A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 11 May 2015

សមាគម​ខ្មែរ​ក្រោម​តវ៉ា​ឲ្យ​វៀតណាម​ឈប់​បង្ខំ​ព្រះ​សង្ឃ​ទទួល​យក​ត្រា​ពុំ​មាន​អក្សរ​ខ្មែរ


ដោយ ម៉ម មុនីរតន៍
2015-05-10 RFA
ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​មិត្ត​សមាគម​ខ្មែរ​កម្ពុជា លោក តាំង សារៈ ថ្លែង​ក្នុង​សន្និសីទ​កាសែត នា​វត្ត​សាមគ្គីរង្សី រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ ឧសភា ២០១៥។
RFA/Morm Moniroth

អង្គការ​មិត្ត​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ប្រទេស​កម្ពុជា ថ្កោលទោស​ប្រឆាំង​ចំពោះ​សកម្មភាព​រដ្ឋាភិបាល​វៀតណាម ដែល​បង្ខំ​ឲ្យ​ព្រះសង្ឃ​ទទួល​យក​ត្រា​ទៅ​ប្រើប្រាស់ ហើយ​ត្រា​នោះ​ពុំ​មាន​ឆ្លាក់​អក្សរ​ខ្មែរ។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម អះអាង​ថា នៅ​ថ្ងៃ​ច័ន្ទ ទី​១១ ឧសភា នឹង​ដាក់​ញត្តិ​តវ៉ា​ទៅ​ក្រសួង​ការបរទេស​កម្ពុជា ដើម្បី​សុំ​ឲ្យ​រដ្ឋាភិបាល​វៀតណាម បញ្ឈប់​ការ​ជិះជាន់ ប្រឆាំង​ពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​កម្ពុជា​ក្រោម រួម​ទាំង​ព្រះ​សង្ឃ​ផង។

មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​មិត្ត​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ហៅ​សកម្មភាព​របស់​អាជ្ញាធរ​នេះ​ថា គឺ​ជា​ការ​ប៉ុនប៉ង​ដើម្បី​លុប​បំបាត់​អត្តសញ្ញាណ វប្បធម៌ និង​ប្រពៃណី​របស់​ខ្មែរ​ដ៏​រុងរឿង​ដែល​ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា ដោយ​រដ្ឋាភិបាល​វៀតណាម នៅ​ពេល​នេះ។

ប្រតិកម្ម​នេះ​ធ្វើ​ឡើង​ក្នុង​រយៈពេល ១​ខែ​ក្រោយ បន្ទាប់​ពី​រដ្ឋាភិបាល​វៀតណាម បង្ខំ​ឲ្យ​ព្រះសង្ឃ​ចំនួន ៣៧​វត្ត នៅ​ស្រុក​ស្វាយទង នៃ​ខេត្ត​អានយ៉ាង (An Giang) ទទួល​យក​ត្រា​ទៅ​ប្រើប្រាស់​ដែល​ពុំ​មាន​ឆ្លាក់​អក្សរ​ខ្មែរ​នៅ​ជាប់​នឹង​ត្រា​នោះ​ទេ។ បើ​ទោះ​ជា​បែប​ណា មាន​វត្ត​ចំនួន ២៧ ព្រម​ទទួល​យក​ទាំង​បង្ខំ ខណៈ​វត្ត​ចំនួន ១០​ទៀត នៅ​មិន​ទាន់​ទទួល​យក​ត្រា​នៅ​ឡើយ​ទេ គិត​មក​ដល់​ពេល​នេះ។


មាន​ថេរដីកា​នៅ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ ឧសភា ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​សាមគ្គីរង្សី ព្រះនាម ថាច់ ហាសំអាង បញ្ជាក់​ថា ព្រះអង្គ​នឹង​ដាក់​កំណត់​ទូត​ទៅ​ក្រសួង​ការបរទេស​កម្ពុជា នៅ​ដើម​សប្ដាហ៍​នេះ តវ៉ា​ឲ្យ​អាជ្ញាធរ​វៀតណាម ត្រូវ​គោរព​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ជនជាតិ​ដើម​ភាគតិច។

ព្រះអង្គ​ចាត់​ទុក​ថា អ្វី​ដែល​រដ្ឋាភិបាល​វៀតណាម បង្ខំ​ឲ្យ​ព្រះសង្ឃ​ទទួល​យក​ត្រា​ដោយ​ពុំ​មាន​ការ​ឯកភាព​នេះ គឺ​ជា​ចេតនា​ព្យាយាម​លុប​បំបាត់​គ្រប់​សកម្មភាព និង​រាល់​ទម្រង់​ផ្សេង​ទៀត ដ៏​រុងរឿង​របស់​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ទី​នោះ៖ «ជនជាតិ​វៀតណាម នៅ​ខេត្ត​ហ្នឹង​គឺ​បាន​ធ្វើ​ត្រា​ដោយ​ខ្លួន​ឯង​ ហើយ​ដើរ​ចែក​តែម្ដង។ បើ​ចែក​យើង​ឃើញ​ហើយ​ថា អា​នេះ​ជា​ការ​ខុសឆ្គង ពេល​ដែល​ប្រជុំ​អនុម័ត​នៅ​ក្នុង​អង្គប្រជុំ គឺ​ព្រះសង្ឃ​មិន​ទទួល​យក​ទេ។ លោក​បដិសេធ ប៉ុន្តែ​ពេល​ដែល​ចេញ​ពី​អង្គប្រជុំ គឺ​ធ្វើ​ចលនា​ដើរ​ចែក​ជា​រូបភាព​គំរាម​កំហែង»។

កាល​ពី​ថ្ងៃ​ទី​១ ខែ​មេសា កន្លង​ទៅ ព្រះ​សង្ឃ​ចំនួន ៣៧​វត្ត​នៃ​ស្រុក​ស្វាយទង ខេត្ត​អានយ៉ាង ត្រូវ​បាន​រដ្ឋអាជ្ញា​វៀតណាម កោះ​ប្រជុំ​ពាក់ព័ន្ធ​ត្រា ដើម្បី​ទុក​ឲ្យ​ប្រើប្រាស់​ជា​ប្រយោជន៍​នៅ​ក្នុង​វត្ត។ ក៏ប៉ុន្តែ​ភ្លាមៗ​នោះ ​ព្រះសង្ឃ​គ្រប់​វត្ត​ដែល​ត្រូវ​បាន​និមន្ត​ចូល​រួម​ប្រជុំ​ជំទាស់​មិន​ព្រម​ទទួល​យក​ទេ ដោយ​ហេតុ​ថា ត្រា​នោះ​គឺ​ពុំ​មាន​ឆ្លាក់​អក្សរ​ខ្មែរ​គឺ​មាន​តែ​អក្សរ​វៀតណាម ប៉ុណ្ណោះ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា និង​ក្រសួង​ការបរទេស​កម្ពុជា បាន​ទេ នៅ​ថ្ងៃ​ទី​១០ ឧសភា។

បើ​ទោះ​ជា​បែប​ណា ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​មិត្ត​សមាគម​ខ្មែរ​កម្ពុជា លោក តាំង សារៈ ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ឧសភា ថា ការ​ព្យាយាម​ប្រើប្រាស់​ត្រា​ដែល​មាន​តែ​អក្សរ​វៀតណាម ហើយ​ពុំ​មាន​អក្សរ​ខ្មែរ​ដូច​នេះ។ លោក​ចាត់​ទុក​ថា នោះ​គឺ​ជា​ចេតនា​ចង់​លុប​បំបាត់​នូវ​អ្វី​ដែល​ខ្មែរ​កម្ពុជា​ក្រោម​មាន។ លើស​ពី​នេះ​ទៀត លោក តាំង សារៈ អះអាង​ថា ឈ្មោះ​វត្ត និង​ទីតាំង​មួយ​ចំនួន​របស់​ខ្មែរ​ដែល​មាន​នៅ​ទី​នោះ​សម្រាប់​ភាសា​វៀតណាម គឺ​ពុំ​មាន​សំឡេង​អាន​ឡើយ។ ហេតុ​នេះ នៅ​ពេល​ណា​ដែល​ប្រវត្តិសាស្ត្រ​ចេះ​តែ​វិវត្ត​ទៅ​មុខ ឈ្មោះ​ពិត​ប្រាកដ​ដែល​ជា​របស់​ខ្មែរ​ខំ​រក្សា​ទុក​អស់​រាប់​ពាន់​ឆ្នាំ​មក​ហើយ​នេះ នឹង​ត្រូវ​បាត់បង់​ដោយ​ស្វ័យប្រវត្តិ៖ «អក្សរ​វៀតណាម មាន​តួ​អក្សរ​ខ្លះ​គឺ​មិន​សរសេរ​ជា​អក្សរ​ខ្មែរ​បាន​ទេ។ ឧទាហរណ៍ អក្សរ "ឆ" ហើយ​និង អក្សរ "ឈ" ពីរ​ហ្នឹង​គឺ​អក្សរ​វៀតណាម អត់​មាន​ទេ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​វត្ត​ខ្លះ​នឹង​បាន​ក្លាយ ឧទាហរណ៍​វត្ត ឈូងធំ ដោយ​អក្សរ​វៀតណាម អត់​មាន​អក្សរ "ឈ" ដល់​អាន​បាន​ត្រឹម​តែ សូង​ធំ។ នេះ​វា​ខុស​គ្នា។ អ៊ីចឹង​បើ​ត្រា​ហ្នឹង​វា​មាន​តែ​អក្សរ​​វៀតណាម អ៊ីចឹង​ដល់​ពេល​គេ​យក​ទៅ​អាន សូម្បី​តែ​ខ្មែរ​អាន...។ ចុះ​បើ​ឃើញរ​អក្សរ​ថា សូងធំ យើង​មិន​អាន​ថា សូងធំ។ ដល់​យូរៗ​ទៅ​វា​ឃ្លាត​បាត់​អំពី​ឈ្មោះ​ដើម»។

ជាមួយ​គ្នា​នេះ មាន​អង្គការ និង​សមាគម​ចំនួន ១១​ស្ថាប័ន បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ដោយ​ទាមទារ​ឲ្យ​អាជ្ញាធរ​វៀតណាម បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​បង្ខិតបង្ខំ​គ្រប់​វត្ត​នៃ​ស្រុក​ស្វាយទង ប្រើប្រាស់​ត្រា​ដែល​អាជ្ញាធរ​ប្រគល់​ឲ្យ​ហើយ​មាន​តែ​អក្សរ​វៀតណាម។

បន្ថែម​ពី​លើ​នេះ​ទៀត ក្នុង​ត្រា​នីមួយៗ ត្រូវ​មាន​នាម​បញ្ញត្តិ​របស់​វត្ត​នៅ​ខាង​ដើម ឬ​ខាង​ចុង​តាម​ការ​យល់​ឃើញ​របស់​គ្រូ​ចៅ​អធិការ​វត្ត និង​គណៈកម្មាធិការ​វត្ត​ដោយ​ផ្ទាល់ ជាពិសេស​នោះ ទាមទារ​ដាច់​ខាត​ឲ្យ​គណៈ​ពុទ្ធសាសនា​ខ្មែរ​កម្ពុជា​ក្រោម និង​គណៈ​ពុទ្ធសាសនា​វៀតណាម មាន​រចនាសម្ព័ន្ធ​ដាច់​ដោយ​ឡែក​ពី​គ្នា និង​ភាព​ឯករាជ្យ​រៀងៗ​ខ្លួន៕

No comments: