កូនស្រីបង្កើតទាំងពីររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដ៏មានឥទ្ធិពល និងកូនប្រុសបង្កើតរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាដន្លងដងស្នែងជាមួយបុរសខ្លាំងនោះ បានបើកក្រុមហ៊ុនពង្រីកបណ្តាញរកស៊ីជាប្រព័ន្ធយ៉ាងធំទូលំទូលាយជាមួយសាច់ញាតិលោកជំទាវ ឧកញ៉ា ជឹង សុភាព ហៅយាយភូ ខណៈលោកជំទាវ ឧកញ៉ា ជឹង សុភាព ជាអនុប្រធានកាកបាទក្រហមកម្ពុជា និងត្រូវជាភរិយារបស់ឯកឧត្តម ឧកញ៉ា ឡាវ ម៉េងឃីន សមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា មកពីគណបក្សប្រជាជនកម្ពុជា ត្រូវបានគេទទួលស្គាល់ថា គឺជាឈ្មួញដ៏ល្បីឈ្មោះ និងស្និទ្ធជាមួយក្រុមគ្រួសាររបស់បុរសខ្លាំងបំផុតអស់រយៈពេលជាច្រើនឆ្នាំមកហើយ ។
លោកស្រី ហ៊ុន ម៉ាណា អាយុ៣៤ឆ្នាំ (ត្រូវជាភរិយារបស់លោកឧត្តមសេនីយ៍ឯកប៉ូលិស ឌី វិជ្ជា ដែលជាកូនប្រុសបង្កើតរបស់សពនាយឧត្តមសេនីយ៍ផ្កាយមាស៤ប៉ូលិស ហុក ឡងឌី) និងលោកស្រី ហ៊ុន ម៉ាលី អាយុ៣១ឆ្នាំ (ត្រូវជាភរិយារបស់លោក សុខ ពុទ្ធិវុធ ដែលជាកូនប្រុសបង្កើតរបស់ឯកឧត្តម សុខ អាន) ត្រូវជាកូនស្រីបង្កើតរបស់បុរសខ្លាំង បានក្លាយជាអ្នកជំនួញវ័យក្មេងដ៏មានឥទ្ធិពលនាសម័យបច្ចុប្បន្ននេះ ដោយបានកាន់កាប់ជាប្រធានក្រុមប្រឹក្សាភិបាល និងអភិបាលក្រុមហ៊ុនឯកជនជាច្រើន ព្រមទាំងបានពង្រីកបណ្តាញក្រុមហ៊ុនរកស៊ីជាប្រព័ន្ធជាមួយសាច់ញាតិយាយភូ គួរឲ្យចាប់អារម្មណ៍ រួមមាន ៖ លោកឧកញ៉ា ជឹង ធានសេង, លោកឧកញ៉ា ជឹង ធានគាត និងលោកស្រីឧកញ៉ា ជឹង សុគន្ធាវី…ជាដើម ។ល។
ដោយឡែក លោកឧត្តមសេនីយ៍ឯកប៉ូលិស ឌី វិជ្ជា ដែលជាស្វាមីរបស់លោកស្រី ហ៊ុន ម៉ាណា ក៏ធ្លាប់ធ្វើជាអភិបាលក្រុមហ៊ុនមួយចំនួនផងដែរ ដូចជា ៖ ១-ក្រុមហ៊ុន Sokha Airlines Co., Ltd. មានលោកឧកញ៉ា សុខ គង់ ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន, ២-ក្រុមហ៊ុន(Cambodia) Coal Port Co., Ltd. និង៣-ក្រុមហ៊ុន Dycorp Co., Ltd. ។
ក្រុមហ៊ុនដែលកូនស្រីបង្កើតទាំងពីររបស់បុរសខ្លាំង និងកូនប្រុសបង្កើតរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានកាន់កាប់ធ្វើជាប្រធានក្រុមប្រឹក្សាភិបាល ឬជាអភិបាលក្រុមហ៊ុន រួមមាន ៖ ១-ក្រុមហ៊ុន Bayon C M Organizer Co., Ltd., ២-ក្រុមហ៊ុន Dragon Royal Telecom Co., Ltd., ៣-ក្រុមហ៊ុន Alumina (Cambodia-Vietnam) Co., Ltd., ៤-ក្រុមហ៊ុន Kampuchea Thmey Daily Co., Ltd., ៥-ក្រុមហ៊ុន N.V.N Corporation (រួមជាមួយលោកស្រីឧកញ៉ា ជឹង សុគន្ធាវី ជាអភិបាលក្រុមហ៊ុន) ៦-ក្រុមហ៊ុន Moon Advertising Co., Ltd. (លោកស្រី ហ៊ុន ម៉ាណា ជាប្រធានក្រុមប្រឹក្សាភិបាល និងលោកស្រី ហ៊ុន ម៉ាលី ជាអភិបាលក្រុមហ៊ុន) ៧-ក្រុមហ៊ុន Kids City Asia Company Limited (លោកស្រី ហ៊ុន ម៉ាលី និងលោក សុខ ពុទ្ធិវុធ ជាអភិបាលក្រុមហ៊ុន) ៨-ក្រុមហ៊ុន Five Sibling & N H Co., Ltd.(រួមជាមួយលោកឧកញ៉ា ជឹង ធានសេង ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន)…។
សាច់ញាតិរបស់យាយភូ បានកាន់កាប់ក្រុមហ៊ុនជាច្រើន រួមមាន ៖ ១-ក្រុមហ៊ុន Nadaco Group Co., Ltd., ២-ក្រុមហ៊ុន Albright Co., Ltd., ៣-ក្រុមហ៊ុន Five Sibling Investment Co., Ltd., ៤-ក្រុមហ៊ុន Cambodian A S A Finance Limited, ៥-ក្រុមហ៊ុន 5 Sibling M D C Ltd. និង៦-ក្រុមហ៊ុន One More Ltd. ។
រីឯ ឯកឧត្តម ឧកញ៉ា ឡាវ ម៉េងឃីន និងលោកជំទាវ ឧកញ៉ា ជឹង សុភាព ហៅយាយភូ បានកាន់កាប់ជាប្រធានក្រុមប្រឹក្សាភិបាល ឬអភិបាលក្រុមហ៊ុនជាច្រើនរាប់ឆ្នាំមកហើយ រួមមាន ៖ ១-ក្រុមហ៊ុន Pheapimex & Shipping Co., Ltd., ២-ក្រុមហ៊ុន Pheapimex Fuchan Co., Ltd., ៣-ក្រុមហ៊ុន Petro Camchin Investment Co., Ltd., ៤-ក្រុមហ៊ុន Sihanoukville Special Economy Zone Co., Ltd., ៥-ក្រុមហ៊ុន Qian Fong (Cambodia) Forestry Development Co., Ltd., ៦-ក្រុមហ៊ុន Cambodia International Investment Development Group Co., Ltd., ៧-ក្រុមហ៊ុន C.I.I.D.G Erdos Hongjun Aluminum Industry Co., Ltd., ៨-ក្រុមហ៊ុន Shukaku Erdos Hongjun Property Development Co., Ltd., ៩-ក្រុមហ៊ុន Shukaku Inc.(ក្រុមហ៊ុនវិនិយោគនៅលើទីតាំងដីតំបន់បឹងកក់ បង្ករឿងរ៉ាវជាមួយប្រជាពលរដ្ឋទល់បច្ចុប្បន្ន) ។
ដូច្នេះ កូនស្រីបង្កើតរបស់បុរសខ្លាំង និងកូនប្រុសឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានពង្រីកបណ្តាញរកស៊ីជាប្រព័ន្ធជាមួយយាយភូ និងសាច់ញាតិយាយភូ ដោយច្បាមកាន់កាប់ក្រុមហ៊ុនចំនួនជិត៣០នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជាទឹកដីគ្រប់គ្រងអំណាចដោយបុរសខ្លាំងតែម្នាក់គត់ ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យ និងអ្នកជំនាញពាណិជ្ជកម្មនៅកម្ពុជា បានលាន់មាត់ថា ករណីកូនបង្កើតរបស់អ្នកមានអំណាចដឹកនាំប្រទេស រួមដៃជាមួយឈ្មួញគ្រាក់ៗដែលស្និទ្ធនឹងអ្នកមានអំណាច នាំគ្នាពង្រីកបណ្តាញរកស៊ីជាប្រព័ន្ធបែបនេះ គឺប្រាកដណាស់នឹងច្បាមបានប្រៀបឈ្នះលើសលប់ក្នុងមុខរបរជំនួញ បើប្រៀបធៀបទៅនឹងឈ្មួញផ្សេងៗទៀតដែលមិន"ដង្ហែ" ឬ "ចំណុះ" ឲ្យក្រុមគ្រួសារសាច់ញាតិរបស់បុរសខ្លាំងនៃកម្ពុជា ដ្បិតការប្រកួតប្រជែងក្នុងមុខរបរជំនួញនេះអាចមានបង្កប់ដោយភាពមិនស្មោះត្រង់ និងភាពអយុត្តិធម៌ ៕
No comments:
Post a Comment