ដោយ៖ ឡាយ សាមាន និងអុឹង ប៊ុនថន | ថ្ងៃសុក្រ ទី14 វិច្ឆិកា 2014,
ស្តាប់សំឡេង៖ | ចម្លងទុក |
អង្គការសិទ្ធិមនុស្សអន្តរជាតិមួយ នៅថ្ងៃសុក្រនេះ បានទទូចឲ្យម្ចាស់ជំនួយរបស់កម្ពុជាដាក់សម្ពាធ លើរដ្ឋាភិបាលកម្ពុជា ករណីចាប់ខ្លួនសកម្មជនដីធ្លី ព្រះសង្ឃ និងសកម្មជនបក្សប្រឆាំង ដែលអង្គការនេះចាត់ទុកថា អ្នកទាំងនោះកន្លងមកតវ៉ាដោយសន្តិវិធី។
សេចក្តីថ្លែងការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស(Human Rights Watch) ចេញផ្សាយនៅថ្ងៃសុក្រនេះបានលើកឡើងថា ម្ចាស់ជំនួយត្រូវដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យបញ្ឈប់ជាបន្ទាន់ នូវការបង្ក្រាបអ្នកដែលហ៊ានចេញមុខតវ៉ាដោយសន្តិវិធី ។សេចក្តីថ្លែងការណ៍ដែលបានដកស្រង់សម្ដីលោក ប្រ៊េដ អាដាម នាយកប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ដោយលើកឡើងថា «ការបង្ក្រាបទៅលើការតវ៉ាដោយសន្តិវិធីនេះ គឺជាការចំអកដល់ការធ្វើកំណែទម្រង់ដែលរដ្ឋាភិបាលកម្ពុជាបានសន្យា» ។ សេចក្តីថ្លែងការណ៍បន្តថា «ម្ចាស់ជំនួយរបស់កម្ពុជាគួរតែធ្វើការថ្កោលទោសជាសាធារណៈចំពោះការសន្យាកែទម្រង់ដែលលោកចាត់ទុកថាជាការបោកបញ្ឆោតដោយគណបក្សកាន់អំណាចនេះ» ។
អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី លោក ទិត សុធា មានប្រសាសន៍ថា សេចក្តីថ្លែងការណ៍នោះមិនពិនិត្យទិដ្ឋភាពផ្លូវច្បាប់ ហើយមិនបានចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាផងដែរ។ លោកបន្តថា ការចាប់ខ្លួនអ្នកទាំងនោះ គឺធ្វើទៅតាមច្បាប់ ដោយសារពួកគេធ្វើអោយមានការកកស្ទះចរាចរណ៍សាធារណៈ ចំណែកការចាប់ខ្លួនសមាជិកបក្សប្រឆាំង គឺពាក់ព័ន្ធការដឹកនាំបាតុកម្មដោយខុសច្បាប់។
លោកមានប្រសាសន៍ថា «ទប់ស្កាត់មិនឲ្យមានការផ្តល់ជំនួយវាជារឿងដោយឡែកពីគ្នា រឿងជំនួយអភិវឌ្ឍគឺជាការមើលឃើញនៃការពង្រឹងនីតិរដ្ឋ នៅពេលដែលកម្ពុជាបាននឹងកំពុងនីតិរដ្ឋដោយការគោរពច្បាប់យកច្បាប់មកអនុវត្តមកចាត់វិធានាការ ទៅជាខកចិត្តមនុស្សមួយចំនួន។ ខ្ញុំយល់ថា ការចេញលិខិអន្តរាគមន៍នេះហាក់បីដូចជាមិនពិនិត្យអំពីទិដ្ឋភាពផ្លូច្បាប់ ហើយយកអារម្មណ៍ធ្វើការសន្និដ្ឋានដោយមិនបានចូលរួមនៅក្នុងការពង្រឹងប្រជាធិបតេយ្យនៅកម្ពុជានោះទេ» ។
លោក ទិត សុធា បន្ថែមថា ការផ្តល់ជំនួយផ្សេង ការអនុវត្តផ្លូវច្បាប់ផ្សេង សមត្ថកិច្ចត្រូវតែពង្រឹងការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព មិនអាចបណ្តាយឲ្យអ្នកទាំងនោះបង្កភាពអាណាធិបតេយ្យទេ។
អ្នកសម្របសម្រួលបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូលោក អំ សំអាត មានប្រសាសន៍ថា ការស្នើសុំរបស់អន្តរជាតិក៏ជារឿងមួយល្អដែរ ដើម្បីអោយម្ចាស់ជំនួយដែលផ្តល់មកកម្ពុជា គួរពិចារណា និងដាក់លក្ខខណ្ឌឲ្យបានម៉ត់ចត់មុននឹងបន្តផ្តល់ជំនួយ។ ទោះជាយ៉ាងណាលោកយល់ថា ការចាប់ខ្លួនសកម្មជនដីធ្លី សមាជិកបក្សប្រឆាំង រួមទាំងព្រះសង្ឃផងនោះ មិនមានមូលដ្ឋានផ្លូវច្បាប់ ហើយការជំនុំជំរះរបស់តុលាការក៏មិនមានភស្តុតាងគ្រប់គ្រាន់ផងដែរ។
លោកមានប្រសាសន៍ថា «ខ្ញុំគិតថានេះគ្រាន់តែជាចំណុចលេស មួយក្នុងការចាប់ពួកគាត់ វាអត់មានអ្វីដូចការចោទប្រកាន់នោះទេ ប៉ុន្តែសំខាន់គឺរដ្ឋាភិបាលមិនពង្រឹង និងពន្លឿននៃការដោះស្រាយនៃបញ្ហាពួកគាត់ទេ ដែលវាជាបញ្ហារបស់រដ្ឋាភិបាលនោះ មិនមែនជាបញ្ហារបស់គាត់ទេបាទ» ។
លោក អំ សំអាត មើលឃើញថា ការចាប់ខ្លួនសកម្មជនដីធ្លី និងអ្នកផ្សេងទៀត គ្រាន់តែជាយុទ្ធសាស្ត្រមួយ ដើម្បីបំបាក់ស្មារតីអ្នកតវ៉ាដែលកំពុងស្វែងរកយុត្តិធម៌ជូនសង្គមប៉ុណ្ណោះ។
សកម្មជនដីធ្លីចំនួន១០នាក់រួមទាំងអ្នកស្រី ទេព វន្នី ម្ចាស់ពានរង្វាន់ស្ត្រីក្នុងភាពជាអ្នកដឹកនាំពិភពលោក ព្រះសង្ឃ៣អង្គ និងសកម្មជនគណបក្សសង្គ្រោះជាតិ២នាក់ទៀត ត្រូវបានអាជ្ញាធរចាប់ទៅ កាត់ទោសទាក់ទងនឹងការតវ៉ាករណីទឹកស្អុយជន់លិចផ្ទះនៅបឹងកក់ និងការទាមទារឲ្យបើកទីលានប្រជាធិបតេយ្យ៕
អត្ថបទទាក់ទង
សូមសរសេរមកលោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com អ៊ឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com
No comments:
Post a Comment