A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 8 May 2015

គ.ជ.ប​នឹង​មិន​ប្រើ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ចាស់​សម្រាប់​អាណត្តិ​ទី​៦​ទេ


ដោយ ម៉ម មុនីរតន៍
2015-05-07
 

លោក គួយ ប៊ុនរឿន អនុប្រធាន​គ.ជ.ប​ និង​ជា​អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះជាតិ ថ្លែង​ទៅ​កាន់​អ្នក​កាសែត នៅ​វិមាន​រដ្ឋសភា នៅ​ថ្ងៃ​ទី២ កុម្ភៈ ២០១៥។
RFA/Tin Zakariya


មន្ត្រី​ជាន់​ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ដែល​ទើប​ចូល​កាន់​តំណែង​ថ្មីៗ​កន្លង​ទៅ​នេះ បាន​អះអាង​ថា សម្រាប់​ការ​បោះឆ្នោត​ដែល​នៅ​សល់​ពេល​ប្រមាណ ៣​ឆ្នាំ​ខាង​មុខ​ទៀត​នេះ នឹង​មិន​ប្រើប្រាស់​បញ្ជី​ឈ្មោះ​ចាស់​ដើម្បី​បោះ​ទៀត​ទេ ព្រោះ​ថា បញ្ជី​បោះឆ្នោត​ចាស់​ក៏​ជា​ផ្នែក​មួយ​ក្នុង​ចំណោម​បញ្ហា​ដទៃ​ទៀត​នៃ​ការ​បោះ​ឆ្នោត​កន្លង​មក។

ជុំវិញ​រឿងរ៉ាវ​នេះ អង្គការ​សង្គម​ស៊ីវិល​ដែល​មាន​ជំនាញ​ផ្នែក​ប្រព័ន្ធ​បោះ​ឆ្នោត​យល់​ឃើញ​ថា ការ​សម្រេច​មិន​ប្រើប្រាស់​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ចាស់​សម្រាប់​អាណត្តិ​បន្ទាប់​ទៀត​នេះ នឹង​អាច​ជួយ​ឲ្យ​ការ​បោះឆ្នោត​លើក​ក្រោយ​​មាន​ភាព​សុក្រឹត និង​អាច​ជឿជាក់​បាន​ជាង​អាណត្តិ​មុនៗ។

អនុ​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បញ្ជាក់​ថា គ.ជ.ប នឹង​ត្រូវ​រៀបចំ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​សា​ជា​ថ្មី​ឡើង​វិញ ដោយ​អនុលោម​តាម​ច្បាប់​បោះ​ឆ្នោត​ថ្មី តម្រូវ​ឲ្យ​រុះរើ ហេតុ​នេះ​ក្រោយ​ពី គ.ជ.ប ដំណើរ​កិច្ចការ​របស់​ខ្លួន​រួច​ជា​ស្ថាពរ​ គ.ជ.ប នឹង​ចាប់​ផ្ដើម​ចុះ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ភ្លាម​ដែរ។



ថ្លែង​ប្រាប់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន​ក្រោយ​បញ្ចប់​សុន្ទរកថា លោក គួយ ប៊ុនរឿន ​ជា​អនុ​ប្រធាន គ.ជ.ប ឲ្យ​ដឹង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧ ខែ​ឧសភា ថា ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ នឹង​ឈប់​ប្រើប្រាស់​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ចាស់​សម្រាប់​កិច្ចការ​របស់​ខ្លួន​ទៀត​ហើយ។ ក៏ប៉ុន្តែ​លោក​ថ្លែង​ថា ការ​មិន​ប្រើប្រាស់​បញ្ជី​ឈ្មោះ​បោះឆ្នោត​ចាស់​នោះ បាន​ន័យ​ថា ពុំ​មែន​ត្រូវ​ទុក​ចោល​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ចាស់​នោះ​ទេ។

មន្ត្រី​ គ.ជ.ប និង​លេខាធិការដ្ឋាន​ទាំង ២៥ រាជធានី ខេត្ត ក្រុង ចូល​រួម​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ គ.ជ.ប និង​ច្បាប់​ពីសី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​​នៅ​ថ្ងៃ​ទី​៧ ឧសភា ឆ្នាំ​២០១៥។ RFA/Morm Moniroth

លោក​បន្ថែម​ថា ដំណាល់​គ្នា​នឹង​ដំណើរ​ការ​រៀបចំ​ចុះ​ឈ្មោះ​ថ្មី​ឡើង​វិញ​នេះ បញ្ជី​ឈ្មោះ​បោះ​​ឆ្នោត​ចាស់​នោះ ត្រូវ​ការ​ជា​ចាំបាច់​ដែរ ដើម្បី​ផ្ទៀងផ្ទាត់​សម្រាប់​ហេតុផល​ណា​មួយ៖ «យើង​ដឹង​ថា ច្បាប់​របស់​យើង ត្រូវ​ការ​រៀបចំ​ឈ្មោះ​ថ្មី​ឡើង​វិញ​ទាំង​អស់ មាន​ដាក់​បញ្ចូល​នូវ​ទិន្ន័យ​នៃ​អ្នក​បោះឆ្នោត ដោយ​មាន​ស្នាម​ម្រាមដៃ និង​រូបថត។ អ៊ីចឹង ទាមទារ​ចាំបាច់​ឲ្យ​មាន​ការ​រៀបចំ និង​ចុះ​ឈ្មោះ​សា​ជា​ថ្មី»។

បើ​តាម​លោក គួយ ប៊ុនរឿន ឲ្យ​ដឹង​ទៀត​ថា សម្រាប់​ប្រព័ន្ធ​បោះឆ្នោត​លើក​នេះ គឺ​យក​អត្តសញ្ញាណប័ណ្ណ និង​ក្រយៅ​ដៃ​ជា​មូលដ្ឋាន​ក្នុង​ការ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត គឺ​អនុវត្ត​តាម​ច្បាប់​បោះឆ្នោត​ថ្មី ដែល​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា ជាពិសេស​នោះ ការ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​សម្រាប់​អាណត្តិ​ទី​ប្រាំមួយ​ដែល​នៅ​សល់​ប្រមាណ​ជាង ១​ពាន់​ថ្ងៃ​ខាង​មុខ​ទៀត​នេះ គឺ​ត្រូវ​ចុះ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ឬ​ម៉ាស៊ីន​កុំព្យូទ័រ​នៅ​គ្រប់​ការិយាល័យ​បោះ​ឆ្នោត​ទាំង​អស់។

បើ​ទោះ​ជា​បែប​ណា លោក គួយ ប៊ុនរឿន ថ្លែង​ថា គិត​មក​ដល់​ពេល​នេះ គ.ជ.ប នៅ​មិន​ទាន់​អាច​បញ្ជាក់​បាន​ពី​ពេល​វេលា​ដែល​នឹង​ត្រូវ​ចាប់​អនុវត្ត​នៃ​​ការ​ចុះ​ឈ្មោះ​បាន​នៅ​ឡើយ​ទេ ព្រោះ​ក្រុម​បច្ចេកទេស​កំពុង​សិក្សា​ទៅ​លើ​ពេល​វេលា មូលដ្ឋាន សម្ភារៈ​សម្រាប់​បម្រើ​ឲ្យ​ការ​ចុះ​ឈ្មោះ បណ្ដុះបណ្ដាល​ធនធាន​មនុស្ស ហើយ​និង​ជ្រើសរើស​ក្រុម​អ្នក​ដែល​ត្រូវ​ចុះ​ឈ្មោះ​នោះ​ផង​ដែរ។

ថ្លែង​នៅ​ក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​ដល់​មន្ត្រី គ.ជ.ប និង​មន្ត្រី​លេខាធិការដ្ឋាន​ទាំង ២៥ រាជធានី ខេត្ត​ក្រុង នា​ទីស្ដីការ​ក្រសួង​មហាផ្ទៃ លោក គួយ ប៊ុនរឿន បញ្ជាក់​ថា បើ​មិន​ធ្វើ​ដូច្នេះ​ទេ នឹង​មិន​អាច​​ឆ្លើយ​តប​ទៅ​នឹង​ទំហំ​ជាក់ស្ដែង​នៃ​គម្រោង​ថវិកា​ដែល​នឹង​ត្រូវ​ចំណាយ​បាន​ត្រឹមត្រូវ​ទេ។

ការ​ផ្លាស់ប្ដូរ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត ឬ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​នេះ ក្រុម​អ្នក​បច្ចេកទេស​ជប៉ុន និង​សហគមន៍​អឺរ៉ុប បាន​សន្យា​ថា នឹង​ជួយ​រៀបចំ​ការ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ថ្មី​នេះ ហើយ​ក្រុម​បច្ចេកទេស​ទាំង​ពីរ ក៏​ទើប​តែ​បាន​មក​ជួប​សមាជិក គ.ជ.ប ថ្មី​ដែរ កាល​ពី​ខែ​មេសា នៅ​បន្ទាប់​ពី​សមាជិក គ.ជ.ប ថ្មី ដែល​ទើប​ទទួល​បាន​តំណែង​ពី គ.ជ.ប ចាស់។

ពាក់ព័ន្ធ​រឿង​រ៉ាវ​នេះ អង្គការ​សង្គម​ស៊ីវិល​ដែល​មាន​ជំនាញ​លើ​ប្រព័ន្ធ​បោះឆ្នោត ចាត់​ទុក​ថា ការ​ប្រើប្រាស់​យន្តការ​ថ្មី​នេះ នឹង​អាច​ជួយ​សម្រួល​បន្ទុក​បាន​ច្រើន ជាពិសេស អាច​ធានា​បាន​ពី​សុក្រឹតភាព​នៃ​ការ​បោះឆ្នោត​បាន​ល្អ​ជាង​មុន។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា សាទរ​ចំពោះ​គោលការណ៍​ថ្មី​ដែល គ.ជ.ប ​នឹង​ត្រូវ​អនុវត្ត​ក្នុង​ពេល​ខាង​មុខ​នេះ។ លោក​ចាត់​ទុក​ថា ថ្វី​បើ​ការ​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​ម៉ាស៊ីន​កុំព្យូទ័រ​វា​នឹង​មិន​អាច​ធានា​នូវ​សុវត្ថិភាព​​ដូច​ការ​ចង់​បាន​ទាំង​ស្រុង​នោះ​ក៏​ពិត​មែន​ក៏ដោយ តែ​ការ​ប្រើប្រាស់​ប្រព័ន្ធ​អេឡិចត្រូនិក​នេះ គឺ​ធ្វើ​កិច្ចការ​បាន​លឿន និង​មាន​ប្រសិទ្ធភាព​ខ្ពស់។

លោក គល់ បញ្ញា បន្ត​ថា៖ «ប្រព័ន្ធ​អាច​ជួយ​ច្រើន គេ​អាច​មាន​ការ​ផ្លាស់ប្ដូរ​ប្រព័ន្ធ​ទំនើប​របៀប​អ៊ីចឹង ហើយ​យើង​អាច​ដំណើរ​ការ​ចុះ​លឿន​ទៀត ព្រោះ​អី​នៅ​ពេល​យើង​បញ្ចូល​ទិន្នន័យ​ដោយ​កុំព្យូទ័រ​នៅ​ឃុំ គឺ​ថា យើង​បញ្ចូល​តែម្ដង យើង​យក​ទិន្នន័យ​មក​ប្រើប្រាស់​បាន។ ដូច​កន្លង​មក​យើង​សរសេរ​ដៃ​នៅ​ឃុំ យើង​បញ្ជូន​សរសេរ​ដៃ​មក​បញ្ចូល​នៅ​ភ្នំពេញ និង​ទីស្នាក់ការ​កណ្ដាល គ.ជ.ប នេះ។ វា​ធ្វើ​ឲ្យ​មាន​បញ្ហា​ក្នុង​ការ​បញ្ចូល​ដោយ​សារ​សរសេរ​ដៃ ធម្មតា​អ្នក​បញ្ចូល​ដូច​ជា​ពាក្យ​សរសេរ​ដៃ​មើល​មិន​ច្បាស់ អ៊ីចឹង​ទៅ​ឃើញ​ឲ្យ​មាន​ការ​ខុស​ឈ្មោះ​ខុស​អី បាត់​ឈ្មោះ​បាត់​អី»។

បច្ចុប្បន្ន​នេះ ប្រទេស​កម្ពុជា មាន​ឃុំ​ចំនួន ១.៦៣៣​ឃុំ​សង្កាត់ ទៅ​ទូទាំង​ប្រទេស​កម្ពុជា។ សម្រាប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ខាង​មុខ​នេះ ដើម្បី​បំពេញ​តម្រូវការ នឹង​ត្រូវ​ប្រើប្រាស់​មន្រ្តី​ធ្វើ​ការ​ប្រមាណ ២.៤០០​ក្រុម នៅ​តាម​ឃុំ​សង្កាត់​ទូទាំង​ប្រទេស ទើប​អាច​ធានា​ចំពោះ​មុខ​បាន​ទាន់​ពេលវេលា៕

No comments: