A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 12 May 2015

អាដហុក​គ្រោង​ប្ដឹង​ព្រះរាជអាជ្ញា​រង​និង​ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ខេត្ត​សៀមរាប


ដោយ ហង្ស សាវយុត
2015-05-12 rfa
ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក (adhoc) លោក នី ចរិយា និង​មេធាវី កញ្ញា ពូក យ៉ារ៉ាន់ ក្នុង​សន្និសីទ​កាសែត​នា​ទីស្នាក់ការ​ខេត្ត​សៀមរាប រិះគន់​មន្ត្រី​តុលាការ​ដែល​ចាប់​ប្រជាពលរដ្ឋ​ដាក់​ពន្ធនាគារ​ដោយ​មិន​ត្រឹមត្រូវ​តាម​ច្បាប់ នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៥។
RFA/Hang Savyouth

រយៈពេល​ជិត ៥​ខែ​ហើយ​ដែល​តុលាការ​ខេត្ត​សៀមរាប សម្រេច​ឃុំ​ខ្លួន​បុរស ២​នាក់​ជា​អ្នក​ភូមិ​ជប់រំដេង ឃុំ​កន្ទួត ស្រុក​ស្វាយលើ ឲ្យ​ជាប់​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន ដោយសារ​តែ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​សហគមន៍​វៀតណាម ឈ្មោះ តាខ្មៅ​អភិវឌ្ឍន៍​កសិកម្ម និង​ឧស្សាហកម្ម។

មេធាវី​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (adhoc) បាន​ចាត់​ទុក​ថា តុលាការ​ដែល​សម្រេច​ឃុំ​ខ្លួន​អ្នក​ភូមិ​ជប់រំដេង ទាំង ២​នាក់​នោះ គឺ​ជា​ចំណាត់​ការ​មិន​ត្រឹមត្រូវ ដោយ​រំលោភ​នីតិវិធី​ទាំង​អង្គ​ហេតុ និង​អង្គ​ច្បាប់។ ក្រុម​មេធាវី​ធ្លាប់​ស្នើសុំ​ឲ្យ​តុលាការ ដោះ​លែង​អ្នក​ភូមិ​ទាំង​ពីរ​នាក់​នេះ ក៏ប៉ុន្តែ​តុលាការ​បាន​ច្រាន​ចោល​ការ​ស្នើសុំ​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន។

មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ព្រមាន​ថា គេ​នឹង​ដាក់​ពាក្យ​ប្ដឹង​ទៅ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម និង​ក្រសួង​យុត្តិធម៌ នៅ​ពេល​ឆាប់ៗ ប្រឆាំង​នឹង​ព្រះរាជអាជ្ញា​រង រួម​ទាំង​ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ខេត្ត​សៀមរាប ខ្លះ ដែល​សម្រេច​ឃុំ​ខ្លួន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្វាយលើ ២​នាក់ ដោយ​បំពាន​ច្បាប់។


សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ឲ្យ​ដឹង​ថា ក្នុង​ពាក្យ​បណ្ដឹង​ខាង​មុខ​នេះ យ៉ាង​ហោច​ណាស់​ក៏​មាន​ឈ្មោះ​ព្រះរាជអាជ្ញា​រង​ម្នាក់ គឺ​លោក សុក កែវបណ្ឌិត និង​ចៅក្រម​ម្នាក់​ទៀត គឺ​លោក គី ឬទ្ធី។ ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក គឺ​លោក នី ចរិយា។ លោក​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​ឯ​ទីស្នាក់ការ​ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​១២ ខែ​ឧសភា ថា សហគមន៍​តាខ្មៅ​អភិវឌ្ឍន៍​កសិកម្ម និង​ឧស្សាហកម្ម កំពុង​តែ​ព្យាយាម​រំលោភ​យក​ដីធ្លី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ជប់រំដេង ឃុំ​កន្ទួត ស្រុក​ស្វាយលើ ក្នុង​ពេល​ដែល​គេ​កំពុង​ស្នើសុំ​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ចំនួន ៤១៩​ហិកតារ។ លោក នី ចរិយា ចាត់​ទុក​ថា សហគមន៍​តាខ្មៅ​នេះ​មិន​មែន​ជា​សហគមន៍​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់​ទេ ពីព្រោះ​តាម​គោលការណ៍ កាល​ណា​គេ​បង្កើត​សហគមន៍​នៅ​តំបន់​ណា គឺ​គេ​យក​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ធ្វើ​ជា​សមាជិក​ឲ្យ​ទទួល​បាន​ផល​ប្រយោជន៍​ពី​ការ​អភិវឌ្ឍ ប៉ុន្តែ​សហគមន៍​នេះ​មាន​ប្រវត្តិ​មក​ពី​ខេត្ត​កណ្ដាល បែរ​ជា​មក​បង្កើត​សហគមន៍​នៅ​សៀមរាប ហើយ​យក​ជនជាតិ​វៀតណាម មក​ធ្វើ​ការ​ទៅ​វិញ។

លោក នី ចរិយា បញ្ជាក់​បន្ថែម​ថា ការ​រក​ឃើញ​មួយ​ទៀត គឺ​កាល​ពី​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០១៤ កន្លង​ទៅ អាជ្ញាធរ​ខេត្ត​សៀមរាប បាន​ចេញ​លិខិត​ដើម្បី​ផ្អាក​សកម្មភាព​សហគមន៍​តាខ្មៅ មិន​ឲ្យ​ធ្វើ​ការ​អភិវឌ្ឍ​លើ​ទំនាស់​នោះ​ទៀត​ទេ ដោយសារ​តែ​សហគមន៍​នេះ​មិន​ទាន់​មាន​សិទ្ធិ​ផ្លូវ​ច្បាប់​ពេញលេញ ក្នុង​ការ​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​នៅ​ឡើយ។ លោក នី ចរិយា ចោទ​សួរ​ថា ប្រសិន​បើ​សហគមន៍​នេះ​មិន​ទាន់​មាន​សិទ្ធិ​គ្រប់គ្រង​ដី​សម្បទាន​សេដ្ឋកិច្ច​ផង តើ​តំណាង​អយ្យការ និង​ចៅក្រម​ស៊ើបសួរ​នៃ​សំណុំ​រឿង​ទំនាស់​ដីធ្លី មាន​ភស្តុតាង​ពី​ណា​ថា​សហគមន៍​នេះ​ជា​ម្ចាស់​ដី ហើយ​ចាប់​ប្រជាពលរដ្ឋ​ដាក់​គុក?៖ «រឿង​នេះ​សមាគម​អាដហុក ពិនិត្យ​ទៅ​លើ​សមត្ថកិច្ច​របស់​តុលាការ ជាពិសេស​ពិនិត្យ​ទៅ​លើ​សកម្មភាព​ព្រះរាជអាជ្ញា សុក កែវបណ្ឌិត ហើយ​និង​ចៅក្រម និង​ព្រះរាជអាជ្ញា​ទាំងឡាយ​ណា​ដែល​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង គឺ​យើង​នឹង​ប្ដឹង​ទៅ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម»។

ប្រតិកម្ម​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​កើត​ឡើង​បន្ទាប់​ពី​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​បុរស​អ្នក​ភូមិ​ជប់រំដេង ចំនួន ២​នាក់​ឈ្មោះ បឿន សុខ និង វ៉ែន ឡន ដាក់​ពន្ធនាគារ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា កន្លង​ទៅ បន្ទាប់​ពី​មាន​ជម្លោះ​ដីធ្លី​ជាមួយ​សហគមន៍​អភិវឌ្ឍន៍​តាខ្មៅ។

ស្ត្រី​ឈ្មោះ យុង គឹមលាង ដែល​សមត្ថកិច្ច​ចាប់​ប្ដី​របស់​គាត់​ឈ្មោះ វ៉ែន ឡន ដាក់​ពន្ធនាគារ​ជាច្រើន​ខែ​មក​ហើយ​នោះ​អះអាង​ថា គាត់​បាន​កាន់​កាប់​ដី​ទីនោះ​តាំង​តែ​ពី​ឆ្នាំ​២០០៨ មក ឯ​សហគមន៍​តាខ្មៅ ទើប​តែ​ចូល​ទៅ​ឈូស​ឆាយ​នៅ​ឆ្នាំ​២០១៤ ប៉ុណ្ណោះ ប៉ុន្តែ​បែរ​ជា​តុលាការ​ចោទ​ប្រកាន់​ប្ដី​របស់​គាត់​ថា រំលោភ​យក​ដី​សហគមន៍​ទៅ​វិញ៖ «ចាប់​ប្ដី​ខ្ញុំ​ទាំង​ខ្ញុំ​កូន​តូច ខ្ញុំ​គ្មាន​កម្លាំង​អី​ទៅ​រក​ស៊ី​ចិញ្ចឹម​កូន​ទេ ខ្ញុំ​សូម​ឲ្យ​ដោះ​លែង​ប្ដី​ខ្ញុំ​មក។ ចាប់​គ្រួសារ​ខ្ញុំ​ហើយ បាន​យក​ត្រាក់ទ័រ​មក​ឈូស​ឆាយ​បំផ្លាញ​ដំណាំ​ខ្ញុំ​អស់»។

អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល កំពុង​ស្វែងរក​ភស្តុតាង​មួយ​ចំនួន​ទៀត ស្ដីពី​ភាព​មិន​ប្រក្រតី​របស់​មន្ត្រី​តុលាការ​ខេត្ត​សៀមរាប ខ្លះ ជុំវិញ​រឿង​ឃុំ​ខ្លួន​ប្រជាពលរដ្ឋ​ខុស​នីតិវិធី​នេះ ថា​តើ​បណ្ដាល​មក​ពី​ការ​ឃុបឃិត​ជាមួយ​សហគមន៍​តាខ្មៅ ឬ​ក៏​យ៉ាង​ណា?

វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​ចៅក្រម និង​ព្រះរាជអាជ្ញា​រង​នៃ​តុលាការ​ខេត្ត​សៀមរាប ដើម្បី​សុំ​ប្រតិកម្ម​ជុំវិញ​ករណី​នេះ​បាន​ទេ។

ក៏ប៉ុន្តែ កាល​ពី​ថ្ងៃ​ទី​២ ខែ​មេសា កន្លង​ទៅ ចៅក្រម​ស៊ើបសួរ​នៃ​សំណុំ​រឿង​ក្តី​នេះ លោក គី ឬទ្ធី ធ្លាប់​មាន​ប្រសាសន៍​ថា ព្រះរាជអាជ្ញា​ដែល​ដឹក​នាំ​ប៉ូលិស​ចុះ​ទៅ​ចាប់​ខ្លួន​បុរស​ទាំង​ពីរ​នាក់ ដោយសារ​តែ​គាត់​ទៅ​កាប់​បំផ្លាញ​ដំឡូងមី​របស់​ក្រុមហ៊ុន ហើយ​ចូល​ទៅ​សង់​ខ្ទម​លើ​ដី​របស់​គេ។ កាល​ណោះ គឺ​ប៉ូលិស​បាន​បង្ក្រាប​បទល្មើស​ជាក់ស្ដែង ដូច្នេះ​ហើយ​បាន​ជា​តុលាការ​សម្រេច​ឃុំ​ខ្លួន​បុរស​ទាំង​ពីរ​នាក់​ជា​បណ្ដោះអាសន្ន៕

No comments: