A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 24 October 2014

Analysis: Cambodia accuses Vietnam of border encroachments, but does not want to lodge a legal complaint yet វិភាគ​៖ កម្ពុជា​ចោទ​វៀតណាម​ថា​រំលោភ​ទឹកដី​តែ​មិនទាន់​​គិត​ពី​ការប្តឹង​ទេ​​

ដោយ៖​ ពៅ មេត្តា​ | ថ្ងៃព្រហស្បតិ៍ ទី23 តុលា 2014, 

ស្តាប់សំឡេង៖​

ចម្លងទុក

ខ្សែក្រហមជារូបតំណាងឲ្យ​ខ្សែព្រំដែននៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម ដែល​មាន​ប្រវែង ១២៧០គីឡូម៉ែត្រ
តំណាងរាស្ត្រ​គណបក្សប្រឆាំង​លោក ម៉ៅ មុនី​វណ្ណ បាន​ដាក់​លិខិត​ផ្លូវការ​ទៅ​ប្រធាន​រដ្ឋសភា​លោក ហេង សំរិន នៅ​ពេល​ថ្មីៗ​នេះ ឲ្យ​កោះហៅ​នាយក​រដ្ឋមន្ត្រី​ចូល​បំភ្លឺ​ក្នុង​សភា ដើម្បី​សួរ​ដេញដោល​ពី​បូរណភាព​ទឹកដី​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម​។​
ការ​ដាក់​លិខិត​ធ្វើឡើង​បន្ទាប់​ពី​តំណាងរាស្ត្រ​គណបក្សប្រឆាំង​រូបនេះ រកឃើញថា វៀតណាម​បាន​បោះបង្គោល​ព្រំដែន​នៅ​ឃុំ​ដា​ក់ដាំ ស្រុក​អូ​រាំង ខេត្ត​មណ្ឌលគិរី ចូល​ក្នុង​ដី​កម្ពុជា​ប្រមាណ​៤០​គីឡូម៉ែត្រ​។ បច្ចុប្បន្ន​តំបន់​នោះ ខាង​ភាគី​វៀតណាម​កំពុង​ធ្វើ​ផ្លូវ​ក្រាល​កៅស៊ូ​។​
ប្រធាន​គណៈកម្មការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង ទទួលស្គាល់ថា វៀតណាម​ពិតជា​កំពុង​ធ្វើ​ផ្លូវ​នៅ​តំបន់​នោះ បើ​ទោះជា​កម្ពុជា​ស្នើសុំ​ឲ្យ​ឈប់ ក៏​ភាគី​វៀតណាម​មិន​ព្រម​ឈប់​ដែរ​។ លោក​មានប្រសាសន៍ថា «​ធ្វើ​ហ្នឹង​មិន​ត្រឹមត្រូវ​តាម​ការឯកភាព​គ្នា នៃ​ប្រទេស​ទាំង​ពីរ​ទេ​! យើង​សុំ​គាត់​ឲ្យ​បញ្ឈប់ សុំ​គាត់​ច្រើន​ដង​ហើយ តែ​គាត់​មិន​បាន​បញ្ឈប់​ទេ គាត់​នៅ​ធ្វើ​បន្ត​ទៀត​»​។​
លោក វ៉ា គឹមហុង បញ្ជាក់​ថា​វៀតណាម​មិន​គោរព​លើ​ស្មារតី​នៃ​សន្ធិសញ្ញា​បំពេញបន្ថែម ឆ្នាំ​២០០៥ និងសេចក្តីថ្លែងការណ៍​រួម​ឆ្នាំ​១៩៩៧ ដែល​ចុះហត្ថលេខា ដោយ​នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​នាយករដ្ឋមន្ត្រី​វៀតណាម​ដែល​បញ្ជាក់​ច្បាស់​ថា បន្ទាត់​ព្រំដែន​ដែល​មិន​ទាន់​ឯកភាព​គ្នា​ត្រូវ​រក្សា​ឲ្យនៅ​ដដែល​។
នេះ​ជា​លើក​ទី​១​ហើយ ដែល​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា វៀតណាម​មិន​គោរព​តាម​ការព្រមព្រៀង ក្នុង​ការបោះបង្គោល​ព្រំដែន​ធ្វើឲ្យប៉ះពាល់​ដល់​បូរណភាព​ទឹកដី​កម្ពុជា​។​
ប៉ុន្តែ​ពេល​សាកសួ​រថា តើ​កម្ពុជា​មាន​គម្រោង​ដាក់ពាក្យ​ប្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ឬ​ស្វែងរក​ការអន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ​ទេ​? លោក វ៉ា គឹមហុង​ឆ្លើយ​ភ្លាម​ថា​ទេ​។​«​សំនួរ​អ្នកសារព័ត៌មាន​៖ បើ​ចរចា​មិន​មាន​ដំណោះស្រាយ​លោកពូ​អាច​ដាក់ពាក្យ​ប្តឹង​ទេ​? វ៉ា គឹមហុង​៖ អាហ្នឹង​ចាំ​ថ្ងៃ​ក្រោយ​កុំ​អាល​សួរ​ឥឡូវ​បាទ ចាំ​យើង​ចរចា​សិន​ចាំ​បាន​លទ្ធផល​ម៉េចៗ ចាំ​គិត​ទៀត​»​។​

លោក វ៉ា គឹមហុង អះអាងថា មិន​ប្តឹងទៅ​ស្ថាប័ន​អន្តរជាតិ​ទេ ដោយសារ​វៀតណាម​នៅ​បន្ត​ចរចា តែ​ចំណុច​ចោទ​ត្រង់​ថា ការចរចា​កន្លងមក​ពេល​កម្ពុជា​រកឃើញ​ថា ការបោះបង្គោល​ព្រំដែន​រំលោភ​ចូល​ទឹកដី​កម្ពុជា វៀតណាម​មិន​ព្រម​ឈប់​ តើ​ការចរចា​នោះ​មានន័យ​អ្វី​? ឬ​គ្រាន់តែ​ជា​ការពន្យារ​សម្រាប់ឲ្យ​វៀតណាម​សាងសង់​ផ្លូវ និង​បោះបង្គោល​ព្រំដែន​ឲ្យ​ហើយ​? ចុះបើ​វៀតណាម​បោះបង្គោល​ព្រំដែន​ហើយ តើ​កម្ពុជា​មាន​សមត្ថភាព​វាយ​បង្គោល​ចោល​វិញ ឬទេ បើ​ការចរចា​រក​ឃើញ​ថា បង្គោល​ពិតជា​ចូល​ទឹកដី​កម្ពុជា​មែន​នោះ​?
ការលើកឡើង​ថា វៀតណាម​រំលោភ​កិច្ចព្រមព្រៀង​ករណី​បោះបង្គោល​ព្រំដែន​ជាមួយ​កម្ពុជា គឺជា​លើកដំបូង​របស់​មន្ត្រី​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រ​ជា​ជនកម្ពុជា តែ​មិនមែន​លើក​ដំបូង​សម្រាប់​មន្ត្រី​គណបក្សប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​ទេ​។ មន្ត្រី​គណបក្សប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​រិះគន់​ជា​បន្តបន្ទាប់​ថា វៀតណាម​រំលោភ​លើ​បូរណភាព​ទឹកដី​កម្ពុជា រហូត​ដល់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ធ្លាប់​រត់ចោលស្រុក​ជាង​៤​ឆ្នាំ ដោយសារ​ដក​តម្រុយ​បង្គោល​ព្រំដែន​នៅ​ខេត្ត​ស្វាយរៀង ដែល​លោក​យល់ថា វៀតណាម​បោះ​លើ​ទឹកដី​កម្ពុជា​។​
បើ​ប្រៀបធៀប​ករណី​ព្រំដែន​កម្ពុជា​ជាមួយ​វៀតណាម និង​កម្ពុជា​ថៃ​មាន​ភាពខុសគ្នា​។ ជម្លោះ​ជាថ្មី​កាលពី​ឆ្នាំ​២០០៨ ការដណ្តើម​កាន់កាប់​ដី​នៅ​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ​ទំហំ​៤,៦​គឺ​ឡូ​ម៉ែត្រក្រឡា កម្ពុជា​បាន​ប្តឹងទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​។ ពេលនោះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ប្រកាស​ប្តូរផ្តាច់​ការពារ​បូរណភាព​ទឹកដី បើ​ទោះជា​កម្ពុជា​មាន​កម្លាំង​កងទ័ព​តិចជាង​ប្រទេស​ថៃ​ក៏ដោយ​។ តែ​ផ្ទុយទៅវិញ លោកនាយក​រដ្ឋមន្ត្រី​មិន​ដែល​មាន​ប្រតិកម្ម​រិះគន់ ករណី​ព្រំដែន​ជាមួយ​វៀតណាម​ទេ​។​
ជុំវិញ​បញ្ហា​ព្រំដែន​កម្ពុជា​ជាមួយ​វៀតណាម ដែល​ទើប​កម្រើក​ឡើង​ជា​ថ្មី​ទៀត​នេះ អ្នកជំនាញ​ស្រាវជ្រាវ​ការអភិវឌ្ឍន៍​សង្គម និង​ផ្នែក​នយោបាយ បាន​ជំរុញ​ឲ្យ​កម្ពុជា​ស្វែងរក​ការអន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ ដូច​ជា​ភាគី​ហត្ថលេខី​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស អាស៊ាន ឬ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ដើម​។​
បណ្តា​ប្រទេស​មួយចំនួន ពេល​មាន​ជម្លោះ​ព្រំដែន​ហើយ​ដោះស្រាយ​ទ្វេភាគី​មិនបាន គេ​តែង​ជ្រើសរើស​យក​ស្ថាប័ន​អន្តរជាតិ​ឲ្យជួយ​ដោះស្រាយ​។ នៅ​ឆ្នាំ​២០១៤​នេះ ប្រទេស​ហ្វីលីពីន​បាន​ប្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ករណី​ជម្លោះ​ដែនទឹក​ជាមួយ​ចិន​នៅ​សមុទ្រ​ចិន​ភាគខាងត្បូង​។ ចំណែក​វៀតណាម​នៅ​ពេល​ថ្មីៗ​នេះ ក៏​បាន​រៀបចំ​ត្រៀម​ប្តឹង​ករណី​ជម្លោះ​ដែនទឹក​ជាមួយ​ចិន ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ដែរ​។​
​ទន្ទឹម​នឹង​បញ្ហា​បោះបង្គោល​ព្រំដែន​នេះ អ្នក​ស្រាវជ្រាវ​ពី​ការអភិវឌ្ឍ​សង្គម លោក កែម ឡី ក៏​បង្ហាញ​ការព្រួយបារម្ភ​ចំពោះ​ជនជាតិ​វៀតណាម កំពុង​មាន​ចំនួន​កើន​ឡើង​តាមរយៈ​ដី​សម្បទាន​សេដ្ឋកិច្ច នៅ​តំបន់​ជាប់​ព្រំដែន​កម្ពុជា​វៀតណាម ដែល​អាច​ធ្វើឲ្យ​កម្ពុជា​បាត់​បង់ដី ឈានដល់​មាន​គ្រោះថ្នាក់​ពេល​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​នៅពេល​ខាងមុខ​។ លោក​បន្ថែមថា «៤​សែន​ហិកតា ចម្ការកៅស៊ូ ចុះ​បើ​មួយ​ហិកតា​យក​មក​ពីរ​នាក់ មិនដឹង​ទាហាន​វៀតណាម ឬ​ប្រជាជន​វៀតណាម ចុះបើ​បួន​សែន​ហិកតា ប្រសិនបើ​១​ហិកតា​ប្រជាជន​វៀតណាម​តែ​ពីរ​នាក់​ប៉ុន្មាន មិន​ជិត​១​លាន​នាក់​ហើយ បាទ​ចុះបើ​ជិត​មួយ​លាន​យើង​ធ្វើ​អី​កើត បើ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ បើ​គេ​អនុវត្ត​អាហ្នឹង​មក​ប៊ឹម​មក មិន​ងាប់​បាត់​ហើយ អនុវត្ត​ច្បាប់​ស​ញ្ញាតិ​អត់ឲ្យ​សញ្ញាតិ​ឲ្យ​អ្នក​ឯង​ទៅ​វិញ គេ​គំរាមកំហែង​៨០​ម៉ឺន​ហ្នឹង ងាប់​បាត់​ហើយ ហើយ​យើង​ទៅពិនិត្យ​យ៉ាងម៉េច​នៅក្នុង​ចម្ការ​កៅស៊ូ រដ្ឋបាល​យើង​ហ៊ាន​ទៅ​ទេ ខ្ញុំ​បារម្ភ​ក្រែង​ថ្ងៃក្រោយ​ទៅ ប្រធានភូមិ មេឃុំ ចៅហ្វាយស្រុក​ជា​វៀតណាម​ចប់​តែម្តង ចឹង​ខ្ញុំ​គិតថា វាសនា​មិន​ខុស​ពី​កម្ពុជា​ក្រោម​ទេ​»​។​
ទោះជា​យ៉ាង​លោក ហ៊ុន សែន បាន​ថ្លែង​បំភ្លឺ​ក្នុង​សភា​កាលពី​ឆ្នាំ​២០១២ ដោយ​អះអាង​ថា ក្នុងនាម​ជា​កូន​ខ្មែរ លោក​មិន​បណ្តោយ​ឲ្យ​បាត់បង់​ដី​ទៅ​វៀតណាម​ដូច​ការចោទប្រកាន់​ទេ​។ លោក​មានប្រសាសន៍ថា «​បើ​គ្រាន់តែ​ធ្វើ​អាយ៉ង​គេ​វា​អត់​ពិបាក​ទេ គេ​ឲ្យ​បង់​ឯណា​បោះ​ឯ​ណឹង​ទៅ វា​ឆាប់​ចប់ ប៉ុន្តែ​ដោយសារ​ចរិក​ជា​ម្ចាស់​ប្រទេស បាន​ជា​កូន​ខ្មែរ​ត្រូវ​ធ្វើ​កិច្ចការងារ​នេះ ខ្ញុំ​គិតថា អស់លោក​គួរ​ឲ្យ​តម្លៃ​ប្រជាជន​ខ្លះ​ផង ការផ្តល់​ឲ្យ​គណបក្ស​ប្រ​ជា​ជន​៩០​អាសនៈ​នៅក្នុង​រដ្ឋសភា មិនមែន​ជា​ការ​លេងសើច​ទេ រាប់​ទាំង​ប្រជាពលរដ្ឋ​នៅ​ទល់ដែន បើ​អ្នក​នៅ​ទល់ដែន​ថា បាត់បង់​ទឹកដី អ្នក​នៅ​ទល់ដែន​មិន​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជា​ជន​ទេ​»​។​
ក្នុងពេល​បំភ្លឺ​ក្នុង​សភា​រយៈពេល​៥​ម៉ោង​២០​នាទី​នៅពេលនោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា​លោក​មិន​ឲ្យ​បាត់បង់​ទឹកដី​សូម្បី​១​មី​លី​ម៉ែត្រ​។​
​រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម​បានចាប់ផ្តើម​បោះបង្គោល​ព្រំដែន តាំងពី​ឆ្នាំ​២០០៦ នៅតាម​បណ្តោយ​ព្រំដែន​ដែល​មាន​ប្រវែង​១២៧០​គីឡូម៉ែត្រ ប្រទេស​ទាំង​ពីរ​បាន​កំណត់​ថា ត្រូវ​បោះបង្គោល​ព្រំដែន​ចំនួន ៣៧៥​បង្គោល​។  ថ្មីៗ​នេះ លោក វ៉ា គឹមហុង ថ្លែងថា កម្ពុជា និង​វៀតណាម​បាន​បោះបង្គោល​ព្រំដែន​បាន​ជាង​៨០​ភាគរយ​ហើយ​៕
សូមសរសេរមកលោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

1 comment:

Anonymous said...


Our Compatriots,

If we want to save Cambodia from this evil Vietnam, we should try resolving some SPECIFIC problems first such as demanding Hun Sen to rescind the 2005 supplemental treaty, taking Angkor back from a devil Vietnamese Sok Kong, implementing the 1991 Paris Peace Accord, etc...

Our demand should go along with consistent peaceful demonstration until we get what we've wanted.

Doing something without a firm specific goal and result would only weaken our cause to save Cambodia.

How about start doing a massive peaceful demonstration demanding Hun Sen to annul this 2005 supplemental treaty until we get it first?
Can we do it? Time is not on our side because as time goes by the root of Vietnam’s expansion – Vietnamization of Cambodia - will get deeper and deeper inside Cambodia.

Bun Thoeun