គណៈកម្មការទី៧នៃរដ្ឋសភា ទទួលបន្ទុកអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ គ្រោងកោះហៅរដ្ឋមន្ត្រីមកពីក្រសួង៤ ចូលបំភ្លឺនៅរដ្ឋសភា នៅថ្ងៃទី៩ មីនា ខាងមុខ ជុំវិញការវិនិយោគតំបន់ទេសចរណ៍ភ្នំបូកគោ ខេត្តកំពត។
គម្រោងកោះហៅរដ្ឋមន្ត្រីទាំងបួន គឺរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងកិច្ចការសាសនា លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អ្នកស្រី ភឿង សកុណា និងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន មកសាកសួរជុំគ្នាពាក់ព័ន្ធបញ្ហាមិនប្រក្រតីមួយចំនួនដែលកំពុងកើតឡើងនៅលើភ្នំបូកគោ។
ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា លោក យ៉ែម បុញ្ញឫទ្ធិ ថ្លែងនៅថ្ងៃទី៦ មីនា ថា ក្រោយពីចុះទៅសិក្សា និងត្រួតពិនិត្យនៅភ្នំបូកគោ ជាពិសេសបញ្ហាភ្ញៀវទេសចរវៀតណាម ទៅសមាធិធម៌នៅទីនោះរួចមក គណៈកម្មការទី៧ នឹងកោះហៅរដ្ឋមន្ត្រី ៤នាក់មកសួរនាំបន្ថែមពីការចូលមកស្នាក់នៅរបស់ជនជាតិវៀតណាម និងការធ្វើសមាធិរបស់ពួកគេនៅលើភ្នំបូកគោ នោះ៖ «ពេលដែលគាត់មកទាំងបួនស្រួលតែម្ដង។ បញ្ហាចម្បង គឺការផ្ដល់វិនិយោគភ្នំបូកគោ ៩៩ឆ្នាំ»។
មន្ត្រីជំនាញរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចុះអង្កេតនៅភ្នំបូកគោ កាលពីខែធ្នូ ប៉ុន្តែក្រុមការងារនោះអះអាងថា ពួកគេរកមិនឃើញថា ពិធីសាសនារបស់ជនជាតិវៀតណាម នៅភ្នំបូកគោ ខេត្តកំពត នោះ ប៉ះពាល់ដល់វប្បធម៌ខ្មែរឡើយ។ ផ្ទុយទៅវិញ ក្រសួងព្រួយបារម្ភថា ប្រសិនបើខ្វះការគ្រប់គ្រងពីសំណាក់អាជ្ញាធរ និងក្រុមហ៊ុននៅទីនោះ នឹងធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់ អនាម័យ និងសុវត្ថិភាពភ្ញៀវទេសចរ និងបរិស្ថាន។
ការចុះអង្កេតនេះ បន្ទាប់ពីគណៈកម្មការទី៧នៃរដ្ឋសភា ចុះសិក្សា និងត្រួតពិនិត្យបញ្ហាមិនប្រក្រតីមួយចំនួន ទាក់ទងការធ្វើពិធីសាសនារបស់ភ្ញៀវទេសចរជនជាតិវៀតណាម នៅភ្នំបូកគោ នោះ៕
No comments:
Post a Comment