ដោយ៖ ស៊ុន ណារិន | ថ្ងៃពុធ ទី11 មិនា 2015,
ឪពុកម្តាយរបស់លោកថោង សារ៉ាត់ ដែលកំពុងជាប់ពន្ធនាគារ បានច្រានចោលគម្រោងយកបុរី៩៩៩តម្លៃជាង១០០លានដុល្លារអាមេរិក ដើម្បីដាក់សុំធានានៅក្រៅឃុំ និងសម្រេចឈប់ពឹងមេធាវី លោក ម៉ន កែវស៊ីវិន ឲ្យជួយការពារក្តីឲ្យតទៅទៀត។
លិខិតចុះថ្ងៃទី១០ខែមីនា និងត្រូវបានដាក់ទៅប្រធានសាលាដំបូងរាជធានីភ្នំពេញ ឲ្យដឹងថា«កាលពីថ្ងៃសុក្រទី០៦ខែមីនា ឆ្នាំ២០១៥ លោកមេធាំវីការពារក្តីឲ្យរូបខ្ញុំ ថោង ចំរើន និងភរិយារបស់ខ្ញុំ កែវ សារី គឺលោកមេធាវីម៉ន កែវស៊ីវិន បាននិយាយប្រាប់អ្នកសារព័ត៌មានថាខ្ញុំគ្រោងយកបុរីតម្លៃជាង១០០លានដុល្លារ ដាក់ធានាបាននៅក្រៅឃុំ»។
លិខិតបញ្ជាក់បន្ថែមថា«ខ្ញុំសូមបដិសេធទាំងស្រុងចំពោះការនិយាយបែបនេះ ពីព្រោះខ្ញុំ និងភរិយា ពុំមានសិទ្ធិក្នុងការយកបុរីជាទ្រព្យសម្បត្តិដ៏ថ្លៃថ្លារបស់អតិថិជនទៅដាក់ធានា ឬដាក់បញ្ចាំងដើម្បីបាននៅក្រៅឃុំនោះទេ។ ឥឡូវនេះ រូបខ្ញុំ និងភរិយាបានសម្រេចចិត្តឈប់ពឹងពាក់លោកមេធាវីម៉ន កែវស៊ីវិន ឲ្យការពារក្តីខ្ញុំទាំងពីរនាក់ទៀតហើយ។ ការលើកឡើងរបស់លោកមេធាវីខាងលើ គឺជាការបញ្ចេញមតិផ្ទាល់ខ្លួនរបស់គាត់តែប៉ុណ្ណោះ»។
VODមិនទាន់អាចទាក់ទងសុំការអត្ថាធិប្បាយពីលោក ម៉ន កែវស៊ីវិន បាននៅឡើយទេ។
គួររំឮកថា កន្លងទៅ លោក ម៉ន កែវស៊ីវិន មេធាវីការពារក្តីឲ្យលោក ថោង ចំរើន និងអ្នកស្រី កែវ សារី ដែលជាឪពុកម្តាយរបស់លោកថោង សារ៉ាត់ បានប្រាប់VODថាលោកថោង ចំរើន កំពុងមានស្ថានភាពសុខភាពចុះខ្សោយ ដោយសារតែគាត់មានជំងឺជាច្រើនប្រភេទដូចជាងងឹតភ្នែក ទឹកនោមផ្អែម ជំងឺសរសៃប្រសាទ និងជំងឺខ្សោយបេះដូង ដែលត្រូវការការព្យាបាល។ លោកថាលោកនឹងរៀបចំឯកសារ និងពាក្យសុំធានាឲ្យនៅក្រៅឃុំម្តងទៀត។
អ្នកស្រី កែវ សារី និងលោក ថោង ចំរើន ដែលមានដើមកំណើតវៀតណាម ត្រូវចៅក្រមសាកសួរសាលាដំបូងរាជធានីភ្នំពេញ លោក លី សុខឡេង សម្រេចឲ្យនៅក្រៅឃុំបណ្តោះអាសន្ន នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៥ ដោយសំអាងថាជនត្រូវចោទមានបញ្ហាសុខភាព។ ប៉ុន្តែក្រោយពីសាកសួរនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ចៅក្រមសាលាដំបូង លោក លី សុខឡេង ដដែល សម្រេចឲ្យឃុំខ្លួនអ្នកទាំងពីរឡើងវិញ ដោយអះអាងថាពួកគេព្យាយាមចេញទៅប្រទេសវៀតណាម។ ការសម្រេចឃុំខ្លួនឡើងវិញនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរិះគន់ទៅលើការសម្រេចរបស់តុលាការឲ្យអ្នកទាំងពីរនៅក្រៅឃុំបណ្តោះអាសន្ន៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
1 comment:
condo 999
Post a Comment