ដោយ៖ ណុល ដារ៉ា | ថ្ងៃចន្ទ ទី9 មិនា 2015,
ស្តាប់សំឡេង៖ | ចម្លងទុក |
ចាប់ពីកិច្ចព្រមព្រៀង២២ កក្កដា ២០១៤ ដល់ថ្ងៃ២៨ កុម្ភៈ ២០១៥ គឺមានរយៈពេល៧ខែ ដែលគណបក្សនយោបាយទាំងពីរចរចាលើការកែទម្រង់ច្បាប់បោះឆ្នោត ។ ក្នុងរយៈពេលនេះ គេសង្កេតឃើញថា ក្រុមបច្ចេកទេសចរចាកែទម្រង់ច្បាប់បោះឆ្នោតមកពីគណបក្សប្រជាជនកម្ពុជា បានបង្កើតឧបសគ្គជាច្រើនឲ្យគណបក្សសង្គ្រោះជាតិ ក្នុងនោះមានដូចជា មិនឲ្យព្រះសង្ឃមានសិទ្ធិឃោសនាបោះឆ្នោត អនុញ្ញាតឲ្យកម្លាំងប្រដាប់អាវុធ និងមន្ត្រីតុលាការចូលរួមឃោសនាបោះឆ្នោត ការដាក់ទោសពិន័យលើអង្គការសង្គមស៊ីវិល និងច្បាប់ហូតអាសនៈពីគណបក្សណាដែលមិនចូលប្រជុំសភាលើកដំបូងតាមការកោះអញ្ជើញរបស់ព្រះមហាក្សត្រជាដើម ។
អ្នកតាមដានស្ថានការណ៍នយោបាយយល់ថា ការបង្កើតឧបសគ្គទាំងនោះជាចេតនាអូសបន្លាយការចរចាបង្កើត គ.ជ.ប ថ្មី ដើម្បីឲ្យគណបក្សប្រជាជនកម្ពុជា មានឱកាសប្រើច្បាប់បោះឆ្នោតចាស់ដែលនៅជាធរមានស្រាប់ ។
ក្នុងដំណើរការនៃការចរចាធ្វើសេចក្ដីព្រាងច្បាប់បោះឆ្នោតថ្មីនោះ ទាំងអ្នកតាមដានសភាពការណ៍នយោបាយ ទាំងអ្នកវិភាគ សុទ្ធតែយល់ថា គណបក្សប្រជាជនកម្ពុជាមានប្រៀបជាងគណបក្សសង្គ្រោះជាតិ ជាពិសេសគឺច្បាប់និយាយពីការដកហូតអាសនៈសភា ពីគណបក្សនយោបាយណា ដែលមិនចូលប្រជុំសភាលើកដំបូង តាមការកោះអញ្ជើញពីព្រះមហាក្សត្រ ។
ទោះយ៉ាងណា ក្នុងការចរចាចុងក្រោយរវាងមេដឹកនាំជាន់ខ្ពស់បក្សទាំងពីរនៅថ្ងៃ២៨ កុម្ភៈ ២០១៥ លោក សម រង្ស៊ី បានទទួលយកចំណុចសេសសល់ទាំងអស់ ។ ត្រង់ចំណុចនេះ អ្នកវិភាគតាមតុកាហ្វេយល់ថា លោក សម រង្ស៊ី អាចទូលភ្នំដ៏ធំដែលគណបក្សប្រជាជនដាក់ឲ្យទូលនោះរួច ។ ហើយចំណុចនេះ អ្នកវិភាគក្រៅឆាកទាំងនោះក៏និយាយដែរថា វាធ្វើឲ្យគណបក្សប្រជាជនកម្ពុជាភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះមិននឹកស្មានថាលោក សម រង្ស៊ី ហ៊ានទូលភ្នំនោះទេ ។
តើហេតុមូលអ្វីបានជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាមទារឲ្យមានចែងក្នុងច្បាប់បោះឆ្នោត ពីការដកហូតអាសនៈគណបក្សមិនចូលប្រជុំសភាលើកដំបូង តាមការកោះអញ្ជើញរបស់ព្រះមហាក្សត្រ?
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក សូ ចន្ថា យល់ថាការដែលលោកនាយករដ្ឋមន្ត្រីទាមទារឲ្យចែងពីច្បាប់នោះ ហាក់ដូចជាលោកមានជំនឿទុកចិត្តថា នៅអាណត្តិក្រោយនេះគណបក្សប្រជាជនកម្ពុជានឹងឈ្នះឆ្នោតទៀត ព្រោះច្បាប់នោះបានបន្ថយរយៈពេលនៃការឃោសនាបោះឆ្នោត និងចំនួនថ្ងៃឃោសនាព្រមទាំងបានកម្រិតសិទ្ធិសង្គមស៊ីវិលក្នុងការចូលរួមផងដែរ ។ លោកបន្តថា ការរឹតត្បិតសេរីភាពទាំងនេះ អាចធ្វើឲ្យគណបក្សប្រជាជនគិតថាខ្លួននៅតែមានប្រៀបជាងគណបក្សផ្សេងទៀត ហើយម្យ៉ាងទៀតលោកថា ការងើបឡើងនៃគណបក្សហ្វ៊ុនស៊ិនប៉ិច និងការកកើតបក្សតូចៗថ្មីៗទៀត អាចជាកត្តានាំឲ្យគណបក្សប្រជាជនកម្ពុជាជឿថា ខ្លួននឹងឈ្នះការបោះឆ្នោតនៅអាណត្តិទី៦នោះ ។ លោកមានប្រសាសន៍ថា «បើសិនជា គ.ជ.ប ឯករាជ្យ សេរីឯករាជ្យពិតប្រាកដ យុត្តិធម៌ពិតប្រាកដ ខ្ញុំថា មិនចាំបាច់មានច្បាប់ដែលចែងពីការដកហូតអាសនៈ ក្រោយការបោះឆ្នោតហ្នឹង បើមិនចូលប្រជុំសភាលើកដំបូងនោះទេ» ។
លោកសាស្ត្រា សូ ចន្ថា បន្តថាច្បាប់នោះមានចរិតបង្ខិតបង្ខំឲ្យទទួលយកលទ្ធផលបោះឆ្នោត ទោះជាការបោះឆ្នោតនោះមិនដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ក្ដី ។ លោកថា នៅក្នុងសង្គមប្រជាធិបតេយ្យ បើស្ថាប័នរៀបចំការបោះឆ្នោតនោះឯករាជ្យពិតប្រាកដ អ្នកឈ្នះ ឈ្នះដោយពេញមុខ ឯអ្នកចាញ់ ចាញ់ដោយអស់ចិត្ត នោះវានឹងមិនមានរឿងមិនចូលប្រជុំសភាទេ «ស្អីដែលគាត់លើកឡើង ហាក់ដូចជាការធ្វើច្បាប់ថ្មីហ្នឹង ហាក់ដូចជាកម្រិតតួនាទី តាំងពីអិនជីអូ (NGO) អីជាដើម ដែលកន្លែងហ្នឹងហាក់ដូចជាមិនឆ្លុះបញ្ចាំងពីបែបបទនៃដំណើរការប្រជាធិបតេយ្យទេ ដែលហាក់ដូចជាកំណត់ ដាក់កំហិតឲ្យគណបក្សនយោបាយត្រូវតែចូលប្រជុំ បើទោះជាការបោះឆ្នោតមិនសេរី យុត្តិធម៌ក៏ដោយ» ។
អ្នកវិភាគឯករាជ្យ លោក អ៊ូ វីរៈ យល់ថាការទាមទារឲ្យមានច្បាប់នោះ ព្រោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនចង់ឲ្យមានការជាប់គាំងនយោបាយក្រោយការបោះឆ្នោត និងមិនចង់រងនូវសម្ពាធនយោបាយពីគណបក្សចាញ់ឆ្នោត ដូចករណីក្រោយការបោះឆ្នោតឆ្នាំ២០១៣ ។ ទោះយ៉ាងណា លោក អ៊ូ វីរៈ ថ្លែងថាលោកមិនគាំទ្រឲ្យមានច្បាប់ដកហូតអាសនៈនោះទេ ប៉ុន្តែលោកចង់ឲ្យមានចែងឲ្យច្បាស់លាស់ថា គណបក្សចាញ់ឆ្នោត មិនអាចព្យួរសភាឲ្យជាប់គាំងរហូតនោះទេ ។ លោកថា «ការពិតអ្នកដែលជាប់ឆ្នោត គឺបានន័យសភាមានអាសនៈគ្រប់គ្រាន់ហើយ នៅពេលបោះឆ្នោតហើយហ្នឹង ចង់ចូល មិនចង់ចូល អាហ្នឹងរឿងតំណាងរាស្ត្រនីមួយៗមានសិទ្ធិ ប៉ុន្តែនៅពេលដែលគាត់អត់ស្បថ បានន័យគាត់អត់ទទួលយកប្រាក់ខែ ហើយក៏គាត់អត់មានសិទ្ធិក្នុងការធ្វើការងារសភាដែរ។ តែប៉ុណ្ណឹងទៅចប់រឿងហើយ» ។
រីឯនាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតមួយហៅកាត់ថាខុមហ្វ្រែល លោក គល់ បញ្ញា យល់ដូចគ្នាដែរថា ច្បាប់នោះមានគោលដៅតែមួយ គឺចង់ឲ្យសភាដំណើរការជាធម្មតា ក្រោយពេល គ.ជ.ប ប្រកាសលទ្ធផលឆ្នោតរួចហើយ ។ ប៉ុន្តែលោកយល់ថា នីតិវិធីផ្ដល់សុពលភាពតំណាងរាស្ត្រនោះស្មុគស្មាញខ្លាំង ដែលតម្រូវឲ្យបេក្ខជនជាប់ឆ្នោតទៅធ្វើសម្បថផង និងទៅប្រជុំផង ។
ត្រង់ចំណុចនេះលោក គល់ បញ្ញា ឲ្យយោបល់ថាការប្រកាសសុពលភាពតំណាងរាស្ត្រ គួរតែប្រកាសដោយ គ.ជ.ប ឬដោយព្រះមហាក្សត្រ ក្រោយពេលព្រះអង្គទទួលបានបញ្ជីបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ នោះនឹងមិនមានបញ្ហាស្មុគ្រស្មាញនោះទេ «ហ្នឹងខ្ញុំគ្រាន់តែឃើញសេចក្ដីព្រាងបញ្ញត្តិគាត់ហ្នឹង វាស្មុគ្រស្មាញ ហើយវាមិនមែនជាដំណោះស្រាយ ហើយដែលស្រួលបំផុត គឺឲ្យ គ.ជ.ប ហ្នឹងប្រកាសសមាជិកអ្នកតំណាងរាស្ត្រតែម្ដងទៅ! កុំដូចឥឡូវនេះយើងដាក់ថា គ.ជ.ប ប្រកាសបេក្ខជនជាប់ឆ្នោតបន្ទាប់ពីចេញលទ្ធផលបោះឆ្នោតជាស្ថាពរហើយ។ យើងគ្រាន់តែធ្វើប៉ុនហ្នឹងទៅ បានន័យថាសភាដំណើរការ អ្នកណា ដែលគណបក្សណាដែលមាន៥០ភាគរយបូក១ ឬក៏សម្ព័ន្ធគណបក្សណាដែលមាន៥០ភាគរយបូក១ ចាប់ផ្ដើមដំណើរការរដ្ឋសភាខ្លួនឯង។ អ្នកណាធ្វើពហិការ អ្នកនុ៎ងគឺប្រឈមនឹងអត់ប្រាក់ខែ អត់អី អត់មានការងារអីនៅក្នុងរដ្ឋសភា តែប៉ុនហ្នឹង» ។
បើតាមមតិខាងលើនោះឃើញថា ច្បាប់ដកហូតអាសនៈពីគណបក្សមិនចូលប្រជុំសភាដំបូងតាមការកោះអញ្ជើញរបស់ព្រះមហាក្សត្រនោះ មានបំណងត្រឹមតែបញ្ចៀសការជាប់គាំងនយោបាយក្រោយការបោះឆ្នោតតែប៉ុណ្ណោះ ។ ក្រុមអ្នកវិភាគយល់ថា មិនចាំបាច់មានច្បាប់នោះទេ បើសិនជា គ.ជ.ប ឯករាជ្យពិតប្រាកដហើយនោះ ហើយម្យ៉ាងទៀតគួរតែផ្ដល់សិទ្ធិអំណាចឲ្យ គ.ជ.ប ឬព្រះមហាក្សត្រ ប្រកាសសុពលភាពតំណាងរាស្ត្រតែម្ដង ដើម្បីចៀសវាងនីតិវិធីសាំញ៉ាំ ដែលតម្រូវឲ្យបេក្ខជនចូលស្បថផង និងចូលប្រជុំសភាផងនោះ ៕
សូមសរសេរមកលោក ណុល ដារ៉ា តាមរយៈ dara@vodhotnews.com
No comments:
Post a Comment