A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 23 March 2015

Govt officials: The visit of the U.S First Lady bring hopes to children មន្ត្រី​រដ្ឋាភិបាល៖ ដំណើរ​ទស្សនកិច្ច​របស់​ស្ត្រី​ទី​១​អាមេរិក​គឺ​ជា​ក្ដី​សង្ឃឹម​សម្រាប់​កុមារ

អ្នកស្រី មីស៊្ហែល អូបាម៉ា (Michelle Obama) លើក​ដៃ​លា​នៅ​ពេល​មុន​ពេល​យន្តហោះ​ពិសេស​របស់​សហរដ្ឋ​អាមេរិក ហោះ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា នា​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​២២ មីនា ២០១៥។
RFA/Hang Savyouth
ភរិយា​ប្រធានាធិបតី​សហរដ្ឋអាមេរិក អ្នកស្រី មីស្ហ៊ែល អូបាម៉ា (Michelle Obama) បាន​ចាក​ចេញ​ពី​ខេត្ត​សៀមរាប វិល​ត្រឡប់​ទៅ​កាន់​មាតុភូមិ​វិញ​ហើយ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២២ ខែ​មីនា។
​មន្ត្រី​ស្ថានទូត​អាមេរិក ប្រចាំ​កម្ពុជា បាន​ពិពណ៌នា​ថា ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី មីស្ហ៊ែល អូបាម៉ា រយៈពេល ៣​ថ្ងៃ នៅ​កម្ពុជា​នេះ ធ្វើ​ឱ្យ​អ្នកស្រី​បាន​ឃើញ និង​យល់​ច្បាស់​អំពី​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ និង​ឃើញ​ច្បាស់​អំពី​ការ​រៀន​សូត្រ​របស់​ក្មេង​ស្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា។
មន្ត្រី​រដ្ឋាភិបាល និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា រំពឹង​ទុក​ប្រហាក់ប្រហែល​គ្នា​ថា ថ្វី​ត្បិតតែ​ស្ត្រី​ទី​១​របស់​សហរដ្ឋអាមេរិក អ្នកស្រី មីស្ហ៊ែល អូបាម៉ា បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច និង​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ហើយ​ក៏ដោយ ក៏ប៉ុន្តែ​ទស្សនកិច្ច​នេះ​បាន​ផ្តល់​ជា​គំរូ​មួយ​ក្នុង​ការ​ប្រឹងប្រែង​សាប​ព្រោះ​ចំណេះ​ដឹង​ទៅ​លើ​ក្មេង​ស្រី​ឱ្យ​មាន​សមត្ថភាព​រឹងមាំ នឹង​ដុះដាល​ឡើង​យ៉ាង​ត្រចះត្រចង់​នៅ​ក្នុង​សង្គម​ខ្មែរ​សម្រាប់​ពេល​អនាគត។
​អ្នក​នាំ​ពាក្យ​ស្ថានទូត​អាមេរិក ប្រចាំ​កម្ពុជា គឺ​លោក ជេ រ៉ាមែន (Jay Raman)។ លោក​បាន​ថ្លែង​នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​សៀមរាប បន្ទាប់ពី​ការ​ចាក​ចេញ​របស់​អ្នកស្រី មីស្ហ៊ែល អូបាម៉ា ថា ដំណើរ​ទស្សនកិច្ច​រយៈពេល ៣​ថ្ងៃ​នៅ​កម្ពុជា​នេះ បាន​ធ្វើ​ឱ្យ​ស្ត្រី​ទី​១​នៃ​សហរដ្ឋអាមេរិក បាន​ឃើញ​អំពី​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ធ្វើ​ឱ្យ​អ្នកស្រី​សំដែង​ចេញ​នូវ​មនោសញ្ចេតនា​យ៉ាង​ជ្រាលជ្រៅ និង​ចងចាំ​យូរ​អង្វែង​ចំពោះ​ប្រជាពលរដ្ឋ ព្រម​ទាំង​រដ្ឋាភិបាល​កម្ពុជា ផង។ ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី មីស្ហ៊ែល អូបាម៉ា នេះ គឺ​ជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​របស់​សហរដ្ឋអាមេរិក ដើម្បី​ជំរុញ​ក្មេង​ស្រី​នៅ​ទូទាំង​ពិភពលោក​ឱ្យ​បាន​ចូលរៀន​ខ្ពង់ខ្ពស់​គ្រប់​គ្នា។
លោក ជេ រ៉ាមែន៖ «ហើយ​កម្ពុជា គឺ​ជា​ប្រទេស​ដែល​អង្គការ​អាមេរិក​ឈ្មោះ ភីស ខរ (Peace Corps) មាន​ក្រុម​អ្នក​ស្ម័គ្រចិត្ត​ចុះ​ធ្វើការ បាន​ចុះ​ធ្វើការ​នៅ​តាម​តំបន់ ដោយ​អនុវត្តន៍​កម្មវិធី​ឱ្យ​ក្មេង​ស្រី​បាន​ចូល​រៀន។ ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី មីស្ហ៊ែល ពេល​នេះ បាន​ជួប​ជាមួយ​ក្មេង​ស្រី​មួយ​ចំនួន​ដែល​ក្រីក្រ​ហើយ​ទទួល​បាន​អាហារូបករណ៍​ពី​អង្គការ រូម ធូ រិដ (Room To Read) ដើម្បី​បន្ត​ការ​សិក្សា​នៅ​ក្នុង​វិទ្យាល័យ ហ៊ុន សែន ប្រាសាទ​បាគង។ ស្ថានភាព​ពួកគេ​ទាំង​នោះ​ធ្វើ​ឲ្យ​អ្នកស្រី​កាន់តែ​យល់​ច្បាស់ និង​កាន់​តែ​ជំរុញ​លទ្ធភាព​ឱ្យ​ក្មេង​ស្រី​បាន​ចូល​រៀន»

​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ចាត់​ទុក​ថា ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី មីស្ហែល អូបាម៉ា ដែល​ទើបតែ​បញ្ចប់​ទៅ​នេះ គឺ​មាន​សារសំខាន់​ណាស់ ដោយ​បាន​លើក​ស្ទួយ​ការ​សិក្សា​សម្រាប់​កុមារី​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​ដូចជា​នៅ​ទូទាំង​ពិភពលោក។
រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា លោក ហង់ ជួនណារ៉ុន មាន​ប្រសាសន៍​ថា ជា​ច្រើន​ជំនាន់​មក​ហើយ នៅ​ប្រទេស​កម្ពុជា គឺ​មាន​ទម្លាប់​តែង​ទុក​កូនស្រី​ឱ្យ​នៅ​ក្បែរ​ខ្លួន​មិន​សូវ​បាន​រៀន​សូត្រ​ខ្ពង់ខ្ពស់​ទេ។ លោក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ទៀត​ថា ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី មីស្ហ៊ែល អូបាម៉ា ពេល​នេះ គឺ​បាន​លើក​កម្ពស់​ការ​អប់រំ​ដល់​កុមារី​ឱ្យ​ពួកគេ​ទទួល​បាន​ឱកាស​ស្មើ​ភាព​គ្នា​ជាមួយ​ក្មេង​ប្រុស។ តាម​រយៈ​គំនិត​ផ្ដួចផ្ដើម​នេះ រដ្ឋាភិបាល​កម្ពុជា ក៏​មាន​គោលនយោបាយ​សាងសង់​សាលា​បឋម​សិក្សា​ឱ្យ​មាន​ក្នុង​ភូមិ សាលា​អនុវិទ្យាល័យ​មាន​នៅ​តាម​ឃុំ ដើម្បី​ឲ្យ​ក្មេង​អាច​ទៅ​រៀន​បាន​កាន់តែ​ច្រើន​ឡើងៗ ក៏ប៉ុន្តែ​ទោះ​យ៉ាង​ណា ក៏​នៅ​តែ​អាច​ជួប​បញ្ហា​ដោយសារ​ស្ថានភាព​គ្រួសារ​ក្រីក្រ៖ «ពីព្រោះ​ថា នៅ​ពេល​ដែល​មាន​បញ្ហា​ផ្សេងៗ គឺ​គ្រួសារ​ច្រើនតែ​សុំ​ឱ្យ​ក្មេង​ស្រី​ហ្នឹង​ឈប់​រៀន​អី​ជា​ដើម»
លោក ហង់ ជួនណារ៉ុន បញ្ជាក់​ថា ស្ត្រី​ទី​១​របស់​សហរដ្ឋអាមេរិក និង​ស្ត្រី​ទី​១​របស់​ប្រទេស​ជប៉ុន គឺ​អ្នកស្រី អាគិ អាបិ (Akie Abe) នឹង​ធ្វើ​ជា​ដៃគូ​ក្នុង​ការ​លើក​ស្ទួយ​ការ​សិក្សា​របស់​ក្មេង​ស្រី​នៅ​កម្ពុជា ក៏​ដូច​ជា​នៅ​ទូទាំង​ពិភពលោក។
ក្នុង​ពេល​អ្នកស្រី មីស្ហ៊ែល អូបាម៉ា ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​សាលា​វិទ្យាល័យ ហ៊ុន សែន ប្រាសាទ​បាគង កាល​ពី​ថ្ងៃ​ទី​២១ ខែ​មីនា កន្លង​ទៅ ក្មេង​ស្រី​ចំនួន ១០​នាក់ ដែល​រ៉ាយរ៉ាប់​រឿងរ៉ាវ​ផ្ទាល់ខ្លួន​របស់​គេ​ឱ្យ​អ្នកស្រី​ស្ដាប់ បាន​ផ្ញើ​ក្ដី​សង្ឃឹម​ថា រដ្ឋាភិបាល​អាមេរិក និង​រដ្ឋាភិបាល​កម្ពុជា ប្រាកដ​ជា​អាច​ជួយ​ឱ្យ​ក្តី​ប្រាថ្នា​ចង់​រៀន​សូត្រ​ខ្ពង់ខ្ពស់​របស់​ពួកគេ​បាន​សម្រេច។
អ្នកស្រី មីស្ហ៊ែល អូបាម៉ា បាន​ថ្លែង​នៅ​ក្នុង​វេទិកា​ដែល​រៀបចំ​ដោយ​អង្គការ ភីស ខរ នៅ​ក្នុង​សណ្ឋាគារ សូហ្វីតែល អង្គរ (Sofitel Angkor) នៅ​ថ្ងៃ​ដដែល​នោះ​ថា ជា​រៀងរាល់​ថ្ងៃ​នៅ​ពេល​ដែល​អ្នកស្រី​ទៅ​ធ្វើ​ការ គឺ​តែង​តែ​មាន​អារម្មណ៍​រំភើប ពីព្រោះ​បាន​ឃើញ​មុខ​ក្មេង​ជំនាន់​ក្រោយ​ជា​ច្រើន​ដែល​ធ្វើ​ការ​ជាមួយ​អ្នកស្រី។ អ្នកស្រី​បាន​ឃើញ​មោទនភាព​របស់​ក្មេងៗ​ទាំង​នោះ​តាម​រយៈ​ការ​រៀន​សូត្រ និង​ជំនាញ​ផ្សេងៗ ហើយ​ចំណេះដឹង​របស់​ពួកគេ​ក្រៅ​តែ​ពី​ជួយ​ខ្លួន ក៏​អាច​កែប្រែ​សហគមន៍​ឱ្យ​ប្រសើរ​ឡើង​ទៀត​ផង៖ «សារ​របស់​ខ្ញុំ​ដែល​ចង់​ឱ្យ​ក្មេង​ស្រីៗ​ស្ដាប់​ថ្ងៃ​នេះ គឺ​សូម​ឱ្យ​ក្មេង​ស្រី​ទាំង​អស់​គ្នា ក៏​ដូចជា​អ្នក​នៅ​ទី​នេះ​ក្តី បាន​ចូល​រៀន​ដើម្បី​មាន​សមត្ថភាព​អាច​ជួយ​សហគមន៍ និង​ប្រទេស​របស់​អ្នក។ មូលហេតុ​ដែល​ខ្ញុំ​មក​កាន់​ទី​នេះ ពីព្រោះ​ខ្ញុំ​ចង់​ឱ្យ​ក្មេង​ស្រី​បាន​ចូល​រៀន​គ្រប់​គ្នា បើ​ទោះ​បី​ជា​ខ្ញុំ​ដឹង​ថា មិន​មែន​ជា​ការ​ងាយ​ស្រួល​ក៏ដោយ ប៉ុន្តែ​ការងារ​គឺ​ត្រូវ​ការ​ចំណេះ​ដែល​អាច​ធ្វើ​ទៅ​បាន»
​អ្នកស្រី​វេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ដែល​ជា​អ្នក​បាន​ចូល​រួម​ពិភាក្សា​តុ​មូល​ជាមួយ​អ្នកស្រី មីស្ហ៊ែល ក្នុង​ពេល​បំពេញ​ទស្សនកិច្ច​នោះ មាន​ប្រសាសន៍​ថា ទាំង​អស់​គ្នា គឺ​មាន​ការ​ពេញ​ចិត្ត​ចំពោះ​អ្នកស្រី មីស្ហ៊ែល អូបាម៉ា ដែល​ជំរុញ​ឱ្យ​ក្មេង​ស្រី​បាន​ចូល​រៀន​នៅ​ថ្នាក់​ខ្ពស់​នោះ។ អ្នកស្រី ពុង ឈីវកេក ឱ្យ​ដឹង​ថា សហរដ្ឋអាមេរិក​នឹង​ចំណាយ​ប្រាក់​ចំនួន ១​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​១​ឆ្នាំៗ ទៅ​លើ​គម្រោង​ជំរុញ​ក្មេង​ស្រី​ទូទាំង​ពិភពលោក​បាន​ចូល​រៀន ហើយ​អ្នកស្រី​ក៏​បាន​រំឭក​ឱ្យ​សហរដ្ឋអាមេរិក កុំ​ភ្លេច​ផ្ដល់​ជំនួយ​នេះ​មក​ឱ្យ​កម្ពុជា ផង​ដែរ៖«ព្រោះ​យើង​ត្រូវ​ការ​គ្រប់​មុខ​ពី​រឿង​ការ​រៀនសូត្រ​ហ្នឹង មិន​មែន​តែ​កន្លែង​អគារ​សម្រាប់​រៀន និង​កន្លែង​ឱ្យ​សិស្ស​ក្រីក្រ​ស្នាក់នៅ​ប៉ុណ្ណោះ​ទេ»
​អ្នកស្រី ពុង ឈីវកេក ពន្យល់​ថា បើ​ក្មេង​ស្រី​កម្ពុជា ភាគ​ច្រើន​បាន​រៀន​សូត្រ​ខ្ពង់ខ្ពស់ គឺ​មិន​ត្រឹមតែ​ស្ត្រី​អាច​ជៀស​ផុត​ពី​ការ​ជួញដូរ និង​គេច​ពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ធ្វើ​ឱ្យ​ស្ត្រី​អាច​ក្លាយ​ទៅ​ជា​អ្នកដឹកនាំ ព្រមទាំង​ជួយ​ដល់​ប្រទេស​ជាតិ​បាន​ផង។
រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា ឱ្យ​ដឹង​ថា ប្រទេស​កម្ពុជា បច្ចុប្បន្ន នៅ​ក្នុង​ថ្នាក់​បឋម​សិក្សា​គឺ​មាន​ក្មេង​ស្រី​ចូល​រៀន ៥០% ស្មើ​គ្នា​ជាមួយ​ក្មេង​ប្រុស ក៏ប៉ុន្តែ​នៅ​ពេល​ចូល​ទៅ​ថ្នាក់​មហាវិទ្យាល័យ គឺ​ចំនួន​ស្ត្រី​បាន​ថយ​ចុះ​មក​ត្រឹម ៤២% ហើយ​នៅ​ឯ​ថ្នាក់​អនុបណ្ឌិត ឬ​ក៏​បណ្ឌិត​ជាដើម គឺ​មាន​ស្ត្រី​តែ ៥% ដែល​នៅ​បន្ត​ការ​សិក្សា

2 comments:

Anonymous said...

Look at borany ,she looks like a pig with lip stick , it doesn't how much lip stick she put on. she still looks like a pig. Similarly remarked by President Obama to Sarah
Palin in his first presidential election campaign

Anonymous said...

When Mrs. Obama said, "read, write and THINK....demand freedom, equality...", does it mean change or topple?