A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 20 July 2014

Students and monks not deterred despite being warned of up to 15 years of jail term if they protest against Vietnamese embassy សហព័ន្ធ​និស្សិត​បញ្ញវន្ត​និង​ព្រះសង្ឃ​មិន​ញញើត​នឹង​ការ​ព្រមាន​របស់​សាលាក្រុង

តវ៉ា ទូត​វៀតណាម ៦១០
កង​កម្លាំង​អាជ្ញាធរ​​រារាំង​ព្រះសង្ឃ​និង​ពលរដ្ឋ​អ្នក​​តវ៉ា​រឿង​ទឹក​ដីកម្ពុជាក្រោម មិន​ឲ្យ​ចូល​ក្បែរ​​​ស្ថានទូត​វៀតណាម នៅ​ព្រឹក​ថ្ងៃ​ទី​៨ កក្កដា ឆ្នាំ​២០១៤។
RFA/Mom Sophon
មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ព្រមាន​ថា នឹង​ចាត់វិធានការ​ផ្លូវ​ច្បាប់​ប្រសិនបើ​សហព័ន្ធ​និស្សិត បញ្ញន្ត​កម្ពុជា និង​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម នៅ​តែ​ចចេស​ប្រមូល​ផ្តុំ​តវ៉ា​នៅ​មុខ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា។
ការ​ព្រមាន​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​មាន​ការ​លេចឮ​ថា សាលា​រាជធានី​ភ្នំពេញ នឹង​ប្ដឹង​បាតុករ​ទៅ​តុលាការ​ដើម្បី​ផ្ដន្ទាទោស ប្រសិនបើ​ពួកគេ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ។ តែ​ទោះ​ជា​យ៉ាង​ណា ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា និង​សមាគម​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម មិន​ញញើត​នឹង​ការ​ព្រមាន​នេះ​ឡើយ ហើយ​បាន​សម្រេច​ចិត្ត​ថា នឹង​ធ្វើ​ការ​ប្រមូលផ្ដុំ​តាម​ការ​គ្រោង​ទុក បើ​ទោះ​ជា​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​បញ្ជូន​ទៅ​ពន្ធនាគារ​ក៏ដោយ។
អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០ កក្កដា ថា សាលា​រាជធានី​ភ្នំពេញ នឹង​ចាត់​វិធានការ​ប្រឆាំង​ការ​ប្រមូល​ផ្តុំ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ទី​២១ កក្កដា បើ​ទោះ​ជា​បាតុកម្ម​នោះ​ធ្វើ​ឡើង​ដោយ​ហិង្សា​ក្តី ឬ​អហិង្សា​ក្តី។
លោក ឡុង ឌីម៉ង់ បាន​លើក​ឡើង​ថា សាលា​រាជធានី​ភ្នំពេញ បាន​ជូនដំណឹង​ដល់​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា ហើយ​ថា សាលា​រាជធានី​ភ្នំពេញ នឹង​មិន​អនុញ្ញាត​ឲ្យ​ពួកគេ​ធ្វើការ​ប្រមូល​ផ្តុំ ឬ​ដើរ​ដង្ហែ​ក្បួន​តាម​ផ្លូវ​នោះ​ឡើយ ប៉ុន្តែ​សាលា​រាជធានី​ភ្នំពេញ អាច​អនុញ្ញាត​ឲ្យ​ពួកគេ​ធ្វើការ​ជួបជុំ​នៅ​ទីតាំង​ឯកជន​ណា​មួយ រួច​ពួកគេ​អាច​ចាត់​តំណាង​ក្រោម ១០​នាក់ ដើម្បី​យក​ញត្តិ​ទៅ​ដាក់​នៅ​តាម​បណ្ដា​ស្ថានទូត​នានា​បាន ពេល​នោះ​សាលា​រាជធានី​ភ្នំពេញ នឹង​ជួយ​សម្របសម្រួល​ឲ្យ​ពួក​គេ​ទៀត​ផង។ លោក​ថា ប្រសិនបើ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា នៅ​តែ​ចចេស​ធ្វើ​ផ្ទុយ​ពី​សេចក្ដី​ណែនាំ ឬ​បម្រាម​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ ពួកគេ​ត្រូវ​ទទួល​ខុស​ត្រូវ​នៅ​ពេល​ដែល​មាន​ហេតុការណ៍​អ្វី​មួយ​កើត​ឡើង​ជា​យថាហេតុ។
មន្ត្រី​នាំ​ពាក្យ​រូប​នេះ ថែម​ទាំង​លើក​ឡើង​ថា ក្រុម​អ្នក​តវ៉ា​ចូល​ចិត្ត​បង្កើត​ភ្លើង និង​ចេះ​បង្កើត​ភ្លើង ប៉ុន្តែ​ពួកគេ​មិន​ដឹង​ថា ត្រូវ​ពន្លត់ភ្លើង​វិញ​យ៉ាង​ដូច​ម្ដេច​នោះ​ទេ៖ «សម្រាប់​យើង​ខ្ញុំ យើង​បាន​បញ្ជាក់​ជូន​គាត់​រួច​រាល់​អស់​ហើយ​ថា យើង​មិន​អាច​អនុញ្ញាត​ឲ្យ​គាត់​បាន​ទេ។ ទី​១ យោង​ទៅ​លើ​បញ្ហា​សណ្ដាប់ធ្នាប់​សាធារណៈ បញ្ហា​ចរាចរណ៍​ផង ហើយ​បញ្ហា​សំខាន់​មួយ​ទៀត គឺ​ការ​អនុវត្ត​ទៅ​តាម​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​ទំនាក់ទំនង​ការទូត​ក្រុង​វ៉្យែន (Vienna) យើង​មាន​កាតព្វកិច្ច​ក្នុង​ការ​ការពារ​សុវត្ថិភាព សន្តិសុខ​ជូន​បណ្ដា​ស្ថានទូត​ទាំង​អស់​ដែល​ដាក់​ទូត​ក្នុង​រដ្ឋ​ម្ចាស់​ផ្ទះ​នេះ គឺ​ថា យើង​មាន​ភារកិច្ច​ការពារ​ទៅ​លើ​អង្គទូត​ទៅ​លើ​ស្ថានទូត​ទៅ​លើ​និវេសនដ្ឋាន​ទូត ទ្រព្យសម្បត្តិ​ទូត សូម្បី​តែ​ឡាន​ក៏​យើង​ត្រូវ​ការពារ​មិន​ឲ្យ​មាន​ការ​ប៉ះពាល់​ដែរ ដូច្នេះ​យើង​ខ្ញុំ​អនុវត្ត​ទៅ​តាម​អ្វី​ដែល​ជា​សិទ្ធិ និង​កាតព្វកិច្ច​របស់​យើង​ខ្ញុំ»

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ អភិបាលរង​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង បាន​មាន​ប្រសាសន៍​តាម​សារព័ត៌មាន​ក្នុង​ស្រុក​នៅ​ថ្ងៃ​ទី​១៩ កក្កដា ថា ប្រសិនបើ​ក្រុម​យុវជន​និស្សិត​មិន​ព្រម​ធ្វើតាម​ការ​ណែនាំ​របស់​អាជ្ញាធរ ហើយ​នៅ​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ ឬ​បង្ក​ឲ្យ​មាន​ជា​អំពើ​ហិង្សា​នោះ នោះ​ពួកគេ​នឹង​ត្រូវ​ប្ដឹង​ទៅ​តុលាការ​ផ្ដន្ទាទោស​ជាប់​ពន្ធនាគារ​ពី ១០ ទៅ ១៥​ឆ្នាំ ទៀត​ផង។
ឆ្លើយ​តប​ចំពោះ​ការ​ព្រមាន​ម្ដង​ហើយ​ម្ដង​ទៀត​នេះ ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក ម៉ៅ ពិសេស បញ្ជាក់​ថា លោក​មិន​បារម្ភ​ចំពោះ​ការ​ព្រមាន​នេះ​ឡើយ ព្រោះ​លោក​ថា អ្វី​ដែល​ក្រុម​របស់​លោក​ធ្វើ​គឺ​អហិង្សា។ លោក​ថា ប្រសិនបើ​អាជ្ញាធរ​បង្ក្រាប​មែន​នោះ វា​នឹង​ឆ្លុះ​បញ្ចាំង​ឲ្យ​មតិ​សាធារណៈ​ជាតិ​និង​អន្តរជាតិ​ឃើញ​រឹតតែ​ច្បាស់ អំពី​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា ពេល​នោះ​គេ​អាច​វិនិច្ឆ័យ​បាន​ថា រដ្ឋាភិបាល​សព្វថ្ងៃ​ល្អ ឬ​អាក្រក់​យ៉ាង​ណា​ហើយ។
លោក ម៉ៅ ពិសេស ថ្លែង​បន្ត​ថា ក្រុម​លោក​មិន​អាច​ធ្វើ​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​បាន​ទេ ព្រោះ​ថា រឿង​ទឹក​ដី​កម្ពុជា​ក្រោម និង​ខ្មែរ​ក្រោម គឺ​ជា​រឿង​ធំ​និង​ជា​រឿង​ប្រវត្តិសាស្ត្រ​របស់​ជាតិ៖ «ទោះ​បី​ជា​គាត់​ព្រមាន​ដូច្នេះ​ក៏ដោយ ក្រុម​របស់​ពួក​យើង​គឺ​រក្សា​ជំហរ​នៅ​ដដែល យើង​នឹង​ទៅ​ជួបជុំ​គ្នា​ចាប់​ពី​ម៉ោង ៧​ព្រឹក​ទៅ នៅ​មុខ​ស្ថានទូត​បារាំង ដោយ​អត់​មាន​ការ​ភ័យ​ខ្លាច​ការ​គំរាមកំហែង ការ​ចាប់​ខ្លួន​ណា​មួយ​ទេ។ ចំពោះ​ខ្ញុំ​ផ្ទាល់ ខ្ញុំ​ត្រៀម​ខ្លួន​រួច​ហើយ បើ​សិន​ជា​គាត់​ចង់​ចាប់​ក៏​ចាប់​ចុះ ព្រោះ​អ្វី​ដែល​ខ្ញុំ​ធ្វើ គឺ​ខ្ញុំ​គ្រាន់​តែ​បំពេញ​ករណីយកិច្ច​របស់​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​រូប​ដែល​ស្រឡាញ់​ជាតិ ស្រឡាញ់​ប្រវត្តិសាស្ត្រ ស្រឡាញ់​ទឹក​ដី​តែ​ប៉ុណ្ណោះ»
ស្រដៀង​គ្នា​ទៅ​នឹង​លោក ម៉ៅ ពិសេស អគ្គលេខាធិការ​នៃ​សមាគម​ព្រះសង្ឃ​ខ្មែរ​កម្ពុជា ក្រោម​ព្រះតេជព្រះគុណ ឡាយ ឡាត មាន​ថេរដីកា​នៅ​ថ្ងៃ​ទី​២០ កក្កដា ថា សមាគម​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម នឹង​ចូល​រួម​ក្នុង​ការ​តវ៉ា​ជាមួយ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា នៅ​ថ្ងៃ​ទី​២១ កក្កដា៖ «យើង​នាំ​គ្នា​ប្ដេជ្ញា​ចិត្ត​ហើយ ទោះ​បី​ជា​មាន​ឧបសគ្គ​អ្វី​កើត​ឡើង​ក៏ដោយ យើង​ក៏​ត្រូវ​តែ​ទៅ​ដែរ ពីព្រោះ​ថា យើង​ធ្វើ​នេះ​មិន​មែន​យើង​ធ្វើ​រដ្ឋ​ប្រហារ​រដ្ឋាភិបាល​ទេ តែ​យើង​ធ្វើ​នេះ បើ​តាម​ការ​ពិត​ហ្នឹង​រដ្ឋាភិបាល​គួរ​តែ​ដឹង​គុណ​បាន​ត្រូវ ពីព្រោះ​យើង​ធ្វើ​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​យួន ក៏​ដូច​ជា​អ្នក​នាំ​ពាក្យ​យួន សុំ​ទោស​យើង​តែ​ប៉ុណ្ណឹង​ឯង មិន​មែន​ទៅ​ធ្វើ​សង្គ្រាម ទៅ​វាយ ទៅ​ជេរ​ទៅ​ស្តី​អី​គេ​ទេ អ៊ីចឹង​ទោះ​បី​ជា​ការ​គំរាមកំហែង​របស់​រដ្ឋាភិបាល​យ៉ាង​ណា​ក៏ដោយ ក៏​ក្រុម​និស្សិត​បញ្ញវន្ត យុវជន ហើយ​និង​ព្រះសង្ឃ​ខ្មែរ​ក្រោម ក៏​ដូច​ជា​ញាតិញោម​ខ្មែរ​ក្រោម​ហ្នឹង ត្រូវ​តែ​ធ្វើ​ដែរ»
ក្រុម​យុវជន និស្សិត ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​ខ្មែរ​ក្រោម បាន​ប្រមូល​ផ្តុំ​គ្នា​ម្ដង​រួច​មក​ហើយ​នៅ​មុខ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា កាលពី​ថ្ងៃ​ទី​​៨ ខែ​កក្កដា ដើម្បី​ទាមទារ​ឲ្យ​មន្ត្រី​ស្ថានទូត​ប្រទេស​កុម្មុយនិស្ត​មួយ​នេះ ទទួល​ស្គាល់​ការ​ពិត​ប្រវត្តិសាស្ត្រ​ទឹកដី​កម្ពុជា​ក្រោម និង​សុំ​ទោស​ប្រជាពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ ចំពោះ​ការ​លើក​ឡើង​ដោយ​បំពាន​ដែល​ថា ទឹកដី​កម្ពុជា​ក្រោម ជា​របស់​វៀតណាម តាំង​ពី​យូរ​មក​ហើយ ហើយ​បារាំង​មិន​បាន​កាត់​ទឹកដី​នេះ​ទៅ​ឲ្យ​វៀតណាម​ឡើយ។ ប៉ុន្តែ​ការ​ប្រមូល​ផ្តុំ​នៅ​ពេល​នោះ ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល​ធ្វើការ​បំបែក និង​វាយ​បង្ក្រាប ដែល​ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​អង្គការ​សង្គម​ស៊ីវិល ដោយ​ពួកគេ​អះអាង​ថា ជា​ការ​រំលោភ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ និង​សិទ្ធិ​ជួបជុំ​របស់​ពលរដ្ឋ ព្រមទាំង​រំលោភ​ទៅលើ​ច្បាប់​ស្ដីពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី។
​ច្បាប់​ស្ដីពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ចែង​ថា បាតុកម្ម​ដោយ​សន្តិវិធី​សំដៅ​លើ​ការ​ប្រមូល​ផ្តុំ​គ្នា ឬ​ការ​ដង្ហែ​ក្បួន​ដោយ​មនុស្ស​មួយ​ក្រុម ដើម្បី​ទាមទារ តវ៉ា ឬ​សម្ដែង​ជា​សាធារណៈ​នូវ​មនោសញ្ចេតនា គំនិត ឬ​ឆន្ទៈ​របស់​ក្រុម​ខ្លួន​តាម​រូបភាព ឬ​មធ្យោបាយ​ផ្សេងៗ​ដោយ​សន្តិវិធី។
​ច្បាប់​ដដែល​នេះ​ក៏​ចែង​ដែរ​ថា ប្រសិនបើ​ដំណើរ​ការ​នៃ​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​បង្ក​ជា​អំពើ​ហិង្សា​បណ្ដាល​ឲ្យ​អន្តរាយ​ដល់​ទ្រព្យសម្បត្តិ​ឯកជន​ក្តី ឬ​ទ្រព្យសម្បត្តិ​សាធារណៈ​ក្តី ការ​ជួសជុល​ការ​ខូចខាត ត្រូវ​ជា​បន្ទុក​របស់​ជន​ល្មើស​និង​អ្នក​សមគំនិត។ មួយ​វិញ​ទៀត ជន​ណា​ដែល​បាន​ប្រព្រឹត្ត​ល្មើស​បណ្ដាល​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច ឬ​បាតុករ ឬ​បុគ្គល​ដទៃ​ទៀត​មាន​របួស​ស្នាម ឬ​បណ្ដាល​ឲ្យ​ស្លាប់ ជន​នោះ​នឹង​ត្រូវ​ផ្ដន្ទាទោស​តាម​ច្បាប់​ព្រហ្មទណ្ឌ​ជា​ធរមាន៕

1 comment:

Anonymous said...

សុទ្ធតែខ្មែរឆ្កែយួនចំពោះអ្នកណាម្នាក់មិនបំរើផលប្រយោជន៏ជាតិ