A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 4 March 2015

Civil society: The ruling party has advantage over the opposition on the drafting of election law សង្គម​ស៊ីវិល៖ បក្ស​កាន់​អំណាច​មាន​ប្រៀប​ក្នុង​ការ​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​បោះ​ឆ្នោត​ថ្មី

សម រង្ស៊ី ស ខេង ៦២០
លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង (ស្ដាំ) និង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​លោក សម រង្ស៊ី (ឆ្វេង) ធ្វើ​សន្និសីទ​កាសែត​ក្រោយ​ចប់​កិច្ច​ប្រជុំ​នា​វិមាន​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៥។
RFA/Van Vichar
សេចក្ដី​ព្រាង​ច្បាប់​បោះឆ្នោត​ដែល​ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​ជាង ៣​ខែ​កន្លង​មក​ដ៏​ចម្រូងចម្រាស​នោះ នៅ​ទីបំផុត​ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​បាន​សម្រេច​ជា​ចុង​ក្រោយ និង​គ្រោង​ដាក់​ឲ្យ​សភា​អនុម័ត​នៅ​ពេល​ខាង​មុខ។
ក្រុម​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ​មិន​ធានា​ឲ្យ​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​តម្លាភាព ត្រឹមត្រូវ សេរី និង​យុត្តិធម៌​ទាំង​ស្រុង​នោះ​ឡើយ។ មិន​តែ​ប៉ុណ្ណោះ ច្បាប់​នេះ​នឹង​មាន​ការ​រឹតត្បិត​ជាង​ច្បាប់​ចាស់​ទៅ​ទៀត បើ​សិន​ជា​គណបក្ស​ទាំង​ពីរ​មិន​កែប្រែ​ចំណុច​មួយ​ចំនួន​នោះ។
សេចក្ដី​ព្រាង​ច្បាប់​បោះ​ឆ្នោត​ថ្មី ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​នឹង​យក​មក​ពិភាក្សា​គ្នា​ជា​សាធារណៈ​នៅ​ក្នុង​សិក្ខាសាលា​មួយ​នៅ​ថ្ងៃ​ច័ន្ទ ទី​៩ មីនា សប្ដាហ៍​ក្រោយ​។
ក្រុម​អ្នក​វិភាគ​លើក​ឡើង​ថា ទោះបីជា​សេចក្ដី​ព្រាង​ច្បាប់​នេះ នឹង​ត្រូវ​បាន​ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​នឹង​លើក​យក​មក​ពិភាក្សា​គ្នា​ពី​គ្រប់​មជ្ឈដ្ឋាន​ក៏ដោយ ក៏ប៉ុន្តែ​សេចក្ដី​ព្រាង​ច្បាប់​នេះ​នៅ​ទីបំផុត​សភា​ជា​អ្នក​អនុម័ត​ជា​ចុង​ក្រោយ​ដដែល។
ក្រុម​អង្គការ​សង្គម​ស៊ីវិល​ព្រួយ​បារម្ភ​ខ្លាច​អនុសាសន៍​របស់​ពួកគាត់​មិន​ត្រូវ​បាន​សភា​យក​ខ្លឹមសារ​មួយ​ចំនួន​ដែល​ពួក​គាត់​ស្នើ​ឡើង​ដាក់​បញ្ចូល​នៅ​ក្នុង​ច្បាប់​នេះ ពីព្រោះ​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត​នេះ ហាក់​ដូច​ជា​ធ្វើ​ទៅ​តាម​ឆន្ទៈ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។
សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត​ហៅ​ថា អឺរ៉ា (ERA) បាន​បើក​កិច្ច​ពិភាក្សា​គ្នា​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ជា​ច្រើន​ទៀត ស្នើ​ឲ្យ​គណបក្ស​ទាំង​ពីរ​ដក​ចេញ​ចំនួន​ពីរ​មាត្រា​ពី​សេចក្ដី​ព្រាង​ច្បាប់​បោះ​ឆ្នោត​នេះ រួម​មាន​មាត្រា ៨៣​ថ្មី ដែល​អនុញ្ញាត​ឲ្យ​មន្ត្រី​តុលាការ យោធា និង​មន្ត្រី​នគរបាល​បាន​ចូល​រួម​ឃោសនា​បោះ​ឆ្នោត និង​មាត្រា ៩១​ថ្មី ចែង​ពី​ភាព​អព្យាក្រឹត​ឥត​លំអៀង​របស់​សង្គម​ស៊ីវិល នឹង​អាច​ទទួល​ការ​ផាក​ពិន័យ​ពី ១០​លាន ទៅ ២០​លាន​រៀល បើសិនជា​និយាយ​ដល់​ការ​ប្រមាថ​គណបក្ស​នយោបាយ​នោះ។
ប្រធាន​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា លោក គល់ បញ្ញា និង​តំណាង​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​មាន​ប្រសាសន៍​ថា ក្រៅ​ពី​២​មាត្រា​នេះ នៅ​មាន​ចំណុច​ជា​ច្រើន​ទៀត​ដែល​សង្គម​ស៊ីវិល​ព្រួយ​បារម្ភ​ពី​ការ​រឹតត្បិត​ចំពោះ​ច្បាប់​បោះ​ឆ្នោត​នេះ។
លោក​បញ្ជាក់​ទៀត​ថា នៅ​មាន​ចំណុច​ជា​ច្រើន​ទៀត​ដែល​គណបក្ស​ទាំង​ពីរ​មិន​បាន​ដាក់​បញ្ចូល​នៅ​ក្នុង​ច្បាប់​នេះ ដូចជា​ការ​កំណត់​ថវិកា​ឃោសនា​របស់​គណបក្ស​នយោបាយ និង​បញ្ហា​ជា​ច្រើន​ទៀត៖ «ក្រុមហ៊ុន​ជា​ច្រើន​ឲ្យ​លុយ​គណបក្ស​នយោបាយ ទាក់ទង​​នឹង​ផល​ប្រយោជន៍ ហើយ​ទូរទស្សន៍​ជា​ច្រើន​ទៀត​ក៏​បាន​ផ្សព្វផ្សាយ​ឲ្យ​គណបក្ស​នយោបាយ ក៏​ទាញ​យក​ផលប្រយោជន៍​ដែរ ហើយ​អង្គការ​សង្គម​ស៊ីវិល​មិន​បាន​ស្វែង​រក​ផលប្រយោជន៍​ផង រឿង​អី​ទៅ​បិទ​សិទ្ធិ​សេរីភាព​គេ?»

នៅ​ក្នុង​សិក្ខាសាលា​នៅ​ថ្ងៃ​ច័ន្ទ ទី​៩ មីនា ដើម​សប្ដាហ៍​ក្រោយ​នេះ ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​នឹង​យក​ច្បាប់​ចំនួន​ពីរ​ដែល​ខ្លួន​បាន​ធ្វើ​ដាក់​ពិភាក្សា​នៅ​ក្នុង​សិក្ខាសាលា​នោះ គឺ​សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត និង​សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា ការ​ធ្វើ​សេចក្ដីព្រាង​ច្បាប់​បោះ​ឆ្នោត​​នេះ គណបក្ស​ប្រជាជន​កម្ពុជា កេង​ចំណេញ​បាន​ច្រើន​ជាង​គណបក្ស​សង្គ្រោះ​ជាតិ។ ហើយ​ថា គណបក្ស​កាន់​អំណាច​គ្មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​មាន​ភាព​ប្រសើរ និង​ត្រឹមត្រូវ​ពិត​ប្រាកដ​ទេ។ រាល់​ការ​ទាមទារ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ឬ​អង្គការ​សង្គម​ស៊ីវិល​ជា​ហូរហែ​ចំពោះ​ការ​​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​នេះ នៅ​ទីបំផុត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​សម្រេច​តាម​ការ​ចង់​បាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដដែល។ 

អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត កែម ឡី មាន​ប្រសាសន៍​ថា ការ​ធ្វើ​ច្បាប់​ថ្មី​ទាំង​ពីរ​នេះ មិន​ធានា​ថា​ស្ថាប័ន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ឯករាជ្យ​ឥត​លំអៀង​នោះ​ឡើយ។ លោក​បញ្ជាក់​ថា ស្ថាប័ន គ.ជ.ប នៅ​តែ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​លោក​នាយក​រដ្ឋមន្ត្រី ពីព្រោះ​ថា ការ​ជ្រើសរើស​អគ្គលេខាធិការដ្ឋាន​ត្រូវ​សម្រេច​ដោយ​អនុក្រឹត្យ​នោះ។ 

ចំពោះ​ច្បាប់​បោះ​ឆ្នោត​វិញ លោក កែម ឡី បាន​ចាត់​ទុក​ច្បាប់​នេះ​ថា អាក្រក់​ជាង​ច្បាប់​ចាស់​ទៅ​ទៀត៖ «បើ​សិន​ជា​ពេល​ឃោសនា​គណបក្ស​មាន​គោលនយោបាយ​ច្រើន គឺ​គ្មាន​ពេល​វេលា​សម្រាប់​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​បាន​ដឹង​ទេ ចុះ​ទម្រាំ​គណបក្ស​នយោបាយ​បង្កើត​ថ្មី មាន​ពេល​ឯ​ណា​ឃោសនា​ពី​គោលនយោបាយ​របស់​ខ្លួន?»

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ តំណាង​ក្រុម​ការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា លោក​ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន មាន​ប្រសាសន៍​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ​ល្អ​ជាង​ច្បាប់​ចាស់។ លោក​បញ្ជាក់​ថា រាល់​ការ​ស្នើ​សុំ​របស់​អង្គការ​សង្គម​ស៊ីវិល អាច​យក​ទៅ​ជជែក​គ្នា​នៅ​ក្នុង​អង្គ​សិក្ខាសាលា​ខាង​មុខ៖«អា​ហ្នឹង​ជា​ទស្សនៈ​របស់​បុគ្គល​ទេ ឲ្យ​ខ្ញុំ​ទៅ​ប្រាប់​គេ​ថា សរសេរ​សុទ្ធ​តែ​ល្អ​ទាំង​អស់ ខ្ញុំ​ក៏​មិន​ពេញ​ចិត្ត​ខ្លួន​ឯង​ដែរ។ (សំណួរ៖ ហេតុ​អី​មិន​ធ្វើ​ឲ្យ​ល្អ​តែម្ដង​ទៅ?) ប៊ិន ឈិន៖ យី! ល្អ​ឥត​ខ្ចោះ​ទៅ​រក​ឯ​ណា គេ​ថា​ទាល់​ធ្វើ​ដូច្នេះ​ទើប​ល្អ តែ​ខ្ញុំ​ថា គណៈកម្មការ​ខ្ញុំ​ធ្វើ​បាន​ប៉ុណ្ណឹង​គួរ​សម​ហើយ»

មក​ទល់​ពេល​នេះ ទោះបីជា​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​ទាំង​ពីរ​បាន​ជួប​គ្នា និង​ឯកភាព​គ្នា​កាល​ពី​ថ្ងៃ​ទី​២៨ កុម្ភៈ លើ​ចំណុច​ដែល​ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​មិន​ចុះ​សម្រុង​គ្នា​នោះ គឺ​គណបក្ស​ទាំង​ពីរ​នៅ​មិន​ទាន់​លាតត្រដាង​ពី​ចំណុច​ដែល​ព្រមព្រៀងគ្នា​ជា​សាធារណៈ​នៅ​ឡើយ។ 

​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​ទី​២ មីនា បន្ទាប់ពី​ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​ពិនិត្យ​ឡើង​វិញ ក្រោយ​ពេល​ថ្នាក់ដឹកនាំ​កំពូល​បាន​ជួប​គ្នា​នោះ ក៏​មិន​បាន​លាតត្រដាង​ចំណុច​ដែល​មិន​ត្រូវ​គ្នា​ជាង ១០​ចំណុច​នោះ​ជូន​អ្នក​សារព័ត៌មាន​ដែរ។ ប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា លោក​ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បាន​បង្ហើប​ប្រាប់​ចំណុច​មួយ​ចំនួន​ដូចជា ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​យល់​ព្រម​បង្កើន​អាសនៈ​សភា ១២៥ គឺ​បន្ថែម ២​អាសនៈ​នៅ​ខែត្រ​ព្រះសីហនុ។ រយៈពេល​ឃោសនា​មាន ២១​ថ្ងៃ និង​ថ្ងៃ​បើក​ក្បួន​ឃោសនា​សម្រាប់​គណបក្ស​នយោបាយ​មាន ៤​ថ្ងៃ គឺ ២​ថ្ងៃ​បើក និង​២​ថ្ងៃ​បិទ​ឃោសនា។

ចំពោះ​មន្ត្រី​តុលាការ​យោធា និង​នគរបាល​ជាតិ ត្រូវ​បាន​គណបក្ស​ទាំង​ពីរ​​ឯកភាព​ឲ្យ​ពួកគេ​មាន​សិទ្ធិ​ចូលរួម​ឃោសនា​បោះ​ឆ្នោត។ ចំណែក​ឯ​ចំណុច​ដែល​លោក​នាយករដ្ឋមន្ត្រី​ស្នើ​ឲ្យ​បន្ថែម​ចំពោះ​គណបក្ស​ណា​មួយ​មិន​ចូល​រួម​ប្រជុំ​សភា​នៅ​ក្រោយ​ពេល​ព្រះមហាក្សត្រ​យាង​ចូល​បើក​សម័យ​ប្រជុំ​ដំបូង​រយៈពេល​យ៉ាង​យូរ ៦០​ថ្ងៃ​គឺ​ស្មើ​នឹង​បោះបង់​អាសនៈ  ចំណុច​នេះ​អ្នក​វិភាគ​លើ​ឡើង​ថា លោក ហ៊ុន សែន នៅ​តែ​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​ក្នុង​ការ​ជ្រៀតជ្រែក​ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​ក្នុង​ការ​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​បោះ​ឆ្នោត​ថ្មី​នេះ។ 

​ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ លោក គួយ ប៊ុនរឿន មាន​ប្រសាសន៍​ថា ចំណុច​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​នេះ ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​នឹង​ពិនិត្យ​មើល​ថា តើ​ចំណុច​នេះ​ត្រូវ​ដាក់​បញ្ចូល​នៅ​ក្នុង​ច្បាប់​ណា ហើយ​ស្រប​តាម​គោលការណ៍​ប្រជាធិបតេយ្យ​ដែរ​ឬ​ទេ៖ «តើ​វា​មាន​ការ​ប៉ះពាល់​ទៅ​លើ​អី​ខ្លះ? គោលការណ៍​ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស ឬ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ បើ​សិន​ជា​អត់​ប៉ះពាល់​ទេ អាច​ចែង​នៅ​ក្នុង​ច្បាប់​បោះ​ឆ្នោត រដ្ឋធម្មនុញ្ញ ច្បាប់​គណបក្ស​នយោបាយ តែ​ចំណុច​ទាំង​នេះ​យើង​មិន​ទាន់​បាន​ជជែក​គ្នា​នៅ​ឡើយ​ទេ»

អ្នក​សម្របសម្រួល​សម្ព័ន្ធ​សុចរិត​ភាព​ដើម្បី​គណនេយ្យភាព​សង្គម លោក ហឹម យន់ មាន​ប្រសាសន៍​ថា ការ​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​នេះ នៅ​មិន​ទាន់​មាន​តម្លាភាព​នៅ​ឡើយ។ ការ​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​នេះ ចំណុច​ខ្លះ​ធ្វើ​ឲ្យ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ដែល​ច្បាប់​នេះ​ហាក់​ដូចជា​អ្នក​នយោបាយ​ចង់​ដាក់​សម្ពាធ​ទៅ​លើ​សង្គម​ស៊ីវិល ឬ​អ្នក​រិះគន់។

ក្រៅ​ពី​នេះ​ទៀត មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ចោទ​ជា​សំណួរ​ថា ចុះ​ហេតុ​អី​ក្រុម​ឈ្មួញ​មិន​ត្រូវ​បាន​ច្បាប់​សរសេរ​បញ្ចូល​ផង បើសិនជា​ពួកគេ​ប្រមាថ​ដល់​គណបក្ស​នយោបាយ​ដែរ​នោះ? លើស​ពី​នេះ​ទៀត ទោះ​បី​ជា​នៅ​ដើម​សប្ដាហ៍​ក្រោយ​គណបក្ស​ទាំង​ពីរ​នឹង​បើក​សិក្ខាសាលា​ដើម្បី​បើក​ឲ្យ​មាន​ការ​ជជែក​វែកញែក​ក៏ដោយ ប៉ុន្តែ​ការ​សម្រេច​ចុង​ក្រោយ​អាស្រ័យ​លើ​សភា​ជា​អ្នក​អនុម័ត។

ពិសេស​ទៅ​ទៀត​នោះ សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា មាន​ចំនួន ៦៨​អាសនៈ រី​ឯ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​តែ ៥៥​អាសនៈ​ទេ ដូច្នេះ​សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា មាន​កូរ៉ុម​គ្រប់គ្រាន់​ក្នុង​ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​នេះ ព្រោះ​ការ​អនុម័ត​ច្បាប់​របស់​សភា​ត្រូវ​ការ​តែ​សំឡេង ៥០% បូក ១​ទេ។ សង្គម​ស៊ីវិល​ព្រួយ​បារម្ភ​ថា សេចក្ដី​ព្រាង​ច្បាប់​ថ្មី​ទាំង​ពីរ​នេះ អាច​នឹង​មិន​មាន​ការ​កែប្រែ​ច្រើន​ទេ ហើយ​នៅ​ទីបំផុត​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​សម្រេច​គោលបំណង​របស់​ខ្លួន​ចង់​បាន​ដដែល

No comments: