A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 16 May 2015

បក្ស​សង្គ្រោះ​ជាតិ​នឹង​យក​កង្វល់​អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​ឃុំ​រកា​ទៅ​ជជែក​ជាមួយ​រដ្ឋាភិបាល



ដោយ យាង សុជាមេត្តា
2015-05-15
អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត នៅ​មុខ​ពន្ធនាគារ​ព្រៃស នៅ​ថ្ងៃ​ទី​១៧ វិច្ឆិកា ២០១៤។
 RFA/Tin Zakariya

អនុប្រធាន​ទី​១​រដ្ឋ​សភា និង​ជា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អះអាង​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​លើក​យក​កង្វល់ និង​ទុក្ខ​លំបាក​របស់​ពលរដ្ឋ​ផ្ទុក​មេរោគ​អេដស៍​នៅ​ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង ទៅ​ជជែក​ជាមួយ​រដ្ឋាភិបាល​ដើម្បី​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​អំពី​ជីវិត​រស់​នៅ​របស់​ពលរដ្ឋ​ផ្ទុក​មេរោគ​អេដស៍​នៅ​ទី​នោះ។

ការ​ថ្លែង​របស់​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដូច​នេះ ធ្វើ​ឡើង​ក្នុង​ពេល​ដែល​លោក និង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ចំនួន​ទៀត បាន​ចុះ​ទៅ​សួរ​សុខ​ទុក្ខ​ពលរដ្ឋ​ផ្ទុក​មេរោគ​អេដស៍​នៅ​ឃុំ​រកា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​ឧសភា។

លោក កឹម សុខា ដែល​បាន​សម្ដែង​នូវ​ក្ដី​រន្ធត់ និង​សោកស្ដាយ​ចំពោះ​ករណី​ឆ្លង​មេរោគ​អេដស៍​នៅ​ឃុំ​រកា នោះ បាន​ថ្លែង​ប្រាប់​ពលរដ្ឋ​រង​គ្រោះ​ថា លោក​នឹង​ស្នើ​ឲ្យ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ក្រុម​តំណាងរាស្ត្រ​ភាគ​តិច​នៅ​រដ្ឋ​សភា លើក​យក​បញ្ហា​របស់​ពលរដ្ឋ​ផ្ទុក​មេរោគ​អេដស៍​នៅ​ឃុំ​រកា ទៅ​ជជែក​ជាមួយ​ដៃគូ​សន្ទនា​របស់​លោក គឺ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ឲ្យ​រដ្ឋាភិបាល​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់ និង​ជួយ​ផ្ដល់​បន្ថែម​នូវ​អាហារូបត្ថម្ភ​ដល់​ពលរដ្ឋ​រង​គ្រោះ ដើម្បី​ឲ្យ​ពួកគេ​មាន​កម្លាំង​មាំមួន​ក្នុង​ការ​បន្ត​ជីវិត​រស់​នៅ​ឲ្យ​កាន់តែ​វែង​ត​ទៅ​ទៀត។


លោក កឹម សុខា មាន​ប្រសាសន៍​ថា ដើម្បី​អាច​ឲ្យ​ពលរដ្ឋ​រងគ្រោះ​អាច​បន្ត​ជីវិត​រស់​នៅ​ឲ្យ​កាន់តែ​វែង​ត​ទៅ​ទៀត​នោះ វា​លុះ​ណា​តែ​ពួកគាត់​ទទួល​បាន​ថ្នាំពេទ្យ និង​អាហារូបត្ថម្ភ​គ្រប់គ្រាន់។ លោក កឹម សុខា បញ្ជាក់​ថា បើ​ទោះ​ជា​ពលរដ្ឋ​ទាំង​នោះ​មាន​ផ្ទុក​មេរោគ​អេដស៍​ក៏ដោយ ប៉ុន្តែ​ពួកគេ​នឹង​មិន​ឯកា​ឡើយ ហើយ​លោក​ក៏​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទូទៅ​កុំ​ឲ្យ​មាន​ការ​រើសអើង​ចំពោះ​អ្នក​ផ្ទុក​មេរោគ​អេដស៍។

​លោក កឹម សុខា៖ «យើង​ខ្ញុំ​មក​ថ្ងៃ​នេះ គឺ​ចង់​រំលែក​នូវ​ទុក្ខ​កង្វល់​របស់​បងប្អូន ដើម្បី​បង្ហាញ​ថា បង​ប្អូន​មិន​ឯកា​ទេ បងប្អូន​នៅ​មាន​ពួក​យើងខ្ញុំ​ដែល​ជា​តំណាងរាស្ត្រ​ទាំង​អស់​នៅ​ជាមួយ​បងប្អូន តាម​ឃ្លាំមើល​សុខទុក្ខ​របស់​បងប្អូន អ្វី​ដែល​ជា​កង្វល់​របស់​បងប្អូន យើង​ខ្ញុំ​បាន​កត់ ហើយ​យើង​ខ្ញុំ​កំពុងតែ​គិតគូរ​ធ្វើ​យ៉ាង​ណា​ដើម្បី​ជួយ​ឲ្យ​កាន់តែ​ល្អ​ថែម​ទៀត ឲ្យ​កាន់តែ​ធំធេង​ថែម​ទៀត នូវ​កង្វល់​និង​សំណូមពរ​របស់​បង​ប្អូន»។

ការ​ផ្ទុះ​ឡើង​នូវ​ការ​ឆ្លង​មេរោគ​អេដស៍​នៅ​ឃុំ​រកា កាល​ពី​ចុង​ឆ្នាំ​២០១៤ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទូទៅ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដែល​នៅ​ពេល​ភ្លាមៗ​នោះ សូម្បី​តែ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​មិន​ជឿ​ថា មាន​ករណី​ឆ្លង​មេរោគ​អេដស៍​ទ្រង់ទ្រាយ​ធំ​ទូទាំង​ឃុំ​បែប​នេះ​ឡើយ។

រហូត​មក​ទល់​ពេល​នេះ អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​ភូមិ​រកា ដែល​មាន​ទាំង​ក្មេង​ចាស់ ប្រុស​ស្រី បាន​កើន​ឡើង​ទៅ​ដល់​ជិត ៣០០​នាក់ ហើយ ៨​នាក់​បាន​បាត់​បង់ជីវិត។ ក្នុង​នោះ​គឺ​មាន​មនុស្ស​ចាស់ ៧​នាក់ និង​ទារក​អាយុ ៧​ខែ​ម្នាក់។

​តាម​ការ​ប៉ាន់​ស្មាន​ដោយ​អង្គការ​សហប្រជាជាតិ​ដែល​ធ្វើ​ការ​ប្រឆាំង​នឹង​ជំងឺ​អេដស៍ បាន​បង្ហាញ​ថា អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​ប្រទេស​កម្ពុជា បច្ចុប្បន្ន​មាន​ចំនួន​ជាង ៧៣.០០០​នាក់ ហើយ​រាជ​រដ្ឋាភិបាល​មាន​កញ្ចប់​ថវិកា​ក្នុង​ការ​ព្យាបាល និង​ផ្ដល់​ថ្នាំ​ពន្យារ​ដល់​អ្នក​ផ្ទុក​ទាំង​នោះ​ចំនួន​ជិត ៤​លាន​ដុល្លារ​អាមេរិក​នៅ​ចន្លោះ​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០១៧។

លោក កឹម សុខា ក៏​បាន​អំពាវនាវ​ឲ្យ​សហគមន៍​ជាតិ-​អន្តរជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ជួយ​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ដល់​អ្នក​ផ្ទុក​មេរោគ​អេដស៍​ទាំង​នោះ​ទៅ​តាម​លទ្ធភាព​រៀងៗ​ខ្លួន៕

No comments: