A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 9 September 2014

Analysis: How can Hun Sen remove Kem Sokha as vice-president of the National Assembly? វិភាគ​៖ តើ​លោក ហ៊ុន សែន ចង់​ដក​លោក កឹម សុខា បាន​ដោយ​របៀប​ណា​ពី​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​?​

ដោយ៖​ នួន បូរិន​ | ថ្ងៃអង្គារ ទី9 កញ្ញា 2014 | VOD

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន(ឆ្វេង) និងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ
​មាន​ទឡ្ហីករណ៍​ខាង​ផ្លូវច្បាប់​ជាច្រើន ដែល​និយាយ​យោង​ដល់​សុពលភាព និង​ស្ថិរភាព​នៃ​តួនាទី​របស់​អ្នកតំណាងរាស្ត្រ​ម្នាក់ៗ​នៃ​រដ្ឋសភា​។
បើ​និយាយ​អំពី​ការដក​អភ័យ​ឯក​សិទ្ធ​សភា​របស់​អ្នកតំណាងរាស្ត្រ គឺ​ត្រូវ​រក​សំឡេង​២/៣ នៃ​សំឡេង​សរុប​របស់​អ្នកតំណាងរាស្ត្រ​១២៣​រូប គឺ​ស្មើ​៨២​រូប​ឡើងទៅ​។ ករណី​រកសំឡេងឆ្នោត​មិន​បាន​គ្រប់គ្រាន់ គឺ​ទុកជាមោឃៈ​នៃ​ការប៉ុន​ប៉ង​ដក​អភ័យ​ឯក​សិទ្ធ​របស់​អ្នកតំណាងរាស្ត្រ​រូបនេះ​។ នេះ​បើ​យោងតាម​មាត្រា​៨០ នៃ​ជំពូក​ទី​៧​ស្ដី​ពី​រដ្ឋសភា​។​
​បើ​និយាយ​អំពី​ការប្រជុំ​សភា គឺ​ត្រូវ​គិត​ទៅដល់​វត្តមាន​អ្នកតំណាងរាស្ត្រ ដែល​ត្រូវ​ចូល​អង្គុយ​កៅអី​រដ្ឋសភា។​
មាត្រា​៨៨​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ នៃ​ជំពូក​ទី​៧ ស្ដី​ពី​រដ្ឋសភា​បញ្ជាក់ថា “​ការប្រជុំ​រដ្ឋសភា ដែល​អាច​យកជាការ​បាន លុះត្រាតែ​មាន ៖ ចំណុច​(​ក​) គឺ​កូរ៉ុម​លើសពី​២/៣ នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំងមូល​សម្រាប់​ការអនុម័ត​ទាំងឡាយណា ដែល​តម្រូវ​ឲ្យ​យក​មតិ​ភាគច្រើន​២/៣ នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំងមូល​”​។
បើ​និយាយ​អំពី​ការផ្ដល់​សេចក្ដីទុកចិត្ត​ទៅ​លើ​គណៈរដ្ឋមន្ត្រី គឺ​សភា​ត្រូវការ​តែ​សំឡេង​ដាច់ខាត​តែប៉ុណ្ណោះ គឺជា​សេចក្ដីសម្រេច​ជា​ផ្លូវការ​។
​មាត្រា​៩០​ថ្មី​ត្រង់​ប្រយោគ​ចុងក្រោយ​គេ បានចែង​ថា រដ្ឋសភា​បោះឆ្នោត​ទុកចិត្ត​រាជរដ្ឋាភិបាល តាម​មតិ​ភាគច្រើន​ដាច់ខាត​នៃ​ចំនួន​វត្តមាន​សមាជិសភា​ទាំងមូល​។ ចំណែក​មាត្រា​៩៨​ថ្មី ក៏​ចែង​អំពី​ការបោះឆ្នោត​ទម្លាក់​គណៈរដ្ឋមន្ត្រី ឬ​រាជរដ្ឋាភិបាល​ពី​តំណែង គឺ​តាមរយៈ​ការធ្វើ​ញតិ្តបន្ទោស ដោយ​សំឡេងមតិ​ភាគច្រើន​ដាច់ខាតនៃ​សមាជិក​រដ្ឋសភា​ទាំងមូល ហើយ​ញត្តិ​នេះ​គឺ​អាច​ស្នើ​ឡើង​ដោយ​អ្នក​តំណាងរាស្ត្រ​ចំនួន​៣០​រូប ដែល​ចំនួន​នេះរដ្ឋសភា​អាច​បើក​ការពិភាក្សា​ដើម្បី​អនុម័ត​។
យោង​តាម​ការពន្យល់​នៅ​ចំនុច ឬ​មាត្រា​៨០ និង​៨៨​ថ្មី និង​៩០​ថ្មី គឺជា​ទឡ្ហីករណ៍ ឬ​ជា​ឧបករណ៍​ដែល​អាច​យកទៅ​អនុវត្ត​ដើម្បី​សម្រច ឬ​រារាំង​ការប៉ុនប៉ង​ណាមួយ ដែល​មិន​អាច​ប្រព្រឹត្ត​បាន​ដោយ​ជោគជ័យ​។ ប៉ុន្តែ​បើ​ធ្វើការ​វិភាគ​លើ​ខ្លឹមសារ​នៃ​មាត្រា​៨០ និង​៨៨​ថ្មី គឺចំនុចខ្លាំង និង​ចំនុចខ្សោយ​របស់​ភាគី​ណាមួយ ដែល​ប្រាថ្នា​ចង់​ធ្វើ​កិច្ចការ​ណាមួយ​ទៅ​តាម​តម្រូវ​ចិត្តរបស់ខ្លួន​។​
ឥទ្ធិពល​របស់​គណបក្ស​ប្រជាជន​កម្ពុជា លើ​អ្នក​តំណាងរាស្ត្រ​បក្សប្រឆាំង

គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​ទាំង​រដ្ឋាភិបាល មាន​អ្នកតំណាងរាស្ត្រ​របស់​ខ្លួន​តែ​៦៨​រូប​ប៉ុណ្ណោះ គឺមិន​ដូច​អាណត្តិ​មុន ដែល​គណបក្ស​ចាស់វស្សា​នេះ​មាន​រហូត​ដល់​ទៅ​៩០​រូប​។ កាលណោះ​ចង់​ដក ចង់​ដាក់ទណ្ឌកម្ម ឬ​ដក​អភ័យ​ឯក​សិទ្ធ អ្នកតំណាងរាស្ត្រ​បក្សប្រឆាំង​ណា​ម្នាក់ គឺ​ងាយ​ដូច​បក​ចែក​ទុំ គឺដូច​ដក​អភ័យ​សភា​លោក សម រង្ស៊ី លោកស្រី មូរ សុខ​ហួរ និង​លោក ចាន់ ចេង ពេលនោះ​គឺ​ដក​បានយ៉ាង​ស្រួល ព្រោះ​ពេលនោះ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​អ្នកតំណាងរាស្ត្រ​ច្រើន​បរិបូរ​។ ប៉ុន្តែ​ពេល​នេះ​គឺជា​ការលំបាក​ខ្លាំងណាស់ បើ​ប៉ុនប៉ង​ដក​អភ័យ​ឯក​សិទ្ធ​អ្នកតំណាងរាស្ត្រ​បក្សប្រឆាំង​ណា​ម្នាក់ គឺ​ត្រូវស្វែងរក​សំឡេង​ចាប់ពី​២​ភាគ​៣​ឡើងទៅ គឺ​ចំនួន​៨២​រូប ទើប​អាច​ចាត់កា​រលើ​អ្នក​តំណាងរាស្ត្រ​នោះ​បាន។
ឧទាហរណ៍​អ្នកតំណារាស្ត្រណា​ម្នាក់​មាន​កំហុស​ខាង​ផ្លូវ​តុលាការ គឺ​សភា​ទាំងមូលសម្រេច​ដក​អភ័យ​ឯក​សិទ្ធ​គឺ​លុះត្រា​សំឡេង​៨២​រូប​ឡើងទៅ ទើប​ធ្វើ​ចំណាត់កា​រលើ​អ្នកតំណាងរាស្ត្រ​រូបនោះ​បាន​។
ចុះ​ករណី​លោក កឹម សុខា ដែល​លោកនាយក​រដ្ឋមន្ត្រី​គំរាម​ចង់​ដក​លោក​ពី​អនុប្រធាន​ទី​១នៃ​រដ្ឋសភា​ តើ​អាចទៅរួច​ងាយៗ​ទេ​?
បើ​សិក្សា និង​ធ្វើការ​វិភាគ​ទៅលើ​មាត្រា​៨៨​ថ្មី គឺជា​ការលំបាកក្នុង​ការប៉ុនប៉ង​ដក​លោក កឹម សុខា ពី​តំណែង​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​។ មានន័យ​ថា បើ​ចង់​ប្រព្រឹត្ត​គឺ​ត្រូវ​កោះប្រជុំ​វិសាមញ្ញ ដោយមានវត្ត​មាន​អ្នកតំណាងរាស្ត្រ​ចូលរួម​ប្រជុំ​ចាប់ពី​៨២​រូប​ឡើងទៅ តែ​បើ​មិន​អាច​មាន​វត្តមាន​អ្នកតំណាងរាស្ត្រ ចូលប្រជុំ​គ្រប់​ចំនួន​កូរ៉ុម​សភា គឺ​មិន​អាច​បើក​ប្រជុំ​បាន គឺ​ត្រូវ​លើក​ពេល​ប្រជុំ​។ ករណី​នេះ​អ្នកតំណាងរាស្ត្រគណបក្ស​ប្រជាជន​កម្ពុជា មានតែ​៦៨​រូប​នេះ​ប៉ុណ្ណោះ​។
ក្នុងន័យនេះ គឺជា​ការសម្របសម្រួល​នយោបាយ​ឡើង​វិញ​។ តែ​បញ្ហា​នេះ ទំនង​ជា​អ្នកនយោបាយ​ក​ម្ពជា មិន​ប្រា​ថា្ន​ចង់​កើត​មាន​ឡើយ​។ តែ​បើ​ពុំ​ដូចនេះ គឺជា​ការបំពាន​គោលការណ៍ ថ្ងៃ​២២ កក្កដា ហើយឈាន​ដល់​ការកើតមាន​វិបត្តិ​សភា​។
ឥទ្ធិពល​របស់​គណបក្ស​ប្រឆាំង​លើ​គណបក្សកាន់អំណាច
ជា​ការ​ពិត​មិន​ងាយ​ដូច​ការ​ចង់បាន​ដែរ ចំពោះ​ការដករដ្ឋ​មន្ត្រី​ណា​ម្នាក់​តាមរយៈ​ការសម្ដែង​សេចក្ដីទុកចិត្ត លើ​សមាជិក​រដ្ឋមន្ត្រី​ណា​ម្នាក់ គឺ​លុះត្រាតែ​មាន​ការ​សម្បទាន​ពី​អ្នកតំណាងរាស្ត្រ​របស់​បក្ស​កាន់​អំណាច​។ មាត្រា​៩០​ថ្មី ត្រង់​ប្រយោគ​ចុងក្រោយ​គេ​បានចែង​ថា រដ្ឋសភា​បោះឆ្នោត​ទុកចិត្ត​រាជរដ្ឋាភិបាល តាម​មតិ​ភាគច្រើន​ដាច់ខាត​នៃ​ចំនួន​វត្តមាន​សមាជិសភា​ទាំងមូល ហើយ​មាត្រា​៩៨​ថ្មី តម្រូវ​ឲ្យ​សមាជិក​សភា​៣០​រូប អាចដាក់​ញត្តិ​ដើម្បី​សុំ​បោះឆ្នោត​ទម្លាក់​គណៈរដ្ឋមន្ត្រី ឬ​រាជរដ្ឋាភិបាលពី​តំណែង​។ ប៉ុន្តែ​សភា​ប្រជុំ​បាន​លុះត្រា​មាន​ចំនួន​វត្តមាន​អ្នកតំណាងរាស្ត្រ​៨២​រូប​ឡើងទៅ គឺ​ដូចគ្នា​ករណី​ដក​តួនាទី​នា​របស់​អ្នកតំណាងរាស្ត្រ​បក្សប្រឆាំង​ផងដែរ​។ តែ​បែប​នេះ​ក្ដី រដ្ឋ​មន្ត្រី​រូប​នោះ អាច​ងាយ​របូត​ពី​តំណែង ប្រសិនបើ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​ភាគ​តូច​លែង​គាំទ្រ រដ្ឋ​មន្ត្រី​ខិលខូច​រូបនោះ គឺ​មានន័យថា បក្សប្រឆាំង​ត្រូវការ​តែ​៧​រូប​ប៉ុណ្ណោះ គឺ​អាច​សម្រេចបាន​ហើយ​។
បច្ចុប្បន្ន​នេះ​អាណត្តិ​សភា​កម្ពុជា​មាន​តែ​ពីរ​បក្ស​ប៉ុណ្ណោះ គឺ​គណបក្ស​ប្រជាជនមាន​៦៨​រូប និង​គណបក្សសង្គ្រោះ​ជាតិមាន​៥៥​រូប​៕
សូម​សរសេរ​មក​លោក នួន បូរិន តាមរយៈ narinnun@vodhotnews.com

3 comments:

Anonymous said...

as the saying goes '' the more they change the more they stay the same''.

Anonymous said...

Hey Vietnamese poster -Drgunzet-,

Where is your answer for the seven illegal Vietnamese gangsters in Cambodia who slit the innocent Khmer youth on the left shoulder with a sharp sword?

You said you needed to study about the riot in the U.S. between black community and polices.

LOL...

John

Anonymous said...


Analysis: How can Hun Sen remove Kem Sokha as vice-president of the National Assembly?

It is a simple answer.
HS controls all 3 branches of the government.