A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 23 May 2015

ក្រុម​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​នឹង​ដាក់​លិខិតស្នើ​ឲ្យ​រដ្ឋាភិបាល​បង្ហាញ​ផែនទី​ប្រើប្រាស់​សព្វថ្ងៃ



ដោយ ប្រាជ្ញ ចេវ
2015-05-23

លោក ម៉ៅ មុនីវណ្ណ តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៥។
RFA

ក្រុម​តំណាងរាស្ត្រ​គណបក្សប្រឆាំង​នឹង​ដាក់​លិខិតស្នើ​ទៅ​រដ្ឋាភិបាល ឲ្យ​បង្ហាញ​ផែនទី​ដែល​កម្ពុជា​កំពុង​ប្រើប្រាស់​សព្វថ្ងៃ និង​នីតិវិធី នៃ​ការ​បោះ​បង្គោល ព្រំដែន​រវាង​កម្ពុជា​-​វៀតណាម​។ ទោះ​បែប​នេះ​ក្ដី មិន​ទាន់​មាន​ការ​ឆ្លើយ​តប ពី​មន្ត្រី​រដ្ឋាភិបាល​នៅឡើយ​ទេ ដោយ​រង់​ចាំ​មើល​លិខិតស្នើ​ជាមុន​សុំ​សិន។

ប្រសិន​បើ​គ្មាន​ការប្រែប្រួល​លិខិត​រួម​មួយ របស់​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​ជាង​១០​រូប នឹង​បញ្ជូន​ដល់ដៃ​មន្ត្រី​រដ្ឋាភិបាល​នៅ​សប្ដាហ៍​ក្រោយ​។ ជាង​នេះ​ទៅ​ទៀត បើ​សិន​មន្ត្រី​រដ្ឋាភិបាល មិន​ឆ្លើយតប​តាម​លិខិត​នោះ អ្នក​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ និង​ចេញ​លិខិត​ព្រមាន ហើយ​បើ​មន្ត្រី​រដ្ឋាភិបាល នៅតែ​អើពើ​ទៀត​នោះ តំណាង​ទាំង​៥៥​រូប​នៃ​បក្ស​នេះ ធ្វើ​ដាក់​ញត្តិ​ស្ដីបន្ទោស។

តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម លោក ម៉ៅ មុនីវណ្ណ ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា​ថា លោក​និង​អ្នក​តំណាងរាស្ត្រ​ផ្សេងទៀត បាន​ព្រមព្រៀងគ្នា​រួចហើយ​ថា នឹង​ដាក់​លិខិត​ទៅ​មន្ត្រី​រដ្ឋាភិបាល​ឲ្យ​បំភ្លឺ​ទាក់ទង​ផែនទី​ដែល​រដ្ឋាភិបាល​កំពុង​ប្រើប្រាស់ និង​ស្នើ​មួយ​ចំណុច​ទៀត​ឲ្យ​បំភ្លឺ​ពី​នីតិវិធី​នៃ​ការ​បោះបង្គោល​ព្រំដែន រវាង​កម្ពុជា​-​វៀតណាម។ តំណាងរាស្ត្រ​រូប​នេះ បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ​មាន​សំឡេង​គ្រប់គ្រាន់​ដើម្បី​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​បំភ្លឺ បន្ថែម​ពី​អនុវត្ត​ការងារ​របស់​ខ្លួន​ទៅ​អ្នក​តំណាងរាស្ត្រ និង​ប្រជាពលរដ្ឋ​បាន​ដឹង៖ «បើ​គាត់​មិន​ឆ្លើយ​តប​បាន​ន័យ​ថា គាត់​អត់​គោរព​រដ្ឋធម្មនុញ្ញ បើ​គាត់​មិន​គោរព​រដ្ឋធម្មនុញ្ញ មាន​ន័យ​ថា គាត់​ក្បត់​នឹង​សម្បថ​របស់​គាត់។ កាល​ពី​មុន​គាត់​ព្រងើយ​កន្តើយ​បាន តែ​ពេល​នេះ គាត់​ធ្វើ​ចឹង​ម៉េច​បាន​៥៥​អាសនៈ»។



កាលពី​ថ្ងៃ​ទី​២១ ខែ​ឧសភា មន្ត្រី​ជំនាញ​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល រួមមាន លោក​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស ហោ ណាំហុង និង​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​កម្ពុជា​លោក វ៉ា គឹមហុង ឆ្លើយ​បំភ្លឺ​ក្នុង​កម្មវិធី​តុ​មូល​មួយ​ស្ដីពី​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម​ដោយ​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា ប្រើប្រាស់​ផែនទី​ផ្លូវការ ដែល​តម្កល់​ទុក​នៅ​ក្នុង​អង្គការសហប្រជាជាតិ។ ចំណែក​នីតិវិធី​បោះ​​បង្គោល​ព្រំដែន​កម្ពុជា និង​វៀតណាម គឺ​មាន​ក្រុម​ការងារ​ធ្វើ​រឿង​ព្រំដែន​ច្បាស់លាស់ ដែល​មាន​ពី​ចូល​ពី​មន្ត្រី​មូលដ្ឋាន អាជ្ញាធរ​ស្រុក ខេត្ត និង​ប៉ូលិស​ព្រំដែន។

ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​កម្ពុជា​លោក វ៉ា គឹមហុង មិនទាន់​ឆ្លើយតប​យ៉ាងណា​ចំពោះ​ផែនការ​ដាក់​សំណើ​របស់​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​នៅឡើយ​ទេ ដោយ​រង់​ចាំ​មើល​លិខិត​របស់​អ្នកតំណាងរាស្ត្រ​ជា​មុន​សិន​។ ទោះ​យ៉ាង​ណា​ក្ដី លោក វ៉ា គឹមហុង ប្រាប់​ទៅ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ថា ល្មម​អស់​ចម្ងល់​ពី​បញ្ហា​ព្រំដែន​នេះ​ហើយ ព្រោះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ឆ្លើយ​បំភ្លឺ​នៅ​រដ្ឋសភា អស់​រយៈពេល​ជាង​៥​ម៉ោង​ម្ដង​រួចហើយ៖ «ខ្ញុំ​មិនទាន់​ឃើញ​លិខិត​ទេ ចាំ​ឃើញ​លិខិត​បាន​ខ្ញុំ​ឆ្លើយ។ អ្វី​ដែល​ទទួល​ខុសត្រូវ​ខាង​ព្រំដែន​ជា​ការងារ​របស់​រដ្ឋាភិបាល សម្ដេច​ពន្យល់​ប្រាំ​ម៉ោង​ហើយ​មិន​ទាន់​គ្រប់គ្រាន់​ទៀត ចង់​បាន​១០​ម៉ោង​អី?»។

រឿង​ព្រំដែន​កម្ពុជា​-​វៀតណាម ក្លាយ​ជា​រឿង​រសើប​ក្នុង​ពេល​គណបក្ស​ទាំងពីរ​កំពុង​អនុវត្ត​វប្បធម៌​សន្ទនា បន្ទាប់ពី​ជនជាតិ​វៀតណាម បាន​បាញ់ថ្នាំ​បំពុល ធ្វើ​ឲ្យ​ខូច​ផលដំណាំ​កសិកម្ម​របស់​ពលរដ្ឋ​ខ្មែរ នៅ​ចំណុច​ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កាលពី​ពាក់កណ្ដាល​ខែ​មេសា ។ ប៉ុន្តែ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង បាន​ឆ្លើយតប​នៅ​ក្នុង​លិខិត​របស់​ខ្លួន​ថា ការ​ពិត​ពលរដ្ឋ​កម្ពុជា បាន​ធ្វើ​ស្រែ​ចូល​ដី​វៀតណាម ជាង​១៦​ហិកតារ​ទៅវិញ​ទេ។

ប្រធាន​អង្គការ​វេទិកា​អនាគត លោក អ៊ូ វីរៈ យល់ថា​ការ​ទាមទារ​របស់​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​ជា​រឿង​ត្រឹមត្រូវ ព្រោះ​កិច្ចការ​ព្រំដែន​កន្លង​មក ក្លាយ​ជា​រឿង​សំងាត់​របស់​រដ្ឋាភិបាល ដោយ​មិន​ឲ្យ​ភាគី​ពាក់ព័ន្ធ​នានា​ចូលរួម។ លោក អ៊ូ វីរៈ បន្ត​ថា រដ្ឋាភិបាល​គួរតែ​ដល់​ពេល​ធ្វើ​រឿង​កិច្ច​ព្រំដែន​ដោយ​បើក​ចំហ និង​មាន​នីតិវិធី​ត្រឹមត្រូវ៖ «តាម​ពិត​រដ្ឋាភិបាល​ជា​អ្នក​ធ្វើ​ឲ្យ​មាន​ការ​មិន​ទុកចិត្ត​រឿង​ព្រំដែន។ ការ​រៀបចំ​ព្រំដែន​ជា​ដំណើរ​ការ​ល្អ​បើ​សិន​ជា​រដ្ឋាភិបាល​ធ្វើ​ឡើង​ល្អ មាន​នីតិវិធី​ត្រឹមត្រូវ»។

លោក វ៉ា គឹមហុង ផ្ដាំ​ផ្ញើ​ទៅ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​ថា រឿង​ព្រំដែន​ជា​ការ​ងារ​របស់​រដ្ឋាភិបាល មិន​មែន​ជា​ការងារ​របស់​ស្ថាប័ន​នីតិប្បញ្ញត្តិ​ទេ និង​ថាបើ​ចង់​សើរើ​រឿង​ព្រំដែន​ត្រូវ​រង់ចាំ​បក្ស​ខ្លួន​ឈ្នះ​ឆ្នោត​សិន​ទៅ៕

No comments: