A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 12 May 2015

អាមេរិក​ប្រគល់​​បដិមា​​ហនុមាន​មក​ឲ្យ​កម្ពុជា​​ផ្លូវការ


ដោយ ថា កិត្យា
2015-05-12
ពិធី​ស្វាគមន៍​នៃ​​ការ​មក​ដល់​នូវ​រូប​សំណាក​ហនុមាន សតវត្ស​ទី​១០ នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១២ ឧសភា ឆ្នាំ​២០១៥។
RFA/Tha Kitya

សហរដ្ឋអាមេរិក ប្រគល់​រូប​បដិមា​ហនុមាន​សតវត្ស​ទី​១០ មក​ឲ្យ​កម្ពុជា ជា​ផ្លូវការ​វិញ​ហើយ នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា បន្ទាប់ពី​សារមន្ទីរ​មួយ​នៅ​អាមេរិក ទិញ​រូប​បដិមា​នេះ​ពី​ឈ្មួញ​អស់​រយៈពេល​ជាង ៣០​ឆ្នាំ។ មន្ត្រី​រដ្ឋាភិបាល​ថា នឹង​ដាក់​តាំង​រូប​បដិមា​នេះ​នៅ​សារមន្ទីរ​ជាតិ បន្ទាប់​ពី​ជួសជុល​ឡើង​វិញ​រួច។

រូប​បដិមា​ហនុមាន​សតវត្ស​ទី​១០ ដែល​សារមន្ទីរ​វិចិត្រ​សិល្បៈ ក្លីវវឺឡែន (The Cleveland Museum of Art) របស់​សហរដ្ឋអាមេរិក បាន​ទិញ​ពី​ឈ្មួញ​កាល​ពី​ឆ្នាំ​១៩៨២ នោះ ត្រូវ​បាន​ប្រគល់​មក​ដល់​ដៃ​រដ្ឋាភិបាល​កម្ពុជា វិញ​ហើយ នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា។

រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ច័ន្ទ តានី ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្នុង​សន្និសីទ​កាសែត​ក្រោយ​ពិធី​ស្វាគមន៍​រូប​បដិមា​បាន​បញ្ចប់​ទៅ​នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ថា ការ​ប្រគល់​បដិមា​ហនុមាន​នេះ​មក​កម្ពុជា ដោយ​ផ្អែក​លើ​ព័ត៌មាន​ថ្មីៗ អំពី​ប្រភព​នៃ​រូប​បដិមា​ហនុមាន​ដែល​ផ្តល់​ដោយ​ប្រទេស​កម្ពុជា និង​ដោយ​យោង​លើ​ការ​ស្រាវជ្រាវ​របស់​ប្រទេស​កម្ពុជា អំពី​ប្រវត្តិសាស្ត្រ​នៃ​រូប​នេះ។


លោក​បញ្ជាក់​ថា ក្រោយ​ពី​ទទួល​បដិមា​នេះ កម្ពុជា​នឹង​រៀបចំ​កសាង​ឡើង​វិញ​នូវ​រូប​បដិមា​ជា​ច្រើន​ដែល​ស្ថិត​នៅ​ច្រក​ខាង​កើត​ប្រាសាទ​ចិន​នៃ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​កោះកេរ៖ «វប្បធម៌​សំខាន់​ណាស់​សម្រាប់​ប្រទេស​នីមួយៗ បើ​ប្រទេស​គ្មាន​វប្បធម៌​ទេ​នោះ គ្មាន​អ្វី​ចង​យើង​បាន​ទេ។ យើង​ជា​ព្រលឹង​របស់​ជាតិ​យើង ហើយ​រូប​ចម្លាក់​បុរាណ​ដែល​ចេញ​ទៅ​នេះ ជា​ព្រលឹង​ដែល​បាត់​ខ្លះ។ ដូច្នេះ​យើង​យក​ព្រលឹង​របស់​យើង​មក​វិញ ដើម្បី​ចងក្រង​វប្បធម៌​របស់​យើង​អោយ​បាន​ខ្ពស់​ត្រដែត​ដូច​ពី​ដើម»។

រូប​ហនុមាន​នេះ ត្រូវ​បាន​កសាង​ឡើង​អំពី​ថ្មភក់ ក្នុង​សតវត្ស​ទី​១០ ក្នុង​ស្ថានភាព​អង្គុយ​លុតជង្គង់ ដោយ​មាន​ដង​ខ្លួន​ជា​មនុស្ស ប៉ុន្តែ​ក្បាល​ជា​សត្វ​ស្វា។ រូប​បុរាណ​មួយ​នេះ នឹង​ដាក់​តាំង​នៅ​សារមន្ទីរ​ជាតិ​ក្រុង​ភ្នំពេញ បន្ទាប់​ពី​ជួសជុល​ឡើង​វិញ​ដោយ​ត្រូវ​ការ​ពេល​វេលា​មួយ​ឆ្នាំ។

លោក វីល្លៀម  គ្រីសវូល (William M. Griswold) អភិបាល​នៃ​សារមន្ទីរ​វិចិត្រ​សិល្បៈ ក្លីវវឺឡែន បាន​ឲ្យ​ដឹង​ថា ការ​ប្រគល់​រូប​បដិមា​នេះ ដើម្បី​កិច្ច​សហការ​យូរ​អង្វែង​ជាមួយ​គ្នា និង​បង្ហាញ​ការ​គាំទ្រ​ចំពោះ​គម្រោង​កសាង​ឡើង​វិញ​នូវ​ប្រាសាទ​កោះកេរ​ខ្មែរ។

ចាប់​តាំង​ពី​ឆ្នាំ​២០១៣ មក សហរដ្ឋអាមេរិក​បាន​ប្រគល់​រូប​បដិមា​ចំនួន ៦​មក​កម្ពុជា​វិញ បន្ទាប់​ពី​មាន​ការ​ចរចា​គ្នា និង​តតាំង​តាម​ផ្លូវ​ច្បាប់។ រូប​បដិមា​ទាំង​នេះ រួម​មាន​រូប​បដិមា​ទុរយោទ្ធន៍ ដែល​បាន​មក​ពី​សារមន្ទីរ ស៊ុតប៊ីស៍ (Sotheby) ក្រុង​ញីវយ៉ក។ រូប​បដិមា ភីម មក​ពី​សារមន្ទីរ ន័រតុន ស៊ីមុន (Norton Simon) ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា (California)។ រូប​បដិមា ពលរាម មក​ពី​សារមន្ទីរ គ្រីសធី (Christie) ក្រុង​ញីវយ៉ក។ រូប​បដិមា ២​ទៀត ជា​រូប​ទ្វារបាល ឬ​ឆ្មាំ​ទ្វារ​លុតជង្គង់​ធ្វើ​អំពី​ថ្មភក់ មក​ពី​សារមន្ទីរ ម៉េត្រូប៉ូលីថេន (Metropolitan) ក្រុង​ញីវយ៉ក ហើយ​ចុង​ក្រោយ​នេះ គឺ​បដិមា​ហនុមាន ត្រឡប់​មក​ពី​សារមន្ទីរ​វិចិត្រ​សិល្បៈ ក្លីវវឺឡែន។ រូប​ចម្លាក់​បុរាណ​ទាំង ៦​អង្គ​នេះ ត្រូវ​បាន​គេ​លួច​យក​ចេញ​ពី​ប្រាសាទ​កោះកេរ កាល​ពី​ទសវត្ស​ឆ្នាំ​៧០ ដូច​គ្នា។

យ៉ាង​ណា​ក៏ដោយ លោក ច័ន្ទ តានី អះអាង​ថា នៅ​មាន​រូបចម្លាក់​បុរាណ​ខ្មែរ​ជា​ច្រើន​ទៀត​កំពុង​ដាក់​បង្ហាញ​នៅ​តាម​សារមន្ទីរ​នានា​ក្នុង​សហរដ្ឋអាមេរិក។ បច្ចុប្បន្ន មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ស្នើ​សុំ​ឲ្យ​សារមន្ទីរ​ទាំង​ឡាយ និង​កន្លែង​ប្រមូល​ផ្តុំ​វត្ថុ​បុរាណ​ឯកជន​នៅ​សហរដ្ឋអាមេរិក ពិចារណា​ប្រគល់​វត្ថុ​បុរាណ​ទាំង​ឡាយ​របស់​កម្ពុជា ដែល​ត្រូវ​បាន​លួច​ក្រោយ​ឆ្នាំ​១៩៧០ ទៅ​កម្ពុជា​វិញ។ ក្នុង​នោះ​រួម​មាន​រូប​បដិមា​ព្រះរាម កំពុង​ដាក់​តាំង​នៅ​សារមន្ទីរ​នៅ​ទីក្រុង ដេនវើ (Denver) ជាដើម។

យោង​តាម​អនុសញ្ញា​ស្ដីពី​ការ​ហាមឃាត់ និង​ការពារ​មិន​ឲ្យ​មាន​ការ​នាំ​ចេញ និង​ការ​នាំ​ចូល​វត្ថុបុរាណ​របស់​អង្គការ​អប់រំ​វិទ្យាសាស្ត្រ និង​វប្បធម៌​នៃ​អង្គការ​សហប្រជាជាតិ ហៅ​កាត់​ថា យូណេស្កូ (UNESCO) ឆ្នាំ​១៩៧០ បង្ហាញ​ថា រាល់​វត្ថុ​បុរាណ​ទាំង​ឡាយ​ត្រូវ​ប្រគល់​ជូន​ប្រទេស​ម្ចាស់​ដើម​វិញ។

អនុសញ្ញា​ស្ដីពី​ការ​ហាមឃាត់ និង​ការពារ​មិន​ឲ្យ​មាន​ការ​នាំ​ចេញ និង​ការ​នាំ​ចូល​វត្ថុ​បុរាណ​របស់​អង្គការ​អប់រំ​វិទ្យាសាស្ត្រ និង​វប្បធម៌​នៃ​អង្គការ​សហប្រជាជាតិ ហៅ​កាត់​ថា យូណេស្កូ (UNESCO) ឆ្នាំ​១៩៧០ បង្ហាញ​ថា រាល់​វត្ថុបុរាណ​ទាំង​ឡាយ​ត្រូវ​ប្រគល់​ជូន​ប្រទេស​ម្ចាស់​ដើម​វិញ។ ប្រទេស​ជា​ហត្ថលេខី​ដែល​ទទួល​ស្គាល់​អនុសញ្ញា​នេះ​សរុប​ចំនួន ១២៨​ប្រទេស។ ក្នុង​នោះ កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​ហត្ថលេខី​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​១៩៧២ ចំណែក​សហរដ្ឋអាមេរិក បាន​ទទួល​យក​អនុសញ្ញា​នេះ នៅ​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​១៩៩៣៕​

No comments: