Son Hai, 33, escaped Vietnam to Cambodia 10 years ago because he was beaten, arrested and jailed for one week in Vietnam for preaching about the plight of Khmer Krom minority living in Vietnam. He went to study political science in Thailand and after graduation, he returned back to Cambodia. During and after the July 2013 election he became activist in fight for land-grab victims as well as against social injustices in Cambodia. Recently, he took parts in many anti-Vietnamese protests. On 11th November, he was arrested for participating in protests against the deliberate inundation of the homes of Boeung Kak residents. He was then forcibly defrocked by the authority.
ដោយ៖ ណាត សុភាព និង អុឹង ប៊ុនថន | ថ្ងៃសៅរ៍ ទី15 វិច្ឆិកា 2014,
ស្តាប់សំឡេង៖ | ចម្លងទុក |
មានព្រះជន្ម៣៣វស្សា ព្រះតេជគុណ សឺន ហាយ បានចាកចេញពីស្រុកកំណើតជាង១០ឆ្នាំ នៃទឹកខ្មែរកម្ពុជាក្រោមដែលកំពុងគ្រប់គ្រងដោយវៀតណាម ។ អ្នកស្គាល់ពីប្រវត្តិព្រះសង្ឃខ្មែរកម្ពុជាក្រោមអង្គនេះឲ្យដឹងថា មូលហេតុដែលព្រះតេជគុណ សឺន ហាយ ចាកចេញពីស្រុកកំណើតដោយសារអាជ្ញាធរវៀតណាមចាប់វាយបែកព្រះកេស រួចដាក់ពន្ធនាគារអស់១សប្តាហ៍ បន្ទាប់ពីព្រះអង្គបានសម្តែងធម្មទេសនាឲ្យប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមស្តាប់ ។
ក្រោយពីជាប់ពន្ធនាគារនៅប្រទេសវៀតណាម ព្រះតេជគុណ សឺន ហាយ បានរត់គេចទៅសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនយោបាយនៅប្រទេសថៃ ។ នៅពេលបញ្ចប់ការសិក្សា ព្រះអង្គបានត្រឡប់មកកម្ពុជាវិញ និងស្នាក់នៅវត្តចំនួន៣នៅក្នុងរាជធានីភ្នំពេញ គឺនៅវត្តបទុមវតី វត្តពោធិញ្ញាណ និងវត្តស្ទឹងមានជ័យ។
ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលពី៥ ឆ្នាំ២០១៣ នៅប្រទេសកម្ពុជា ព្រះតេជគុណតែងតែចូលរួមជាមួយអ្នកតវ៉ារឿងដីធ្លី និងជាពិសេស តវ៉ាយ៉ាងសកម្មទាមទារឲ្យអ្នកនាំពាក្យស្ថានទូតវៀតណាមសុំទោស ករណីប្រវត្តិសាស្ត្រទឹកដីខ្មែរកម្ពុជាក្រោម ។
បើនិយាយពីរឿងតវ៉ាមុខស្ថានទូតវៀតណាម៤លើកមកនោះ ព្រះតេជគុណ សឺន ហាយ តែងចូលហែក្បួនតវ៉ា និងដុតទង់ជាតិវៀតណាម ដើម្បីជំរុញឲ្យមន្ត្រីស្ថានទូតនេះចេញមុខជាសុំទោសជាសាធារណៈទាក់ទងនឹងការបំភ្លៃប្រវត្តសាស្ត្រទឹកខ្មែរកម្ពុជាក្រោម ដែលថាជារបស់វៀតណាមតាំងពីយូរលង់នោះ។ តែអ្នកនាំពាក្យស្ថានទូតវៀតណាម លោក ត្រឹង វ៉ាន់ថុង មិនព្រមចេញមុខសុំទោសនោះទេ ។ មិនត្រឹមតែប៉ុណ្ណោះ រដ្ឋាភិបាលវៀតណាម បានទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ចាត់វិធានការលើអ្នកតវ៉ាថែមទៀត។
ប៉ុន្តែសំណើរបស់រដ្ឋាភិបាលវៀតណាមដែលធ្លាប់មានគុណលើរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនមានប្រសិទ្ធិភាពភ្លាមៗទេ ដោយមន្ត្រីជាន់ខ្ពស់កម្ពុជាមួយចំនួនឆ្លើយដោយប្រយោលវិញថា ការតវ៉ានេះជាសិទ្ធិរបស់ពលរដ្ឋខ្មែរដែលកាន់លទ្ធិប្រជាធិបតេយ្យ ។ តែយ៉ាងនេះក្តី ស្រាប់តែនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ សាក្សីបញ្ជាក់ថា ព្រះតេជគុណ សឺន ហាយ ក៏ត្រូវបានសមត្ថកិច្ច និងក្រុមសន្តិសុខ ចាប់វាយដំ រួចផ្សឹកបញ្ជួនទៅឲ្យតុលាការកាត់ទោស ខណៈព្រះអង្គបានទៅផ្តិតយករូបភាព របស់អ្នកមានជម្លោះដីធ្លីដែលតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ ដោយសារតែកាត់ទោសអ្នកភូមិបឹងកក់។
សកម្មជនដីធ្លីបឹងកក់ អ្នកស្រី យ៉ោម បុប្ផា ឲ្យដឹងថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា អ្នកស្រីបានទៅដល់ស្នងការដ្ឋានរាជធានីភ្នំពេញ ហើយឃើញព្រះសង្ឃពីរអង្គ និងមនុស្សប្រុស៣នាក់ រួមទាំងសមត្ថកិច្ចមួយចំនួន បានចូលទៅក្នុងបន្ទប់បិទជិតនៅក្នុងស្នងការនោះ ដើម្បីចាប់ព្រះអង្គ សឺន ហាយ ផ្សឹក ពេលនោះ អ្នកស្រីឮព្រះអង្គស្រែកយំ ថាមិនព្រមសឹកនោះទេ ។
អ្នកស្រី យ៉ោម បុប្ផា ឲ្យដឹងថា «ខ្ញុំឃើញមានព្រះសង្ឃ២ អង្គ ហើយខ្ញុំមិនដឹងថាសម្ដេចសង្ឃ ឬក៏អ្នកណាទេ ហើយខ្ញុំឃើញមាន បាសក (គ្រហស្ថ) ហ្នឹង៣នាក់ទៀតចូលទៅក្នុងបន្ទប់ជាមួយហ្នឹងប៉ូលីសទៅ ហើយខ្ញុំអត់បានឃើញថាគេធ្វើអីខ្លះនោះទេ ខ្ញុំគ្រាន់តែឮសំឡេងព្រះសង្ឃស្រែកយំថា ឱព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃអើយអយុត្ដិធម៌ណាស់ ជួយកូនចៅផង អយុត្ដិធម៌ណាស់ គេធ្វើបាប អាត្មាមិនព្រមផ្សឹកទេ» ។
មកដល់ថ្ងៃទី១២ ខែវិច្ឆិកា ព្រះអង្គ សឺន ហាយ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចេញសាលក្រមសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ១ឆ្នាំ និងពិន័យជាប្រាក់២លានរៀល ក្រោមបទចោទ ប្រឆាំងរាជការសាធារណៈ ដោយមានស្ថានទម្ងន់ទោស ដោយគ្រាន់តែព្រះអង្គចូលឃ្លាំមើលការតវ៉ារបស់អ្នកមានជម្លោះដីធ្លី។
ជាមួយគ្នានោះ នៅថ្ងៃទី១២ ខែវិច្ឆិកាដដែល មានព្រះសង្ឃ២អង្គទៀត ព្រះនាម ថាន់ សាង និងឃិត វណ្ណៈ គង់នៅវត្តស្ទឹងមានជ័យ ដែលធ្លាប់ចូលរួមបាតុកម្មរឿងទឹកដីខ្មែរកម្ពុជាក្រោម ក៏ត្រូវអាជ្ញាធរចាប់ព្រះកាយរួចផ្សឹក ។ មន្ត្រីសិទ្ធិមនុស្សឲ្យដឹងថា នគរបាលបានបញ្ជូនព្រះសង្ឃទាំងពីរអង្គនោះ ទៅឲ្យតុលាការចោទប្រកាន់ពីបទចូលរួមជាមួយសមាគមនៃជនទុច្ចរិត ដែលប្រឈមនឹងជាប់ទោសពី២ទៅ៥ឆ្នាំ។
សាស្ត្រាចារ្យនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ព្រះតេជគុណ វ៉ង់ សុភ័ស មានថេរដីកាថា បើព្រះសង្ឃណាមួយធ្វើខុសច្បាប់សាសនា ឬធ្វើខុសច្បាប់រដ្ឋ ហើយអាជ្ញាធរចាប់ផ្សឹកដោយមិនឆ្លងកាត់ពីក្រសួងធម្មការ និងសាសនា គឺខុសច្បាប់សាសនា ។ ព្រះតេជគុណមានថេរដីកាថា «អាជ្ញាធរប៉ូលីសហ្នឹង អាចឃាត់ព្រះកាយព្រះអង្គនាំទៅឲ្យខាងមន្ដ្រីសង្ឃ ខាងស្ថាប័នព្រះសង្ឃ នាយក លោកជំនុំជម្រះវិនិច្ឆ័យពីក្ដីទៅតាមពុទ្ធវិន័យ ថាតើគួរផ្សឹកចេញ ឬក៏គួរដាក់ទណ្ឌកម្ម ឬក៏អប់រំ អីចឹង កាលណាបើមន្ដ្រីអាជ្ញាធរស៊ីវិល ទាហ៊ាន ប៉ូលីសប្រើកម្លាំងចាប់បង្ខំផ្សឹកលោកបកស្បង់ចីពរ អីចឹង វារំលោភទៅលើស្ថាប័នព្រះសង្ឃនាយក ហើយហ្នឹងក្រសួងធម្មការ» ។
អ្នកនាំពាក្យ ក្រសួងធម្មការ និងសាសនា លោក សេង សុមុន្នី ឲ្យដឹងថា ព្រះអង្គសឺន ហាយ ត្រូវបានស្ថាប័នឯករាជ្យរបស់ថេរសភាសង្ឃផ្សឹកតាមច្បាប់សាសនា នៅពេលបញ្ជូនទៅដល់ស្នងការនគរបាល ដើម្បីបញ្ជូនទៅតុលាការចាត់វិធានការតាមផ្លូវច្បាប់។
ព្រះតេជគុណ យិន សុធាវី ដែលជាអ្នកស្គាល់ពីប្រវត្តិរបស់ព្រះតេជគុណ សឺន ហាយ មានថេរដីកាថា សកម្មភាពរបស់ព្រះសង្ឃអង្គនោះ គឺដើម្បីការពារទឹកដីខ្មែរកុំឲ្យប្រទេសជិតខាងឈ្លានពានដូចទឹកដីខ្មែរកម្ពុជាក្រោម។ ព្រះអង្គបន្តថា ទោះបីជាអាជ្ញាធរខ្មែរចាប់ខ្មែរគ្នាឯង ដើម្បីគំរាមកំហែងមិនឲ្យតវ៉ាប្រឆាំងនឹងវៀតណាមក៏ដោយ ក៏នៅមានព្រះសង្ឃផ្សេងៗទៀត មិនបាក់ស្មារតីនោះទេ។ ព្រះអង្គបន្តថា «ទ្រឹស្ដីមួយបាននិយាយថា អស់ពី សឺន គុយ មួយនាក់ ប៉ុន្ដែនៅមាន សឺន គុយ រាប់លានរាប់កោដនាក់ ឥឡូវអស់ព្រះតេជគុណ សឺន ហាយ ព្រះតេជគុណ ឃិត វណ្ណៈ និងព្រះតេជគុណ ថាន់ សាង បីអង្គហើយក៏មានព្រះសង្ឃរាប់ពាន់រាប់លានអង្គនៅ ក្រោយពីអង្គទៀត តវេនបន្ដទៀត ហ្នឹងត្រង់ចំណុចហ្នឹងដែលជាគំរូមួយទុកឲ្យកូនចៅ ទំព័រប្រវត្ដិសាស្ដ្រឲ្យកូនខ្មែរតទៅមុខ» ។
ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា ដែលដឹកនាំបាតុកម្មទាមទារឲ្យវៀតណាមសុំទោសនោះ យល់ថា ការចាប់ព្រះសង្ឃនៅពេលនេះជារឿងនយោបាយ ដោយសារកន្លងមកព្រះអង្គធ្វើបាតុកម្មដុតទង់ជាតិវៀតណាម ហើយអាជ្ញាធររបស់លោក ហ៊ុន សែន មិនចាត់ការភ្លាមៗទេ ព្រោះខ្លាចពលរដ្ឋខ្មែរថ្កោលទោសថា ធ្វើតាមបញ្ជារបស់រដ្ឋាភិបាលទីក្រុងហាណូយ ។ លោកមានប្រសាសន៍ថា «តាមពិតយើងមើលទៅប្រហែលជារឿងលេសដែលលោកដុតទង់ ដុតអី ការដុតទៅមិនហ៊ានចាប់ទៅធ្វើឲ្យនាំឃើញគេថ្កោលទោស ហើយចឹងដើម្បីបិទបាំង យកលេសហ្នឹងមកក៏ចាប់លោកចឹងទៅ អាហ្នឹងដែលយើងមើលឃើញគឺជារឿងចេតនានយោបាយទេ មិនមែនជារឿងដែលធ្វើទៅតាមនីតិវិធី ឬកំហុសជាក់ស្ដែងនោះទេ» ។
យ៉ាងនេះក្តី គណបក្សប្រជាជនកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ប្រតិកម្មទៅនឹងគណបក្សសង្គ្រោះជាតិថា ចំណាត់ការរបស់អាជ្ញាធរខ្លួននេះធ្វើឡើងតាមច្បាប់ ដោយអះអាងថា មិនរំលោភស្មារតីនៃកិច្ចព្រមព្រៀងរវាងបក្សទាំងពីរនេះទេ។
ប៉ុន្តែការចាប់កាត់ទោសព្រះសង្ឃខ្មែរទាំងនោះ ធ្វើឲ្យសង្គមស៊ីវិល និងបក្សប្រឆាំង យល់ថា ជារឿងនយោបាយ ខណៈគណបក្សទាំងពីរកំពុងខ្វែងគំនិតគ្នាលើការកំណត់លក្ខខន្តិកៈរបស់សមាសភាព គជ ប ថ្មី៕
សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com និងលោក អ៊ឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com
No comments:
Post a Comment