A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 3 March 2015

Filthy rich and filthy corrupt: Govt officials are building an $18-million and a $45-million house with just $500-$3,000 per month salary មានកប់ពពកដោយសារពុករលួយដល់ឆ្អឹង​ (ប្រាកខែតែ$៥០០ទៅ$៣០០០មួយខែ តែសង់វិមាន$១៨លានទៅ$៤៥លានដុល្លារ)

Read the article in English here.
លោក ចម ប្រសិទ្ធ លោក ប៉ែន ស៊ីម៉ន និង លោក ជា សុផារ៉ា ក្នុង​បទ​សម្ភាស​ជាមួយ​អ្នក​សារ​ព័ត៌មាន​កន្លង​មក។
លោក ចម ប្រសិទ្ធ លោក ប៉ែន ស៊ីម៉ន និង លោក ជា សុផារ៉ា ក្នុង​បទ​សម្ភាស​ជាមួយ​អ្នក​សារ​ព័ត៌មាន​កន្លង​មក។ ផា លីណា និង ហេង ជីវ័ន
មន្ត្រី​រដ្ឋាភិបាល​តំណែង​ខ្ពស់​បង្ហាញ​ពី​ភាព​ស្ដុក​ស្តម្ភ​ ពេល​ប្តូរ​មក​កាន់​របប​ប្រជាធិបតេយ្យ​ពហុ​បក្ស



ភ្នំពេញៈ កម្មករ​សំណង់​វ័យ​ក្មេង​ម្នាក់ ដែល​មាន​ធូលី​ដី​ពេញ​ខ្លួន បាន​ធ្វើ​សញ្ញា​ញាក់​ស្មា​ចំពោះ​ផ្ទះ​ធំ​នៅ​ពី​ខាង​ក្រោយ​គាត់។
មាន​ទំហំ ៦៥០០ ម៉ែត្រ​ការ៉េ អចលន​ទ្រព្យ​នៅ​ខាង​ក្រោយ​ព្រឹទ្ធសភា កណ្តាល​រាជធានី​ភ្នំពេញ គ្រាន់​តែ​ដី​មាន​តម្លៃ​ប្រហែល ១៨ លាន​ដុល្លារ​អាមេរិក។ បូក​ភូមិ​គ្រឹះ​ដែល​មាន​អគារ​ពីរ​ខ្នង​ទំហំ ៦០០ ម៉ែត្រ​ការ៉េ និង​បី​ជាន់ អចលន​ទ្រព្យ​នេះ​នឹង​មាន​តម្លៃ​ច្រើន​ជាង​នេះ​ថែម​ទៀត។ ប៉ុន្តែ កម្មករ​នោះ​បាន​ថ្លែង​ថា លោក​មិន​ភ្ញាក់​ផ្អើល​ទេ ដែល​មន្ត្រី​រាជការ​ដែល​ទើប​ចូល​និវត្តន៍​ថ្មីៗ​នេះ អាច​មាន​លទ្ធភាព​ទិញ​អចលន​ទ្រព្យ​មាន​តម្លៃ​បែប​នេះ។
លោក​បញ្ជាក់​ថា៖ «នេះ​គឺជា​ផ្ទះ​ធំ​បំផុត [នៅ​ភ្នំពេញ]។ ខ្ញុំ​មិន​ដែល​ឃើញ​ផ្ទះ​បែប​នេះ​ទេ។ ប៉ុន្តែ គាត់​ជា​អ្នក​មាន។ ដោយ​មាន​ប្រាក់ ពួកគេ​អាច​ទទួល​បាន​អ្វី​ដែល​ពួកគេ​ចង់​បាន»។
សហ​សេវិក​វ័យ​កណ្តាល​ម្នាក់​យល់​ស្រប​ដូច​គ្នា។ ប៉ុន្តែ ភ្លាមៗ​នោះ បាន​បន្ថែម​ថា លោក​មិន​គិត​ថា គេ​អាច​មាន​លទ្ធភាព​ទិញ​វា ដោយ​ផ្អែក​តែ​លើ​ប្រាក់​ខែ​ទេ។
លោក ប៉ែន ស៊ីម៉ន អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ ដែល​ទើប​ចូល​និវត្តន៍​ថ្មីៗ​នេះ និង​ជា​ទីប្រឹក្សា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន គឺជា​ម្ចាស់​អចលន​ទ្រព្យ​នេះ។ លោក​ បច្ចុប្បន្ន ​រស់​នៅ​ក្នុង​ភូមិគ្រឹះ​តូច​ជាង​នេះ ដែល​នៅ​ជាប់​ដី​នោះ។ អតីត​សហ​សេវិក​របស់​គាត់​បាន​ថ្លែង​ថា ប្រាក់​ខែ​របស់​គាត់​ប្រហែល ៣ លាន​រៀល ក្នុង​មួយ​ខែ នៅ​ពេល​គាត់​ចូល​និវត្តន៍​ពី​តំណែង​មេ​គយ ដែល​លោក ហ៊ុន សែន បាន​រិះគន់ កាល​ពី ខែ​តុលា ឆ្នាំ​មុន​ថា មាន​អំពើ​ពុក​រលួយ។
កម្មករ​សំណង់​បាន​ថ្លែង​ថា សន្លឹក និង​កាក់​មាស​ត្រូវ​បាន​គេ​ដាក់​ក្នុង​គ្រឹះ​អគារ​ដើម្បី​ភាព​ថ្កុំ​ថ្កើង ហើយ​បាន​រៀបរាប់​ផ្នែក​ខាង​ក្នុង​ភូមិ​គ្រឹះ​ថា សម្បូរ​បែប។
ក្នុង​បទ​សម្ភាស​តាម​ទូរស័ព្ទ លោក ស៊ីម៉ន បាន​អះអាង​ថា លោក​បង់​ប្រាក់​ប្រហែល ១០ លាន​ដុល្លារ​អាមេរិក​ចំពោះ​ដី កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ហើយ​លោក​បាន​បន្ថែម​ទៀត​ថា ពន្ធ​ទាំងអស់​បាន​បង់​រួច​ហើយ។ លោក​បាន​បន្ថែម​ថា ខណៈ​ដែល​ឈ្មោះ​របស់​លោក​មាន​លើ​ប័ណ្ណ​កម្មសិទិ្ធ ប៉ុន្តែ​ដី​នេះ​តាម​ពិត​ជា​របស់​មនុស្ស ៤ នាក់ ហើយ​ផ្ទះ​របស់​គាត់​ស្ថិត​នៅ​លើ​ដី​ឡូត៍​ក្នុង​ចំណោម​ដីឡូត៍​ចំនួន​បី។
ឯកសារ ដែល ភ្នំពេញ ប៉ុស្តិ៍ បាន​មើល​ឃើញ បាន​បង្ហាញ​ថា ដី​នេះ​ត្រូវ​បាន​លក់​ជា​ពីរ​ដីឡូត៍​ក្នុង ឆ្នាំ​២០១២។

ផ្ទះ​របស់​លោក ប៉ែន ស៊ីម៉ន អតីត​អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​គយ និង​រដ្ឋាករ ដែល​កំពុង​តែ​សាង​សង់។
ផ្ទះ​របស់​លោក ប៉ែន ស៊ីម៉ន អតីត​អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​គយ និង​រដ្ឋាករ ដែល​កំពុង​តែ​សាង​សង់។ ផា លីណា
លោក ស៊ីម៉ន បាន​ថ្លែង​ថា ផ្ទះ​នេះ​មើល​ទៅ​មាំ ដោយ​សារ​តែ​ដី​មាន​ទឹក​ជុំវិញ ដូច្នេះ គាត់​ត្រូវ​សាង​សង់​ផ្ទះ​មួយ​ម៉ែត្រ​ខ្ពស់​ជាង​ធម្មតា។ លោក​ថា៖ «អ្នក​ដទៃ​ទៀត​នៅ​រាជធានី​ភ្នំពេញ​មាន​ផ្ទះ​ធំ​ជាង​នេះ ប៉ុន្តែ ពួកគេ​គ្រាន់​តែ​មើល​ទៅ​មិន​ធំ​ដូច​ផ្ទះ​ខ្ញុំ»។
លោក​បាន​បន្ថែម​ថា លោក​ស្វាគមន៍​ឱកាស​បំភ្លឺ​ពី​ការ​ពិត​អំពី​ទ្រព្យ​សម្បតិ្ត​របស់​លោក។ លោក​បាន​បញ្ជាក់​ថា លោក​បាន​ប្រកាស​វា​ក្នុង​លិខិត​ប្រកាស​ទ្រព្យ​សម្បតិ្ត ដែល​តម្រូវ​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។ លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​មិន​មែន​ជា​មនុស្ស​លោភ​ទេ ឬ​ធ្វើ​អ្វី​ដែល​មិន​សម​ហេតុ​ផល​ទេ។ ខ្ញុំ​មិន​មែន​ជា​មនុស្ស​បែប​នោះ​ទេ»។
មិន​ត្រឹម​តែ​លោក ស៊ីម៉ន ទេ ដែល​ជា​មនុស្ស​រដ្ឋាភិបាល ដែល​មាន​អចលន​ទ្រព្យ​ថ្លៃ​បែប​នេះ។ ភូមិ​គ្រឹះ​ប្រណីតៗ​ជុំវិញ​រាជធានី​ភ្នំពេញ និង​អចលន​ទ្រព្យ​នៅ​ជាយ​រាជធានី​ភ្នំពេញ គឺជា​សញ្ញា​បង្ហាញ​ប្រាប់​ប្រជា​ពលរដ្ឋ​កម្ពុជា​ថា តំណែង​មន្ត្រី​រដ្ឋាភិបាល​ខ្ពស់ៗ ជា​ញឹក​ញាប់ ស្មើ​នឹង​ទ្រព្យ​សម្បតិ្ត​មហិមា។
លោក ចម ប្រសិទ្ធ បច្ចុប្បន្ន​រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​ជា​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ត្រូវ​គេ​ជឿ​ជាក់​ថា មាន​អចលន​ទ្រព្យ​ជាច្រើន​ជុំវិញ​ប្រទេស​កម្ពុជា។
អចលន​ទ្រព្យ​ទំហំ ១០ ហិកតា ដែល​មិន​ឆ្ងាយ​ពី​អាកាស​យានដ្ឋាន​ពោចិនតុង ក្នុង ឃុំ​សំរោង​ក្រោម មាន​ទំហំ​ប្រហាក់​ប្រហែល​នឹង​វិទ្យាល័យ​លេច​ធ្លោ​ក្នុង​រាជធានី​ភ្នំពេញ។ ដី​នៅ​ជិត​នោះ គេ​ដាក់​លក់​ក្នុង​តម្លៃ ១៥០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ កាល​ពី​ឆ្នាំ​មុន ជា​ហេតុ​ធ្វើ​ឲ្យ​អចលន​ទ្រព្យ​របស់​លោក ប្រសិទ្ធ មាន​តម្លៃ​អប្បបរមា ១៥ លាន​ដុល្លារ​អាមេរិក ប៉ុន្តែ អាច​ច្រើន​ជាង​នេះ​ទៅ​ទៀត។
លោក ប្រសិទ្ធ ដែល​ប្រពន្ធ​របស់​លោក លោក​ស្រី ទេព បុប្ផា ប្រសិទ្ធ មាន​ងារ​ជា​ឧកញ៉ា បាន​បដិសេធ​មិន​ធ្វើ​ការ​អត្ថាធិប្បាយ​ទេ តាម​ទូរស័ព្ទ ហើយ​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណើ​សុំ​ការ​អត្ថាធិប្បាយ​តាម​អ៊ីមែល​ទេ ទាក់ទង​នឹង​ប្រភព​ទ្រព្យ​របស់​លោក។
ខណៈ​ដែល​ប្រាក់​ខែ​បច្ចុប្បន្ន​របស់​រដ្ឋ​មន្ត្រី​ពុំ​បាន​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ក្នុង ឆ្នាំ​២០១១ ថា លោក​រក​ប្រាក់​បាន​ចំនួន ១១៥០ ដុល្លារ​ក្នុង​មួយ​ខែ។
ចំណែក​ឯ​លោក ជា សុផារ៉ា រដ្ឋ​មន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​ជា​អតីត​អភិបាល​រាជធានី​ភ្នំពេញ មាន​ភូមិ​គ្រឹះ​ធំ​ជាង​លោក ប្រសិទ្ធ ទៅ​ទៀត នៅ​ក្បែរ​ទីក្រុង​រណប​កាំកូ ក្នុង ខណ្ឌ​ឫស្សីកែវ។ អចលន​ទ្រព្យ​ទំហំ ១១ ហិកតា ដែល​មាន​រន្ធ​វាយ​កូន​គោល​បែប​ឯកជន មាន​ជញ្ជាំង​ដូច​សម័យ​អង្គរ និង​មាន​ភូមិ​គ្រឹះ​ប្រណីត​មិន​តិច​ជាង ៦ ខ្នង ដែល​មាន​រចនា​ប័ទ្ម​ខុសៗ​គ្នា គឺ​មាន​តម្លៃ​ប្រហែល ៤៥ លាន​ដុល្លារ ចំពោះ​តែ​ដី​ប៉ុណ្ណោះ។ នេះ​បើ​យោង​តាម​អ្នក​វាយ​តម្លៃ​អចលន​ទ្រព្យ​ក្នុង​ស្រុក​ម្នាក់។
លោក សុផារ៉ា បាន​បដិសេធ​ធ្វើ​ការ​អត្ថាធិប្បាយ​លើ​ទំហំ ឬ​តម្លៃ​អចលន​ទ្រព្យ​របស់​លោក ប៉ុន្តែ លោក​បាន​លើក​ឡើង​ថា ការ​ពន្យល់​ពី​របៀប​ដែល​លោក​អាច​មាន​លទ្ធភាព​ទទួល​បាន​ដី​នេះ គឺ​ត្រូវ​ពិចារណា​ពី​ស្ថានការណ៍​នៅ​រាជធានី​ភ្នំពេញ បន្ទាប់​ពី​ខ្មែរ​ក្រហម​ដួល​រលំ ដែល​នៅ​ពេល​នោះ លោក និង​ជន​កម្ពុជា​ដទៃ​ទៀត បាន​រំដោះ​ប្រទេស ដោយ​មាន​ជំនួយ​ពី​វៀតណាម។
លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​មាន​ដី​នេះ តាំង​ពី​ថ្ងៃ ទី៧ ខែ​មករា ឆ្នាំ​១៩៧៩។ ប្រសិន​បើ​អ្នក​មើល​ប្រវត្តិសាស្ត្រ​ពេល​នោះ មាន​តែ​ប្រជាជន​កម្ពុជា ៧០ នាក់​ប៉ុណ្ណោះ នៅ​ភ្នំពេញ ដូច្នេះ គេ​អាច​មាន​ផ្ទះ ឬ​ដី​ច្រើន​កន្លែង។ គេ​ងាយ​រិះគន់​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាជន​ថា ជា​អ្នក​ពុក​រលួយ ប៉ុន្តែ មើល​ប្រវតិ្តសាស្ត្រ...គ្មាន​អ្នក​ណា​ប្រើ​ប្រាក់​នៅ​ឡើយ​ទេ។ ខ្ញុំ​ជា​ចៅ​សង្កាត់​ពេល​នោះ ដី​របស់​ខ្ញុំ​លិច​ទឹក​ជម្រៅ ៣ ម៉ែត្រ ហើយ​ជា​បណ្តើរៗ ខ្ញុំ​បាន​អភិវឌ្ឍ​ដី​នោះ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ»។
លោក​បន្ថែម​ថា៖ «អ្នក​ទាំង​នោះ ដែល​ធ្វើការ​រិះគន់​បែប​នេះ បាន​មក​កម្ពុជា​ក្នុង ឆ្នាំ​១៩៩១ ហើយ​ពួកគេ​ជាច្រើន​នាក់ គឺជា​អ្នក​ចូល​និវត្តន៍​នៅ​ក្រៅ​ប្រទេស​ដែល​មក​បង្កើត​គណបក្ស​នយោបាយ ក្នុង​ប្រទេស​កម្ពុជា។ គេ​មិន​យល់​ពី​ប្រវតិ្ត​សាស្ត្រ​ទេ ហើយ​ការ​រិះគន់​របស់​ពួកគេ​ធ្វើ​ឡើង​ដោយ​សារ​តែ​ការ​ច្រណែន...»។
លោក ស៊ុន ឆ័យ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​ថា រដ្ឋ​មន្ត្រី​គណបក្ស​ប្រជាជន​ជាច្រើន​នាក់ មាន​ទ្រព្យ​សម្បតិ្ត​លើស​ពី ១០០ លាន​ដុល្លារ។
លោក​ថ្លែង​ថា មន្ត្រី​សាធារណៈ «មាន​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ពន្យល់» ថា​តើ​ប្រាក់​នោះ​បាន​មក​ពី​ណា?
យោង​តាម​លោក ឆ័យ បាន​ឲ្យ​ដឹង​ថា មន្ត្រី​ថ្នាក់​កំពូល​ជាច្រើន​នាក់​រក​ទ្រព្យ​បាន​ច្រើន នៅ​ពេល​គណបក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា​ប្តូរ​ឈ្មោះ​ជា​គណបក្ស​ប្រជាជន​ក្នុង ឆ្នាំ​១៩៩១ ដោយ​លះបង់​ចោល​នូវ​លទិ្ធ​កុម្មុយនីស្ត ហើយ​បើក​ចំហ​ទទួល​របប​មូលធន និង​ឯកជន​ភាវូបនីយកម្ម​ដីធ្លី។
ដូច​ដែល​លោក Sebastian Strangio បាន​រៀបរាប់​ក្នុង​សៀវភៅ​ថ្មីៗ​របស់​លោក ដែល​មាន​ចំណង​ជើង​ថា ប្រទេស​កម្ពុជា​របស់​លោក ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា ដី​រដ្ឋ និង​អាជីវកម្ម​រដ្ឋ​ត្រូវ​បាន​លក់​ទៅ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល អ្នក​វិនិយោគ​បរទេស និង​ឧកញ៉ា ដែល​មាន​ចំណង​ទាក់ទង​ជាមួយ​នឹង​គណបក្ស​ប្រជាជន។
លោក​បាន​សរសេរ​ថា៖ «ដី​ទាំង​អស់​មុន ឆ្នាំ​១៩៧៥ ត្រូវ​បាន​មោឃៈ ដោយ​ធានា​ចំពោះ​អ្នក​វិនិយោគ​ថា ពួកគេ​នឹង​រួច​ផុត​ពី​ការ​បណ្តេញ​ចេញ ប្រសិន​បើ​ម្ចាស់​ចាស់​វិល​ត្រឡប់​មក​វិញ។ រាជធានី​ភ្នំពេញ បាន​ក្លាយ​ជា​ទីក្រុង​រីក។ ការ​ទិញ​លក់​ភ្លាមៗ បាន​ជំរុញ​តម្លៃ​ដី​ឲ្យ​កើន​ឡើង​ខ្ពស់។ ភូមិ​គ្រឹះ​ទ្រុឌ​ទ្រោម ដែល​គ្មាន​អ្នក​កាន់​កាប់ ចាប់​តាំង​ពី​របប ប៉ុល ពត ត្រូវ​បាន​ចាប់​យក​ដោយ​មន្ត្រី​រដ្ឋាភិបាល ដែល​លក់​ដី​នោះ​ទៅ​ឲ្យ​ពាណិជ្ជករ​ថៃ និង​សិង្ហបុរី ឬ​ជួល​ទៅ​ឲ្យ​ទីភ្នាក់ងារ​ជួយ​សង្គ្រោះ​អន្តរជាតិ ដែល​ស្វែង​រក​ទីតាំង​ក្នុង​ទីផ្សារ​ជំនួយ​កម្ពុជា»។
យោង​តាម​លោក ឆ័យ បាន​ឲ្យ​ដឹង​ថា រយៈ​ពេល​ក្រោយ​ការ​បោះឆ្នោត ២០០៨ នៅ​ពេល​គណបក្ស​ប្រជាជន​ឈ្នះ​អាសនៈ​ចំនួន ៩០ ក្នុង​រដ្ឋសភា គឺជា​រយៈ​ពេល ទី២ ដែល​មន្ត្រី​រក​បាន​ប្រាក់​ជាច្រើន ដែល​ភាគ​ច្រើន​តាម​រយៈ​ដី​សម្បទាន​សេដ្ឋកិច្ច ឬ​ការ​ដោះដូរ​ទ្រព្យ​សម្បតិ្ត។
លោក​ថា៖ «ហេតុ​អ្វី​បាន​ជា​គាត់​អាច​មាន​ដី​ច្រើន​បែប​នោះ​នៅ​ពេល​ដែល​មាន​មនុស្ស​ច្រើន​នៅ​រាជធានី​ភ្នំពេញ ដែល​គ្មាន​បុព្វសិទិ្ធ​មាន​ដី​ច្រើន​បែប​នេះ​ទេ ហើយ ក្នុង ឆ្នាំ​១៩៧៩ ក៏​អ៊ីចឹង​ដែរ? ហើយ​នេះ​ជា​សំណួរ [មួយ​ទៀត]។ មើល​ទៅ​ផ្ទះ​ក្នុង​ដី មាន​ផ្ទះ​ធំៗ​ជាច្រើន។ វា​មិន​ថោក​ទេ។ គាត់​មាន​កូន​ទាំង​អស់​ក្នុង​ផ្ទះ​ទាំង​នោះ ដែល​ចំណាយ​ប្រាក់​រាប់​លាន​ដុល្លារ។ តើ​ប្រាក់​នេះ​បាន​មក​ពី​ណា?»។
មន្ត្រី​គយ​ជាន់​ខ្ពស់​ពីរ​នាក់ ដែល​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ថា តំណែង​រក​ប្រាក់​បាន​ក្នុង​នាយកដ្ឋាន​គយ និង​រដ្ឋាករ ដូច​ជា នៅ​កំពង់ផែ និង​ឆ្លង​កាត់​ព្រំដែន ត្រូវ​ការ​បង់​ប្រាក់​ឲ្យ​គេ យ៉ាង​ហោច​ណាស់​ចំនួន ៥ ទៅ ៧ ម៉ឺន​ដុល្លារ​អាមេរិក ប៉ុន្តែ​មិន​អាច​ផ្តល់​ភ័ស្តុតាង​បញ្ជាក់​ពី​ការ​អនុវត្ត​នេះ​ទេ។
មន្ត្រី​ម្នាក់​បាន​អះអាង​ថា៖ «មន្ត្រី​គយ​មួយ​ចំនួន​បាន​លក់​ផ្ទះ ឬ​ខ្ចី​ប្រាក់​ដើម្បី​សូក​យក​តំណែង»។
ឯកសារ​តួលេខ​របស់​ស្ថានទូត​អាមេរិក ឆ្នាំ​២០០៧ មួយ​បាន​រៀបរាប់​ប្រពន្ធ​លោក ស៊ីម៉ន ឈ្មោះ ងីន ស៊ុន​សុភាព ថា ជា​សហការី​ពាណិជ្ជកម្ម​របស់​លោក​ស្រី លីម ជីវហូ ប្រធាន​ក្រុមហ៊ុន Attwood Import Export។
មន្ត្រី​គយ​បាន​ថ្លែង​ថា ឈ្មោះ​លោក ស៊ីម៉ន គឺជា​ឈ្មោះ​នាំ​ចូល​ទំនិញ​ដោយ​ឥត​គិត​ថ្លៃ។
មន្ត្រី​ដដែល​ថា៖ «ខ្ញុំ​មិន​ដឹង​ពី​អាជីវកម្ម​ដទៃ​ទៀត​របស់​លោក ប៉ែន ស៊ីម៉ន ប៉ុន្តែ រាល់​ការ​ដឹក​ជញ្ជូន​ទំនិញ​ទាំង​អស់​មិន​អាច​ប៉ះ​បាន​ទេ»។
លោក ស៊ីម៉ន បាន​ច្រាន​ចោល​នូវ​ការ​ចោទ​ប្រកាន់​ពីបទ​ពុក​រលួយ ថា ការ​ដំឡើង និង​តែង​តាំង​មន្ត្រី​នៅ​នាយកដ្ឋាន​គឺ​អាស្រ័យ​លើ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មិន​មែន​រូប​លោក​ទេ។
លោក បូ បុណ្ណារ៉ា ប្រធាន​ផ្នែក​ទំនាក់​ទំនង​សាធារណៈ​នៃ​នាយកដ្ឋាន​គយ បាន​ត្រឹម​តែ​និយាយ​ថា លោក​មិន​ដឹង​ទេ នៅ​ពេល ភ្នំពេញ ប៉ុស្តិ៍ ស្នើ​ឲ្យ​ផ្តល់​ការ​អត្ថាធិប្បាយ​ពី​អំពើ​ពុក​រលួយ។
លោក សួស យ៉ារ៉ា តំណាង​រាស្ត្រ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន បាន​ថ្លែង​ថា ការ​យល់​ឃើញ​របស់​បុគ្គល​អំពី​ទ្រព្យ​សម្បតិ្ត​របស់​មន្ត្រី​រដ្ឋាភិបាល មិន​អាច​ចាត់​ទុក​ជា​មតិ​សាធារណៈ​ទូទៅ​ទេ។
លោក​ថា៖ «យើង​ប្រកាន់​របប​ប្រជាធិបតេយ្យ​ពហុបក្ស ហើយ​ឈរ​លើ​គោល​ការណ៍​សេដ្ឋកិច្ច​ទីផ្សារ​សេរី។ ដូច្នេះ អ្នក​ណា​ដែល​មាន​សមត្ថភាព​លើក​កម្ពស់​ការ​អភិវឌ្ឍ​គ្រួសារ​របស់​ខ្លួន ដោយ​មិន​ប៉ះពាល់​ផល​ប្រយោជន៍​សាធារណៈ អ្នក​មិន​មាន​អ្វី​ត្រូវ​ចោទ​ប្រកាន់​ពួក​គេ​ទេ»។
«ទីផ្សារ​សេរី​មាន​ន័យ​ថា [វា​គឺ​សម្រាប់] ទាំង​អស់​គ្នា។ អ្នក​រស់​គ្នា​ដែល​រស់​នៅ​ក្នុង​សង្គម​នេះ នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​កំណើន​សេដ្ឋកិច្ច។ ប្រសិន​បើ​អ្នក​ជា​មន្ត្រី អ្នក​មាន​វិធាន​ដែល​មុន​ពេល​អ្នក​ចូល​បម្រើ​សេវា​សាធារណៈ អ្នក​ត្រូវ​ប្រកាស​ទ្រព្យ​សម្បតិ្ត​របស់​អ្នក ហើយ​នៅ​ពេល​អ្នក​ចាក​ចេញ​ពី​តំណែង អ្នក​ត្រូវ​ប្រកាស​ទ្រព្យ​របស់​អ្នក។ ដរាប​ណា​គេ​គោរព​តាម​វិធាន​នេះ យើង​គ្មាន​ការ​អត្ថាធិប្បាយ​ទេ»។
ការ​ប្រកាស​ទ្រព្យ​សម្បតិ្ត នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ត្រូវ​រក្សា​ការ​សម្ងាត់ និង​ត្រូវ​បាន​បើក តែ​ក្នុង​ករណី ប្រធាន​សម្រេច​ចិត្ត​ធ្វើ​ការ​ស៊ើប​អង្កេត។
លោក ព្រាប កុល នាយក​ប្រតិបតិ្ត​នៃ​អង្គការ​តម្លាភាព​អន្តរជាតិ បាន​ឲ្យ​ដឹង​តាម​អ៊ីមែល​ថា៖ «គួរ​សួរ​សំណួរ ព្រោះ​វា​ពិបាក ប្រសិន​បើ​អាច​អំពី​ថា​តើ មន្ត្រី​រដ្ឋាភិបាល​ម្នាក់​រក​បាន​ប្រាក់​ប្រហែល ១០០០ ដុល្លារ អាច​មាន​ទ្រព្យ​សម្បតិ្ត​រាប់​ពាន់​លាន​ដុល្លារ​យ៉ាង​ដូច​ម្តេច។ ប៉ុន្តែ សំណួរ​ទាំង​នេះ​មិន​អាច​ឆ្លើយ​បាន​ទេ ប្រសិន​បើ​មន្ត្រី​សាធារណៈ​មិន​ត្រូវ​បាន​តម្រូវ​ឲ្យ​ប្រកាស​ទ្រព្យ​សម្បតិ្ត​ជា​សាធារណៈ​ទេ»។
លោក​បាន​បន្ត​ថា ខណៈ​ដែល​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ ឆ្នាំ​២០១០ មាន​បញ្ញតិ្ត​ស្តីពី​ការ​មាន​បាន​ដោយ​ខុស​ច្បាប់ ដែល​កំណត់​និយមន័យ​ថា គឺជា​ការ​កើន​ឡើង​នៃ​ទ្រព្យ​សម្បតិ្ត​របស់​មន្ត្រី​រាជការ​ដោយ​គ្មាន​ហេតុផល ការ​ដែល​ការ​ប្រកាស​ទ្រព្យ​សម្បតិ្ត មិន​អាច​ពិនិត្យ​ដោយ​សាធារណៈ​នោះ បាន​ធ្វើ​ឲ្យ​ការ​ស៊ើប​អង្កេត​មិន​អាច​ធ្វើ​ទៅ​បាន​ទេ តាម​ការ​អនុវត្ត​ជាក់​ស្តែង។
ទោះ​ជា​យ៉ាង​ណា លោក នួន បូផល អនុ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ថ្លែង​ថា តាម​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ អង្គភាព​មិន​អាច​ចោទ​សួរ​បុគ្គល ដោយ​គ្មាន​ពាក្យ​បណ្តឹង​ឡើយ។
លោក​បាន​គូស​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀត​ថា៖ «សិទិ្ធ​របស់​បុគ្គល​គឺ​សំខាន់ ហើយ​ប្រសិន​បើ​យើង​សួរ​ពួក​គេ វា​មាន​ន័យ​ថា យើង​កំពុង​ស៊ើប​អង្កេត។ ប្រសិន​បើ​គ្មាន​ភ័ស្តុតាង វា​នឹង​ជា​ការ​រំលោភ​សិទិ្ធ​បុគ្គល»៕
រាយការណ៍​បន្ថែម​ដោយ មាស សុខជា

1 comment:

Anonymous said...

ហ្ណឹងហើយស្រុក ហ៊ុន សេន ណា អ្នកមានគឺមានកប់ពពកអញ្ចឹងណា ហើយគេបង្ហាញពីភាពអស្ចារ្យរបស់គេស្ទើរគ្រប់គ្នា តាំងពីស្រី ស្រា ឡាន ហ៊ឺហា​ មានដូច កាញ់យារិទ្ធ ធ្វើទៅជាស្តេច លើស ហ៊ុន សែន មួយរយដងទៅទៀត។