2015-05-03 RFA
យុវជនជាច្រើនបានបង្ហាញឆន្ទៈចូលរួមលុបបំបាត់វប្បធម៌និទ្ទណ្ឌភាព ឬការរួចផុតពីការដាក់ទណ្ឌកម្មនៅក្នុងសង្គមកម្ពុជា។ ការបង្ហាញឆន្ទៈនេះ ធ្វើឡើងក្នុងវេទិកាយុវជនស្ដីពីឥទ្ធិពលនៃនិទ្ទណ្ឌភាពក្នុងប្រវត្តិសាស្ត្រកម្ពុជា នៅថ្ងៃទី៣ ឧសភា នៅសាកលវិទ្យាល័យហ្សាម៉ាន់ (Zaman) ដោយមានអ្នកចូលរួមប្រមាណ ៣០០នាក់។ វាគ្មិនដែលបានចូលរួមក្នុងវេទិកានេះលើកឡើងថា យុវជនជាច្រើនបានចាប់ផ្ដើមខ្វាយខ្វល់ និងចូលរួមដោះស្រាយបញ្ហានៅក្នុងសង្គម។
ទោះបីជាកម្ពុជា បានហែលឆ្លងកាត់របបនយោបាយជាច្រើនសម័យកាលក៏ដោយ ប៉ុន្តែវប្បធម៌និទ្ទណ្ឌភាពនៅតែបន្តរហូតដល់ពេលបច្ចុប្បន្ននេះ ជាពិសេសទន្ទឹមនឹងការអភិវឌ្ឍប្រទេសកម្ពុជា នៅតែជួបនឹងបញ្ហានិទ្ទណ្ឌភាពជាច្រើនដែលមិនទាន់ដោះស្រាយ។
ប្រការនេះហើយ ទើបបានជាយុវជនកម្ពុជា ជាច្រើន បានបង្ហាញឆន្ទៈចូលរួមលុបបំបាត់វប្បធម៌និទ្ទណ្ឌភាពនៅក្នុងសង្គមកម្ពុជា និងប្ដេជ្ញាមិនដើរជាន់ដានប្រវត្តិសាស្ត្រនាពេលអនាគត។
នៅក្នុងវេទិកាយុវជនស្ដីពីឥទ្ធិពលនៃនិទ្ទណ្ឌភាពនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា រៀបចំឡើងដោយអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) នៅថ្ងៃទី៣ ឧសភា នាសាកលវិទ្យាល័យហ្សាម៉ាន់ យុវជន អៀប អូន បាននិយាយថា នៅក្នុងសង្គមកម្ពុជា បច្ចុប្បន្ននេះ បញ្ហានិទ្ទណ្ឌភាពហាក់មានការកើនឡើងគួរឲ្យកត់សម្គាល់។ លោកបន្តថា នឹងយកអ្វីដែលបានដឹងក្នុងវេទិកាយុវជននេះ ទៅបញ្ជ្រាបដល់អ្នកដទៃទៀត ដើម្បីចូលរួមលុបបំបាត់វប្បធម៌និទ្ទណ្ឌភាពនៅកម្ពុជា៖ «អ្វីដែលខ្ញុំកត់សម្គាល់ និទ្ទណ្ឌភាពនៅកម្ពុជា ជាពិសេសក្នុងបរិបទនៃការដឹកនាំរបស់រដ្ឋាភិបាលយើងបច្ចុប្បន្ន គឺមានការកើនឡើងខ្លាំងមែនទែន។ ដូច្នេះ ខ្ញុំមកសិក្សាបន្ថែមនេះ គឺដើម្បីជាចំណេះដឹងមួយសម្រាប់ផ្សព្វផ្សាយបន្ត ហើយចូលរួមលុបបំបាត់និទ្ទណ្ឌភាពនៅកម្ពុជា នាពេលខាងមុខ»។
ឆ្លើយតបនឹងសំណួរយុវជន វាគ្មិន លោក ឡៅ ម៉ុងហៃ ទីប្រឹក្សាអនុប្រធានទី១ នៃរដ្ឋសភា បានអះអាងថា សម័យកាលដែលមានបញ្ហានិទ្ទណ្ឌភាពដែលកើតឡើងច្រើនជាងគេនោះ គឺចាប់ពីឆ្នាំ១៩៩៣ រហូតដល់សព្វថ្ងៃនេះ។
នៅក្នុងវេទិកានេះ យុវតី ធាវី បាននិយាយថា ខ្លួនពិតជាមិនចង់ឲ្យវប្បធម៌និទ្ទណ្ឌភាពនៅតែបន្តលងបន្លាចកម្ពុជា រហូតនោះទេ។
យុវជនជាច្រើនចូលរួមវេទិការបស់អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន នៅពេលដែលអង្គការនេះបើកវេទិកាជួបជុំ ដោយលើកយកប្រធានបទទាក់ទងនឹងបញ្ហាសង្គម។
ប៉ុន្តែបែបនេះក្តី លោក ហង់ សូវៀត មន្ត្រីកម្មវិធីពង្រឹងសិទ្ធិអំណាចយុវជន ដើម្បីសមធម៌សង្គមនៃអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន បានលើកឡើងថា អង្គការរបស់លោកមានបញ្ហាប្រឈមក្នុងការស្វែងរកទីតាំងដើម្បីធ្វើវេទិកាយុវជន ដោយសារម្ចាស់សាល ឬម្ចាស់ជួលកន្លែង មិនចង់ជួលឲ្យឡើយ ដោយសារបារម្ភពីផលប៉ះពាល់ក្រោយវេទិកានេះបិទបញ្ចប់ទៅ៖ «ការរៀបចំកម្មវិធីរបស់ វ៉ាយ.អ.ឌី.ភី (YRDP) ពេលខ្លះពិបាកនៅក្នុងការរកទីតាំងជួល ព្រោះប្រធានបទដែលយើងដាក់ទៅនឹង គឺពាក់ព័ន្ធបញ្ហាសង្គម និងផលប៉ះពាល់ទៅដល់យុវជនជាដើម ដែលម្ចាស់សាល ឬម្ចាស់កន្លែងជួល គាត់បារម្ភពាក់ព័ន្ធនឹងរឿងនយោបាយ»។
យ៉ាងណាក៏ដោយចុះ វាគ្មិននៅក្នុងវេទិកានេះបានបញ្ជាក់ថា ដើម្បីលុបបំបាត់និទ្ទណ្ឌភាពនៅកម្ពុជា នោះ គឺត្រូវពង្រឹងនីតិរដ្ឋ។ ម្យ៉ាងវិញទៀត អ្នកដែលមិនរងទុក្ខទោសពីអំពើនិទ្ទណ្ឌភាព ត្រូវតែចូលរួមជាមួយអ្នកដែលរងគ្រោះដោយអំពើនិទ្ទណ្ឌភាព។
វាគ្មិនដែលបានចូលរួមក្នុងវេទិកានេះដែរ លោក សួន ប៊ុនសក្តិ ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រព្រឹត្តិកម្មការពារសិទ្ធិមនុស្សកម្ពុជា បានថ្លែងឲ្យដឹងដែរថា សព្វថ្ងៃនេះ យុវជនកម្ពុជា ហាក់ដូចជាចាប់អារម្មណ៍ចំពោះកិច្ចការសាធារណៈ និងបញ្ហារបស់សង្គម។ លោកបញ្ជាក់ថា ទីណាដែលមាននិទ្ទណ្ឌភាព ទីនោះគ្មានឡើយយុត្តិធម៌។ ដូច្នេះ សង្គមនោះនឹងមិនមានសុខសន្តិភាពឡើយ៖ «និយាយពីរឿងនិទ្ទណ្ឌភាពនៅកម្ពុជា នៅទីណាក៏ដោយ គឺសង្គមនោះនឹងមានចលាចល។ មួយទៀតនោះ និទ្ទណ្ឌភាព គឺនាំឲ្យមានរឿងអយុត្តិធម៌ អ៊ីចឹងហើយបានគេនិយាយថា កាលណាមាននិទ្ទណ្ឌភាព វាមានអយុត្តិធម៌ ហើយបើកាលណាមានអយុត្តិធម៌ហើយ វាគ្មានទេសេចក្តីសុខ»។
គិតចាប់ពីរបបកម្ពុជាប្រជាធិបតេយ្យ បញ្ហានិទ្ទណ្ឌភាពបានបង្ហាញឲ្យឃើញមិនអាចបំភ្លៃបាន។ ថ្នាក់ដឹកនាំកម្មាភិបាលខ្មែរក្រហម បានសម្លាប់ប្រជាជនខ្មែរប្រមាណ ១លាន ២សែននាក់ ប៉ុន្តែមានតែមេដឹកនាំជាន់ខ្ពស់តែប៉ុន្មានរូបប៉ុណ្ណោះ ត្រូវបាននាំយកមកជំនុំជម្រះដោយអង្គជំនុំវិសាមញ្ញ នៃតុលាការកម្ពុជា។ នៅក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ក្នុងផែនការ “ក៥” ប្រជាជនជាច្រើនម៉ឺននាក់ ត្រូវបានក្រុមរដ្ឋាភិបាលបង្ខំឲ្យទៅកាប់ព្រៃនៅភាគខាងលិចនៃប្រទេស។ កាលនោះ មនុស្សជាច្រើនបានស្លាប់ដោយគ្រាប់មីន និងជំងឺគ្រុនចាញ់ ហើយពុំមានការកាត់ទោសណាមួយចំពោះបទឧក្រិដ្ឋនេះឡើយ។ វប្បធម៌និទ្ទណ្ឌភាពនៅតែមិនអាចបញ្ចប់ និងបានបន្តរហូតដល់បច្ចុប្បន្ន។
របាយការណ៍ស្រាវជ្រាវរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចេញផ្សាយកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៥ បានបង្ហាញថា សកម្មជនបក្សប្រឆាំង សកម្មជនបរិស្ថាន អ្នកសារព័ត៌មាន អ្នកដឹកនាំសហជីព ត្រូវបានសម្លាប់ ហើយក្នុងករណីខ្លះ ឃាតកត្រូវបានគេស្គាល់ ប៉ុន្តែពុំត្រូវបានស៊ើបអង្កេតចោទប្រកាន់ ឬដាក់ទោសឡើយ។ អំពើនិទ្ទណ្ឌភាពទាំងនោះ រួមមាន ករណីអតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត បាញ់កម្មការិនី ៣នាក់ឲ្យរងរបួស ប៉ុន្តែតុលាការ និងអាជ្ញាធរពាក់ព័ន្ធ នៅតែមិនទាន់នាំខ្លួនជនដៃដល់មកផ្ដន្ទាទោសតាមច្បាប់។ ករណីកម្មករស្លាប់ក្នុងហេតុការណ៍សមត្ថកិច្ចប្រើហិង្សាបាញ់បង្ក្រាបការតវ៉ាលើផ្លូវវ៉េងស្រេង និងករណីបាញ់សម្លាប់ លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ និងករណីសម្លាប់អ្នកកាសែតមួយចំនួនក្នុងពេលថ្មីៗនេះ ក៏នៅតែមិនទាន់ត្រូវបានធ្វើការស៊ើបអង្កេតនៅឡើយ៕
1 comment:
Please watch this video:
https://www.youtube.com/watch?v=vP77orAyr-I
Post a Comment