A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 6 May 2015

បទ​វិភាគ៖ តើ​វប្បធម៌​សន្ទនា​ជា​ការ​បោក​បញ្ឆោត​បក្ស​ប្រឆាំង​ដែរ​ឬ​ទេ?



ដោយ តាំង សារ៉ាដា
2015-05-06 RFA


លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (រូប​ពាក់​មួក) ដើរ​ជាមួយ​គ្នា​ក្នុង​ពិធី​បើក​កម្មវិធី​អង្គរ​សង្ក្រាន្ត​នា​ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤ មេសា ឆ្នាំ​២០១៥។
RFA/Hang Savyouth

School of Vice: Politics is never completely free of its inherent deceptive ploys. The only question that needs asking is whether its activities and pursuits are conducive to the general public good, or be a mere charade in service of personal gains of a handful individuals and or their narrow clans' agenda.

---

បើ​ទោះ​បី​ជា​មេដឹកនាំ​បក្ស​ប្រឆាំង​តែង​ពើង​ទ្រូង​អួត​ក្អេងក្អាង ត្រេកត្រអាល​លើ​វប្បធម៌​សន្ទនា​ដែល​ខ្លួន​តែង​ប្រកាស​ក្តែងៗ​ជា​សាធារណៈ ថា​ជា​ជោគជ័យ​សម្រាប់​បក្ស​របស់​ខ្លួន​ក្នុង​ការ​បង្កើត គ.ជ.ប ថ្មី ដើម្បី​ដោះលែង​សកម្មជន​របស់​ខ្លួន និង​ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​ក៏ដោយ ប៉ុន្តែ​ក្រុម​នេះ​ទំនង​ជា​បំភ្លេច​ដាន​ប្រវត្តិសាស្ត្រ​ចាស់ ឬ​ល្បិច​ចាស់​ដែល​លោក ហ៊ុន សែន ធ្លាប់​បាន​ប្រើប្រាស់​តាំង​ពី​ចុង​ឆ្នាំ​១៩៨៨ ទាំង​បង្ខំ។

វប្បធម៌​សន្ទនា​ក្នុង​បរិបទ​នយោបាយ​សព្វ​ថ្ងៃ​នេះ​ទំនង​កើត​ឡើង​ដោយសារ​ការ​បំបែកបំបាក់ ការ​គំរាមកំហែង និង​ការ​អស់​ផ្លូវ​ដើរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

ល្បិច​ខ្លះៗ​ដែល​ហាក់​ដូចជា​ការ​បំបែក​បំបាក់​នោះ គឺ​នៅ​ពេល​លោក ហ៊ុន សែន បាន​ព្យាយាម​សរសើរ​លោក សម រង្ស៊ី គ្រប់​ម៉ាត់​នៅ​ក្នុង​រដ្ឋ​សភា និង​នៅ​ក្នុង​កម្មវិធី​អង្គរ​សង្ក្រាន្ត ក្នុង​ខេត្ត​សៀមរាប ថា លោក សម រង្ស៊ី ជា ដៃគូ​សន្ទនា​ដ៏​ល្អ​ក្នុង​ការ​បញ្ចប់​ជម្លោះ​នយោបាយ​កាល​ពី​ឆ្នាំ​២០១៣។

សកម្មភាព​ជា​ប្រវត្តិសាស្ត្រ​នេះ​ហើយ​ដែល​លោក ហ៊ុន សែន ចង់​បង្អួត​ដល់​សាធារណជន​ថា លោក​អាច​បញ្ចុះបញ្ចូល​ឲ្យ​មេ​បក្ស​ប្រឆាំង​មក​ហែហម​មហិច្ឆតា​នយោបាយ​របស់​ខ្លួន និង​ការ​បង្កើត​នូវ​ទស្សនីយភាព​ល្អូកល្អិន​នឹង​គ្នា​ដោយ​គ្មាន​វត្ត​របស់​លោក កឹម សុខា។



លើស​ពី​ភាព​ល្អូកល្អិន​ក្នុង​កម្មវិធី​អង្គរ​សង្ក្រាន្ត នៅ​ខេត្ត​សៀមរាប មេដឹកនាំ​ទាំង​ពីរ​ក៏​បាន​ធ្វើ​ដំណើរ​រួម​គ្នា​ទៅ​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ជួប​សួរ​សុខទុក្ខ​កម្មករ​ដោយ​គ្មាន​វត្តមាន​លោក កឹម សុខា ទៀត។ នៅ​គ្រា​លោក ហ៊ុន សែន តែង​បន្ទោស​លោក កឹម សុខា ថា កុំ​ឲ្យ​រិះគន់​លោក​ជា​សាធារណៈ​នោះ តែ​លោក​បែរ​ជា​ងាក​មក​កោត​សរសើរ លោក សម រង្ស៊ី ថា អាច​និយាយ​គ្នា​បាន​ក្នុង​ការ​ដោះលែង​សកម្មជន​បក្ស​ដោយ​មិន​ចាំបាច់​រក​អន្តរាគមន៍​ពី​បរទេស។

យុទ្ធសាស្ត្រ​នយោបាយ​ដ៏​ត្រជាក់​របស់​លោក ហ៊ុន សែន ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ហាក់​ដូចជា​ការ​ព្យាយាម​បំបែក​មេ​បក្ស​ប្រឆាំង​ទាំង​ពីរ។

វប្បធម៌​សន្ទនា​របស់​មេដឹកនាំ​បក្ស​ប្រឆាំង និង​មេដឹកនាំ​បក្ស​កាន់​អំណាច​នៅ​ពេល​នេះ អាច​ដោយសារ​ការ​អស់​ផ្លូវ​ដើរ​របស់​បក្ស​សង្គ្រោះ​ជាតិ ខណៈ​សកម្មជន​ដីធ្លី​ជា​ច្រើន និង​សកម្មជន​បក្ស​ប្រឆាំង​មួយ​ចំនួន​របស់​ខ្លួន​ស្ថិត​ក្នុង​ពន្ធនាគារ ហើយ​មន្ត្រី​របស់​ខ្លួន​ជា​ច្រើន​កំពុង​ជាប់​បណ្ដឹង​ក្នុង​តុលាការ រួម​នឹង​ការ​គំរាម​បន្ត​ការ​ប្រើប្រាស់​យន្តការ គ.ជ.ប ចាស់ ជា​ជាង​ការ​បង្កើត គ.ជ.ប ថ្មី​ពី​សំណាក់​បក្ស​កាន់​អំណាច។

វប្បធម៌​សន្ទនា​នៅ​សហស្សវត្ស​ឆ្នាំ​២០១៥ នេះ​ហាក់​មិន​ខុស​គ្នា​ប៉ុន្មាន​នោះ​ទេ ទៅ​នឹង​វប្បធម៌​ចរចា​ដើម្បី​បំបែក​បំបាក់​របស់​លោក ហ៊ុន សែន កាល​ពី ២៧​ឆ្នាំ​មុន នៅ​គ្រា​ដែល​លោក​បាន​បញ្ចុះ​បញ្ចូល​ឲ្យ​ចតុ​ភាគី មាន​ក្រុម​ខ្មែរ​ក្រហម ក្រុម​ហ៊្វុនស៊ិនប៉ិច ក្រុម​របស់​លោកតា សឺន សាន និង​ក្រុម​រដ្ឋាភិបាល​រដ្ឋ​កម្ពុជា​របស់​លោក ឲ្យ​មាន​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​១៩៩៣។

ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ បើ​ទោះ​បី​គណបក្ស​ប្រជាជន​កម្ពុជា ចាញ់​ឆ្នោត ហើយ​លោក​បាន​ត្រឹម​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ទី​ពីរ​ដោយសារ​ការ​គំរាម​បង្កើត​តំបន់​អបគមន៍​ក៏​ដោយ ក៏​លោក ហ៊ុន សែន នៅ​តែ​ព្យាយាម​បំបែក​ក្រុម​ខ្មែរ​ក្រហម ក្រុម​របស់​លោកតា សឺន សាន និង​ក្រុម​ហ៊្វុនស៊ិនប៉ិច ទៅ​ជា​ចម្រៀកៗ។

​ជា​លទ្ធផល​លោក ហ៊ុន សែន ពិត​ជា​ទទួល​បាន​ជោគជ័យ​មែន ទាំង​ការ​ធ្វើ​រដ្ឋ​ប្រហារ​បង្ហូរ​ឈាម​ដាប​ពេញ​ប្រទេស​ក្នុង​ឆ្នាំ​១៩៩៧ ដែល​បាន​សម្លាប់​កងទ័ព​បក្ស​រាជនិយម​រាប់​រយ​នាក់ ហើយ​ក្រោយ​មក​បាន​ប្រមូល​ក្រុម​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​យក​មក​កាត់​ទោស​ថែម​ទៀត ក្រោយ​ពី​ក្រុម​ខ្មែរ​ក្រហម​បាន​ធ្វើ​សមាហរណកម្ម​ជាមួយ​រដ្ឋាភិបាល។

​នៅ​ឆ្នាំ​១៩៩៨ គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាស​ជ័យជំនះ​ពី​ការ​បោះ​ឆ្នោត​ជាតិ ហើយ​ពេល​នោះ​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​របស់​លោក សម រង្ស៊ី បាន​ធ្វើ​បាតុកម្ម​រួម​គ្នា​ប្រឆាំង​នឹង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះ ដោយ​ពហិការ​មិន​ចូល​ស្បថ​ក្នុង​រដ្ឋ​សភា។ លោក ហ៊ុន សែន បាន​តប​ត​ទៅ​នឹង​មហា​បាតុកម្ម​នោះ​វិញ ដោយ​ការ​បាញ់​សម្លាប់​សូម្បី​និស្សិត​ព្រះសង្ឃ និង​ស្ត្រី​ក៏​មិន​លើកលែង​នោះ​ដែរ។ នៅ​ចុង​បញ្ចប់​មនុស្ស​ជា​ច្រើន​របួស​ធ្ងន់ ខ្លះ​ស្លាប់ ហើយ​ខ្លះ​ទៀត​បាត់​ខ្លួន។ ការ​សម្លាប់ ការ​ចាប់ចង និង​អំពើ​ហិង្សា​ទាំង​នេះ​ហើយ គឺ​ជា​យុទ្ធសាស្ត្រ​ក្នុង​ការ​ដាក់​សំពាធ​ឲ្យ​គណបក្ស​ទាំង​ពីរ​ឲ្យ​ចូល​ស្បថ​សច្ចា​ប្រណិធាន​ក្នុង​រដ្ឋ​សភា ដើម្បី​បង្កើត​រដ្ឋាភិបាល​សម​ដូច​ប្រាថ្នា។

​ជាង​នេះ​ទៅ​ទៀត យុទ្ធសាស្ត្រ​បំបែកបំបាក់​បញ្ចុះ​បញ្ចូល​បោក​បញ្ឆោត​របស់​លោក ហ៊ុន សែន នៅ​តែ​មាន​ប្រសិទ្ធភាព​ដដែល​សម្រាប់​ឈុត​ឆាក​នយោបាយ​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០០៣ ខណៈ​ស្ថានការណ៍​នយោបាយ​ពេល​នោះ​កំពុង​ជាប់​គាំង។

​ដោយសារតែ​សង្គ្រាម​ចិត្តសាស្ត្រ​របស់​លោក ហ៊ុន សែន ក្នុង​កល​ល្បួង​លួងលោម និង​បញ្ជោរ​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ដោយ​សន្យា​ប្រគល់​តំណែង​ជា​ប្រធាន​រដ្ឋ​សភា​ជាតិ។ ដោយ​មិន​បង្អង់​យូរ សម្ដេច​ក្រុមព្រះ​ក៏​បោះបង់​សម្ពន្ធភាព​ប្រជាធិបតេយ្យ​របស់​ខ្លួន​ជាមួយ​លោក សម រង្ស៊ី ហើយ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​លោក ហ៊ុន សែន។

​ដោយ​ហាក់​ដូច​មាន​អាក់អន់ចិត្ត​ជា​ខ្លាំង លោក សម រង្ស៊ី បាន​ចោទ​ប្រកាន់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ថា​មាន​អំពើ​ពុករលួយ​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ចម្រុះ ហើយ​ថា លោក ហ៊ុន សែន ជា​អ្នក​នៅ​ពីក្រោយ​នៃ​ការ​សម្លាប់​លោក ជា វិជ្ជា ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

​នៅ​ឆ្នាំ​២០០៥ លោក សម រង្ស៊ី បាន​និរទេស​ចេញ​ពី​កម្ពុជា ក្រោយ​ពី​រដ្ឋ​សភា​បាន​ដក​អភ័យ​ឯកសិទ្ធិ​តំណាងរាស្ត្រ​របស់​លោក ហើយ​តុលាការ​ទីក្រុង​ភ្នំពេញ បាន​កាត់ទោស​ឲ្យ​លោក សម រង្ស៊ី ជាប់​គុក ១៨​ខែ។ ដោយសារ​វប្បធម៌​ចរចា នៅ​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០០៦ លោក សម រង្ស៊ី បាន​វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា វិញ​ក្រោយ​ពី​លោក​បាន​ដក​ពាក្យ​បណ្ដឹង​ឈប់​ប្ដឹង​លោក ហ៊ុន សែន នៅ​តុលាការ​ក្រុង​ញីវយ៉ក សហរដ្ឋអាមេរិក ពី​បទ​គប់​គ្រាប់បែក​មុខ​រដ្ឋសភា​កាល​ពី​ឆ្នាំ​១៩៩៧ ហើយ​ពេល​នោះ​លោក សម រង្ស៊ី បាន​សរសេរ​លិខិត​មួយ​សុំទោស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា​លោក​ខុស​ហើយ​មិន​សម​ធ្វើ​ដូច្នេះ​ទេ។

​ការ​ឈប់​ប្ដឹង​លោក ហ៊ុន សែន នេះ​គឺ​ដោយសារ​លោក សម រង្ស៊ី នៅ​ពេល​នោះ​ត្រូវ​ការ​វិល​ត្រឡប់​ចូល​ប្រទេស​វិញ​ដើម្បី​បន្ត​ការងារ​យុទ្ធនា​ឃោសនា​បោះ​ឆ្នោត​សម្រាប់​ឆ្នាំ​២០០៨។ ក្រោយ​មក​បន្តិច​លោក ហ៊ុន សែន បាន​ស្នើ​ឲ្យ​ព្រះមហាក្សត្រ​លើកលែង​ទោស​ឲ្យ​លោក សម រង្ស៊ី វិល ចូល​ប្រទេស​កម្ពុជា​វិញ។ ប៉ុន្តែ​កាល​ពី​ដើម​ខែ​កក្កដា ឆ្នាំ​២០១៣ លោក ហ៊ុន សែន បាន​លាតត្រដាង​ថា ការ​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ប្រទេស​កម្ពុជា​វិញ កាល​ពី​ឆ្នាំ​២០០៦ នោះ គឺ​ដោយសារ​ពេល​នោះ​លោក​ចង់​ខ្ចី​ដៃ​លោក សម រង្ស៊ី ដើម្បី​កែ​រដ្ឋធម្មនុញ្ញ​ពី​រូបមន្ត​ពីរ​ភាគ​បី​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល មក​រូបមន្ត ៥០​ភាគរយ​បូក​មួយ (50+1) វិញ ដើម្បី​បន្ថយ​អំណាច​ត​ថ្លៃ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​ស្ថិត​ក្នុង​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

​រូបមន្ត​ពីរ​ភាគ​បី​ជា​រូបមន្ត​ដែល​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ផ្សេង​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋ​សភា ហើយ​រូបមន្ត ៥០​ភាគរយ​បូក​មួយ ជា​រូបមន្ត​ដែល​គណបក្ស​មាន​អាសនៈ​ច្រើន​ជាង​គេ​ក្នុង​រដ្ឋ​សភា អាច​បង្កើត​រដ្ឋាភិបាល​ខ្លួន​ឯង​បាន​មិន​ចាំបាច់​មាន​ការ​ចូល​រួម​ពី​បក្ស​ផ្សេង។

​ជ័យជំនះ​របស់​លោក ហ៊ុន សែន នៅ​ពេល​នោះ ហាក់​ដូច​ជា​ការ​បាញ់​ព្រួញ​តូច​មួយ​បាន​សត្វ​ធំ​ដល់​ទៅ​ពីរ ដែល​សត្វ​ទី​មួយ​គឺ​គ្មាន​បណ្ដឹង​អំពី​ការ​គប់​គ្រាប់បែក​មុខ​រដ្ឋសភា​ឆ្នាំ​១៩៩៧ ដែល​បណ្ដាល​ឲ្យ​ប្រធាន​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ (IRI) គឺ​លោក រ៉ន អាប់នី រង​របួស​ជើង ក្នុង​តុលាការ​សហរដ្ឋអាមេរិក។ សត្វ​ទី​ពីរ គឺ​លោក ហ៊ុន សែន អាច​បង្កើត​រដ្ឋាភិបាល​ដោយ​ខ្លួនឯង​មិន​ចាំបាច់​មាន​បក្ស​ផ្សេង​មក​រួម​ជាមួយ។

​នៅ​ឆ្នាំ​២០០៨ គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ ៩០​អាសនៈ​ក្នុង​រដ្ឋសភា​តែម្ដង រីឯ​គណបក្ស សម រង្ស៊ី បាន ២៦​អាសនៈ គណបក្ស​សិទ្ធិ​មនុស្ស បាន ៣​អាសនៈ ហើយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស នរោត្តម រណឫទ្ធិ ទទួល​បាន​ម្នាក់ ២​អាសនៈ។  ជ័យជំនះ​លើក​នេះ​អាច​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា បង្កើត​រដ្ឋាភិបាល​ខ្លួន​ឯង​បាន​យ៉ាង​ស្រួល។ នៅ​ឆ្នាំ​២០១៣ លោក ហ៊ុន សែន ប្រកាស​ជ័យជំនះ​ម្តង​ទៀត ប៉ុន្តែ​ជ័យជំនះ​លើក​នេះ​មាន​ការ​តវ៉ា​យ៉ាង​ខ្លាំង​ពី​សំណាក់​មហាជន និង​ពី​ខាង​ក្រុម​បក្ស​ប្រឆាំង​តែម្ដង។

​មនុស្ស​ប្រហែល​មួយ​លាន​នាក់​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​តាម​ផ្លូវ​ប្រឆាំង​នឹង​លទ្ធផល​ឆ្នោត​ដែល​ពួកគេ​ចាត់​ទុក​ថា មាន​កា​រលួយ​បន្លំ។ អ្នក​ធ្វើ​បាតុកម្ម​ខ្លះ​បាន​លក់​មាន់ លក់​ទា លក់​ឆ្កែ ខ្លះ​ដើរ​ដោយ​ថ្មើរ​ជើង ខ្លះ​ជិះ​កង់​ពី​ខេត្ត​ឆ្ងាយ ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​មក​ចូលរួម​ធ្វើ​បាតុកម្ម​ទម្លាក់​លោក ហ៊ុន សែន។

​ជា​ការ​ឆ្លើយ​តប លោក ហ៊ុន សែន បាន​ប្រើ​កណ្ដាប់​ដៃ​ទី​បី​វ៉ៃ​ឥត​ប្រណី​បំបែក​ហ្វូង​បាតុករ​យ៉ាង​ចាស់​ដៃ​ម្តង​ទៀត។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៧​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ​បញ្ជូន​ទៅ​គុក​ព្រៃ​ស ដែល​នាំ​ឲ្យ​មេ​បក្ស​ប្រឆាំង​ប្រញាប់​ចូល​តុ​ចរចា​ជាមួយ​បក្ស​កាន់​អំណាច​ក្នុង​ការ​ចូល​ធ្វើ​សច្ចា​ប្រណិធាន​ក្នុង​រដ្ឋ​សភា។

​ក្រោយពី​ស្បថ​ក្នុង​រដ្ឋសភា​ហើយ​នោះ នយោបាយ​របស់​បក្ស​ប្រឆាំង​ហាក់​មាន​ការ​បន្ទន់​ឥរិយាបថ​ច្រើន​សម្រាប់​បក្ស​កាន់​អំណាច។ ប៉ុន្តែ​កាយវិការ​នយោបាយ​ដ៏​ទន់​ភ្លន់​នេះ អាច​ដោយសារ​ខ្លួន​ត្រូវ​ការ​លួងលោម​ឲ្យ​គណបក្ស​កាន់​អំណាច​អន្តរាគមន៍​ដោះលែង​សកម្មជន​របស់​ខ្លួន​ដែល​កំពុង​ជាប់​ឃុំឃាំង​នោះ​ក៏​អាច​ថា​បាន។

អ្នក​ដែល​ទទួល​ជោគជ័យ​ក្នុង​បរិបទ​នយោបាយ​នេះ អាច​ជា​គណបក្ស​ប្រជាជន​កម្ពុជា ឯ​ណោះ​ទេ ដែល​មាន​ប្រៀប​លើ​បក្ស​សង្គ្រោះ​ជាតិ ដោយសារ​វប្បធម៌​គំរាមកំហែង​របស់​ខ្លួន​បាន​ជំរុញ​មាន​វប្បធម៌​សន្ទនា ឬ​ចរចា​ជាមួយ​បក្ស​ប្រឆាំង​ដើម្បី​យក​ប្រៀប​ក្នុង​ការ​បង្កើត​ស្ថាប័ន គ.ជ.ប ថ្មី​ដ៏​ងាយ​ស្រួល​សម្រាប់​ល្ខោន​នយោបាយ​របស់​ខ្លួន​នៅ​ឆ្នាំ​២០១៨ ខាង​មុខ។ អ្វី​ដែល​ជា​ជោគជ័យ​ដ៏​ធំ​នោះ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពេល​នេះ អាច​ជា​ការ​វាយ​បំបាក់​ប្រជាប្រិយភាព​របស់​បក្ស​ប្រឆាំង​ថែម​ទៀត។

គណបក្ស​ប្រឆាំង​បាន​រង​ការ​រិះគន់​យ៉ាង​ជោកជាំ​ពី​ក្រុម​អ្នក​លេង​បណ្តាញ​សង្គម​ហ្វេសប៊ុក (Facebook) ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ។ អ្នក​ខ្លះ​បាន​បញ្ចេញ​ទស្សនៈ​ថា បក្ស​សង្គ្រោះ​ជាតិ​កំពុង​ក្លាយ​ជា​បក្ស​អែបអប​របស់​បក្ស​កាន់​អំណាច ទោះបីជា​មេដឹកនាំ​បក្ស​ប្រឆាំង​ខ្លះ ប្រកាស​ជំហរ​របស់​ខ្លួន​ថា មិន​មែន​ជា​បក្ស​រណប​របស់​គណបក្ស​កាន់​អំណាច ហើយ​ក៏​មិន​អាច​ទទួល​យក​គោល​នយោបាយ​របស់​បក្ស​កាន់​អំណាច​មក​ដាក់​ជំនួស​គោលនយោបាយ​របស់​ប្រឆាំង​នោះ។

​សារ​នយោបាយ​បែប​នេះ​បាន​នាំ​ឲ្យ​លោក ហ៊ុន សែន ខឹង​គណបក្ស​ប្រឆាំង​សា​ជា​ថ្មី ហើយ​គំរាម​រំលាយ​វប្បធម៌​សន្ទនា​នេះ​ចោល​ថែម​ទៀត ដែល​ធ្វើ​ឲ្យ​ក្រុម​មេដឹកនាំ​បក្ស​ប្រឆាំង​ស្ទុះស្ទា​ចេញ​សេចក្ដី​ថ្លែងការណ៍​បន្ត​គាំទ្រ​វប្បធម៌​សន្ទនា​នេះ​ទៀត។

​គណបក្ស​ប្រឆាំង​ហាក់​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ចុះ​ទឹក​ក្រពើ​ឡើង​លើ​ខ្លា។ មាន​ន័យ​ថា ប្រសិនបើ​​ប្រឆាំង​ហ៊ាន​រឹងរូស​ជាមួយ​បក្ស​កាន់​អំណាច សមត្ថកិច្ច​របស់​រដ្ឋាភិបាល​អាច​នឹង​ចាប់​ប្រមូល​ក្រុម​មន្ត្រី​របស់​ខ្លួន​ដាក់​ពន្ធនាគារ​វិញ។

សរុប​សេចក្ដី​មក​នយោបាយ​របស់​បក្ស​ប្រឆាំង​ប្រៀប​ដូចជា​មនុស្ស​ដែល​កំពុង​ជាប់​ខ្នោះដៃ​ស្វ័យប្រវត្តិ​មួយ​ដែល​ហ៊ាន​រើ​កាន់​តែ​ខ្លាំង​កាន់តែ​ជាប់​ចំណង។ ប៉ុន្តែ​ប្រសិន​បើ​បក្ស​ប្រឆាំង​មាន​ភាព​លះបង់ និង​មាន​សេចក្ដី​ក្លាហាន​ពិត​ប្រាកដ​សម្រាប់​ឆន្ទៈ​របស់​រាស្ត្រ​ឥត​ងាករេ​មែន​នោះ ខ្នោះដៃ​ស្វ័យប្រវត្តិ​នឹង​អាច​រើ​ចេញ​បាន​យ៉ាង​ងាយ​តាម​រយៈ​អំណាច​ប្រជាពលរដ្ឋ ហើយ​ល្បិច​នៃ​ការ​ប្រើប្រាស់​វប្បធម៌​គំរាម​កំហែង​ឲ្យ​មាន​វប្បធម៌​សន្ទនា អាច​នឹង​សាបរលាប​ដោយ​ខ្លួន​ឯង៕

No comments: