A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 11 September 2014

Three monks accused the abbot of Stung Meanchey Pagoda of threatening to expel them because they allowed land-grab victims stay at the temple ព្រះសង្ឃ​៣​អង្គ​ចោទ​ចៅអធិការ​វត្ត​ស្ទឹងមានជ័យ​គំរាម​បណ្ដេញ​រឿង​ឲ្យ​ពលរដ្ឋ​ស្នាក់នៅ

Hun Sen's "divide and conquer" strategy has worked.
លី ច័ន្ទនេន យិន រតនសុធាវី ៦២០
(ពី​ឆ្វេង) ព្រះតេជព្រះគុណ លី ច័ន្ទនេន ព្រះតេជព្រះគុណ យិន រតនសុធាវី ធ្វើ​សន្និសីទ​កាសែត​ស្ដីពី​ការ​គំរាម​បណ្ដេញ​ព្រះសង្ឃ​ចេញ​ពី​វត្ត​ដោយសារ​ផ្ដល់​ជម្រក​ឲ្យ​អ្នក​មាន​ជម្លោះ​ដីធ្លី នា​វត្ត​ស្ទឹងមានជ័យ នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៤។
RFA/Yeang Socheametta
ព្រះសង្ឃ​នៃ​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ និង​ព្រះសង្ឃ​ខ្មែរ​ក្រោម​ចំនួន ២​អង្គ នៅ​វត្ត​ស្ទឹងមានជ័យ ចោទ​ប្រកាន់​ព្រះចៅ​អធិការ និង​គ្រូ​សូត្រ​ស្តាំ​វត្ត​នេះ​ថា បាន​ព្រមាន​បណ្ដេញ​ព្រះអង្គ​ចេញ​ពី​វត្ត ប្រសិន​បើ​ព្រះអង្គ​នៅ​តែ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​រងគ្រោះ​ក្នុង​ជម្លោះ​ដីធ្លី​មក​ពី​ខេត្ត​បន្ទាយមានជ័យ បន្ត​ចូល​ស្នាក់នៅ​កន្លែង​របស់​ព្រះអង្គ។
ចំណែក​គណៈ​គ្រប់គ្រង​សង្ឃ​វត្ត​ស្ទឹងមានជ័យ វិញ​ឆ្លើយ​តប​ថា មិន​មាន​ការ​គំរាម​កំហែង​ទេ ប៉ុន្តែ​គ្រាន់​តែ​ស្នើ​មិន​ឲ្យ​នាំ​យក​ប្រជាពលរដ្ឋ​ចូល​បន្ថែម​ទៀត​ប៉ុណ្ណោះ ព្រោះ​អាច​ធ្វើ​ឲ្យ​មាន​ភាព​រញ៉េរញ៉ៃ​ក្នុង​វត្ត​នៅ​ពេល​ដាក់​បិណ្ឌ។
ព្រះសង្ឃ​វត្ត​ស្ទឹងមានជ័យ ដែល​ជា​សមាជិក​នៃ​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ព្រះតេជព្រះគុណ យិន រតនសុធាវី និង​ព្រះសង្ឃ​ខ្មែរ​ក្រោម ២​អង្គ​ផ្សេង​ទៀត គឺ​ព្រះតេជព្រះគុណ លី ច័ន្ទនេន និង​ព្រះតេជព្រះគុណ សឺន ហាយ ត្រូវ​បាន​មន្ត្រី​គ្រប់គ្រង​សង្ឃ​វត្ត​ស្ទឹងមានជ័យ និមន្ត​ចូល​ជួប​កាល​ពី​យប់​ថ្ងៃ​ទី​១០ កញ្ញា ដើម្បី​សួរ​នាំ​ពី​ការ​ផ្តល់​ទីកន្លែង​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​មក​ពី​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ស្នាក់​នៅ។
ថ្លែង​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន ព្រះសង្ឃ និង​ពលរដ្ឋ​ប្រមាណ​ជិត ១០០​នាក់ ក្នុង​វត្ត​ស្ទឹងមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​កញ្ញា ក្នុង​ពេល​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ផ្សេង​ទៀត កំពុង​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​ក្នុង​ថ្ងៃ​ដាក់​បិណ្ឌ​វេន​ទី​៣​នោះ ព្រះតេជព្រះគុណ យិន រតនសុធាវី មាន​ថេរ​ដីកា​ថា ព្រះអង្គ​ត្រូវ​បាន​ព្រះចៅ​អធិការ​វត្ត​ស្ទឹងមានជ័យ និង​ព្រះ​គ្រូ​សូត្រ​ស្តាំ ព្រមាន​បណ្ដេញ​ចេញ​ពី​វត្ត ប្រសិន​បើ​ព្រះអង្គ​នៅ​តែ​បន្ត​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី បន្ត​ចូល​ស្នាក់នៅ​កន្លែង​ព្រះអង្គ។ ព្រះតេជព្រះគុណ យិន រតនសុធាវី ដែល​បាន​ហៅ​ចៅអធិការ​វត្ត​ស្ទឹងមានជ័យ ថា​ជា​ចៅ​អធិករណ៍ ឬ​អ្នក​បង្ក​ជម្លោះ​នោះ មាន​ថេរ​ដីកា​បន្ត​ថា គណៈ​គ្រប់គ្រង​សង្ឃ​វត្ត​ស្ទឹងមានជ័យ ប្រកាន់​បក្ខពួក ហើយ​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពលរដ្ឋ​ក្រីក្រ។ ព្រះអង្គ​មាន​ថេរ​ដីកា​ថា ព្រះអង្គ​នឹង​នៅ​តែ​បន្ត​ទទួល​ពលរដ្ឋ​ក្រីក្រ ដរាប​ណា​ពលរដ្ឋ​ត្រូវ​ការ​ព្រះអង្គ​ជួយ ហើយ​ថា ព្រះអង្គ​ជា​អ្នក​ទទួល​ខុស​ត្រូវ ប្រសិន​បើ​គេ​យល់​ថា​សកម្មភាព​ជួយ​ពលរដ្ឋ​ក្រីក្រ​របស់​ព្រះអង្គ ខុស​វិន័យ​ព្រះពុទ្ធ​សាសនា ឬ​ក៏​ខុស​ច្បាប់​នោះ។
ព្រះតេជព្រះគុណ យិន រតនសុធាវី៖ «បើ​មេ​កុដិ​មួយៗ​សុទ្ធ​តែ​លក់​ក្បាល​ឲ្យ​គេ ធាត់​ដូច​ជ្រូក យក​អង្ករ​ទៅ​ជួយ​ឯណា បក្ស​ផ្សេង​ទៅ យក​អង្ករ​ចែក​គ្នា អាត្មា​មិន​ចង់​និយាយ​ទេ ប៉ុន្តែ​ល្ងាច​មិញ​គេ​គំរាម​អាត្មា​នៅ​កុដិ​ចៅអធិការ ថៃ ប៊ុនធឿន គំរាម​កំហែង​ដល់​អាត្មា ប្រសិន​បើ​ព្រះអង្គ លី ច័ន្ទនេន ព្រះអង្គ យិន រតនសុធាវី និង​ព្រះអង្គ សឺន ហាយ ទាំង​៣​អ្នក​ធានា​ពុទ្ធ​បរិស័ទ ៣៣០​គ្រួសារ មក​ពី​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ មក​ស្នាក់នៅ​វត្ត​ស្ទឹងមានជ័យ ត្រូវ​តែ​ដេញ​អាត្មា​ចេញ​ពី​វត្ត​ឆាប់ៗ»
ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​មក​ពី​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ភាគ​ច្រើន​ជា​អតីត​ទាហាន​ខ្មែរ​ក្រហម និង​យោធិន​ពិការ​ប្រមាណ ៧០​គ្រួសារ កំពុង​ស្នាក់នៅ​ក្នុង​វត្ត​ស្ទឹងមានជ័យ បណ្ដោះអាសន្ន ដើម្បី​ស្វែងរក​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ស្ថាប័ន​ពាក់ព័ន្ធ ដោះស្រាយ​បញ្ហា​ដីធ្លី​ឲ្យ​ពួក​គេ។ បើ​តាម​តំណាង​ប្រជាពលរដ្ឋ ពលរដ្ឋ​ប្រមាណ​ជាង ១០០​គ្រួសារ​បន្ថែម​ទៀត នឹង​ឡើង​មក​ភ្នំពេញ​ជា​បន្តបន្ទាប់​នៅ​យប់​ថ្ងៃ​ទី​១១ កញ្ញា ហើយ​នឹង​មក​ស្នាក់នៅ​ក្នុង​វត្ត​ស្ទឹងមានជ័យ នេះ។
ឆ្លើយ​តប​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ ព្រះ​គ្រូ​សូត្រ​ស្តាំ​វត្ត​ស្ទឹងមានជ័យ ព្រះតេជព្រះគុណ យឹម ឯកវុត្ថា មាន​ថេរ​ដីកា​ថា ព្រះអង្គ​មិន​បាន​គំរាម​ដេញ​ព្រះសង្ឃ​ទាំង ៣​អង្គ​នោះ​ឡើយ គឺ​គ្រាន់​តែ​និមន្ត​មក​សួរ​បញ្ជាក់​ប៉ុណ្ណោះ។ ព្រះតេជព្រះគុណ យឹម ឯកវុត្ថា មាន​ថេរ​ដីកា​បន្ត​ថា ពេល​នាំ​ពលរដ្ឋ​ចូល​មក​ស្នាក់នៅ​ក្នុង​វត្ត ព្រះតេជព្រះគុណ យិន រតនសុធាវី មិន​បាន​ទូល​ថ្វាយ​ព្រះ​ចៅអធិការ​ឲ្យ​ដឹង​ជា​មុន​ទេ ដែល​នេះ​វា​ផ្ទុយ​ទៅ​នឹង​ច្បាប់ និង​វិន័យ​ក្នុង​វត្ត។ ព្រះ​គ្រូ​សូត្រ​ស្តាំ​អង្គ​នេះ ថែម​ទាំង​ចោទ​ព្រះតេជព្រះគុណ យិន រតនសុធាវី ថា​កំពុង​ធ្វើ​សកម្មភាព​ដើម្បី​តែ​ផល​ប្រយោជន៍ និង​លាភ​សក្ការៈ​ផ្ទាល់​ខ្លួន​ទៀត​ផង។
ពលរដ្ឋ​ជម្លោះ​ដីធ្លី​ស្នាក់​នៅ​វត្ត​ស្ទឹងមានជ័យ ៦២០
ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី កំពុង​ចំអិន​ម្ហូប​អាហារ​ក្នុង​វត្ត​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៤។ RFA/Yeang Socheametta
ព្រះតេជព្រះគុណ យឹម ឯកវុត្ថា៖ «សកម្មភាព​ដែល​លោក​ធ្វើ​នេះ វា​ជា​លក្ខណៈ​មួយ​ខុស​ច្បាប់ ត្រង់​ថា​លោក​អត់​បាន​សុំ​អាត្មា​ធ្វើ​ទេ អ៊ីចឹង​អាត្មា​បាន​ហៅ​លោក​មក​បញ្ជាក់​ពី​បញ្ហា​នេះ​ឡើង​វិញ។ ទី​១ កុំ​ធ្វើ​នយោបាយ​នៅ​ក្នុង​វត្ត​អាត្មា។ បញ្ហា​ទី​២ ប្រជាពលរដ្ឋ​ដែល​បាន​មក​ហើយ​ហ្នឹង ធ្វើ​ម៉េច​សុំ​ប៉ុណ្ណឹង​សិន កុំ​យក​មក​ថ្មី​ទៀត ព្រោះ​ថា​ប្រុង​យក​ពីរ​បី​រយ​មក​ទៀត។ អ៊ីចឹង​អាត្មា​ថា​ផ្អាក​ប៉ុណ្ណឹង​សិន ហើយ​កុំ​ធ្វើ​សកម្មភាព​អី លោក​ក៏​បាន​ព័ត៌មាន​ហ្នឹង យល់​ព្រម​ជាមួយ​អាត្មា​អី​អស់​ហើយ អ៊ីចឹង​ទៅ​ពេល​លោក​ទៅ​ជួប​អ្នក​កាសែត​ខាង​ក្រោយ លោក​បកស្រាយ​ថា សុទ្ធ​តែ​អាត្មា​ដេញ​លោក​ស្អីៗ អ៊ីចឹង​បើ​លោក​ល្មើស​នឹង​ការ​ដែល​អាត្មា​មាន​សង្ឃ​ដីកា​ពី​ខាង​ដំបូង ថា​លោក​ដេញ​អាត្មា​ប្រាកដ​ជា​ដេញ​មែន ប្រសិន​បើ​លោក​ប្រដៅ​មិន​ស្តាប់»
អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ ដែល​បាន​ចុះ​មើល​សកម្មភាព​ព្រះសង្ឃ​ដែរ​នោះ កត់​សម្គាល់​ថា ការ​ជួយ​មនុស្ស​ក្នុង​ពេល​មាន​ទុក្ខ​លំបាក គឺ​ជា​រឿង​ត្រឹមត្រូវ សម​ហេតុ​សម​ផល​ក្នុង​ធម៌​វិន័យ​ព្រះពុទ្ធ​សាសនា ហើយ​គេ​មិន​គួរ​ដាក់​ទោស​ទណ្ឌ​ចំពោះ​មនុស្ស​ដែល​ទៅ​ជួយ​សង្គ្រោះ​អ្នក​ដទៃ ដែល​កំពុង​មាន​ទុក្ខ​នោះ​ឡើយ៖ «នេះ​គឺ​ព្រះសង្ឃ​អាច​ជួយ​បាន រឿង​អី​ទៅ​ហាម​ឃាត់ រឿង​អី​ទៅ​ដាក់​ទណ្ឌកម្ម អត់​មាន​ទេ ហើយ​មិន​បាច់​អី​ទេ គឺ​ភាព​សម​ហេតុ​ផល មិន​បាច់​និយាយ​ធម៌​អី​ទេ ដូច​សព្វថ្ងៃ អ្នក​សុំទាន​ចឹង​ទៅ​ដាក់​ទណ្ឌកម្ម​គេ អ្នក​ឲ្យ​ទាន​ម៉េច បើ​គេ​សប្បុរសធម៌ ហើយ​បើ​ក្នុង​វត្ត​ទៅ​ទៀត ព្រះសង្ឃ​ទៅ​ទៀត អា​ហ្នឹង គឺ​ធម៌​ព្រះ​ច្បាស់​លាស់​ទៅ​ទៀត​ទៅ»
មួយ​រយៈពេល​ចុង​ក្រោយ​នេះ ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា បាន​មក​សុំ​ស្នាក់​អាស្រ័យ​នៅ​តាម​វត្ត​អារាម​ក្នុង​រាជធានី​ភ្នំពេញ ពិសេស​គឺ​វត្ត​សាមគ្គីរង្សី ដែល​មាន​ព្រះសង្ឃ​ភាគ​ច្រើន​មក​ពី​កម្ពុជា​ក្រោម​គង់​នៅ។ ពួក​គេ​ត្រូវ​បាន​ព្រះសង្ឃ គណបក្ស​ប្រឆាំង និង​ប្រជាពលរដ្ឋ​ក្នុង និង​ក្រៅ​ប្រទេស ជួយ​ឧបត្ថម្ភ​ប្រាក់​កាស អង្ករ ម្ហូប​អាហារ និង​សម្ភារៈ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ដើម្បី​ស្នាក់នៅ​ធ្វើ​ការ​ទាមទារ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោះស្រាយ​បញ្ហា​ឲ្យ​ពួក​គេ។ ចំណែក​ពលរដ្ឋ​មួយ​ចំនួន​ផ្សេង​ទៀត ក៏​កំពុង​ស្នាក់នៅ​ជាមួយ​សហគមន៍​ដីធ្លី​អ្នក​ភូមិ​បឹងកក់ ដើម្បី​បន្ត​ការ​ទាមទារ​របស់​ខ្លួន​ដែរ៕

No comments: