ដោយ៖ ស៊ុន ណារិន | ថ្ងៃសៅរ៍ ទី18 តុលា 2014,
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់-អូចា (Prayut Chan-o-cha) មកបំពេញទស្សនកិច្ចនៅកម្ពុជានៅចុងខែតុលានេះដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
សមភាគីទាំងពីរបានជួបគ្នានៅក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១០ នៅប្រទេសអ៊ីតាលី ដែលបានចាប់ពីថ្ងៃទី១៦ដល់ទី១៧ខែតុលា។
ហ្វេសប៊ុករបស់នាយករដ្ឋមន្រ្តីកម្ពុជា ឲ្យដឹងថាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញលោកនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ មកធ្វើទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី៣០-៣១ ខែតុលា ២០១៤ ដើម្បីពង្រឹងសហប្រតិបត្តិការមិត្តភាពក្នុងការជំរុញការអភិវឌ្ឍពាណិជ្ជកម្ម រួមទាំងការបង្កើតតំបន់សេដ្ឋកិច្ចពិសេស វិស័យទេសចរណ៍ ថាមពល និងគម្រោងវិនិយោគផ្សេងៗ។ហ្វេសប៊ុករបស់លោក ហ៊ុន សែន ឲ្យដឹងទៀតថាលោកនាយករដ្ឋមន្រ្តីថៃបានបញ្ជាក់ថា បញ្ហាព្រំដែនកន្លងមកគឺមិនប៉ះពាល់ដល់សហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរឡើយ។
កាលពីថ្មីៗនេះ ក្រសួងការបរទេសថៃប្រកាសថាលោកឧត្តមនីយ៍ប្រាយុទ្ធចាន់អូចា នឹងធ្វើទស្សនកិច្ចនៅប្រទេសសមាជិកអាស៊ាន ដែលជាទស្សនកិច្ចលើកដំបូងក្នុងឋានៈលោកជានាយករដ្ឋមន្ត្រីថ្មីរបស់រាជាណាចក្រដែលបានឆ្លងកាត់រដ្ឋប្រហារយោធា១៩លើកមកហើយ។ ប្រទេសចំនួន៩ដែលលោកប្រាយុទ្ធនឹងត្រូវធ្វើទស្សនកិច្ចគឺប្រទេសកម្ពុជា ឡាវ ភូមា វៀតណាម ម៉ាឡេស៊ី សិង្ហបុរី ប្រ៊ុយណេ ហ្វីលីពីន និងប្រទេសឥណ្ឌូនេស៊ី ។
កាលពីខែឧសភា ឆ្នាំ២០១៤ លោក ប្រាយុទ្ធ ដែលជាមេបញ្ជាការកងទ័ពថៃ បានធ្វើរដ្ឋប្រហារទម្លាក់អតីតនាយករដ្ឋមន្រ្តីថៃ លោកស្រីយីងឡាក់ ដែលជាប្អូនប្រុសរបស់លោកថាក់ស៊ីន៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
No comments:
Post a Comment