ដោយ ជុន ច័ន្ទបុត្រ
2014-08-27 rfa
2014-08-27 rfa
យុវជនកម្ពុជា ដែលមានអាយុក្រោម ៣០ឆ្នាំ ក្នុងមួយជីវិតមកទល់នឹងពេលនេះ បានស្គាល់មេដឹកនាំប្រទេសរបស់ខ្លួនតែម្នាក់គត់ នោះ គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក ហ៊ុន សែន ដែលមានវ័យ ៦៤ឆ្នាំ កាន់តំណែងផុតកំពូលនេះបានជាង ២៨ឆ្នាំហើយ។
លោកក៏តែងមានប្រសាសន៍ថា លោកនឹងកាន់តំណែងនេះបន្តទៅទៀត រហូតដល់លោកមានអាយុ ៧៥ឆ្នាំ ប្រសិនបើប្រជាជននៅតែបោះឆ្នោតជូនលោក។ ក៏ប៉ុន្តែ ខុសពីអ្វីដែល លោក ហ៊ុន សែន ប៉ង ក្រុមសង្គមស៊ីវិលមួយចំនួន រួមនិងមេដឹកនាំគណបក្សប្រឆាំងផង បែរជានាំគ្នាពិភាក្សាធ្វើចលនាអោយមានច្បាប់កំណត់អោយនាយករដ្ឋមន្ត្រី កាន់អំណាចត្រឹមតែពីរអាណត្តិទៅវិញ។
តើការកំណត់អាណត្តិនាយករដ្ឋមន្ត្រីមានសារសំខាន់យ៉ាងណា បានជាអ្នកដែលមិនបានធ្វើជានាយករដ្ឋមន្ត្រី ខំនាំគ្នាគិតគូរម្ល៉េះ?
គ្រាន់តែបានទទួលតំណែងជាអនុប្រធានទីមួយនៃរដ្ឋសភាជាផ្លូវការមិនបានប៉ុន្មានម៉ោងផង លោក កឹម សុខា ប្រាប់គេប្រាប់ឯងថា លោកនឹងលើករឿងកំណត់អាណត្តិនាយករដ្ឋមន្ត្រី ទៅនិយាយជាមួយ លោក ហ៊ុន សែន។
តាមពិតទៅ មុននឹងចេញមកជួបនឹងអ្នកកាសែតនៅក្រៅវិមានរដ្ឋសភា លោក កឹម សុខា បានជួបរឿងគួរអោយសើចមិនសូវសមមួយនៅខាងក្នុងសភា គឺអ្នកដែលអង្គុយកៅអីសម្រាប់តំណែងអនុប្រធានទីមួយ មិនព្រមលែងកៅអីនោះអោយលោកងាយៗបានឡើយ ទោះបីជាអង្គសភាបានបោះឆ្នោតប្រគល់តំណែងអនុប្រធានសភាទីមួយនោះ អោយលោកហើយក៏ដោយចុះ។ រហូតទាល់តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាសមាជិកសភាធម្មតាចេញមុខអន្តរាគមន៍ ទើបអ្នកចាស់បង្ខំចិត្តងើបចេញ ហើយប្រគល់កៅអីនោះទៅ លោក កឹម សុខា។ សេចក្តីរាយការណ៍ព័ត៌មានដទៃទៀត ក៏អោយដឹងដែរថា សូម្បីតែបន្ទប់ធ្វើការសម្រាប់តំណែងអនុប្រធានសភាទីមួយ ក៏អ្នកចាស់នៅតែតោងស្អិត មិនប្រគល់អោយ លោក កឹម សុខា ដែរ។
ប្រហែលជាមកពីមានការក្រាញននៀលមិនព្រមចុះចេញពីកៅអីតំណែង កៅអីអំណាចនេះហើយ ដែលជាផ្នែកមួយជំរុញអោយមានការស្នើប្ដូរច្បាប់កំណត់អាណត្តិនាយករដ្ឋមន្ត្រី។
ការកាន់អំណាចតែម្នាក់ឯងរាប់សិបឆ្នាំ អាចជាឧបសគ្គរារាំងដ៏ធំមួយ មិនអោយមានអ្នកចេះដឹងដទៃទៀត មានឱកាសក្នុងការចូលរួមផ្តល់អ្វីដែលថ្មី ដែលជឿនលឿនជាង ក្នុងការដឹកនាំកសាងជាតិនោះដែរ។ ក្រៅពីនេះ ការកាន់អំណាចតែម្នាក់ឯងយូរ អាចផ្តល់ឱកាសអោយអ្នកកាន់អំណាចបញ្ជាក្បាលម៉ាស៊ីនដឹកនាំប្រទេសតាមផ្លូវដដែលៗ តាមរបៀបដដែលៗ ទន្ទឹមគ្នានឹងខំរកវិធីលាក់បាំងនូវការដឹកនាំ និងចំណាត់ការនានារបស់ខ្លួន ដែលធ្វើអោយប្រទេសជាតិហិនហោចទៅវិញនោះ។
ជាច្រើនឆ្នាំច្រើនអាណត្តិណាស់មកហើយ ដែលអ្នកដឹកនាំកម្ពុជា ប្រកាសគ្មានក្រែងថា ខ្លួនចេះជាងគេ មានយុទ្ធសាស្ត្រប្រសើរជាងគេក្នុងការដឹកនាំប្រទេស និងក្នុងការរំលាយគូប្រកួត ជាដើម។ ប៉ុន្តែ អ្នកដែលប្រឆាំងនឹងលោក តែងចោទថា លោកហាក់ដូចជាមិនមានវិធីអ្វីក្នុងការដឹកនាំប្រទេសជាតិ ក្រៅតែរកស៊ីកាប់ព្រៃលក់ ជួលបេតិកភណ្ឌជាទីសក្ការៈរបស់ជាតិអោយឈ្មួញរកស៊ី និងបណ្ដេញអ្នកស្រុកទាំងបង្ខំពីដីស្រែចម្ការ យកដីនោះទៅជួលអោយក្រុមហ៊ុនបរទេស ជាដើម។ ទោះជាមនុស្សពេញប្រទេស រួមទាំងសហគមន៍អន្តរជាតិផង នាំគ្នាស្រែកតវ៉ា ដោយបញ្ចេញនូវរបាយការណ៍អង្កេតមានភស្តុតាងត្រឹមត្រូវយ៉ាងណាក៏ដោយ ក៏អ្នកដឹកនាំនៅតែប្រកែកមិនទទួលយកការពិត។ មិនតែប៉ុណ្ណោះ ថែមទាំងជេរប្រទេចអ្នកដែលចង្អុលបង្ហាញពីសកម្មភាពខុសឆ្គងនោះទៀតផង។
ប្រហែលជាមិនមានការអភិវឌ្ឍអ្វីជាដុំកំភួនហើយមើលទៅ បានជាប្រមុខដឹកនាំតែងខំធ្វើអោយគគ្រឹកគគ្រេងខ្លាំងណាស់ ចំពោះការងារសាមញ្ញធម្មតា ហើយគួរតែដោះស្រាយប៉ុន្មានអាណត្តិមកហើយ មានដូចជា ការសង់ស្ពានអាកាសដោះស្រាយបញ្ហាចរាចរណ៍នៅក្នុងទីក្រុងមួយដែលកកស្ទះ និងសង់ផ្សារទំនើបលក់ទំនិញនាំចូលពីបរទេស ជាដើម។ នៅប្រទេសដទៃ ការងារសង់ និងសម្ពោធស្ពាន ឬផ្សារ ជាដើម គឺជាភារកិច្ចរបស់អ្នកជំនាញនៅតាមសាលាសង្កាត់ សាលាក្រុងតែប៉ុណ្ណោះ។
ដូចនេះ ប្រសិនបើមានការកំណត់អាណត្តិនាយករដ្ឋមន្ត្រី វាអាចផ្តល់ឱកាសអោយមានការដឹកនាំថ្មី ដែលអាចមានគំនិតថ្មី មិនរំពឹងតែទៅលើការលក់ ឬជួលកេរដំណែលប្រវត្តិសាស្ត្រជាតិ លក់ទឹកលក់ដី លក់ព្រៃព្រឹក្សានោះទេ។
ការកាន់អំណាចយូរ ក៏ផ្តល់ឱកាសអោយអ្នកកាន់អំណាច កសាងនូវយន្តការការពារអំណាចរបស់ខ្លួនអោយបានរឹងមាំ ដែលកម្រនឹងមានវិធីធ្វើអោយងាយចុះចេញពីតំណែងបានឡើយ។ យន្តការការពារអំណាចរបស់ខ្លួនអោយនៅយូរអង្វែងនោះ មានដូចជា ការដាក់ស្ថាប័នទទួលបន្ទុកការបោះឆ្នោតអោយនៅក្រោមការត្រួតពិនិត្យរបស់ខ្លួន ការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ និងការក្តោបក្តាប់កងកម្លាំងប្រដាប់អាវុធ ជាដើម។ សូម្បីតែព្រះមហាក្សត្រ ក៏ត្រូវលោកនាយករដ្ឋមន្ត្រីជាអ្នកជួយជ្រោមជ្រែងអោយឡើងសោយរាជ្យដែរ។ ធ្វើម៉េចបើលោកនាយករដ្ឋមន្ត្រីកាន់អំណាចយូរជាង លោកត្រូវមានភារៈជាអ្នកជ្រើសរើសស្ទើរគ្រប់ស្ថាប័នអ៊ីចឹងហើយ។ ដល់អ៊ីចឹងទៅ អ្នកដែលត្រូវលោកជ្រើសរើសនោះ តែងតែស្តាប់បង្គាប់លោក។ ទីបំផុត អំណាចរត់ទៅប្រមូលផ្តុំតែទៅលើបុគ្គលម្នាក់។ មន្ត្រីដែលនៅជុំវិញលោក ដែលភាគច្រើនសុទ្ធតែលោកប្រោសប្រទានផ្តល់អំណាចអោយ នាំគ្នាគោរពបូជាលោក ចាត់ទុកលោកជាទីសក្ការៈ។ ពួកគេមិនត្រឹមតែអោនលំទោននៅចំពោះមុខលោកទេ សូម្បីតែការសរសេរលិខិតស្នាមនានា អោយតែប៉ះចំឈ្មោះ ឬគោរមងាររបស់លោក ក៏គេត្រូវប្ដូរពុម្ពអក្សរអោយធំជាង ច្បាស់ជាង ប្រណិតជាងអក្សរដទៃទៀតក្នុងលិខិតទាំងមូលនោះដែរ។
យូរៗទៅ ក្រុមមន្ត្រីនៅក្រោមឱវាទលោកស្ទើរទាំងអស់ ហាក់ដូចជានាំគ្នាធ្វើការដើម្បីតែបង្ហាញសកម្មភាពរបស់ខ្លួនទៅ លោក ហ៊ុន សែន អោយ លោក ហ៊ុន សែន បានឃើញ ជាងមានទិសដៅក្នុងការបម្រើប្រទេសជាតិ និងប្រជាជន។ មានមន្ត្រីមិនតិចទេដែលពេលចុះធ្វើសកម្មភាពផ្សេងៗ តែងជួលអ្នកកាសែតអោយចុះផ្សាយពីសកម្មភាពរបស់ខ្លួន ប្រសិនបើមេធំចេញទៅបេសកកម្មនៅក្រៅប្រទេស គេអោយលុយអ្នកកាសែតថែមទៀត ដើម្បីអោយផ្អាប់រឿងនោះទុកសិន កុំទាន់ចេញផ្សាយ ចាំសម្ដេចមកវិញសិនចាំផ្សាយ ដើម្បីអោយសម្ដេចបានឃើញ។
បន្ថែមលើនេះ អ្នកកាន់អំណាច ជាពិសេសអ្នកកាន់អំណាចកាន់តែយូរ កាន់តែមានប្រៀបច្រើនជាងអ្នកដែលមិនកាន់អំណាច ក្នុងការអួតអាងពីសមិទ្ធផលទាំងឡាយដែលខ្លួនបានធ្វើ ទោះតិច ឬច្រើនក្តី។ ក្នុងការឃោសនារកសំឡេងឆ្នោតម្តងៗ ក្រុមអ្នកកាន់អំណាចតែឆក់ឱកាសនោះវាយបកទៅអ្នកដែលមិនមានឱកាសបានកាន់អំណាច។ ពាក្យដែលក្រុមអ្នកកាន់អំណាច និងអ្នកគាំទ្រ តែងតែលើកឡើងនោះ គឺថា មើលចុះគណបក្សប្រឆាំងបានធ្វើអ្វីខ្លះ ក្រៅតែពីស្រែកបន្ទច់បង្អាក់ដំណើរអភិវឌ្ឍ ជាដើម។
ឥទ្ធិពលនៃទឹកប្រាក់របស់អ្នកដែលរកស៊ីកាក់កបជាមួយនឹងអ្នកកាន់អំណាចដុះស្នឹម ក៏ជួយបង្កើតប្រព័ន្ធរបាំងការពារមួយ មិនអោយបេក្ខជននយោបាយដទៃ ហក់ចូលក្នុងសង្វៀនដឹកនាំប្រទេសបានដោយងាយៗនោះឡើយ។ នៅកម្ពុជា បច្ចុប្បន្ន គេកម្រឃើញមានថៅកែរកស៊ីធំៗណា ដែលមិនមានតំណែងណាមួយក្នុងរចនាសម្ព័ន្ធអំណាចរដ្ឋាភិបាលទេ។ បើមិនមានតួនាទីជាសមាជិកសភា ឬព្រឹទ្ធសភាទេ ក៏មានតំណែងជាទីប្រឹក្សាសម្ដេចនេះ ឬឯកឧត្តមនោះដែរ។ ពួកគាត់រកស៊ីមានបាន ដោយសារគាត់មានទំនាក់ទំនងដ៏ជិតស្និទ្ធយូរអង្វែង ចាក់ស្រេះជាមួយក្រុមមេដឹកនាំ។ ដូច្នេះ ពួកគាត់ក៏ត្រូវតែធ្វើយ៉ាងណា ដើម្បីជួយទំនុកបម្រុងអោយអ្នកកាន់អំណាចនោះ នៅក្រាញក្នុងអំណាចជាបន្តទៅទៀតដែរ។
បើពួកគាត់ត្រូវចំណាយលុយសាងសង់សំណង់អ្វីដែលអាចកេងចំណេញនយោបាយបាន ពួកគាត់មិនខ្លាចហុចប្រាក់ទាំងខ្ទាស់ៗ ជូនលោកនាយករដ្ឋមន្ត្រីនៅចំពោះមុខម៉ាស៊ីនថតរូប ថតទូរទស្សន៍ នោះទេ។ មើលទៅ ពួកគេហាក់ដូចជាមានទឹកចិត្តជ្រះថ្លាណាស់។
ដើម្បីលើកទឹកចិត្តក្រុមសន្តិសុខស៊ីឈ្នួលដែលបានវាយបំបែកក្រុមបាតុករ វាយអ្នកកាសែត ពេលដែលក្រុមនេះបានភ្លក់រសជាតិដំបងរបស់បាតុករម្តងវិញ ថៅកែរកស៊ីជួញដីធំៗនៅស្រុកខ្មែរ នាំគ្នាតម្រង់ជួរខ្ចប់លុយទៅជួយដល់ពេទ្យ ប្រកបដោយទឹកមុខសោកសង្រេង ដូចចេញពីបាតបេះដូងពិតៗ។ គេធ្វើយ៉ាងណាអោយតែគេបានអែបអបនឹងមេដឹកនាំ ដែលបានផ្តល់ឱកាស និងជួយទំនុកបម្រុងអោយគេរកស៊ីមានបានតាំងពីពេលចាប់កវែកកឆ្នាំងដំបូងមកម្ល៉េះ។
ការកំណត់អាណត្តិនាយករដ្ឋមន្ត្រី ក៏ប្រហែលជាអាចជួយកាត់បន្ថយអំពើពុករលួយបានមួយចំណែកធំ។ បើក្រុមអ្នកដឹកនាំកាន់តំណែងក្នុងរយៈពេលជាកំណត់មួយ ពួកគាត់ក៏ប្រហែលជាមិនមានលទ្ធភាពឥតព្រំដែន ក្នុងការបង្កើតបណ្ដាញបក្ខពួកនិយម គ្រួសារនិយមពេញស្ថាប័នរដ្ឋ ដែលបង្កអោយមានអំពើពុករលួយ និងក្នុងការឆក់ឱកាសក្នុងការកេងចំណេញពីតួនាទីរបស់ខ្លួនដែរ។
ជាងនេះទៅទៀត ការកំណត់អាណត្តិនាយករដ្ឋមន្ត្រី ក៏ប្រហែលជាអាចបញ្ចៀសបាននូវជំងឺលង់ខ្លួន។ ការអង្គុយស្រួលយូរពេកនៅក្នុងការិយាល័យទំនើប មានព្រំស្រស់ស្អាត មានអ្នកបម្រើ មានអ្នកជំនួយការ ទីប្រឹក្សាអាម៉ីអាថោងឆ្វេងស្តាំចាំតែលើកជើងច្រើនពេកទៅ អាចធ្វើអោយពួកគាត់ភ្លេចនឹកគិតដល់ជីវិតសាមញ្ញធម្មតារបស់ប្រជាពលរដ្ឋទូទៅ ដែលគាត់មានភារៈបម្រើ និងដោះស្រាយជូន។ មានពេលខ្លះ ក្រុមអាម៉ីអាថោងប្រហែលជាមិនចង់រំពល់ទុកមេរបស់ខ្លួន ក៏លាក់បាំងបញ្ហាមួយចំនួនមិនអោយមេដឹង ហើយពេលនោះ ទោះជាអ្នកដឹកនាំនោះប្រកបដោយគតិបណ្ឌិតឈ្លាសវៃយ៉ាងណា ក៏ទីបំផុតចេញមុខសារភាពថា ខ្លួនមិនបានដឹងរឿងអីសោះ។
ម្យ៉ាងទៀត ការកំណត់អាណត្តិនាយករដ្ឋមន្ត្រីអាចជួយអោយក្រុមអ្នកកាន់អំណាច យកចិត្តទុកដាក់ក្នុងការបំពេញការងារបម្រើជាតិបានពេញដៃពេញជើង ជាងការមិនកំណត់ដែរ ជាពិសេស នៅក្នុងអាណត្តិចុងក្រោយ។ ដោយមេដឹកនាំ និងក្រុមបក្ខរបស់ខ្លួនដឹងច្បាស់ថា នឹងលែងមានសិទ្ធិឈរឈ្មោះអោយគេបោះឆ្នោតក្លាយជានាយករដ្ឋមន្ត្រីទៀតនោះ គាត់អាចលែងខ្វល់ពីការខិតខំរិះរកយុទ្ធសាស្ត្ររកសំឡេងឈ្នះឆ្នោត សម្រាប់អាណត្តិក្រោយទៀតហើយ ហើយពេលនោះ ពួកគាត់អាចបង្វែរការយកចិត្តទុកដាក់ទាំងស្រុង ទៅនឹងការកសាងជាតិពិតៗ និងកសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនពេលអស់អំណាចទៅនោះផង។
ទោះជាយ៉ាងណាក៏ដោយ អ្នកដែលនៅក្រាញនឹងអំណាច តែងលើកហេតុផលផ្សេងពីការនៅបន្តកាន់អំណាចគ្មានព្រំដែនរបស់ខ្លួននោះ។ គេតែងលើកឡើងថា មិនមែនមកពីការស្រឡាញ់អំណាច ហើយក្រាញននៀលនឹងអំណាចនោះទេ តែមកពីថាខ្លួនជាអ្នកចេះជាងគេក្នុងកាច់ចង្កូតដឹកនាំបានល្អ ព្រោះខ្លួនស្គាល់កន្លុកកន្លៀតសព្វគ្រប់រាប់សិបឆ្នាំហើយ គ្មាននរណាចេះជាងខ្លួននោះទៀតទេ។ នេះប្រហែលជាគ្រាន់តែជាពាក្យដោះសាការពារអំណាច ដែលផ្ទុយស្រលះពីពាក្យចាស់ខ្មែរពីបរមបូរាណ ដែលប្រដៅថា «ចេះឯងអោយក្រែងចេះគេ»៕
No comments:
Post a Comment