A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 12 November 2014

A photocopy machine in America costs less than $1000, but it costs $35,000 in Cambodia?] មន្ត្រី​នាំ​ពាក្យ​រដ្ឋ​សភា​បកស្រាយ​រឿង​ពុករលួយ​នៅ​ក្នុង​សភា

ឈាង វុន ៦១០
លោក ឈាង វុន សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា ក្នុង​កម្មវិធី​កិច្ច​ពិភាក្សា​កាល​ពី​យប់​ថ្ងៃ​២៨ តុលា ឆ្នាំ​២០១៣។
RFA
មន្ត្រី​នាំ​ពាក្យ​នៃ​រដ្ឋ​សភា​បាន​បដិសេធ​ថា ស្ថាប័ន​នីតិប្បញ្ញត្តិ​មិន​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ និង​បក្ស​ពួក​និយម​ដូច​ដែល​អនុប្រធាន​គណៈកម្មការ​ទី​២​នៃ​រដ្ឋ​សភា​ចោទ​ប្រកាន់​ថា ស្ថាប័ន​បង្កើត​ច្បាប់​មួយ​នេះ បាន​ប្រើប្រាស់​ថវិកា​មិន​ច្បាស់លាស់​អាច​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ដោយ​ស្នើ​ឲ្យ​បង្កើត​គណៈកម្មការ​ដើម្បី​ស៊ើប​អង្កេត​លើ​ករណី​នេះ។
​ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស​សហប្រតិបត្តិ​ការ​អន្តរជាតិ ឃោសនាការ​និង​ព័ត៌មាន​លោក ឈាង វុន បកស្រាយ​ថា ស្ថាប័ន​សភា​បាន​ប្រើប្រាស់​ថវិកា​ស្វយ័ត​ដែល​មិន​អាច​ឲ្យ​ធ្វើការ​ស៊ើប​អង្កេត​លើ​ការ​ប្រើប្រាស់​ថវិកា​របស់​ខ្លួន​នោះ​ឡើយ។
​លោក ឈាង វុន បាន​ថ្លែង​ដូច្នេះ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៃ​វេទិកា​ប្រចាំ​ខែ​ក្នុង​ទំនាក់ទំនង​រវាង​រដ្ឋ​សភា និង​អ្នក​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​១១ វិច្ឆិកា ថា លោក សុន ឆ័យ ជា​អនុប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​នៃ​សវនកម្ម​នៃ​រដ្ឋ​សភា​បាន​ធ្វើ​ការ​ខុស​នីតិវិធី​របស់​រដ្ឋ​សភា​ដែល​ចង់​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​លើ​ការប្រើប្រាស់​ថវិកា​របស់​សភា​នោះ។
លោក ឈាង វុន បញ្ជាក់​ថា លោក សុន ឆ័យ បាន​ចោទ​ប្រកាន់​ថា ការ​ទិញ​ម៉ាស៊ីន​ថតចម្លង​១​មាន​តម្លៃ ៣៥.០០០​ដុល្លារ (បី​ម៉ឺន​ប្រាំ​ពាន់​ដុល្លារ) នោះ គឺ​ជា​ការ​ចោទ​ប្រកាន់​ខុស។ លោក​អះអាង​ថា គម្រោង​ថវិកា​ចំណាយ​ក្នុង​ឆ្នាំ​២០១៥​នេះ គឺ​ទិញ​ម៉ាស៊ីន​ថតចម្លង​ចំនួន ៤​គ្រឿង ដែល​គេ​នឹង​ចំណាយ​ចំនួន ៣​ម៉ឺន ៥​ពាន់​ដុល្លារ​សហរដ្ឋអាមេរិក​នេះ៖ «សំឡេង»។

​ទោះជា​យ៉ាង​នេះ​ក្ដី លោក ឈាង វុន មិន​បាន​ឆ្លើយ​តប​សំណួរ​អ្នក​សារព័ត៌មាន​ដែល​សួរ​ថា តើ​ម៉ាស៊ីន​ថតចម្លង​ដែល​សភា​គ្រោង​ទិញ​នេះ​ប្រភេទ​អ្វី មាន​លេខ​កូដ​ប៉ុន្មាន​នោះ​ទេ?
អនុ​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​និង​សវនកម្ម​នៃ​រដ្ឋសភា លោក សុន ឆ័យ មាន​ប្រសាសន៍​ថា អ្វី​ដែល​បាន​ធ្វើ​គឺ​បំពេញ​តួនាទី​ជា​តំណាងរាស្ត្រ។ លោក​បញ្ជាក់​ថា គម្រោង​ថវិកា​ឆ្នាំ​២០១៥ សម្រាប់​ប្រើប្រាស់​ក្នុង​រដ្ឋ​សភា​នេះ ឃើញ​ថា ចំណុច​ខ្លះ​មាន​ភាព​មិន​ប្រក្រតី​ដូចជា​ការ​ទិញ​សម្ភារៈ​ផ្សេងៗ និង​ម៉ាស៊ីន​ថតចម្លង​នេះ​ជាដើម៖ «សំឡេង»។

​ការ​បង្ហាញ​របាយការណ៍​មិន​ប្រក្រតី​ក្នុង​ការ​ប្រើប្រាស់​ថវិកា​របស់​ស្ថាប័ន​នីតិប្បញ្ញត្តិ​នេះ នៅ​មុន​ពេល​សភា​នឹង​អនុម័ត​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៥។ ច្បាប់​ថវិកា​ជាតិ​ដែល​សភា​គ្រោង​នឹង​អនុម័ត​នោះ​មាន​ប្រមាណ ៤​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក។ ច្បាប់​ថវិកាជាតិ​នេះ គណៈកម្មការ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​សវនកម្ម បាន​ឯកភាព​គ្នា​នៅ​ក្នុង​កិច្ចប្រជុំ​កាល​ពី​ថ្ងៃ​ទី​១០ វិច្ឆិកា។

​លោក សុន ឆ័យ បញ្ជាក់​ថា ទោះបីជា​ការ​ពិភាក្សា​គ្នា​អំពី​ច្បាប់​ថវិកា​ជាតិ​គណៈកម្មការ​រលោក​បាន​ឯកភាព​គ្នា​ទាំង​ស្រុង​ក្ដី តែ​លោក​នៅ​តែ​ស្នើសុំ​ឯកសារ​ស្ដីពី​របាយការណ៍​ចំណូល​ចំណាយ​ថ្នាក់​ជាតិ និង​ថ្នាក់ក្រោម​ជាតិ​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដដែល ព្រោះ​ច្បាប់​ថវិកាជាតិ​នេះ នៅ​មាន​ភាព​ខ្វះ​ចន្លោះ​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រមូល​ពន្ធ​ពី​ប្រេង​សាំង និង​ពន្ធ​ពី​វិស័យ​កាស៊ីណូ។
ទាក់ទង​នឹង​បុគ្គលិក​ធ្វើការ​នៅ​រដ្ឋ​សភា​វិញ លោក ឈាង វុន បាន​ពន្យល់​ថា លោក សុន ឆ័យ បាន​បញ្ចេញ​របាយការណ៍​ខុស​ដែល​ថា បុគ្គលិក​សភា​ទាំង​អស់​មាន​ជាង ២​ពាន់​នាក់​នោះ។ លោក​បញ្ជាក់​ថា បុគ្គលិក​សភា​ជាក់​ស្ដែង​មាន ១.៣៣៩​នាក់។ តែ​លោក ឈាង វុន ក៏​ទទួល​ស្គាល់​ថា បុគ្គលិក​សភា​មាន​ចំនួន​ច្រើន​បន្តិច​មែន ហើយ​លោក​បាន​ស្នើ​ឲ្យ​កាត់​បន្ថយ​បុគ្គលិក​ចាស់ៗ​ខ្លះ និង​មួយ​ចំនួន​ទៀត​ត្រូវ​ឲ្យ​ចូល​និវត្តន៍ នឹង​ត្រូវ​ជ្រើសរើស​ជំនួស​មក​វិញ​ក្រុម​បញ្ញវន្ត។
លោក ឈាន វុន លើក​ពី​មូលហេតុ​ធ្វើ​ឲ្យ​សភា​មាន​បុគ្គលិក​ច្រើន​នេះ​ថា មក​ពី​ឆ្នាំ​១៩៩៣​នោះ ដោយ​រដ្ឋាភិបាល​ចង់​ឲ្យ​មាន​ការ​បង្រួបបង្រួម​ជាតិ គឺ​បាន​យក​បុគ្គលិក​ពី​គណបក្ស​នយោបាយ​ចំនួន​៤ ឲ្យ​ចូល​រួម​ធ្វើការ​ក្នុង​រដ្ឋ​សភា៖ «សំឡេង»។
​បន្ថែម​ពី​លើ​នេះ​ទៀត លោក ឈាង វុន បញ្ជាក់​ថា លោក មិត្ត ការ៉េន អតីត​ជា​អគ្គនាយក​ហិរញ្ញវត្ថុ​និង​រដ្ឋបាល​នោះ មាន​កូន​ក្មួយ​ធ្វើការ​នៅ​ក្នុង​រដ្ឋ​សភា​មែន លោក​អះអាង​ថា កូនចៅ​លោក មិត្ត ការ៉េន នេះ​បាន​ចូល​ធ្វើ​ការ​ជា​ច្រើន​ដំណាក់កាល​តាំង​ពី​អាណត្តិ​ទី​១ មកម្ល៉េះ តែ​មិន​មែន​ជា​បក្ស​និយម​ទេ ហើយ​ក៏​មិន​ខុស​ច្បាប់​អ្វី​ដែរ។
​ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោក សុន ឆ័យ បញ្ជាក់​ថា ស្ថាប័ន​សភា​គិត​ពី​អាណត្តិ​ទី​១ ដល់​ទី​អាណត្តិ​ទី​៣ មាន​បុគ្គលិក​ប្រមាណ ៥០០​នាក់​ទេ ដោយ​ឡែក​នៅ​ក្នុង​អាណត្តិ​ទី​៤ គឺ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដឹកនាំ​សភា​ទាំង​មូល ហើយ​ក៏​មិន​មាន​ការ​បង្រួបបង្រួម​ដូច​អាណត្តិ​ទី​១​នោះ​ទេ៖ «សំឡេង»។
លោក សុន ឆ័យ បញ្ជាក់​ថា ទោះបីជា​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​មិន​អាច​មក​ធ្វើការ​ស៊ើប​អង្កេត​ស្ថាប័ន​នីតិប្បញ្ញត្តិ​នេះ​ក្ដី ក៏ប៉ុន្តែ​លោក​ជំរុញ​ឲ្យ​ថ្នាក់ដឹកនាំ​សភា​ត្រូវ​មាន​ឆន្ទៈ​ក្នុង​ការ​អនុញ្ញាត​ឲ្យ​ស្ថាប័ន​ប្រឆាំង​អំពើ​ពុករលួយ ឬ​បង្កើត​គណៈកម្មការ​របស់​ខ្លួន ដើម្បី​ស៊ើប​អង្កេត​ស្ថាប័ន​សភា​ដែល​ជា​ស្ថាប័ន​កំពូល​បង្កើត​ច្បាប់​សម្រាប់​ឲ្យ​ស្ថាប័ន​ប្រតិបត្តិ​អនុវត្ត​នោះ៕

No comments: