក់យ៉ាងច្រើនទៅលើសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសទៅលើមេអង្គភាពយោធាជើងទឹកមូលដ្ឋានបឹងទន្លេសាប ចំណុះឲ្យបញ្ជាការដ្ឋានកងទ័ពជើងទឹក ទើបគាត់អាចមានលទ្ធភាពថ្លើមពាសមេឃហ៊ានបើកបនល្បែងស៊ីសងនៅលើនាវាយោធាជើងទឹកបានយ៉ាងហ៊ឺហា ។
ដោយឡែក លោក សួរ ហៅ "កំពង់ធំ" បាននិយាយប្រាប់បណ្តាញសារព័ត៌មានតាមទូរស័ព្ទកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៥ម្សិលមិញថា "ខ្ញុំបើកគ្រាន់តែជាល្បែងស៊ីសងតូចតាចប៉ុណ្ណោះ ។ បើមិនបើកទីនេះទេ ក៏គង់គេទៅលេងនៅកាស៊ីណូអស់ដែរ ។ ដូច្នេះ ការបើកនេះគ្រាន់បានប្រមូលលុយកាក់បន្តិចបន្តួចសម្រាប់ចាត់ចែងជួយកម្លាំងកងទ័ពប៉ុណ្ណោះ ។ " (Sic!) ។
ទោះយ៉ាងណាក៏ដោយ មជ្ឈដ្ឋានទូទៅ ជាពិសេសមជ្ឈដ្ឋានមានជំនាញខាងសន្តិសុខការពារជាតិ បានលើកឡើងថា កិច្ចការសន្តិសុខ និងការពារជាតិ គឺជាកិច្ចការសម្ងាត់ សូម្បីទីតាំងទ័ព និងសម្ភារៈទ័ពក៏មិនអាចអនុញ្ញាតឲ្យមនុស្សនានាចេញ-ចូល និងប្រើប្រាស់រហេតរហូតស្រេចនឹងចិត្តបានឡើយ ហើយក្នុងករណីនេះ គឺទីតាំង និងនាវាយោធាជើងទឹកកម្ពុជានៃអង្គភាពមូលដ្ឋានបឹងទន្លេសាបទាំងមូល បែរជាគេយកទៅធ្វើជាទីតាំងបើកបនល្បែងស៊ីសង មានមនុស្សចេញ-ចូលហូរហែទៅវិញ ដែលបង្ហាញឲ្យឃើញថា ទីតាំងកងទ័ពជើងទឹកកម្ពុជាមូលដ្ឋានបឹងទន្លេសាប គ្មានសុវត្ថិភាព និងមានភាពរហេមរហាមជ្រុល ។ ដូច្នេះ សូមឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម នាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក ដែលត្រូវជាបងប្អូនបង្កើតនឹងគ្នានោះ មេត្តាត្រួតពិនិត្យមើល និងមានវិធានការឲ្យបានតឹងរ៉ឹងផង កុំឲ្យសម្តេចអគ្គមហាសេនាបតីតេជោ បណ្ឌិតសភាចារ្យ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ហៅបុរសខ្លាំង ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អាម៉ាស់មុខលើផ្ទៃរាបជាតិ និងអន្តរជាតិខ្លាំងពេក ៕
No comments:
Post a Comment